យុវវ័យ
៧. ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​ទំាងឡាយ​ផ្ដល់​ឲ្យ​អ្នក​នូវ​សិទ្ធិ​ទទួល​បានពរជ័យ​របស់​ព្រះ


យ៉ូហាន បាទីស្ទ ជ្រមុជ​ទឹក​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ

៧.

ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​ទំាងឡាយ​ផ្ដល់​ឲ្យ​អ្នក​នូវ​សិទ្ធិ​ទទួល​បានពរជ័យ​របស់​ព្រះ

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៤:២០

ព្រះវរបិតាសួគ៌​របស់​អ្នក​អន្ទះសារ​ចង់​បង្រៀន និង​ប្រទានពរ​ដល់​អ្នក ។ របៀប​មួយ​ដែល​ទ្រង់​ធ្វើ​កិច្ចការ​នេះ គឺ​តាមរយៈ​ពិធីបរិសុទ្ធ​ដូចជា ពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ និង​ពិធីសាក្រាម៉ង់ ។ តាមរយៈ​ពិធីបរិសុទ្ធ​ដូចនេះ យើង​ធ្វើ​សេចក្ដីសញ្ញា ឬ​ការសន្យា​មួយ​ជាមួយ​នឹង​ព្រះ ។ ការរក្សា​សេចក្ដីសញ្ញា​បង្កើន​ព្រះចេស្ដា​របស់​ព្រះ​ក្នុង​ជីវិត​របស់​អ្នក និង​ជួយ​អ្នក​រៀបចំខ្លួន​សម្រាប់​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​មាន​តម្លៃ​ចំពោះ​យើង—ពីព្រោះ​វា​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ​របស់​យើង ហើយ​ជួយ​យើង​ឲ្យ​ប្រែ​កាន់តែ​ដូច​ទ្រង់​ទាំង​ទ្វេ ។

សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច

ពិធីបរិសុទ្ធ​ចង្អុលបង្ហាញ​អ្នក​ទៅកាន់​ព្រះយេស៊ូវគ្រីស្ទ ។ ពិធីបរិសុទ្ធ​មួយ​គឺជា​ពិធី​ដ៏​ពិសិដ្ឋ​មួយ​ដែលមាន​អត្ថន័យ​ជា​និមិត្តរូប​ដែល​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍ ពិធីសាក្រាម៉ង់​មិន​មែន​គ្រាន់តែ​ជា​នំប៉័ង និង​ទឹក​ប៉ុណ្ណោះ​ទេ ។ វា​រំឭក​យើង​អំពី​ព្រះអង្គ​សង្គ្រោះ ។

សេចក្តីសញ្ញា​គឺជា​ទីសម្គាល់​នៃ​សេចក្តីស្រឡាញ់ ការទុកចិត្ត និង​ការរំពឹងទុក​របស់​ព្រះ ។ វា​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះ​​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត ។ ការធ្វើ​សេចក្ដីសញ្ញា​បង្ហាញ​ថា​អ្នក​ស្រឡាញ់​ព្រះ ហើយ​ស្មោះស្ម័គ្រ​ចំពោះ​ទ្រង់ ។ អ្នក​អាច​ទុក​ចិត្ត​ទ្រង់ ហើយ​ទ្រង់​អាច​ទុក​ចិត្ត​អ្នក ។ ជាមួយ​នឹង​ការតាំងចិត្ត​ដ៏​ស៊ីជម្រៅ​បែបនោះ​នាំ​មក​នូវ​ការទទួល​បាន​ព្រះចេស្ដា និង​ជំនួយ​របស់​ទ្រង់​កាន់តែ​មហិមា នៅពេល​អ្នក​រក្សា​សេចក្ដីសញ្ញា​របស់​អ្នក ។

