៩.
អ្នកត្រូវបានផ្ដល់ពរដោយកូនសោ និងសិទ្ធិអំណាចបព្វជិតភាព
ម៉ាថាយ ១៦:១៨–១៩
នៅពេលព្រះយេស៊ូវបានបង្រៀនពេត្រុសអំពីសិទ្ធិអំណាចបព្វជិតភាព ទ្រង់បានមានបន្ទូលពីកូនសោទាំងឡាយ ។ សោទាំងឡាយគឺត្រូវបានប្រើដើម្បីចាក់ និងបើករបស់របរ ។ កូនសោបព្វជិតភាពអាចចាក់ដើម្បីទទួលបានព្រះចេស្ដា អំណោយទាន និងពរជ័យទាំងឡាយរបស់ព្រះនៅក្នុងជីវិតរបស់អ្នក ។
សេចក្តីពិតដ៏អស់កល្បជានិច្ច
កូនសោ និងសិទ្ធិអំណាចបព្វជិតភាពទាំងអស់ មកតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ រាល់អ្នកកាន់បព្វជិតភាពគ្រប់រូបអាចតាមដានសិទ្ធិអំណាចរបស់ខ្លួនត្រឡប់ទៅដល់ទ្រង់វិញ ។ ព្រះអង្គសង្រ្គោះបានកំណត់ថាតើនរណាទទួលសិទ្ធិអំណាចនេះ និងថាតើនរណាជាអ្នកទទួលកូនសោបព្វជិតភាព ។ យើងទុកចិត្តលើចំណេះចឹងដ៏ឥតខ្ចោះរបស់ទ្រង់ ។
ព្រះយេស៊ូវគ្រីស្ទបានស្តារបព្វជិតភាពរបស់ទ្រង់ឡើងវិញនៅសម័យរបស់យើង ។ ទ្រង់បានដឹកនាំពីរបៀបប្រើប្រាស់បព្វជិតភាព ។ អាដាម ម៉ូសេ ពេត្រុស និងពួកព្យាការីជាច្រើនទៀតនៅទូទាំងប្រវត្តិសាស្រ្តបានទទួលកូនសោបព្វជិតភាព ។ នៅក្នុងសម័យរបស់យើង យ៉ូសែប ស្ម៊ីធ បានទទួលកូនសោបព្វជិតភាពមកពីយ៉ូហាន បាទីស្ទ ពេត្រុស ម៉ូសេ អេលីយ៉ាស អេលីយ៉ា និងអ្នកដទៃទៀត ។ សមាជិកនៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់កាន់កូនសោបព្វជិតភាពទាំងអស់នៅលើផែនដីសព្វថ្ងៃនេះ ។ ថ្នាក់ដឹកនាំបព្វជិតភាពក្នុងមូលដ្ឋាន និងប្រធានកូរ៉ុមក៏កាន់កូនសោបព្វជិតភាពសម្រាប់ការហៅរបស់ពួកគាត់ផងដែរ ។ កូនសោបព្វជិតភាពគ្រប់គ្រងកិច្ចការរបស់ព្រះ ។ វាផ្តល់សិទ្ធិអំណាច និងផ្តល់អំណាចដល់បុរស និងស្ត្រីដើម្បីជួយនៅក្នុងកិច្ចការនោះ ។
សិទ្ធិអំណាចបព្វជិតភាពផ្ដល់ពរដល់បុត្រាបុត្រីរបស់ព្រះទាំងអស់ ។ ដោយសារបព្វជិតភាពត្រូវបានស្ដារឡើងវិញ នោះអ្នកអាចទទួលពិធីបរិសុទ្ធ និងធ្វើសេចក្ដីសញ្ញាជាមួយព្រះ ។ អ្នកអាចធ្វើសកម្មភាពក្នុងព្រះនាមរបស់ព្រះ នៅពេលអ្នកទទួលការចាត់តាំង ឬការហៅពីអ្នកដែលមានសិទ្ធិអំណាច ។
ការអញ្ជើញ
