I Shall Not Wan [ ខ្ញុំនឹងមិនខ្វះអ្វីសោះ ] ដោយ យ៉ុងស៊ុង គីម ។ ទទួលសិទ្ធិអនុញ្ញាតពី Havenlight
៥.
ដើរក្នុងពន្លឺរបស់ព្រះ
កាឡាទី ៥:២៥
អ្នកធ្វើការជ្រើសរើសបានល្អជាងនៅពេលអ្នកអាចមើលឃើញអ្វីៗបានច្បាស់ ។ នោះហើយជាមូលហេតុដែលពន្លឺមានសារៈសំខាន់ណាស់ ពន្លឺធ្វើឲ្យវាកាន់តែងាយស្រួលដើម្បីមើលឃើញផ្លូវត្រូវ ។ ព្រះវរបិតាសួគ៌បានប្រទានដល់អ្នកនូវសិទ្ធិទទួលបានពន្លឺសួគ៌ា—អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ—ដើម្បីជួយអ្នកឲ្យឃើញច្បាស់នូវអ្វីដែលល្អ និងអាក្រក់ អ្វីត្រូវ និងខុស ។
សេចក្តីពិតដ៏អស់កល្បជានិច្ច
អ្នកអាចមានព្រះវិញ្ញាណបរិសុទ្ធជាគូកនដ៏ខ្ជាប់ខ្ជួន ។ នៅពេលអ្នកត្រូវបានបញ្ជាក់ថាជាសមាជិកនៃសាសនាចក្រ នោះអ្នកត្រូវបានអញ្ជើញឲ្យ « ទទួលព្រះវិញ្ញាណបរិសុទ្ធចុះ » ។ ឱកាសដើម្បីមានព្រះវិញ្ញាណជាដៃគូកនដ៏ខ្ជាប់ខ្ជួនរបស់អ្នក គឺជាអំណោយទានដ៏អស្ចារ្យបំផុតមួយរបស់ព្រះចំពោះអ្នក ។
ការធ្វើការជ្រើសរើសត្រឹមត្រូវ អភិវឌ្ឍន៍សមត្ថភាពរបស់អ្នកដើម្បីទទួលអារម្មណ៍នៃព្រះវិញ្ញាណ ។ មានរឿងល្អៗ និងត្រឹមត្រូវជាច្រើននៅក្នុង ពិភពលោកនេះ ។ ដូចជារាងកាយរបស់អ្នកទទួលឥទ្ធិពលពីអ្វីដែលអ្នកបរិភោគ និងផឹក នោះដួងចិត្ត និងវិញ្ញាណរបស់អ្នកក៏បានទទួលអានុភាពដ៏ខ្លាំងក្លាពីអ្វីដែលអ្នកអាន មើល និងស្តាប់ផងដែរ ។
ការអញ្ជើញ
ចំណាយពេលសម្រាប់ព្រះអម្ចាស់រាល់ថ្ងៃ ។ រៀនអំពីទ្រង់ ។ ចងចាំទ្រង់ជានិច្ច ។ អធិស្ឋានទៅព្រះវរបិតាសួគ៌របស់អ្នក ។ សិក្សាព្រះគម្ពីរបរិសុទ្ធ និងប្រសាសន៍របស់ពួកព្យាការីដែលរស់នៅ ។ បន្ទាប់មក សូមព្យាយាមរស់នៅតាមអ្វីដែលអ្នករៀន ។
ស្វែងរកអ្វីដែលលើកទឹកចិត្ត បំផុសគំនិត និងយាងអញ្ជើញព្រះវិញ្ញាណ ។ នៅពេលអ្នកធ្វើការជ្រើសរើសអំពីអ្វីដែលត្រូវមើល អាន ស្តាប់ ឬចូលរួម សូមគិតអំពីរបៀបដែលវាធ្វើឲ្យអ្នកមានអារម្មណ៍ ។ តើវានាំឲ្យអ្នកមានគំនិតល្អៗដែរឬទេ ? សូមនៅឲ្យឆ្ងាយពីអ្វីដែលសើចចំអកដល់កិច្ចការពិសិដ្ឋ ឬអសីលធម៌ ។ កុំចូលរួមក្នុងអ្វីដែលធ្វើឲ្យការវិនិច្ឆ័យរបស់អ្នកចុះថយ ឬប៉ះទង្គិចដល់ព្រះវិញ្ញាណ ដូចជាអំពើហិង្សា គ្រឿងស្រវឹង និងគ្រឿងញៀនដែលបង្កគ្រោះថ្នាក់ ។ មានភាពក្លាហានដើម្បីបិទវីដេអូ ឬហ្គេម ដើរចេញពីខ្សែភាពយន្ត ឬការរាំរែក ប្តូរតន្ត្រីរបស់អ្នក ឬងាកចេញពីអ្វីដែលមិនស្របនឹងព្រះវិញ្ញាណ ។
