៤.
ព្រះយេស៊ូវគ្រីស្ទនឹងជួយអ្នក
ទំនុកដំកើង ១៤៧:៣
ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងរបស់អ្នក ។ ទ្រង់បានធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់សម្រាប់អ្នកដើម្បីមានអំណរនៅក្នុងជីវិតនេះ និងជារៀងរហូត ។ តាមរយៈការជ្រើសរើសទ្រង់ និងដំណឹងល្អរបស់ទ្រង់ នោះអ្នកកំពុងជ្រើសរើសសុភមង្គល និងអំណរដ៏អស់កល្បជានិច្ច ។
ទោះបីជានៅពេលអ្នកព្យាយាមអស់ពីលទ្ធភាពរបស់អ្នកដើម្បីធ្វើការជ្រើសរើសដែលត្រឹមត្រូវ ក៏នៅពេលខ្លះអ្នកនឹងធ្វើខុសដែរ ។ អ្នកនឹងធ្វើអ្វីៗដែលអ្នកប្រាថ្នាថា អ្នកមិនបានធ្វើបែបនោះ ។ មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់មានអារម្មណ៍បែបនេះ ។ នៅពេលការណ៍នោះកើតឡើង វាងាយនឹងមានអារម្មណ៍បាក់ទឹកចិត្ត ឬងឿងឆ្ងល់ថា តើអ្នកនឹងល្អគ្រប់គ្រាន់ឬទេ ។ ប៉ុន្ដែមានដំណឹងល្អមួយ—ជាដំណឹងដ៏អស្ចារ្យ និងពោរពេញដោយសង្ឃឹម ! ដោយសារព្រះស្រឡាញ់អ្នក ទ្រង់បានចាត់ព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ដែលបានលើកដាក់លើទ្រង់ផ្ទាល់នូវអំពើបាបរបស់អ្នក ដើម្បីអ្នកអាចប្រែចិត្ត ទទួល ការអភ័យទោស ហើយបន្តរីកចម្រើន ។
សេចក្តីពិតដ៏អស់កល្បជានិច្ច
ព្រះយេស៊ូវគ្រីស្ទនឹងពង្រឹងអ្នក ។ ទ្រង់នឹងជួយអ្នកផ្លាស់ប្តូរបំណងប្រាថ្នារបស់អ្នក គំនិតរបស់អ្នក និងសកម្មភាពរបស់អ្នក ។ នៅពេលអ្នកព្រួយបារម្ភ ភ័យខ្លាច ឬពុះពារតាមមធ្យោបាយណាមួយក៏ដោយ ទ្រង់នឹងកម្សាន្តចិត្តអ្នក ។ ទ្រង់នឹងជួយអ្នកនៅគ្រប់ស្ថានភាពនៃជីវិតរបស់អ្នក ។ អ្នកអាចទុកចិត្តលើទ្រង់ ។
ការប្រែចិត្តមិនមែនជាការដាក់ទណ្ឌកម្មចំពោះអំពើបាបទេ វាគឺជារបៀបដែលព្រះអង្គសង្គ្រោះរំដោះយើងពីអំពើបាប ។ ការប្រែចិត្តមានន័យថាការផ្លាស់ប្តូរ—ត្រូវងាកចេញពីអំពើបាប ហើយបែរទៅរកព្រះ ។ វាមានន័យថាត្រូវកែលម្អ និងទទួលការភ័យទោស ។ ការផ្លាស់ប្តូរប្រភេទនេះមិនមែនជាព្រឹត្តិការណ៍ដែលមានតែម្តងទេ វាជាដំណើរការបន្តទៅមុខ ។
ការអញ្ជើញ
សូមធ្វើឲ្យព្រះយេស៊ូវគ្រីស្ទជាចំណុចសំខាន់នៃជីវិតរបស់អ្នក ។ ស្វែងរកជំនួយពីទ្រង់ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ ។
ប្រែចិត្ត ។ សូមងាកទៅរកព្រះអម្ចាស់ដោយមានបំណងប្រាថ្នាដើម្បីកែលម្អ ។ នៅពេលអ្នកបានធ្វើអ្វីមួយខុស សូមសារភាពកំហុសនោះដោយស្មោះត្រង់នៅចំពោះព្រះ បើចាំបាច់ ចំពោះប៊ីស្សពរបស់អ្នក និងនរណាម្នាក់ដែលអ្នកប្រហែលជាបានបំពានលើ ។ សូមខិតខំធ្វើរឿងល្អឲ្យអស់ពីសមត្ថភាពរបស់អ្នក ។
សូមរីករាយនឹងអំណោយទានដែលអនុញ្ញាតឲ្យយើងធ្វើបានល្អជាងមុន និងក្លាយជាមនុស្សល្អជាងមុន ។ ទោះបីជាវាមិនងាយស្រួល និងចំណាយពេលយូរជាងដែលអ្នកចង់បានក៏ដោយ សូមកុំឈប់ព្យាយាមឡើយ ។ សូមខិតខំបន្ត និងទុកចិត្តលើ ព្រះអម្ចាស់ ។ ទ្រង់នឹងជួយអ្នកនៅគ្រប់ជំហាននៅលើផ្លូវនោះ ។
ពរជ័យទាំងឡាយដែលបានសន្យា
