« អែលឌើរ អេឌវឺដស៍ ប៊ី រ៉អូហ៍ » លីអាហូណា ខែឧសភា ឆ្នាំ២០២៥ ។
អែលឌើរ អេឌវឺដស៍ ប៊ី រ៉អូហ៍
ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ
នៅក្នុងអាជីពនៃការអនុវត្ដច្បាប់អន្ដរជាតិរបស់លោក អែលឌើរ អេឌវឺដស៍ ប៊ី រ៉អូហ៍ និងគ្រួសាររបស់លោក បានរស់នៅក្នុងតំបន់ជាច្រើននៅក្នុងពិភពលោក ជាកន្លែងប្រហែលជាមានតែពួកគេប៉ុណ្ណោះដែលជាសមាជិកនៃសាសនាចក្រ ។ ពួកលោកបានទទួលការអនុញ្ញាតឲ្យរៀបចំការថ្វាយបង្គំជាក្រុមគ្រួសារនៅផ្ទះរបស់ពួកលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ មុនពេលមានកម្មវិធីសិក្សា ចូរមកតាមខ្ញុំ ទៅទៀត ។ ការថ្វាយបង្គំរបស់ពួកលោកបានផ្ដោតលើគេហដ្ឋាន—ដែលពួកលោកស្លៀកពាក់សម្លៀកបំពាក់ថ្ងៃអាទិត្យ និងមានការចាត់តាំងឡើងនិយាយផងដែរ ។
អែលឌើរ រ៉អូហ៍ បានរំឮកថា « ការបង្រៀនតែមួយគត់ដែលកូនៗរបស់យើងនឹងទទួលបានអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺតាមរយៈពួកយើង » ។
បទពិសោធន៍ទាំងនេះបានបង្រួបបង្រួមគ្រួសាររបស់ពួកលោក និងធ្វើឲ្យដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទសាមញ្ញ នៅពេលដែលពួកលោកបានជួយកូនៗរបស់ពួកលោកឲ្យមានទំនាក់ទំនងជាមួយព្រះអង្គសង្គ្រោះ ។ លោកបានមានប្រសាសន៍ថា « ទាំងនោះគឺជាពេលវេលាដ៏ពិសិដ្ឋ និងពិសេស » ។
អេឌវឺដស៍ បាត់លើរ រ៉អូហ៍ បានកើតនៅទីក្រុងប្រូវ៉ូ រដ្ឋយូថាហ៍ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៦៧ ជាកូនរបស់ ហ្វ្រែត អេ រ៉អូហ៍ និង សែរ៉ែល រ៉អូហ៍ ។ លោកបានរៀបអាពាហ៍ពិពាហ៍នឹង ប្រ៊ូក ហ្វ្រានស៊ីស នៅព្រះវិហារបរិសុទ្ធសលត៍ លេក នៅថ្ងៃទី៣ ខែមករា ឆ្នាំ១៩៨៩ ។ ពួកគាត់មានកូនប្រាំនាក់ ហើយកំពុងរស់នៅ ភ្លីសេន ហ្គ្រូវ រដ្ឋយូថាហ៍ នៅពេលលោកបានទទួលការហៅ ។
អែលឌើរ រ៉អូហ៍ មានសញ្ញាបត្របរិញ្ញាបត្រផ្នែកទស្សនវិជ្ជាពីសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ និងអនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈ និងសញ្ញាបត្រផ្នែកវិជ្ជាជីវៈច្បាប់មកពីសាកលវិទ្យាល័យ ឈីហ្គាហ្គូ ។ លោកបានបម្រើការក្នុងផ្នែកច្បាប់អន្ដរជាតិក្នុងនាមជាដៃគូជាមួយក្រុមហ៊ុនច្បាប់ជាច្រើននៅ វាស៊ីនតោន ឌី.ស៊ី. និងនៅជុំវិញពិភពលោក ។ ចាប់តាំងពីឆ្នាំ២០១៩ លោកបានបម្រើការជានាយកប្រតិបត្ដិឲ្យ Stirling Foundation ។
នៅពេលដែលលោកត្រូវបានហៅនោះ លោកកំពុងតែបម្រើជាពួកចិតសិបនាក់ប្រចាំតំបន់ ។ លោកគឺជាអតីតប្រធានបេសកកម្មអាឌ្រីអាធីកខាងកើត ( ឆ្នាំ២០១១–២០១៤ ) ប៊ីស្សព ប្រធានយុវជនស្ដេក ប្រធានកូរ៉ុមអែលឌើរ អ្នកដឹកនាំបេសកកម្មប្រចាំវួដ និងអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង នៅបេសកកម្មហ្វ្ល័រីដា ហ្វត ឡដឹឌែល ។