អ្នក​ធ្វើ​សេចក្តីសញ្ញា​ជាមួយ​ព្រះ នៅពេល​អ្នក​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ហើយ​នៅពេល​អ្នក​ទទួលទាន​សាក្រាម៉ង់ ។ នៅពេល​អ្នក​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក នោះ​អ្នក​សន្យា​ថា​នឹង​លើកដាក់​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​មកលើ​ខ្លួនឯង បម្រើ​ទ្រង់ ហើយ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់​ពេញ​មួយ​ជីវិត​របស់​អ្នក ។ នៅក្នុង​អំឡុងពេល​សាក្រាម៉ង់ អ្នក​ក៏​សន្យា​ថា​នឹង​ចងចាំ​ទ្រង់​ជានិច្ចដែរ ។ ទាំងនេះ​គឺជា​សន្យា​របស់​អ្នក ។ នៅពេល​អ្នក​ស្ម័គ្រចិត្ត​រក្សា​វា នោះ​ព្រះ​សន្យា​ថា​នឹង​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​អ្នក​ជា​គូកន​ជានិច្ច ។

ការអញ្ជើញ

សូម​ចាត់​ទុក​សាក្រាម៉ង់​ដូចជា​អំណោយទាន​ដ៏​ពិសិដ្ឋ ។ សូម​បង្ហាញ​ការផ្ដល់​ភាពស្មោះស្ម័គ្រ​របស់​អ្នក​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ដោយ​រៀបចំ​ខ្លួន​សម្រាប់​បទពិសោធន៍​ដ៏​ពិសិដ្ឋ​ក្នុង​អំឡុង​ពេល​ពិធីសាក្រាម៉ង់ ។ សូម​ជញ្ជឹងគិត​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ធ្វើ​ឲ្យ​ពិធីបរិសុទ្ធ​នេះ​ក្លាយជា​ចំណុច​សំខាន់​ខាងវិញ្ញាណ​ក្នុង​អំឡុងពេល​សប្តាហ៍​របស់​អ្នក ។

សូម​រកមើល​ព្រះអង្គសង្គ្រោះ​នៅក្នុង​ពិធីបរិសុទ្ធ​ទាំងឡាយ ។ នៅពេល​អ្នក​មើល ឬ​ចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ សូម​សួរ​ខ្លួន​ឯង​ថា « តើ​ខ្ញុំ​រៀន​អ្វីខ្លះ​​អំពី​ព្រះយេស៊ូវគ្រីស្ទ​មកពី​ពិធីបរិសុទ្ធ​នេះ ? ឬ « តើ​វា​នាំ​ឲ្យ​ខ្ញុំ​កាន់តែ​ខិត​ទៅ​ជិត​ទ្រង់​ដោយ​របៀប​ណា ? » សូម​យក​ចិត្ត​ទុកដាក់​ចំពោះ​អ្វី​ដែល​ព្រះវិញ្ញាណ​បង្រៀន​ដល់​អ្នក ។

សូម​ឲ្យ​សេចក្តីសញ្ញា​របស់អ្នក​ដឹកនាំ​ការប្រព្រឹត្ត​របស់​អ្នក ។ នៅពេល​អ្នក​ធ្វើ​ការជ្រើសរើស សូម​ចងចាំ​ពី​ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​របស់​អ្នក​ជាមួយ​ព្រះ ។ សូម​ស្មោះត្រង់​ចំពោះ​ទ្រង់ ។ សូម​សួរ​ខ្លួន​អ្នក ៖ តើ​ការណ៍​នេះ​ស្រប​តាម​សេចក្ដីសញ្ញា​របស់​ខ្ញុំ​ដែរ​ឬ​ទេ ? ឧទាហរណ៍ តើ​ខ្ញុំ​ស្រឡាញ់ និង​ផ្ដល់​ការងារបម្រើ​ដល់​អ្នក​ដទៃ កម្សាន្តទុក្ខ​ដល់​អស់​អ្នកណា​ដែល​ត្រូវការ​ការកម្សាន្តទុក្ខ ហើយ​ឈរ​ជា​សាក្សី​ដល់​ព្រះគ្រីស្ទ—នៅ​គ្រប់​ទីកន្លែង និង​ជានិច្ច​ដែរ​ឬ​ទេ ?

