យុវវ័យ
ធ្វើ​ការជ្រើសរើស​ដែល​បំផុសគំនិត


ធ្វើ​ការជ្រើសរើស​ដែល​បំផុសគំនិត

នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន អ្នក​នឹង​រកឃើញ​ការបង្រៀន​ជាច្រើន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ពួកព្យាការី​របស់​ទ្រង់ ។ ដោយ​មាន​សេចក្តីពិត​ទាំងនេះ​ទុកជា​ការណែនាំ​របស់​អ្នក នោះ​អ្នក​អាច​ធ្វើការ​ជ្រើសរើស​ដែល​បំផុសគំនិត​ដែល​នឹង​ផ្តល់​ពរ​ដល់​អ្នក​នា​ពេល​ឥឡូវ​នេះ និង​រហូត​ដល់​ភាពអស់កល្ប​ជានិច្ច ។

អ្នក​គឺជា​បុត្រ​ខាងវិញ្ញាណ​ជា​ទីស្រឡាញ់​របស់​ព្រះ ។ ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​របស់​ទ្រង់​ធ្វើ​ឲ្យ​អ្នក​អាច​រីកចម្រើន​ខាង​វិញ្ញាណ និង​អភិវឌ្ឍ​សក្ដានុពល​ដ៏​ទេវភាព​របស់​អ្នក ។ ទ្រង់​បានបញ្ជូន​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ធ្វើ​ជា​ព្រះអង្គសង្រ្គោះ​របស់​អ្នក ។

ព្រះវរបិតាដែល​គង់​នៅ​ស្ថានសួគ៌​របស់​អ្នក​ទុកចិត្ត​លើ​អ្នក ។ ទ្រង់​បាន​ប្រទាន​ពរជ័យ​ដ៏​អស្ចារ្យ​ដល់​អ្នក រួម​ទាំង​ភាព​ពេញលេញ​នៃ​ដំណឹងល្អ និង​ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ ដែល​ចងភ្ជាប់​អ្នក​ទៅនឹង​ទ្រង់ ហើយ​នាំ​ព្រះចេស្តា​របស់​ទ្រង់​មក​ក្នុង​ជីវិត​របស់​អ្នក ។ ជាមួយ​នឹង​សេចក្ដីសញ្ញា​ទាំងនេះក៏​នាំមក​នូវ​អំណរ និង​ការទទួល​ខុសត្រូវ​បន្ថែម​ផងដែរ ។ ទ្រង់​ជ្រាប​ដឹង​ថា​អ្នក​អាច​ធ្វើ​ឲ្យ​មាន​ភាពខុសប្លែក​នៅក្នុង​ពិភពលោក ហើយ​នៅ​ករណី​ជាច្រើន​ក៏​តម្រូវ​ឲ្យ​អ្នក​ធ្វើ​អ្វី​ដែល​ខុសពី​ពិភពលោក​នេះ​ផងដែរ ។ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវរបិតាសួគ៌​របស់​អ្នក នៅពេល​អ្នក​ធ្វើការ​ជ្រើសរើស ។ ទ្រង់​នឹង​ប្រទានពរ​ឲ្យ​អ្នក​នូវ​ការបំផុសគំនិត តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ព្រះ​យេស៊ូវគ្រីស្ទ​គឺជា​ផ្លូវ​ទៅកាន់​អំណរ​ដ៏​អស់កល្ប​ជានិច្ច ។ នៅពេល​អ្នក​ប្រើ​សេរីភាព​របស់​អ្នក​ដើម្បី​ធ្វើតាម​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​អ្នក​នៅលើ​ផ្លូវ​ដែល​ដឹកនាំ​ទៅរក​សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច ។ សូម​ធ្វើ​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​បទដ្ឋាន​របស់​អ្នក គឺជា​គ្រឹះ​ដ៏​រឹង​មាំ​របស់អ្នក ។ សូម​ស្ថាបនា​ជីវិត​របស់​អ្នក​នៅលើ​ការបង្រៀន​ទាំងឡាយ​របស់ទ្រង់ ហើយ​ថ្លឹងថ្លែង​ការជ្រើសរើស​របស់​អ្នក​តាមរយៈ​ការបង្រៀន​ទាំងនេះ ។ សេចក្ដីសញ្ញា​ដែល​អ្នក​ធ្វើ​នៅ​ឯ​ពិធីបុណ្យ​ជ្រមុជទឹក អំឡុងពេល​សាក្រាម៉ង់ និង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ គឺជា​ស្នូល​ដ៏​រឹងមាំ​របស់​អ្នកនៅ​ក្នុង​ព្រះគ្រីស្ទ ។ អ្នក​នឹង​នៅតែ​ប្រឈមមុខ​នឹង​ការពុះពារ និង​ការល្បួង​ទាំងឡាយ ប៉ុន្តែ​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​នឹង​ជួយ​អ្នក​ឲ្យ​ឆ្លងផុត​អ្វីៗ​ទាំងនោះ ។