សូមប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីលើកទឹកចិត្ត ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមអាចជាឧបករណ៍ទំនាក់ទំនងមួយដ៏មានអានុភាព ។ ប្រសិនបើអ្នកប្រើវា សូមផ្តោតលើពន្លឺ សេចក្តីជំនឿ និងសេចក្តីពិត ។ កុំប្រៀបធៀបជីវិតរបស់អ្នកទៅនឹងអ្វីដែលអ្នកដទៃកំពុងជួបប្រទះ ។ ចងចាំថា តម្លៃរបស់អ្នកបានមកពីការធ្វើជាបុត្ររបស់ព្រះមាតាបិតាសួគ៌ មិនមែនមកពីប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ ។
ស្វែងរកបទពិសោធន៍ល្អៗ និងទំនាក់ទំនងពិតប្រាក ហើយនៅ យូរអង្វែង ។ ប្រុងប្រយ័ត្នកុំឲ្យការប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកមកជំនួសឲ្យការចំណាយពេលជាមួយនឹងគ្រួសាររបស់អ្នក និងមិត្តភក្តិរបស់អ្នកដោយផ្ទាល់ឡើយ ។ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងបច្ចេកវិទ្យាផ្សេងទៀតអាចយកពេលរបស់អ្នកជាច្រើនដោយមិនបានផ្តល់ផលអ្វីច្រើនមកវិញឡើយ ។ ដកឃ្លាចេញពីពិភពអ៊ីនធឺណិត និងទាក់ទងជាមួយមនុស្សដែលមានជីវិតពិត ។
ពរជ័យទាំងឡាយដែលបានសន្យា
អ្នក អាចមានព្រះវិញ្ញាណគង់នៅជាមួយអ្នកជានិច្ច ។ ការសន្យានេះគឺជាផ្នែកនៃសេចក្ដីសញ្ញាដែលអ្នកធ្វើរាល់ពេលអ្នកទទួលទានសាក្រាម៉ង់ ។ ព្រះវិញ្ញាណបរិសុទ្ធនឹងថ្លែងជាសាក្សីដល់អ្នកអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់នឹងលួងលោម ដឹកនាំ ផ្តល់ភាពកក់ក្តៅ និងធ្វើឲ្យអ្នកបានបរិសុទ្ធ ។ ទ្រង់នឹងជួយអ្នកស្គាល់សេចក្តីពិត និងមើលឃើញសេចក្តីល្អនៅក្នុងពិភពលោកនេះ ។
សំណួរ និងចម្លើយ
តើខ្ញុំអាចដឹងថាតើខ្ញុំកំពុងទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ? ការរៀនស្គាល់ព្រះវិញ្ញាណត្រូវការពេលវេលា ការអនុវត្ត និងការអត់ធ្មត់ ។ ទ្រង់ថ្លែងទៅកាន់មនុស្សផ្សេងៗ តាមរបៀបផ្សេងៗ ។ សូមកុំមើលរំលងរឿងសាមញ្ញៗ—អារម្មណ៍នៃសេចក្តីសុខសាន្ត ដែលអ្នកបានឮទីបន្ទាល់របស់នរណាម្នាក់ ឬអារម្មណ៍មិនស្ងប់ចិត្តដែលអ្នកទទួលបានបន្ទាប់ពីធ្វើការជ្រើសរើសខុស ។ សូមស្វែងយល់នៅក្នុងបទគម្ពីរដើម្បីទទួលបានរបៀបផ្សេងៗដែលព្រះវិញ្ញាណប្រាស្រ័យទាក់ទង អធិស្ឋានអំពីបទគម្ពីរនោះ ហើយបន្តស្វែងរកឱកាសដើម្បីទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។
