ឧបសម្ព័ន្ធ
ព្រះវរបិតាសួគ៌របស់អ្នកអញ្ជើញអ្នកឲ្យទទួលពិធីបរិសុទ្ធដ៏ពិសិដ្ឋ ។ ពិធីបរិសុទ្ធទាំងនេះរួមមានសេចក្ដីសញ្ញា—ដែលអ្នកធ្វើការសន្យាជាមួយនឹងព្រះ ហើយទ្រង់ធ្វើការសន្យាជាមួយអ្នក ។ ឧទាហរណ៍ អ្នកធ្វើសេចក្តីសញ្ញាទាំងនេះ នៅពេលអ្នកទទួលបុណ្យជ្រមុជទឹក ហើយបានទទួលពិធីបញ្ជាក់ នៅពេលដែលអ្នកបានទទួលពិធីអំណោយទានពិសិដ្ឋ ហើយនៅពេលអ្នកបានផ្សារភ្ជាប់ចំពោះវេលាកាល និងចំពោះអស់ទាំងភាពអស់កល្បជានិច្ចនៅក្នុងដំណាក់របស់ព្រះអម្ចាស់ ។ ការធ្វើ និងការរក្សាសេចក្ដីសញ្ញានឹងនាំមកនូវអំណរ និងសុភមង្គលដល់អ្នក ហើយនឹងអនុញ្ញាតឲ្យអ្នកទទួលបានព្រះចេស្ដារបស់ព្រះ ដើម្បីជួយអ្នកឲ្យត្រឡប់ទៅកាន់ទីវត្តមានរបស់ទ្រង់ ដែលជាកន្លែងដែលអ្នកអាចរីករាយនឹងជីវិតដ៏នៅអស់កល្បជានិច្ចជាមួយទ្រង់ ។
ដើម្បីស្វែងយល់បន្ថែមអំពីអ្វីដែលអ្នកសន្យាចំពោះព្រះ នៅពេលអ្នកធ្វើសេចក្ដីសញ្ញាទាំងនេះ—និងអ្វីដែលទ្រង់សន្យាចំពោះអ្នក—សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចំណុច ៣.៥ នៅក្នុងបណ្ណាល័យដំណឹងល្អ ។
សូមពិចារណាអំពីសំណួរដូចខាងក្រោម ។ វាគឺជាសំណួរដែលអ្នកត្រូវបានសួរ នៅពេលអ្នកសម្ភាសន៍ទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ប៉ុន្តែអ្នកពុំចាំបាច់រង់ចាំដល់ការសម្ភាសន៍ឡើយ ។ ធ្វើស្វ័យវាយតម្លៃផ្ទាល់ខ្លួនរបស់អ្នកនៅពេលណាក៏បានដែលអ្នកចង់ធ្វើ ។
បាវចនារបស់ក្រុមយុវនារី បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន និងក្រិត្យវិន័យទាំងដប់ប្រការក៏អាចជាឧបករណ៍ដ៏មានប្រយោជន៍ក្នុងការធ្វើស្វ័យវាយតម្លៃរបស់អ្នកផងដែរ ។
សំណួរសម្ភាសន៍ទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់យុវវ័យ
-
តើអ្នកមានសេចក្តីជំនឿ និងទីបន្ទាល់ទៅលើព្រះជាព្រះវរបិតាដ៏អស់កល្ប ជាព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធដែរឬទេ ?
-
តើអ្នកមានទីបន្ទាល់អំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងតួនាទីរបស់ទ្រង់ ក្នុងនាមជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះដែរឬទេ ?
-
តើអ្នកមានទីបន្ទាល់អំពីការស្តារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែរឬទេ ?
