យុវវ័យ
១១. សេចក្តីពិត​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សេរីភាព


យុវជន​ម្នាក់​នៅ​សម័យ​បុរាណ​អាន​ពី​ក្រដាស​រមូរ

Feast Upon the Word [ សូម ទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំងឡាយ​នៃ​ព្រះ​គ្រីស្ទ ] ដោយ លីស លេម៉ុន ស្វិនដល ទទួល​សិទ្ធិអនុញ្ញាត​ពី Havenlight

១១.

សេចក្តីពិត​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សេរីភាព

យ៉ូហាន ៨:៣២

ព្រះវរបិតាសួគ៌​របស់​អ្នក​គឺជា​ព្រះ​នៃ​សេចក្តីពិត ។ ទ្រង់​ជ្រាប​គ្រប់​អ្វីៗ​ទាំងអស់ ។ សេចក្តីពិត​ទាំងអស់​មកពី​ទ្រង់ និង​ដឹកនាំ​ទៅរក​ទ្រង់ ។ អ្នក​បង្ហាញ​ថា អ្នក​ឲ្យ​តម្លៃ​លើ​សេចក្តីពិត នៅពេល​អ្នក​ខិតខំ​រៀនសូត្រ រស់នៅ​ដោយ​ភាពទៀងត្រង់ ហើយ​ឈរ​ការពារ​ដោយ​ក្លាហាន​ចំពោះ​អ្វី​ដែល​អ្នក​ដឹង​ថា​ត្រឹមត្រូវ—បើទោះបី​ជា​អ្នក​ត្រូវ​ឈរ​តែ​ម្នាក់​ឯង​ក៏ដោយ ។

សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច

ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​បុត្រា និង​បុត្រី​របស់​ទ្រង់​រៀន​សូត្រ​ជានិច្ច ។ អ្នក​មាន​ហេតុផល​ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ក្នុង​ការស្វែងរក និង​ស្រឡាញ់​ការរៀន​សូត្រ ។ ការអប់រំ​មិនមែន​គ្រាន់តែ​អំពី​ការ​រក​ប្រាក់​ប៉ុណ្ណោះ​នោះ​ទេ ។ ការអប់រំ​គឺ​ជា​ផ្នែក​មួយ​នៃ​គោលដៅ​ដ៏​អស់កល្បជានិច្ច​របស់​អ្នក​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះវរបិតាសួគ៌ ។

ការរស់នៅ​ដោយ​ទៀងត្រង់​មាន​ន័យ​ថា អ្នក​ស្រឡាញ់​អ្វី​ដែល​ត្រឹម​ត្រូវ​នៅក្នុង​ព្រះនេត្រ​របស់​ព្រះ—ច្រើន​ជាង​អ្នក​ស្រឡាញ់ ការកម្សាន្តចិត្ត ផ្ទាល់ខ្លួន ប្រជាប្រិយភាព ឬ ភាពងាយស្រួល ។ វា​មាន​ន័យ​ថា ការធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ដោយសារ​វា​ជា​រឿង​ដែល​ត្រឹមត្រូវ ។

អ្នក​មាន​អ្វី​មួយ​ដែល​មាន​តម្លៃ​ដើម្បី​ចែកចាយ ។ ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ចម្លើយ​ចំពោះ​សំណួរ​នៃ​ជីវិត ។ វា​គឺជា​ផ្លូវ​ទៅរក​សេចក្តី​សុខសាន្ត និង​សុភមង្គល ។ អ្នក​ប្រហែលជា​មិន​ដឹង​អ្វីៗ​គ្រប់​យ៉ាង​នោះ​ទេ ប៉ុន្តែ​អ្នក​ដឹង​គ្រប់គ្រាន់​ល្មម​ដើម្បី​ស្រឡាញ់​អ្នក​ជិតខាង​របស់អ្នក ចែកចាយ​គោលការណ៍​ពិត​ជាមួយ​ពួកគេ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងយល់​បន្ថែម ។

ការ​អញ្ជើញ

សូម​ធ្វើ​ជាមនុស្ស​ដែល​រៀនសូត្រ​ជានិច្ច ។ សូម​ស្វែងរក​ឱកាស​ដើម្បី​ពង្រីក​គំនិត និង​ជំនាញ​របស់​អ្នក ។ ឱកាស​ទាំងនេះ​អាច​រួម​បញ្ចូល​ការអប់រំ​ជា​ផ្លូវការ​នៅ​សាលា ឬ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​ដូចជា​ការរៀន​ក្រៅ​ផ្លូវការ​មកពី​ប្រភព​ដែល​អ្នក​ទុកចិត្ត​បាន​ផងដែរ ។ សូម​យាង​ព្រះអម្ចាស់​ឲ្យ​មាន​ចំណែក​នៅក្នុង​ការខិតខំ​របស់​អ្នក ហើយ​ទ្រង់​នឹង​ដឹកនាំ​អ្នក ។