តើអ្វីទៅជាការណ៍អាសគ្រាម ? ហេតុអ្វីខ្ញុំត្រូវចៀសវាងការណ៍អាសគ្រាម ? ការណ៍អាសគ្រាម គឺមានទាំងអ្វីដែលតំណាង រូបភាព ឬតាមពាក្យសំដី ដែលបានរៀបចំឡើងដើម្បីដាស់អារម្មណ៍ផ្លូវភេទ ។ ការណ៍អាសគ្រាមមានច្រើនសណ្ឋាន រួមទាំងវីដេអូ រូបភាព សៀវភៅ ហ្គេម និងតន្ត្រីផងដែរ ។ វាអាចជាសារ ឬរូបភាពដែលផ្ញើទៅមិត្តភក្តិ ។ ការណ៍អាសគ្រាមចាត់ទុកកិច្ចការពិសិដ្ឋ—រូបកាយ និងអារម្មណ៍ផ្លូវភេទរបស់យើង—ដោយមិនគោរព ។ អ្នកអាចប្រទះភ្នែកឃើញការណ៍អាសគ្រាមដោយអចេតនា ។ មិនថាអ្នកប្រទះភ្នែកឃើញការណ៍អាសគ្រាមដោយចេតនា ឬអចេតនានោះទេ សូមងាកចេញភ្លាមៗ ។ អ្នកក៏ប្រហែលជាចង់និយាយជាមួយឪពុក ឬម្តាយ ឬមជ្ឈិមវ័យដែលអ្នកទុកចិត្តផ្សេងទៀតផងដែរ ។ ការមើលការណ៍អាសគ្រាមដោយចេតនាគឺជាអំពើបាប និងគ្រោះថ្នាក់ដល់សមត្ថភាពទទួលអារម្មណ៍ពីព្រះវិញ្ញាណរបស់អ្នក ។ វាធ្វើឲ្យការគ្រប់គ្រងខ្លួនរបស់អ្នកចុះខ្សោយ និងបង្ខូចរបៀបដែលអ្នកគិតពីខ្លួនឯង និងអ្នកដទៃ ។ ព្រះយេស៊ូវគ្រីស្ទ មានព្រះចេស្ដាដើម្បីជួយអ្នកតទល់នឹងការណ៍អាសក្រាម ហើយប្រែចិត្ត ។ សូមងាកទៅរកទ្រង់ ហើយងាកចេញពីភាពងងឹត ។ ប៊ីស្សពរបស់អ្នកអាចជួយអ្នកទទួលបានកម្លាំង និងការអត់ទោសតាមរយៈព្រះអង្គសង្គ្រោះ ។ ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងរបស់អ្នក !
សូមមើល ទំនុកដំកើង ១១៩:១០៥ ( ព្រះបន្ទូលរបស់ព្រះគឺជាដូចជាពន្លឺបំភ្លឺផ្លូវរបស់យើង ); អេម៉ុស ៥:១៤ ( ស្វែងរកសេចក្តីល្អ ); កាឡាទី ៥:២២–២៣ ( ផលផ្លែនៃព្រះវិញ្ញាណ ); មរ៉ូណៃ ៧:១៨–១៩ ( ពន្លឺនៃព្រះគ្រីស្ទ ); គោលលទ្ធិ និងសេចក្តីសញ្ញា ៦:២៣ ( ព្រះអម្ចាស់មានបន្ទូលអំពីសេចក្តីសុខសាន្ត ); ២០:៧៧, ៧៩ ( ការអធិស្ឋានធ្វើពិធីសាក្រាម៉ង់ ) ។
សំណួរសម្ភាសន៍ទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ
-
ព្រះអម្ចាស់បានមានបន្ទូលថា គ្រប់ការណ៍ទាំងអស់គឺត្រូវ « ធ្វើដោយភាពស្អាតបាត » នៅចំពោះទ្រង់ ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:៤១ ) ។ តើអ្នកព្យាយាមដើម្បីមានភាពស្អាតបាតផ្នែកសីលធម៌នៅក្នុងគំនិត និងអាកប្បកិរិយារបស់អ្នកដែរឬទេ ?