យុវវ័យ
៦. ស្រឡាញ់​ព្រះ ស្រឡាញ់​អ្នកជិតខាង​របស់​អ្នក


សាសន៍​សាម៉ារី​ចិត្ត​ល្អ

៦.

ស្រឡាញ់​ព្រះ ស្រឡាញ់​អ្នកជិតខាង​របស់​អ្នក

ម៉ាថាយ ២២:៣៧–៤០

ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើ​ការជ្រើសរើស​ល្អ ព្រះ​ប្រទាន​បទបញ្ញត្តិ​ជាច្រើន ។ ទ្រង់​ធ្វើ​បែប​នេះ ព្រោះ​ទ្រង់​ស្រឡាញ់​អ្នក ។ ហើយ​ហេតុផល​ដ៏​ល្អ​បំផុត​ដើម្បី​គោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​របស់​ព្រះ គឺ​ដោយសារ​អ្នក​ស្រឡាញ់​ទ្រង់ ។ សេចក្តី​ស្រឡាញ់​គឺជា​ចំណុចសំខាន់​នៃ​បទបញ្ញត្តិ​របស់​ព្រះ ។

សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច

ព្រះ​ស្រឡាញ់​អ្នក ។ ទ្រង់​គឺជា​ព្រះវរបិតា​របស់​អ្នក ។ សេចក្តី​ស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ទ្រង់​អាច​បំផុស​គំនិត​អ្នក​ឲ្យ​ស្រឡាញ់​ទ្រង់ ។ នៅពេល​អ្នក​ស្រឡាញ់​ព្រះវរបិតាសួគ៌​នោះ​គឺជា​ឥទ្ធិពល​ដ៏​សំខាន់​បំផុត​នៅក្នុង​ជីវិត​របស់​អ្នក ដែល​ធ្វើ​ឲ្យ​ការសម្រេច​ចិត្ត​ជាច្រើន​កាន់តែ​ងាយ​ស្រួល ។

បទបញ្ញត្តិ​យ៉ាង​សំខាន់​បំផុត​ពីរ ក្នុង​ចំណោម​បទបញ្ញត្តិ​ទាំង​អស់ គឺ​ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នក​ជិតខាង​របស់​អ្នក ។ ហើយ​តើ​នរណា​ជា​អ្នក​ជិតខាង​របស់​អ្នក ? មនុស្ស​គ្រប់គ្នា ! អ្វីៗ​ផ្សេងទៀត​ដែល​បាន​បង្រៀន​នៅក្នុង​ព្រះគម្ពីរ និង​ដោយ​ព្យាការី​ទាំងឡាយ​គឺ​ទាក់ទង​នឹង​បទបញ្ញត្តិ​ទាំងពីរ​នេះ ។

មនុស្ស​ទាំងអស់​គឺជា​បងប្អូន​ប្រុសស្រី​របស់​អ្នក—ជាការ​ពិត​ណាស់ រួមទាំង​មនុស្ស​ដែល​ខុស​ពី​អ្នក ឬ​មិន​យល់​ស្រប​ជា​មួយនឹង​អ្នក​ផងដែរ ។ ព្រះវរបិតា​សួគ៌​ចង់​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់​ចេះ​ស្រឡាញ់ គ្នា​ទៅវិញ​ទៅ​មក ។ នៅពេល​អ្នក​បម្រើ​បុត្រាបុត្រី​របស់​ទ្រង់ នោះ​អ្នក​កំពុង​បម្រើ​ដល់​ទ្រង់ ។

ការ​អញ្ជើញ

សូម​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ ដោយការ​រក្សា​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ។ ឧទាហរណ៍ តាមរយៈ​ការរក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បរិសុទ្ធ រួម​ទាំង​ការរៀបចំ​ខ្លួន​យ៉ាង​ស្មោះត្រង់​សម្រាប់ និង​ទទួលទាន​សាក្រាម៉ង់ នោះ​អ្នក​បង្ហាញ​ព្រះ​ថា អ្នក​ស្ម័គ្រ​ចិត្ត​លះបង់​មួយថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ថ្វាយ​ទ្រង់ ។ នៅពេល​អ្នក​តម​អាហារ និង​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ នោះ​អ្នក​បង្ហាញ​ព្រះ​ថា កិច្ចការ​របស់​ទ្រង់​សំខាន់​ចំពោះ​អ្នក​ជាង​សម្ភារ​ផ្សេងៗ ។ នៅពេល​អ្នក​ប្រើ​ព្រះនាម​របស់​ព្រះ និង​ព្រះគ្រីស្ទ​ដោយ​គារវភាព មិន​ដែល​ប្រើ​ដោយ​អសារ​ឥត​ការ ឬ​ធម្មតាៗ នោះ​អ្នក​បង្ហាញ​ថា​អ្នក​មាន​អំណរគុណ​ចំពោះ​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​ទាំងទ្វេ​បាន​ធ្វើ​សម្រាប់​អ្នក ។