-
តើអ្នកគំាទ្រប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយថាជា ព្យាការី អ្នកមើលឆុត និងជាអ្នកទទួលវិវរណៈ ហើយជាបុគ្គលតែម្នាក់គត់នៅលើផែនដី ដែលមានសិទ្ធិអំណាចឲ្យអនុវត្តកូនសោបព្វជិតភាពទំាងអស់ដែរឬទេ ? តើអ្នកគំាទ្រសមាជិកគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ថាជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈដែរឬទេ ? តើអ្នកគំាទ្រអ្នកមានសិទ្ធិអំណាចទូទៅផ្សេងទៀត និងថ្នាក់ដឹកនាំក្នុងមូលដ្ឋាននៃសាសនាចក្រដែរឬទេ ?
-
ព្រះអម្ចាស់បានមានបន្ទូលថា គ្រប់ការណ៍ទាំងអស់គឺត្រូវ « ធ្វើដោយភាពស្អាតបាត » នៅចំពោះទ្រង់ ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:៤១ ) ។ តើអ្នកព្យាយាមដើម្បីមានភាពស្អាតបាតផ្នែកសីលធម៌នៅក្នុងគំនិត និងអាកប្បកិរិយារបស់អ្នកដែរឬទេ ? តើអ្នកគោរពតាមច្បាប់ព្រហ្មចារីភាពដែរឬទេ ?
-
តើអ្នកធ្វើតាមការបង្រៀននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ទាំងអាកប្បកិរិយាផ្ទាល់ខ្លួន និងជាសាធារណៈជាមួយសមាជិកក្នុងគ្រួសារអ្នក និងអ្នកដទៃដែរឬទេ ?
-
តើអ្នកគាំទ្រ ឬលើកកម្ពស់ដល់ការបង្រៀន ការអនុវត្ត ឬគោលលទ្ធិណាមួយដែលផ្ទុយទៅនឹងការបង្រៀន ការអនុវត្ត ឬគោលលទ្ធិរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែរឬទេ ?
-
តើអ្នកព្យាយាមដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ទាំងនៅក្នុងគេហដ្ឋាន និងនៅសាសនាចក្រ ចូលរួមការប្រជុំរបស់អ្នក រៀបចំខ្លួន និងមានភាពស័ក្ដិសមទទួលទានសាក្រាម៉ង់ ហើយរស់នៅក្នុងជីវិតរបស់អ្នកស្របទៅតាមក្រឹត្យវិន័យ និងបទបញ្ញត្តិទាំងឡាយនៃដំណឹងល្អដែរឬទេ ?
-
តើអ្នកព្យាយាមមានភាពស្មោះត្រង់នៅគ្រប់កិច្ចការដែលអ្នកធ្វើដែរឬទេ ?
-
តើអ្នកជាអ្នកបង់ដង្វាយមួយភាគក្នុងដប់ពេញលេញឬទេ ?
-
តើអ្នកយល់ និងគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃដែរឬទេ ?
-
តើមានអំពើបាបធ្ងន់ធ្ងរនៅក្នុងជីវិតរបស់អ្នក ដែលអ្នកចាំបាច់ត្រូវដោះស្រាយជាមួយនឹងអ្នកមានសិទ្ធិអំណាចបព្វជិតភាព ជាចំណែកនៃការប្រែចិត្តរបស់អ្នកដែរឬទេ ?
-
តើអ្នកគិតថា អ្នកមានភាពស័ក្តិសម ដើម្បីចូលក្នុងដំណាក់របស់ព្រះអម្ចាស់ និងចូលរួមក្នុងពិធីបរិសុទ្ធ នានានៃព្រះវិហារបរិសុទ្ធដែរឬទេ ?
