២.
ព្រះសព្វព្រះទ័យប្រាស្រ័យទាក់ទងជាមួយអ្នក
គោលលទ្ធិ និងសេចក្តីសញ្ញា ៨:២–៣
ការស្ដារឡើងវិញនៃដំណឹងល្អបានចាប់ផ្តើម នៅពេលដែលក្មេងប្រុសវ័យជំទង់ម្នាក់ដែលមានឈ្មោះថា យ៉ូសែប ស្ម៊ីធ បានអធិស្ឋាន ហើយព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ បានឆ្លើយតបដល់លោក ។ ព្រះបន្តដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈពួកព្យាការីដែលនៅរស់ ។ ទ្រង់ក៏សព្វព្រះទ័យមានបន្ទូលមកកាន់អ្នក ដែលជាបុត្ររបស់ទ្រង់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធផងដែរ ។ ការរៀនស្គាល់របៀបដែលព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់អ្នក គឺជាជំនាញដ៏មានតម្លៃបំផុតមួយដែលអ្នកអាចទទួលបាន ។
សេចក្តីពិតដ៏អស់កល្បជានិច្ច
ព្រះវិញ្ញាណនាំអ្នកទៅកាន់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ នេះគឺជាតួនាទីដ៏សំខាន់មួយរបស់ព្រះវិញ្ញាណបរិសុទ្ធ ។ ទ្រង់ក៏នឹងបំផុសគំនិតដល់អ្នកឲ្យប្រែចិត្ត ហើយដើរតាមព្រះយេស៊ូវគ្រីស្ទផងដែរ ដើម្បីអ្នកអាចទទួលបានពរជ័យនៃដង្វាយធួនរបស់ទ្រង់ ។ នៅពេលអ្នកប្រែចិត្ត ព្រះវិញ្ញាណបន្សុទ្ធអ្នក ហើយជួយអ្នកឲ្យផ្លាស់ប្តូរ ។
ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់គំនិត និងដួងចិត្តរបស់អ្នក ។ សារលិខិតមកពីព្រះវិញ្ញាណអាចចូលមកក្នុងគំនិតរបស់អ្នកតាមរបៀបជាច្រើន—តាមរយៈការបំផុសគំនិត ការព្រមាន ការយល់ដឹងច្បាស់លាស់ និងការចងចាំខាងវិញ្ញាណ ។ ព្រះវិញ្ញាណបរិសុទ្ធអាចមានបន្ទូលទៅកាន់ដួងចិត្តរបស់អ្នកតាមរយៈអារម្មណ៍នៃការលើកស្ទួយ ដូចជាការកម្សាន្តចិត្ត ទំនុកចិត្ត សេចក្តីសុខសាន្ត សេចក្តីស្រឡាញ់ អំណរ ការបន្ទាបខ្លួន ការដឹងគុណ និងការអត់ធ្មត់ ។
ការអញ្ជើញ
« ទទួល ព្រះវិញ្ញាណ បរិសុទ្ធចុះ » ។ ពាក្យពេចន៍ទាំងនេះត្រូវបានពោលនៅពេលអ្នកត្រូវបានបញ្ជាក់ជាសមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទ ។ តើអ្នកទទួលព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ? តាមរយៈការគោរពតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់គឺជាកម្លាំងរបស់អ្នក ។ ការធ្វើតាមទ្រង់ យាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធមកក្នុងជីវិតរបស់អ្នក ។
ស្វែងរកព្រះវរបិតាសួគ៌របស់អ្នកនៅក្នុងការអធិស្ឋាន ។ ចូរចាក់ស្រោចអារម្មណ៍នៅក្នុងដួងចិត្តរបស់អ្នកទៅកាន់ទ្រង់ ។ ថ្លែងអំណរគុណដល់ទ្រង់ចំពោះពរជ័យដ៏អស្ចារ្យជាច្រើនដែលទ្រង់បានប្រទានដល់អ្នក ។ ចែកចាយជាមួយទ្រង់នូវអំណរ កង្វល់ និងចម្ងល់របស់អ្នក ។ ស្ងប់ស្ងាត់ ហើយស្តាប់រកចម្លើយរបស់ទ្រង់ ដែលអាចមកជាអារម្មណ៍នៃសេចក្តីសុខសាន្ត អ្វីដែលអ្នកកំពុងគិត ឬចំណាប់អារម្មណ៍ឲ្យធ្វើអ្វីមួយ ។
ស្តាប់ព្រះសូរសៀងរបស់ព្រះនៅក្នុងព្រះគម្ពីរ ។ ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះចំពោះអ្នក ! រៀនពីព្រះគម្ពីរជារៀងរាល់ថ្ងៃ ដើម្បីស្វែងរកព្រះសូរសៀងរបស់ទ្រង់ និងទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ ។ នៅពេលអ្នកអាន សូមជញ្ជឹងគិតពីអ្វីដែលទ្រង់អាចនឹងកំពុងបង្រៀនអ្នក ហើយសរសេរនូវចំណាប់អារម្មណ៍ដែលបំផុសដល់អ្នក ។ ធ្វើឲ្យការសិក្សាព្រះគម្ពីរក្លាយជាទម្លាប់ប្រចាំថ្ងៃ—ជាពិសេសព្រះគម្ពីរមរមន—ពេញមួយជីវិតរបស់អ្នក ។