ព្រះគ្រីស្ទ​នៅក្បែរ​តុ​កំពុងរៀបចំ​សាក្រាម៉ង់​សម្រាប់​ពួក​សាសន៍នីហ្វៃ

ពរជ័យ​ទាំងឡាយដែល​បាន​សន្យា

អ្នក​មាន​អំណាច​ដើម្បី​យក​ឈ្នះ​លើ ការល្បួង អំពើបាប និង​ការសាកល្បង​នៃ​ជីវិត ។ ការធ្វើ និង​ការរក្សា​សេចក្ដីសញ្ញា​ផ្ដល់​សិទ្ធិ​ឲ្យ​អ្នក​ទទួល​បាន​​ព្រះចេស្ដា​របស់​ព្រះ ។ ជាមួយនឹង​អំណាច​នោះ អ្នក​អាច​ប្រឈមមុខ​នឹង​អ្វី​ទាំងអស់​ដោយ​ទំនុកចិត្ត ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​កម្លាំង​របស់​អ្នក !

អ្នក​អាច​បានស្អាតស្អំ និង​អត់ទោស​ឲ្យ ។ ផ្នែក​មួយ​នៃ​ការសន្យា​របស់​ព្រះ​ចំពោះ​អ្នក​សម្រាប់​ការរក្សា​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​អ្នក​គឺជា​ការផ្ដាច់បាប​របស់​អ្នក ។ នោះ​មាន​ន័យ​ថា នៅពេល​អ្នកប្រែចិត្ត ហើយ​រក្សា​ការសន្យា​របស់​អ្នក​ជាមួយ​ព្រះ ទ្រង់​នឹង​អត់ទោស​ឲ្យ​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​ប្រសើរ​ឡើង ។

អ្នក អាច​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ជាមួយ​អ្នក​ជានិច្ច ។ ការសន្យា​មួយ​ទៀត​ដែល​ភ្ជាប់​ទៅ​នឹង​ពិធីបុណ្យ​ជ្រមុជទឹក និង​សាក្រាម៉ង់ គឺ​ភាពជាដៃគូ​ដ៏​ខ្ជាប់ខ្ជួន​នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់ និង​ការបម្រើ​ដល់​ទេវតា ។ អ្នក​មិន​ចាំបាច់​ត្រូវ​ប្រឈមមុខ​នឹង​ការប្រឈម​ទាំងឡាយ​តែ​ម្នាក់​ឯង​នោះ​ទេ ។ ព្រះ​មិន​ដែល​បោះ​បង់ចោល​បុត្រាបុត្រី​នៃ​សេចក្ដីសញ្ញា​របស់​ទ្រង់​ទេ—អ្នក​អាច​ទុកចិត្ត​បាន ។

អ្នក​អាច​មាន​ការគាំទ្រ​ពី​រាស្ដ្រ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ ។ អ្នក​ជា​សមាជិក​នៃ​សហគមន៍​រាស្រ្ត​នៃ​សេចក្តីសញ្ញា​នៅក្នុង​សាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ ។ អ្នក​លើកស្ទួយ និង​លើក​ទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ។ អ្នក​ទួញយំ​ជាមួយ​គ្នា ហើយ​ត្រេកអរ​ជាមួយ​គ្នា ។ អ្នក​រែក​បន្ទុក​គ្នា​ទៅវិញ​ទៅមក ។ គ្រួសារ ប៊ីស្សព ថ្នាក់ដឹកនាំ​របស់​អ្នក និង​សមាជិក​សាសនាចក្រ​ផ្សេង​ទៀត​នៅ​ចាំជួយ​អ្នក ហើយ​អ្នក​អាច​ជួយ​ពួកគេ ។