គោលបំណង​នៃ ដើម្បី​កម្លាំង​នៃ​យុវជន មិនមែន​ដើម្បី​ផ្តល់​ឲ្យ​អ្នក​នូវ « បាទ/ចាស » ឬ « អត់​ទេ » អំពី​ការជ្រើសរើស​ដែល​អាច​កើត​មានដែលអ្នក​ត្រូវ​ប្រឈមមុខ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ ព្រះអម្ចាស់​កំពុង​អញ្ជើញ​អ្នក​ឲ្យ​រស់នៅ​ក្នុង​របៀប​ដែល​កាន់តែ​ខ្ពង់ខ្ពស់ និង​កាន់តែ​បរិសុទ្ធ—ដែល​ជា​ជីវិត​ដែល​ផ្ដោតលើ​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច និង​ពរជ័យ​ដែល​ព្រះអម្ចាស់​បានសន្យា ។ នេះ​គឺជា​របៀប​របស់​ទ្រង់ ។ សេចក្តីណែនាំ​នេះ​នឹង​បង្រៀន​អ្នក​អំពី​មាគ៌ា​របស់​ទ្រង់ ។ វា​ពន្យល់​ពី​សេចក្តីពិត​ដែល​ទ្រង់​បាន​បើកសម្តែង ។ សូម​ធ្វើ​ឲ្យ​សេចក្តីពិត​ទាំងនេះ​ក្លាយជា​ការណែនាំ​របស់​អ្នក​ដើម្បី​ធ្វើ​ការជ្រើសរើស—ការជ្រើសរើស​ធំៗ ដូចជា ការធ្វើ​សេចក្តីសញ្ញា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ការបម្រើ​បេសកកម្ម ក៏​ដូចជា​ការជ្រើសរើស​ប្រចាំថ្ងៃ ដូចជា​របៀប​ប្រព្រឹត្ត​ចំពោះ​មនុស្ស ឬ​របៀប​ចំណាយ​ពេលវេលា​របស់​អ្នក​ផងដែរ ។

ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​អាច​ជួយ​អ្នក​បាន នោះ​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​អ្នក​គឺជា​រឿង​ផ្ទាល់ខ្លួន ។ វា​គឺជា​ជម្រើស​របស់​អ្នក ។ សូម​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក​ដើម្បី​កែលម្អ​ជារៀង​រាល់ថ្ងៃ កាន់​តាម​បទបញ្ញត្តិ​របស់​ព្រះ និង​គោរព​សេចក្តី​សញ្ញា​របស់​អ្នក ហើយ​ជួយ​អ្នក​ដទៃ​ឲ្យ​ខិត​ទៅជិត​ព្រះអង្គ​សង្គ្រោះ ។

សូមមើល ម៉ូសាយ ៤:២៩–៣០ផ្លូវ​នៃ​អំពើ​បាប​មាន​ច្រើន​រាប់​មិន​អស់ ដូច្នេះ​យើង​ត្រូវ​ប្រុងប្រយ័ត្ន ) ហេលេមិន ៥:១២សង់​គ្រឹះ​របស់​អ្នក​នៅលើ​ព្រះ​គ្រីស្ទ ) គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥:៥៧យក​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​អ្នកណែនាំ​របស់​អ្នក ) ២៥:១៣នៅជាប់​នឹង​សេចក្តីសញ្ញា​របស់អ្នក ) ។

របៀប​ដែល​សេចក្តីណែនាំ​នេះ​បាន​រៀបចំ​ឡើង

ប្រធាន​បទ​នីមួយៗ​មាន​បី​ផ្នែក ៖

  1. សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច ឬ​គោលលទ្ធិ​នៃ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្តារឡើងវិញ

  2. ការអញ្ជើញ ដើម្បី​ឲ្យ​ធ្វើ​សកម្មភាព​តាម​សេចក្តី​ពិត​ទាំងនោះ

  3. ពរជ័យ​ដែល​បាន​សន្យា ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​រស់នៅ​តាម​ការបង្រៀន​របស់​ទ្រង់