ធ្វើតាមការបំផុសគំនិតដែលអ្នកទទួលបាន ។ បើអ្នកមានគំនិត ឬចំណាប់អារម្មណ៍ចង់ធ្វើអ្វីដែលផ្តល់ពរដល់អ្នកណាម្នាក់ សូមធ្វើវាចុះ ! ការណ៍ដែលល្អទាំងអស់គឺមកពីព្រះ ។ បង្ហាញព្រះវរបិតាសួគ៌របស់អ្នកថា ទ្រង់អាចទុកចិត្តអ្នកឲ្យធ្វើតាមចំណាប់អារម្មណ៍មកពីទ្រង់បាន ។
ពរជ័យទាំងឡាយដែលបានសន្យា
ព្រះវិញ្ញាណបរិសុទ្ធនឹងលួងលោម ហើយដឹកនាំអ្នក ។ ទ្រង់ត្រូវបានស្គាល់ថាជាព្រះដ៏ជាជំនួយ ។ ទ្រង់នឹងគាំទ្រអ្នកនៅគ្រាដែលមានការសាកល្បង ។ ទ្រង់នឹងជួយអ្នកឲ្យដឹងពីអ្វីដែលត្រូវនិយាយ ឬធ្វើ ។ ដោយមាននូវឥទ្ធិពលរបស់ទ្រង់ អ្នកអាចប្រាប់ពីភាពខុសគ្នារវាងអ្វីដែលពិត និងអ្វីដែលមិនពិត ។ ទ្រង់អាចជួយអ្នកឲ្យរកឃើញចំណុចល្អៗពីអ្នកដទៃ និងពីខ្លួនអ្នកផ្ទាល់ ។ ព្រះវិញ្ញាណក៏អាចព្រមានអ្នកពីគ្រោះថ្នាក់ផងដែរ ។ ទ្រង់នឹងដឹកនាំអ្នកឆ្ពោះទៅរកព្រះយេស៊ូវគ្រីស្ទ ហើយនៅឆ្ងាយពីអំពើបាប ។
អ្នកអាចទទួលបានអំណោយទានខាងវិញ្ញាណ ។ មានអំណោយទានជាច្រើនដែលព្រះប្រទានដល់បុត្រាបុត្រីរបស់ទ្រង់តាមរយៈព្រះវិញ្ញាណរបស់ទ្រង់ ។ មួយចំនួនត្រូវបានលើកឡើងនៅក្នុងព្រះគម្ពីរ រួមមាន វិវរណៈ ការជឿលើព្រះយេស៊ូវគ្រីស្ទ ការបង្រៀន ការយល់ដឹង និងប្រាជ្ញា ។ សូមអធិស្ឋានទូលសួរព្រះវរបិតាសួគ៌អំពីអំណោយទានខាងវិញ្ញាណដែលទ្រង់បានប្រទានដល់អ្នក របៀបដែលអ្នកអាចអភិវឌ្ឍអំណោយទានទាំងនោះ និងរបៀបដែលទ្រង់ចង់ឲ្យអ្នកប្រើវាដើម្បីផ្ដល់ពរដល់អ្នកដទៃ ។
សំណួរ និងចម្លើយ
ហេតុអ្វីបានជាអ្នកផ្សេងទៀតមានបទពិសោធន៍ខាងវិញ្ញាណច្រើនជាងខ្ញុំ ? មិនមែនបទពិសោធន៍ខាងវិញ្ញាណទាំងអស់សុទ្ធតែជាអព្ភូតហេតុ ឬអស្ចារ្យនោះទេ ។ ភាគច្រើន ព្រះមានបន្ទូលមកកាន់យើងតាមរយៈគំនិតមកកាន់ដួងចិត្តរបស់យើង ឬអារម្មណ៍ទន់ភ្លន់នៅក្នុងដួងចិត្តរបស់យើង ។ ទាំងនេះគឺជាសំឡេងខ្សឹបប្រាប់ដ៏ស្ងប់ស្ងាត់នៃសំឡេងតូចរហៀង ។ អ្នកប្រហែលជាកំពុងទទួលអារម្មណ៍ពីព្រះវិញ្ញាណ ហើយមិនទាន់ស្គាល់អារម្មណ៍នោះឡើយ ។ បន្តអធិស្ឋាន ។ បន្តសិក្សាព្រះបន្ទូលរបស់ព្រះ ។ តាមពេលវេលា និងការអនុវត្ត អ្នកនឹងរៀនស្គាល់ព្រះវិញ្ញាណតាមរបៀបផ្សេងៗ ។
សូមមើល ពង្សាវតាក្សត្រ ទី១ ១៩:១១–១២ ( ព្រះមានបន្ទូលដោយសំឡេងតូចរហៀង ); យ៉ូហាន ១៥:២៦ ( ព្រះវិញ្ញាណថ្លែងពីព្រះគ្រីស្ទ ); មរ៉ូណៃ ១០:៣–៥ ( ដឹងពីសេចក្តីពិតតាមរយៈព្រះវិញ្ញាណ ); គោលលទ្ធិ និងសេចក្តីសញ្ញា ១១:១២–១៣ ( ព្រះវិញ្ញាណដឹកនាំឲ្យធ្វើការណ៍ល្អ ); ៤៥:៥៧ ( យកព្រះវិញ្ញាណធ្វើជាអ្នកណែនាំរបស់អ្នក ); ៤៦:៨–២៦ ( អំណោយទានខាងវិញ្ញាណ ) ។
សំណួរសម្ភាសន៍ទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ
-
តើអ្នកមានសេចក្តីជំនឿ និងទីបន្ទាល់ទៅលើព្រះជាព្រះវរបិតាដ៏អស់កល្ប ជាព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធដែរឬទេ ?