« អែលឌើរ ស្ទីវីន ស៊ី បារឡូ » លីអាហូណា ខែឧសភា ឆ្នាំ២០២៥ ។
អែលឌើរ ស្ទីវីន ស៊ី បារឡូ
ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ
បទពិសោធន៍មួយដែលចាក់ជាប់ក្នុងដួងចិត្ដបំផុតដែល អែលឌើរ ស្ទីវីន ស៊ី បារឡូ បានមានជាមួយនឹងព្រះវិហារបរិសុទ្ធគឺ « ចំណាប់អារម្មណ៍ដែលមិនអាចប្រកែកបានពីស្ថានសួគ៌ថា [ លោក ] ត្រូវតែរៀបអាពាហ៍ពិពាហ៍នឹង គ្រីស្ទីណា អ៊ីវ៉ាន » ។ ពួកលោកបានរៀបអាពាហ៍ពិពាហ៍នៅព្រះវិហារបរិសុទ្ធសលត៍ លេក ក្នុងឆ្នាំ១៩៩១ ហើយមានកូនប្រាំនាក់ ។
អែលឌើរ និងស៊ីស្ទើរ បារឡូ បានបម្រើជាថ្នាក់ដឹកនាំបេសកកម្មនៅអេក្វាឌ័រ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ រួមបញ្ចូលទាំងនៅពេលចាប់ផ្ដើមនៃជំងឺរាតត្បាតកូវីដ ១៩ ។ អំឡុងពេលនោះ ពួកអ្នកផ្សព្វផ្សាយសាសនាជាច្រើនបានត្រឡប់ទៅផ្ទះវិញ ខណៈពួកអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀតបានទទួលការចាត់តាំងឡើងវិញឲ្យទៅបេសកកម្មរបស់ប្រធាន និងស៊ីស្ទើរ បារឡូ ។ អែលឌើរ និងស៊ីស្ទើរ បារឡូ បានធ្វើជាសាក្សីនៃព្រះហស្ដរបស់ព្រះអម្ចាស់ដឹកនាំកិច្ចខិតខំរបស់ពួកអ្នកផ្សព្វផ្សាយសាសនាទាំងនោះ ។
លោកបានរំឭកថា « យើងដាក់ទីទុកចិត្ដរបស់យើងលើព្រះអម្ចាស់ » ។ « មានពេលខ្លះ យើងមិនបានដឹងថានឹងមានរឿងអ្វីកើតឡើងទេនៅថ្ងៃបន្ទាប់ ។ យើងនៅតែមានភាពបត់បែន និងត្រៀមខ្លួនជានិច្ច ។ យើងបានអធិស្ឋានជាប់ជានិច្ច ហើយគ្រប់ទាំងអស់បានដំណើរការល្អ » ។
បទពិសោធន៍នេះបានពង្រឹងមេរៀនដែលលោកបានបង្រៀនពីមុនថា ព្រះអម្ចាស់គ្រប់គ្រងការណ៍ទាំងអស់ ហើយថាយើងអាចទុកចិត្ដទ្រង់បានជានិច្ច ។
អែលឌើរ បារឡូ បានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកការអប់រំសុខភាពពីសាកលវិទ្យាល័យ យូថាហ៍ ក្នុងឆ្នាំ១៩៩៣ ។ លោកបានបម្រើការងារជានាយកប្រតិបត្តិផ្នែកវិភាគទិន្នន័យ និងការកែលម្អគុណភាពក្នុងការថែទាំសុខភាព ។ នៅពេលទទួលការហៅរបស់លោក អែលឌើរ បារឡូ កំពុងបម្រើជាពួកចិតសិបនាក់ប្រចាំតំបន់នៅក្នុងតំបន់យូថាហ៍ ។
ស្ទីវីន ឆាដ បារឡូ បានកើតនៅ បោនទីហ្វុល យូថាហ៍ នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៦៩ ជាកូនរបស់ ចន ខាយ បារឡូ និង ប៊ែកឃី គ្រីស្ទិនសិន បារឡូ ។ លោកត្រូវបាន « ចិញ្ចឹមដោយឪពុកម្ដាយដែលមានការលះបង់ និងមានភាពស្មោះត្រង់ដ៏មហិមា » ដែលបានបង្រៀនដំណឹងល្អដល់លោកតាំងពីលោកនៅវ័យក្មេង ។