ទទួលយកការហៅក្នុងសាសនាចក្រ និងបម្រើដោយស្មោះត្រង់ ។ នៅពេលអ្នកទទួលការហៅក្នុងសាសនាចក្រ អ្នកត្រូវបានញែកចេញដោយសិទ្ធិអំណាចពីព្រះ ដើម្បីបម្រើក្នុងតួនាទីនោះ ។ អ្នកក៏អាចទទួលការណែនាំពីព្រះសម្រាប់ការបម្រើរបស់អ្នកផងដែរ ។ នៅពេលអ្នកបម្រើ អ្នកតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ ។ សូមបម្រើទ្រង់ឲ្យអស់ពីសមត្ថភាពរបស់អ្នក ។
គាំទ្រដល់អស់អ្នកដែលព្រះបានហៅឲ្យបម្រើ ។ ការគាំទ្រមានន័យលើសពីការលើកដៃរបស់អ្នកគាំទ្រនៅពេលដែលគេអានឈ្មោះនៅក្នុងការប្រជុំនៅក្នុងសាសនាចក្រទៅ ទៀត ។ វាមានន័យថាត្រូវផ្ដល់ជំនួយគាំទ្រ និងជួយ ។ រកមើលរបៀបដើម្បីបង្ហាញថាអ្នកផ្ដល់ជំនួយគាំទ្រដល់បុគ្គលដែលព្រះយេស៊ូវគ្រីស្ទបានហៅឲ្យបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ ។
បំពេញការចាត់តាំងពីថ្នាក់ដឹកនាំសាសនាចក្ររបស់អ្នក—រួមទាំងពីគណៈប្រធានកូរ៉ុម និងគណៈប្រធានថ្នាក់របស់អ្នក ។ ពួកគេមានសិទ្ធិអំណាចមកពីព្រះ ដែលពួកគាត់បានប្រគល់ឲ្យអ្នកសម្រាប់កិច្ចការនោះ ។ អ្នកអាចនឹងត្រូវបានចាត់តាំងឲ្យផ្ដល់ការងារបម្រើដល់នរណាម្នាក់ ស្វាគមន៍ភ្ញៀវ និងសមាជិកនៅពេលពួកគេមកចូលរួមការប្រជុំសាក្រាម៉ង់ ឬជួយក្នុងសកម្មភាពមួយ ។ មិនថាការចាត់តាំងនោះជាអ្វីនោះទេ សូមចាត់ទុកវាជាឱកាសដើម្បីធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ហើយបម្រើដល់បុត្រាបុត្រីរបស់ព្រះ ។
ពរជ័យទាំងឡាយដែលបានសន្យា
អ្នកអាចទុកចិត្តថា ពិធីបរិសុទ្ធទាំងឡាយដែលអ្នកទទួលគឺត្រូវបានអនុញ្ញាតដោយព្រះយេស៊ូវគ្រីស្ទ ។ នេះគឺជារឿងមួយដែលធ្វើឲ្យសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទមានលក្ខណៈពិសេស ។ តាមរយៈពិធីបរិសុទ្ធនៃបព្វជិតភាព ព្រះចេស្ដានៃព្រះត្រូវបានបើកសម្តែង ។
អ្នកនឹងក្លាយជាឧបករណ៍នៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ ។ នៅពេលអ្នកបម្រើព្រះអម្ចាស់ដោយនូវសិទ្ធិអំណាចរបស់ទ្រង់ និងនៅក្រោមការដឹកនាំរបស់ពួកអ្នកបម្រើរបស់ទ្រង់ដែលកាន់កូនសោបព្វជិតភាព នោះទ្រង់នឹងជួយអ្នកឲ្យដឹងពីរបៀបបម្រើអ្នកដទៃក្នុងកិច្ចការរបស់ទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងរបស់អ្នក ។ ការបម្រើរបស់អ្នកនឹងជួយអ្នកឲ្យខិតទៅជិតទ្រង់ ហើយនាំឲ្យអ្នកមានអំណរ ។
សំណួរ និងចម្លើយ