ប្រព្រឹត្តិ​ចំពោះ​មនុស្ស​គ្រប់​រូប​ជា​បុត្រ​របស់​ព្រះ ។ ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ អ្នក​អាច​នាំមុខ​ក្នុង​ការប្រព្រឹត្ត​ចំពោះ​មនុស្ស​គ្រប់​ជាតិសាសន៍ សាសនា និង​ក្រុម​ណា​ផ្សេង​ទៀត​ដោយ​ក្ដី​ស្រឡាញ់ និង​ការគោរព—ជា​ពិសេស​អ្នក​ដែល​ជួនកាល​ជា​ជនរងគ្រោះ​ទាំង​ពាក្យសម្ដី និង​ទង្វើ​ដ៏​ឈឺចាប់ ។ សូម​ជួយ​ដល់​អ្នក ដែល​មាន​អារម្មណ៍​ឯកោ ត្រូវគេ​បោះបង់ ឬ​អស់សង្ឃឹម ។ ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ តាមរយៈ​អ្នក ។ ចែកចាយ​ជាមួយ​ពួកគេ​នូវ​ពរជ័យ​ដែល​ទ្រង់​បានប្រទាន​ដល់​អ្នក ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ។

សូម​ប្រាកដ​ថា​ភាសា​របស់​អ្នក​ឆ្លុះបញ្ចាំង​ពី​សេចក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ និង​អ្នក​ដទៃ—មិន​ថា​អ្នក​កំពុង​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយផ្ទាល់ ឬ​នៅលើ​អ៊ីនធឺណិត​នោះ​ទេ ។ សូម​និយាយ​អ្វី​ដែល​លើក​ទឹក​ចិត្ត—មិន​និយាយ​អ្វី​ដែល​អាច​នាំ​ឲ្យ​បែកបាក់ ធ្វើ​ឲ្យ​ឈឺ​ចាប់ ឬ​ប្រមាថ​ឡើយ ទោះបី​ជា​ការនិយាយ​នោះ​ជា​ការកំប្លែង​លេង​ក៏​ដោយ ។ ពាក្យ​សំដី​របស់​អ្នក​អាច​មាន​អានុភាព​ខ្លាំង​ណាស់ ។ សូម​ឲ្យ​ពាក្យ​សំដី​របស់​អ្នក​មាន​អានុភាព​សម្រាប់​សេចក្តី​ល្អ ។

បង្ហាញ​សេចក្តីស្រឡាញ់​ចំពោះ​គ្រួសារ​របស់​អ្នក ។ ស្រឡាញ់​បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់ ចាប់ផ្តើម​ឡើង​ពី​នៅក្នុង​ផ្ទះ ។ សូម​ធ្វើ​ផ្នែក​របស់​អ្នក ដើម្បី​ធ្វើ​ឲ្យ​គេហដ្ខាន​របស់​អ្នក​ជា​កន្លែង​ដែល​មនុស្ស​គ្រប់គ្នា​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ។

ព្រះយេស៊ូវគ្រីស្ទ ( នៅ​ស្រះ​បេថែសដា ) លើក​ក្រណាត់​មួយ​ដែល​បុរស​ពិការ​ដេក

ពរជ័យ​ទាំងឡាយដែល​បាន​សន្យា

ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះ​នឹង​ត្រូវ​បាន​ពង្រឹង កាល​ដែល​អ្នក​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​អ្នក តាមរយៈ​ការគោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​របស់ទ្រង់ ហើយ​រក្សា​សេចក្តី​សញ្ញា​របស់អ្នក​ជាមួយ​ទ្រង់ ។