សំណួរ និង​ចម្លើយ

តើ​ខ្ញុំ​អាច​ធ្វើ​ជា​អ្នក​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​ដ៏​ល្អ​ម្នាក់​ដោយ​គ្មាន​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​បាន​ទេ ? មាន​មនុស្ស​ល្អ​ជា​ច្រើន​ដែល​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ស្មោះសរ ទោះបី​ជា​ពួកគេ​មិន​ដែល​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក ឬ​មិនបាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ក៏​ដោយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះវរបិតាសួគ៌​ចង់​ឲ្យ​បុត្រាបុត្រី​គ្រប់រូប​របស់​ទ្រង់​ទទួល​ពិធីបរិសុទ្ធ​របស់​ទ្រង់ ហើយ​ធ្វើ​សេចក្តីសញ្ញា​ជាមួយ​ទ្រង់ ដើម្បី​ពួកគេ​អាច​មាន​សិទ្ធិ​ទទួល​បានជំនួយ សេចក្ដី​មេត្តាករុណា និង​កម្លាំង​របស់​ទ្រង់​កាន់តែ​ច្រើន ។ នោះ​ហើយ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បានស្ដារ​សាសនាចក្រ​របស់​ទ្រង់​ឡើង​វិញ ! បុត្រ​របស់​ព្រះ​គ្រប់​រូប​នឹង​មាន​ឱកាស—នៅក្នុង​ជីវិត​នេះ ឬ​ជីវិត​បន្ទាប់—ដើម្បី​ទទួល​យក​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ដែល​តម្រូវ​ឲ្យ​មាន​សម្រាប់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ខ្ញុំ​មិនបាន​ស្មោះត្រង់​ចំពោះ​សេចក្តីសញ្ញា​របស់​ខ្ញុំ​ជានិច្ច​នោះ​ទេ ។ តើ​ខ្ញុំ​មាន​សង្ឃឹម​ដែរ​ឬ​ទេ ? មាន ! ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ដំណឹងល្អ​នៃ​សេចក្តីសង្ឃឹម និង​ការចាប់ផ្ដើម​ថ្មី! នេះ​ហើយ​ជា​មូលហេតុ​ដែល​យើង​ទទួលទាន​សាក្រាម៉ង់​ជា​រៀងរាល់​សប្ដាហ៍ ។ ព្រះវរបិតាសួគ៌​បាន​ជ្រាប​ថា យើង​នឹង​ធ្វើ​ខុស ហើយ​ត្រូវការ​ការចាប់ផ្តើម​ថ្មី​មួយ ។ ព្រះអង្គ​សង្គ្រោះ​បានប្រទាន​ព្រះជន្ម​របស់​ទ្រង់ ដើម្បី​បើក​ផ្លូវ​ឲ្យ​អ្នកត្រឡប់​ទៅ​ស្ថានសួគ៌​វិញ ។ នៅពេល​អ្នក​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្ត នោះ​អ្នក​អាចមាន​សិទ្ធិ​ទទួលបាន​ព្រះចេស្ដា​របស់​ព្រះ​ឡើងវិញ ។

សូមមើល កូរិនថូស ទី១ ១១:២៣–២៦ការទទួល​ទាន​សាក្រាម៉ង់​បង្ហាញ​ថា យើង​ជឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ); ម៉ូសាយ ១៨:១០, ១៣សេចក្តីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ); គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣បព្វជិតភាព​អើរ៉ុន​រួមបញ្ចូល​ទាំង​កូនសោ​នៃ​ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក និង​ការងារបម្រើ​របស់​ពួកទេវតា ); ២០:៣៧តម្រូវការ​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក ); ២០:៧៧, ៧៩ការអធិស្ឋាន​សាក្រាម៉ង់ ) ។

សំណួរ​សម្ភាសន៍​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ

  • តើ​អ្នក​ព្យាយាម​ដើម្បី​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ ទាំងនៅ​ក្នុងគេហដ្ឋាន និង​នៅ​សាសនាចក្រ ចូលរួម​ការ​ប្រជុំ​របស់​អ្នក រៀបចំខ្លួន និង​មានភាព​ស័ក្ដិសម​ទទួល​ទាន​សាក្រាម៉ង់ ហើយ​រស់នៅ​ក្នុង​ជីវិត​របស់អ្នក​ស្រប​ទៅតាម​ក្រឹត្យវិន័យ និង​បទបញ្ញត្តិ​ទាំងឡាយ​នៃ​ដំណឹងល្អ​ដែរឬទេ ?