តើនៅក្នុងវួដរបស់ខ្ញុំនរណាកាន់កូនសោបព្វជិតភាព ? ប៊ីស្សព និងប្រធាននៃពួកអែលឌើរ គ្រូបង្រៀន និងកូរ៉ុមឌីកុន កាន់កូនសោបព្វជិតភាព ។ នេះមានន័យថា ព្រះអម្ចាស់បានចាត់ពួកគេឲ្យដឹកនាំរបៀបដែលបព្វជិតភាពត្រូវបានប្រើដើម្បីបម្រើ និងផ្ដល់ពរដល់មនុស្សគ្រប់គ្នានៅក្នុងវួដ ។
តើកូនសោបព្វជិតភាពផ្ដល់ពរដល់ខ្ញុំដោយរបៀបណា ? ពិធីបរិសុទ្ធដូចជាពិធីបុណ្យជ្រមុជទឹក និងពិធីសាក្រាម៉ង់គឺត្រូវបានអនុញ្ញាតដោយកូនសោបព្វជិតភាព ។ នៅពេលអ្នកទទួលការហៅនៅក្នុងសាសនាចក្រ អ្នកត្រូវបានញែកចេញក្រោមការដឹកនាំរបស់នរណាម្នាក់ដែលកាន់កូនសោទាំងឡាយ ។ ការណ៍នេះផ្ដល់ពរដល់អ្នកនូវសិទ្ធិអំណាចដើម្បីបម្រើក្នុងការហៅនោះ ។ ថ្នាក់ដឹកនាំសាសនាចក្រ និងគ្រូបង្រៀនដែលបម្រើអ្នកក៏បានទទួលសិទ្ធិអំណាចបព្វជិតភាពតាមរយៈកូនសោទាំងឡាយផងដែរ ។
តើបុរស និងស្ត្រីបម្រើដោយមានសិទ្ធិអំណាចបព្វជិតភាពយ៉ាងដូចម្ដេច ? បុរសដែលមានភាពស័ក្ដិសមទទួលបព្វជិតភាពដែលបានប្រគល់ឲ្យពួកគេ ហើយត្រូវបានតែងតាំងឲ្យកាន់តំណែងបព្វជិតភាពដូចជាឌីកុន គ្រូ សង្ឃ និងអែលឌើរ ។ ទាំងស្ត្រី និងបុរសដែលត្រូវបានញែកចេញដើម្បីបម្រើនៅក្នុងការហៅមួយទទួលបានសិទ្ធិអំណាចបព្វជិតភាពដែលបានផ្ទេរពីព្រះ ដើម្បីបំពេញការហៅនោះ ។ ការណ៍នេះក៏ពិតដូចគ្នាចំពោះស្រ្តី និងបុរសដែលទទួលការចាត់តាំងពីថ្នាក់ដឹកនាំសាសនាចក្រផងដែរ ។
សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៣៥:២៤–២៧ ( សាសនាចក្របានដឹកនាំដោយកូនសោដែលព្រះអម្ចាស់បានប្រទានឲ្យ ); ១០៧:១៨–២០ ( កូនសោនៃបព្វជិតភាពម៉ិលគីស្សាដែក និងបព្វជិតភាពអើរ៉ុន ); ១១០:១១–១៦ ( ម៉ូសេ អេលីយ៉ាស និងអេលីយ៉ាបានស្ដាកូនសោទាំងឡាយឡើងវិញ ) ។
សំណួរទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ
-
តើអ្នកគំាទ្រប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយថាជា ព្យាការី អ្នកមើលឆុត និងជាអ្នកទទួលវិវរណៈ ហើយជាបុគ្គលតែម្នាក់គត់នៅលើផែនដី ដែលមានសិទ្ធិអំណាចឲ្យអនុវត្តកូនសោបព្វជិតភាពទំាងអស់ដែរឬទេ ?
-
តើអ្នកគំាទ្រសមាជិកគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ថាជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈដែរឬទេ ?
-
តើអ្នកគំាទ្រអ្នកមានសិទ្ធិអំណាចទូទៅផ្សេងទៀត និងថ្នាក់ដឹកនាំក្នុងមូលដ្ឋាននៃសាសនាចក្រដែរឬទេ ?