ព្រះវរបិតាសួគ៌នឹងអត់ទោស ហើយប្រោសអ្នកឲ្យជា កាលអ្នកប្រែចិត្ត ។ ទ្រង់ប្តូរកំហុសរបស់អ្នកជាមួយនឹងសេចក្តីសុខសាន្ត និងអំណរ ។ ទ្រង់នឹងមិនចងចាំកំហុសរបស់ អ្នកទៀតឡើយ ។ ព្រះយេស៊ូវគ្រីស្ទ គឺជាកម្លាំងរបស់អ្នក ហើយដោយមាននូវកម្លាំងរបស់ទ្រង់ នោះបំណងប្រាថ្នារបស់អ្នកដើម្បីរក្សាបទបញ្ញត្តិរបស់ទ្រង់នឹងកើនឡើង ។
ទ្រង់នឹងផ្លាស់ប្តូរចិត្ត និងជីវិតរបស់អ្នក ។ បន្តិចម្តងៗ អ្នកនឹងរីកចម្រើន ហើយប្រែក្លាយកាន់តែដូចទ្រង់ ។
សំណួរ និងចម្លើយ
តើខ្ញុំដឹងដូចម្តេចថា ព្រះបានអត់ទោសឲ្យខ្ញុំហើយ ? ព្រះបានសន្យាថាទ្រង់នឹងអភ័យទោសដល់ អស់អ្នកដែលប្រែចិត្ត ។ នៅពេលអ្នកទទួលអារម្មណ៍កម្សាន្តចិត្តពីព្រះវិញ្ញាណ នោះអ្នកអាចដឹងថា ព្រះចេស្តាដ៏ប្រោសលោះរបស់ព្រះអង្គសង្រ្គោះគឺកំពុងដំណើរការនៅក្នុងជីវិតរបស់អ្នក ។
តើខ្ញុំត្រូវការជំនួយពីប៊ីស្សពដើម្បីប្រែចិត្តនៅពេលណា ? ប៊ីស្សពរបស់អ្នកកាន់កូនសោបព្វជិតភាព និងមានអំណោយទានខាងវិញ្ញាណដើម្បីជួយអ្នកឲ្យប្រែចិត្ត ។ អ្នកអាចស្វែងរកជំនួយ និងដំបូន្មានរបស់គាត់នៅគ្រប់ពេលវេលា ។ ប្រសិនបើអ្នកបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ដូចជាការប្រព្រឹត្តខុសច្បាប់ព្រហ្មចារីភាព សូមជួបជាមួយនឹងប៊ីស្សពរបស់អ្នក ។ គាត់មិនដាក់ទោសអ្នកឡើយ ។ គាត់គឺជាអ្នកតំណាងរបស់ព្រះយេស៊ូវគ្រីស្ទ ហើយនឹងជួយអ្នកឲ្យដឹងពីរបៀបដើម្បីប្រែចិត្តយ៉ាងពេញលេញ និងទទួលបានការព្យាបាល និងការពង្រឹងព្រះចេស្តារបស់ព្រះអង្គសង្គ្រោះ ។
ខ្ញុំកំពុងព្យាយាមប្រែចិត្ត ប៉ុន្តែខ្ញុំនៅតែបន្តធ្វើកំហុសដដែល ។ តើខ្ញុំគួរតែធ្វើដូចម្តេច ? សូមកុំបោះបង់ឡើយ ។ ចូរងាកទៅរកព្រះគ្រីស្ទ ហើយដាក់សេចក្តីជំនឿរបស់អ្នកនៅលើទ្រង់ ។ ព្រះគុណរបស់ទ្រង់គឺមានល្មមគ្រប់គ្រាន់ហើយ ។ សូមសាកល្បងម្ដងទៀត ។ អ្នកមិនឯកោទេនៅក្នុងការខិតខំប្រឹងប្រែងរបស់អ្នកដើម្បីការរីចម្រើន ។ ព្រះយេស៊ូវគ្រីស្ទតែងតែនៅជាមួយអ្នកជានិច្ច ។
សូមមើល អេណុស ១:៦ ( កំហុសអាចបំបាត់ចោល ) ម៉ូសាយ ៤:៣ ( តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ព្រះឲ្យអ្នកដឹងថាអ្នកទទួលបានការអត់ទោស ) ២៦:៣០ ( ព្រះអង្គសង្រ្គោះអត់ទោសញឹកញាប់កាលដែលយើងប្រែចិត្ត ) អេធើរ ១២:២៧ ( ព្រះគុណរបស់ព្រះអង្គសង្រ្គោះអាចធ្វើឲ្យអ្វីដែលទន់ខ្សោយទៅជាខ្លាំងពូកែ ) មរ៉ូណៃ ៦:៨ ( អស់អ្នកដែលប្រែចិត្តនឹងបានអត់ទោសឲ្យ ) ១០:៣២ ( សូមឲ្យបានល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ )គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣២ ( ព្រះអម្ចាស់អត់ទោសឲ្យអស់អ្នកដែលប្រែចិត្ត ) ៥៨:៤២–៤៣ ( ការប្រែចិត្តរួមទាំងការសារភាព និងការបោះបង់ចោលអំពើបាប ) ។
សំណួរទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ
-
តើអ្នកមានទីបន្ទាល់អំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងតួនាទីរបស់ទ្រង់ ក្នុងនាមជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះដែរឬទេ ?
-
តើមានអំពើបាបធ្ងន់ធ្ងរនៅក្នុងជីវិតរបស់អ្នក ដែលអ្នកចាំបាច់ត្រូវដោះស្រាយជាមួយនឹងអ្នកមានសិទ្ធិអំណាចបព្វជិតភាព ជាចំណែកនៃការប្រែចិត្តរបស់អ្នកដែរឬទេ ?