ទំនាក់ទំនង​របស់​អ្នក​ជាមួយ​អ្នកដទៃ​នឹង​ត្រូវ​បានពង្រឹង កាល​អ្នក​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​អ្នក តាមរយៈ​ការបម្រើ​ដូចជា​ព្រះ​គ្រីស្ទ ។ អ្នក​នឹង​ទទួលបាន​អំណរ​នៅក្នុង​ការធ្វើ​ឲ្យ​ពិភពលោក​នេះ​ជា​ទី​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ ។

សំណួរ និង​ចម្លើយ

តើ​ខ្ញុំ​អាច​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​បាន​ដោយ​របៀប​ណា ? សេចក្តី​ស្រឡាញ់​របស់​ព្រះ​វរបិតាសួគ៌​គឺ​តែងតែ​មាន​ជានិច្ច ។ សូម​ទូល​ទៅទ្រង់​ឲ្យ​បាន​ញឹកញាប់ តាមរយៈ​ការអធិស្ឋាន ។ សូម​ចែកចាយ​អារម្មណ៍​របស់​អ្នក​ជាមួយ​ទ្រង់ និង​យក​ចិត្ត​ទុកដាក់​ចំពោះ​ចំណាប់ អារម្មណ៍​ដែល​មកពី​ទ្រង់ ។ អាន​ព្រះបន្ទូល​របស់ទ្រង់​នៅក្នុង​ព្រះគម្ពីរ ។ គិត​ពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​អ្នក ។ ចំណាយពេល​នៅ​ទីកន្លែង និង​សកម្មភាព​ទាំងឡាយ​ណា​ដែល​ព្រះវិញ្ញាណ​របស់ទ្រង់​គង់​នៅ ។

តើ​ព្រះអម្ចាស់​រំពឹង​ឲ្យ​ខ្ញុំ​ស្រឡាញ់​មនុស្ស​គ្រប់គ្នា សូម្បីតែ​ចំពោះ​អ្នក​ដែល​ធ្វើ​មិន​ល្អ​ដាក់​ខ្ញុំ​ដែរ​មានទេ ? ព្រះអម្ចាស់​រំពឹង​ឲ្យ​អ្នក​ស្រឡាញ់​ពួក​មាសត្រូវ​របស់អ្នក ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ដែល​ធ្វើ​បាប​អ្នក ។ ទោះជា​យ៉ាងណា​ក៏​ដោយ នោះ​មិន​មាន​ន័យ​ថា អ្នក​គួរ​បន្ត​នៅក្នុង​ស្ថានភាព​ដែល​បណ្តាល​ឲ្យ​ផ្លូវចិត្ត ផ្លូវកាយ ឬ​ខាងវិញ្ញាណ​របស់​អ្នក​មាន​គ្រោះថ្នាក់​នោះ​ទេ ។ សូម​កំណត់​ព្រំដែន​ដែល​វិជ្ជមាន ដើម្បី​រក្សា​ខ្លួន​របស់​អ្នក​ឲ្យ​មាន​សុវត្ថិភាព ។ ប្រសិនបើ​អ្នក​ត្រូវ​គេ​ធ្វើបាប ឬ​រំលោភបំពាន ឬ​អ្នក​ដឹងថា​រឿង​នេះ​កំពុងកើត​ឡើង​ចំពោះ​នរណា​ផ្សេងទៀត សូម​ប្រាប់​ដល់​មជ្ឈិមវ័យ​ដែល​គួរ​ឲ្យ​ទុកចិត្ត ។

តើ​ខ្ញុំ​គួរ​ស្គាល់​សមាជិក​ដែល​មាន​ភេទ​ខុសគ្នា​នៅ​ពេលណា និង​ដោយ​របៀបណា ? វិធី​ដ៏​ល្អបំផុត​ដើម្បី​ស្គាល់​អ្នក​ដទៃ​គឺ​តាមរយៈ​មិត្តភាព​ស្មោះត្រង់​ពិតប្រាកដ ។ ខណៈ​អ្នក​នៅក្មេង​នៅឡើយ សូម​បង្កើត​មិត្តភាព​ល្អៗ​ជាមួយ​មនុស្ស​ឲ្យ​បានច្រើន ។ នៅ​វប្បធម៌​មួយចំនួន យុវវ័យ​ចាប់ផ្តើម​ស្គាល់​សមាជិក​ដែល​មាន​ភេទ​ខុសគ្នា​តាមរយៈ​សកម្មភាព​ល្អៗ​ជាក្រុម ។ សម្រាប់​ការអភិវឌ្ឍ​ខាងផ្លូវចិត្ត និង​ខាងវិញ្ញាណ និង​សុវត្ថិភាព​របស់​អ្នក នោះ​សកម្មភាព​ដែល​ធ្វើ​ឡើង​ម្នាក់​ទល់​នឹង​ម្នាក់​គួរតែ​ពន្យារពេល​រហូត​ដល់​អ្នក​មាន​ភាពចាស់ទុំ—គោលការណ៍​ណែនាំ​មួយ​ដ៏​ល្អ​គឺ​នៅពេល​អាយុ​១៦​ឆ្នាំ ។ សូម​ប្រឹក្សា​ជាមួយ​គ្រួសារ និង​ថ្នាក់ដឹកនាំ​របស់​អ្នក ។ សូម​រក្សា​ទំនាក់ទំនង​គូសង្សារ​របស់​អ្នក​ទុក​សម្រាប់​ពេល​អ្នក​ធំឡើង ។ ចំណាយ​ពេល​ជាមួយ​មនុស្ស​ដែល​ជួយ​អ្នក​រក្សា​ការតាំងចិត្ត​របស់​អ្នក​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ។

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ ប្រសិនបើ​ផ្ទះ​របស់​ខ្ញុំ​មិនមែន​ជា​ទី​នៃ​ក្តី​ស្រឡាញ់ ? ព្រះអង្គសង្រ្គោះ​របស់​អ្នក​ជ្រាបដឹង​ពី​ស្ថានភាព​របស់​អ្នក ហើយ​ទ្រង់​ស្រឡាញ់​អ្នក ។ ចូរ​អត់ធ្មត់ បន្ត​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ ហើយ​ធ្វើ​ជា​គំរូ​ល្អ​ដល់​គ្រួសារ​របស់​អ្នក ។ ទង្វើ​នៃ​សេចក្តីស្រឡាញ់​សាមញ្ញៗ​របស់​អ្នក​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ដ៏​ធំ​មួយ​បាន ។ អ្នក​ក៏​អាចបង្កើត​ទំនាក់ទំនង​នៅក្នុង​វួដ​គ្រួសារ​របស់​អ្នក​ផងដែរ ។ សូម​រៀបចំ​ខ្លួន​ឥឡូវ​នេះ ដើម្បី​ស្ថាបនា​គ្រួសារ​របស់​អ្នក​ផ្ទាល់​ដែល​ស្ថាបនា​ឡើង​លើ​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ចងចាំ ៖ ព្រះយេស៊ូវគ្រីស្ទ​គឺជា​កម្លាំង​របស់​អ្នក !

សូម​មើល អេសាយ ៥៨:៣–១១គោលបំណង​នៃ​ការ​តមអាហារ ) ៥៨:១៣–១៤ពរជ័យ​នៃ​ការ​គោរព​ថ្ងៃ​ឈប់សម្រាក ) ម៉ាឡាគី ៣:៨–១០ពរជ័យ​នៃ​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ) លូកា ៦:២៧–២៨ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក ) ១០:២៥–៣៧តើ​នរណា​ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ ? ) យ៉ូហាន ៣:១៦–១៧ព្រះ​ស្រឡាញ់​យើង ទើប​ទ្រង់​បាន​បញ្ជូន​ព្រះរាជ​បុត្រា​ទ្រង់​មក ) ១៤:១៥យើង​រក្សា​បទបញ្ញត្តិ​ទាំងឡាយ ដោយសារ​យើង​ស្រឡាញ់​ព្រះ ) យ៉ូហាន ទី១ ៤:១៩យើង​ស្រឡាញ់​ព្រះ ដោយសារ​ទ្រង់​ស្រឡាញ់​យើង ) ម៉ូសាយ ២:១៧នៅ​ពេល​យើង​បម្រើ​អ្នក​ដទៃ​នោះ​យើង​កំពុង​បម្រើ​ដល់​ព្រះ ) ។

សំណួរ​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ

  • តើ​អ្នក​ធ្វើ​តាម​ការ​បង្រៀន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ទាំង​អាកប្បកិរិយាផ្ទាល់ខ្លួន និង​ជាសាធារណៈ​ជាមួយ​សមាជិក​ក្នុងគ្រួសារអ្នក និង​អ្នកដទៃ​ដែរ​ឬទេ ?

  • តើ​អ្នក​ជា​អ្នក​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ពេញលេញ​ឬ​ទេ ?