បាវចនាក្រុមយុវនារី
ខ្ញុំគឺជាបុត្រីសំណព្វរបស់ព្រះបិតាមាតាសួគ៌ដែលមាននិស្ស័យនៃព្រះ និងជោគវាសនាដ៏អស់កល្បជានិច្ច ។
ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំខិតខំប្រែក្លាយដូចជាទ្រង់ ។ ខ្ញុំស្វែងរក ហើយធ្វើតាមវិវរណៈផ្ទាល់ខ្លួន និងផ្ដល់ការងារបម្រើដល់មនុស្សដទៃនៅក្នុងព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ ។
ខ្ញុំនឹងឈរជាសាក្សីចំពោះព្រះនៅគ្រប់ពេល គ្រប់ការណ៍ទាំងអស់ និង គ្រប់កន្លែងទាំងអស់ ។
នៅពេលខ្ញុំព្យាយាមដើម្បីទទួលបានភាពតម្កើងឡើង នោះខ្ញុំរីករាយចំពោះអំណោយទាននៃការប្រែចិត្ត ហើយខិតខំកែលម្អជារៀងរាល់ថ្ងៃ ។ តាមរយៈសេចក្ដីជំនឿ ខ្ញុំនឹងពង្រឹងគេហដ្ឋាន និងគ្រួសាររបស់ខ្ញុំ ចុះ ហើយរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋ និងទទួលពិធីបរិសុទ្ធទាំងឡាយ ព្រមទាំងពរជ័យនៃព្រះវិហារបរិសុទ្ធ ។
បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន
ខ្ញុំជាបុត្រាសំណព្វរបស់ព្រះ ហើយទ្រង់មានការងារឲ្យខ្ញុំធ្វើ ។
ឲ្យអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង ខ្ញុំនឹងស្រឡាញ់ព្រះ រក្សាសេចក្តីសញ្ញារបស់ខ្ញុំ និងប្រើបព្វជិតភាពរបស់ទ្រង់ដើម្បីបម្រើអ្នកដទៃ ដោយចាប់ផ្តើមពីនៅក្នុងគេហដ្ឋានរបស់ខ្ញុំ ។
កាលណាខ្ញុំព្យាយាមបម្រើ អនុវត្តសេចក្តីជំនឿ ប្រែចិត្ត ហើយកែលម្អជារៀងរាល់ថ្ងៃ ខ្ញុំនឹងសមដើម្បីទទួលពរជ័យនៃព្រះវិហារបរិសុទ្ធ និងអំណរដ៏ឋិតថេរនៃដំណឹងល្អ ។
ខ្ញុំនឹងរៀបចំខ្លួនដើម្បីធ្វើជាអ្នកផ្សព្វផ្សាយសាសនាដ៏ឧស្សាហ៍ព្យាយាម ធ្វើជាស្វាមីដែលមានភក្តីភាព និងធ្វើជាឪពុកជាទីស្រឡាញ់ តាមរយៈការធ្វើជាកូនសិស្សពិតនៃព្រះយេស៊ូវ គ្រីស្ទ ។
ខ្ញុំនឹងជួយរៀបចំពិភពលោកសម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្រ្គោះ តាមរយៈការអញ្ជើញមនុស្សទាំងអស់ឲ្យមករកព្រះគ្រីស្ទ និងទទួលពរជ័យទាំងឡាយនៃដង្វាយធួនរបស់ទ្រង់ ។
ក្រិត្យវិន័យដប់ប្រការ
-
កុំឲ្យមានព្រះឯណាទៀតនៅចំពោះមុខអញឲ្យសោះ ។
-
កុំឲ្យឆ្លាក់ធ្វើរូបណាសម្រាប់ឯងឲ្យសោះ ។
-
កុំឲ្យចេញព្រះនាមរបស់ព្រះយេហូវ៉ា ជាព្រះនៃឯងជាអសារឥតការឡើយ ។
-
ចូរឲ្យនឹកចាំពីថ្ងៃឈប់សម្រាកដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ
-
ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ ។
-
កុំឲ្យសម្លាប់មនុស្សឲ្យសោះ ។
-
កុំឲ្យផិតគ្នាឲ្យសោះ ។
-
កុំឲ្យលួចប្លន់ឲ្យសោះ ។
-
កុំឲ្យធ្វើទីបន្ទាល់ក្លែងទាស់នឹងអ្នកជិតខាងខ្លួនឲ្យសោះ ។
-
កុំឲ្យលោភឲ្យសោះ ។
សូមមើល និក្ខមនំ ២០:៣–១៧ ។