រៀន​ពី​សេចក្តីពិត​ខាងវិញ្ញាណ នៅពេល​អ្នក​រៀន​អំពី​ពិភពលោក​នៅ​ជុំវិញ​អ្នក សូម​រៀន​ផងដែរ​អំពី​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​បង្កើត​ពិភពលោក​នេះ ។ សូម​សិក្សា​អំពី​ព្រះជន្ម និង​ការបង្រៀន​របស់​ទ្រង់ ។ សូម​ធ្វើ​ឲ្យ​ថ្នាក់​សិក្ខាសាលា ថ្នាក់​វិទ្យាស្ថាន និង​ការសិក្សា​ដំណឹង​ល្អ​ផ្ទាល់ខ្លួន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការសិក្សា​ពេញ​មួយ​ជីវិត​របស់​អ្នក ។ វា​អាច​រៀបចំ​អ្នក​ដើម្បី​បម្រើ​បេសកកម្ម និង​ចែកចាយ​ដំណឹង​ល្អ​ពេញមួយ​ជីវិត​របស់​អ្នក ។

រស់នៅ​ដោយ​ទៀងត្រង់ ។ កុំ​លួច កុំ​កុហក កុំ​បោកប្រាស់ ឬ​បោកបញ្ឆោត​តាម​មធ្យោបាយ​ណា​មួយ​ឡើយ—ទាំង​នៅ​សាលារៀន កន្លែង​ធ្វើការ តាម​អនឡាញ នៅ​គ្រប់​ទីកន្លែង ។ សូម​ធ្វើ​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ដ៏​ស្មោះត្រង់​ដូចគ្នា​ទាំង​នៅ​ទីសាធារណៈ និង​ទី​ឯកជន ។

មនុស្សម្នា​លុតជង្គង់​ចុះ​ចំពោះ​ព្រះភ័ក្រ្ត​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ

ពរជ័យ​ទាំងឡាយដែល​បាន​សន្យា

ការអប់រំ​បង្កើន​សមត្ថភាព​របស់​អ្នក​ដើម្បី​បម្រើ​ព្រះអម្ចាស់ រួម​ទាំង​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផងដែរ ។ វា​ផ្តល់​អំណាច​ឲ្យ​អ្នក​ក្នុងការ​ផ្ដល់ពរ​ដល់​អ្នកដទៃ ជា​ពិសេស​គ្រួសារ​របស់​អ្នក ។ ដរាប​ណា​អ្នក​រៀន​កាន់​តែ​ច្រើន នោះ​អ្នក​ក៏​កាន់តែ​អាច​ជួយ​ស្ថាបនា​នគរ​របស់​ព្រះ និង​មាន​ឥទ្ធិពល​លើ​ពិភពលោក​សម្រាប់​ការល្អ​ផងដែរ ។

ភាពស្មោះត្រង់​នាំមក​នូវ​សេចក្តី​សុខសាន្ត និង​ការគោរព​ចំពោះ​ខ្លួន​ឯង ។ នៅពេល​ពាក្យសម្ដី និង​សកម្មភាព​របស់​អ្នក​ស្រប​នឹង​សេចក្ដីពិត នោះ​អ្នក​បង្ហាញ​ថា​អ្នក​ជាមនុស្ស​អាច​ទុកចិត្ត​បាន​ពី​មនុស្ស​ដទៃ និង​ដោយ​ព្រះអម្ចាស់ ។

នៅពេល​អ្នក​ក្រោកឈរ​ឡើង​ការពារ​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ទ្រង់​ឈរ​ជាមួយ​អ្នក ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​កម្លាំង​របស់​អ្នក ! អ្នក​ផ្សេង​ទៀត​ប្រហែលជា​មិន​យល់​ស្រប​ជាមួយ​ជំនឿ​របស់​អ្នក ប៉ុន្តែ​ភាពក្លាហាន និង​ភាពស្មោះត្រង់​របស់​អ្នក​នឹង​ត្រូវបាន​មើលឃើញ ។ មិន​ថា​អ្នក​ផ្សេងទៀត​ធ្វើ​តាម​គំរូ​របស់​អ្នក​ឬ​អត់​នោះទេ ទីបន្ទាល់ ទំនុកចិត្ត និង​ជំនឿ​លើ​ព្រះគ្រីស្ទ​របស់​អ្នក​នឹង​រីកចម្រើន​ឡើង ។

សំណួរ និង​ចម្លើយ

តើ​វា​ខុស​ទេ​ដែល​មាន​សំណួរ​អំពី​សាសនាចក្រ ? តើ​ខ្ញុំ​អាច​រក​ឃើញ​ចម្លើយ​ដោយ​របៀប​ណា ? ការ​មាន​សំណួរ​គឺ​មិនមែន​ជា​សញ្ញា​នៃ​ភាព​ទន់ខ្សោយ ឬ​ខ្វះ​សេចក្តី​ជំនឿ​នោះ​ទេ ។ តាមពិត​ទៅ ការសួរ​សំណួរ​អាច​ជួយ​ស្ថាបនា​សេចក្តីជំនឿ​បាន ។ ការស្តារ​ឡើងវិញ​នៃ​ដំណឹង​ល្អ​បាន​ចាប់ផ្តើម​នៅ​ពេល យ៉ូសែប ស្ម៊ីធ ដែល​មាន​វ័យ ១៤ ឆ្នាំ បាន​សួរ​សំណួរ​ដោយ​សេចក្តីជំនឿ ។ សូម​ស្វែងរក​ចម្លើយ​នៅក្នុង​ព្រះគម្ពីរ នៅក្នុង​ប្រសាសន៍​របស់​ព្យាការី​របស់​ព្រះ មកពី​ថ្នាក់​ដឹកនាំ និង​ឪពុកម្តាយ​ដ៏​ស្មោះត្រង់​របស់​អ្នក និង​ពី​ព្រះអង្គ​ទ្រង់​ផ្ទាល់ ។ ប្រសិនបើ​ចម្លើយ​មិន​មក​ភ្លាមៗ​ទេ សូម​ទុកចិត្ត​ថា​អ្នក​នឹង​រៀន​មួយ​បន្ទាត់​ម្តងៗ ។ សូម​បន្ត​រស់នៅ​តាម​អ្វី​ដែល​អ្នក​ដឹង​រួចហើយ ហើយ​បន្ត​ស្វែងរក​សេចក្តីពិត ។

តើ​ខ្ញុំ​អាច​ក្រោក​ឈរ​ឡើង​ការពារ​អ្វី​ដែល​ត្រឹម​ត្រូវ​ដោយ​មិន​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​ជំនឿ​ផ្សេង​អាក់អន់​ចិត្ត​ដោយ​របៀបណា ? សូម​ចាប់ផ្តើម​ដោយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពាក្យសម្ដី និង​សកម្មភាព​របស់​អ្នក​ត្រូវ​បាន​បំផុស​គំនិត​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​បុត្រាបុត្រី​របស់​ទ្រង់ ។ ការចែកចាយ​ដំណឹងល្អ​មិន​គួរ​ធ្វើឡើង​ក្នុង​វិញ្ញាណ​នៃ​ការ​ទាស់ទែង​នោះ​ទេ ប៉ុន្តែ​ដោយ​ភាពច្បាស់លាស់ ស្លូតបូត និង​សប្បុរស​វិញ ។ អ្នក​អាច​មាន​​ក្តី​ស្រឡាញ់​ចំពោះ​អ្នក​ដទៃ ទោះបី​អ្នក​មិន​យល់​ស្រប​នឹង​ទស្សនៈ​របស់​ពួកគេ​ក៏​ដោយ ។ ចូរ​ធ្វើ​ជា​គំរូ​ដ៏​ល្អ​នៃ​អ្នក​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ តាម​របៀប​ដែល​អ្នក​រស់នៅ ។

សូមើល ម៉ាថាយ ៥:១៤–១៦សូម​ឲ្យ​ពន្លឺ​អ្នក​បាន​ភ្លឺ​ឡើង ) យ៉ូហាន ១៤:៦ព្រះយេស៊ូវ​គឹជា​សេចក្តីពិត ) ពេត្រុស ទី១ ៣:១៥សូម​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​សេចក្តីសង្ឃឹម​របស់​អ្នក​នៅក្នុង​ព្រះគ្រីស្ទ ) គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៨:៧៧–៨០អ្វីៗ​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​រៀន ) ៨៨:១១៨ស្វែងរក​ប្រាជ្ញា​ចេញពី​សៀវភៅ​ដែល​ល្អៗ​បំផុត ) ៩៣:៣៦សិរីល្អ​របស់​ព្រះ​គឺជា​បញ្ញា ) ១២៤:១៥សេចក្តីទៀងត្រង់​មានន័យ​ថា​ស្រឡាញ់​អ្វី​ដែល​ត្រឹមត្រូវ ) ១៣០:១៨បញ្ញា​របស់​យើង​នឹង​រះឡើង​ជាមួយ​យើង នៅពេល​យើង​រស់ឡើង​វិញ ) ។

សំណួរ​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ

  • តើ​អ្នក​ព្យាយាម​មានភាព​ស្មោះត្រង់​នៅ​គ្រប់​កិច្ចការ​ដែល​អ្នកធ្វើ​ដែរឬទេ ?

  • តើ​អ្នកគាំទ្រ ឬ​លើក​កម្ពស់​ដល់​ការ​បង្រៀន ការ​អនុវត្ត ឬ​គោលលទ្ធិ​ណាមួយ​ដែល​ផ្ទុយ​ទៅ​នឹង​ការបង្រៀន ការ​អនុវត្ត ឬ​គោលលទ្ធិ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ដែរឬទេ ?