៨.
ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាទាំងឡាយនៃព្រះវិហារបរិសុទ្ធផ្ដល់ឲ្យអ្នកនូវសិទ្ធិដើម្បីទទួលបានពរជ័យរបស់ព្រះកាន់តែមហិមា
គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៥:៨
ពរជ័យមួយចំនួនរបស់ព្រះវរបិតាសួគ៌គឺពិសិដ្ឋខ្លាំងណាស់ ទ្រង់បានបង្គាប់យើងឲ្យញែកកន្លែងបរិសុទ្ធដ៏ពិសេសដែលយើងអាចទទួលពរជ័យទាំងនោះគឺ ៖ ព្រះវិហារបរិសុទ្ធ ។ នៅក្នុងព្រះវិហារបរិសុទ្ធ ដែលជាដំណាក់របស់ព្រះអម្ចាស់ អ្នកអាចទទួលពិធីបរិសុទ្ធដ៏ខ្ពស់បំផុតរបស់ទ្រង់—ពិធីអំណោយទានពិសិដ្ឋ និងពិធីផ្សារភ្ជាប់—ហើយទទួលទទួលបានការសន្យាដ៏មហិមារបស់ទ្រង់ ។
សេចក្តីពិតដ៏អស់កល្បជានិច្ច
ពិធីអំណោយទានពិសិដ្ឋគឺជាអំណោយទានមួយនៃចំណេះដឹង និងព្រះចេស្ដា ។ នៅក្នុងពិធីបរិសុទ្ធនៃពិធីអំណោយទានពិសិដ្ឋនៅក្នុងព្រះវិហារបរិសុទ្ធ អ្នកលើកដាក់ព្រះនាមព្រះអង្គសង្គ្រោះមកលើខ្លួនអ្នកឲ្យកាន់តែពេញលេញ ។ អ្នកធ្វើសេចក្ដីសញ្ញាដើម្បីគោរពតាម ព្រះ លះបង់ដើម្បីធ្វើតាមព្រះហឫទ័យរបស់ទ្រង់ រស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ គោរពតាមច្បាប់ព្រហ្មចារីភាព ហើយថ្វាយ—ឬឧទ្ទិស—ជីវិតរបស់អ្នក និងអ្វីទាំងអស់ដែលព្រះបានប្រទានដល់អ្នកចំពោះសាសនាចក្ររបស់ទ្រង់ ។ ទាំងនេះគឺជាការសន្យារបស់អ្នក ។ ព្រះសន្យាថានឹងប្រទានពរឲ្យអ្នកនូវចំណេះដឹងកាន់តែមហិមា ការការពារ និងការទទួលបានព្រះចេស្ដារបស់ទ្រង់ ។ ទ្រង់ក៏សន្យាថានឹងប្រទានឲ្យអ្នកនូវជីវិតដ៏នៅអស់កល្បជានិច្ចជាមួយទ្រង់ផងដែរ ។ អ្នកទទួលបានអភ័យឯកសិទ្ធិដ៏ពិសិដ្ឋនៃការស្លៀកសម្លៀកបំពាក់នៃបព្វជិតភាពដ៏បរិសុទ្ធ ជាផ្នែកនៃអំណោយទានពិសិដ្ឋនេះ ។ សម្លៀកបំពាក់ពិសិដ្ឋគឺជានិមិត្តរូបនៃព្រះយេស៊ូវគ្រីស្ទ និងជាការរំឭកអំពីសេចក្ដីសញ្ញារបស់អ្នកនៅក្នុងព្រះវិហារបរិសុទ្ធ ។
ពិធីផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធរួបរួមគូស្វាមីភរិយា និងក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ។ នៅក្នុងពិធីបរិសុទ្ធនៃពិធីផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ អ្នក និងស្វាមី ឬភរិយារបស់អ្នកនឹងធ្វើសេចក្តីសញ្ញាជាមួយនឹងព្រះ និងជាមួយគ្នាទៅវិញទៅមក ។ អ្នកនឹងសន្យាថា ត្រូវមានភក្ដីភាពទាំងស្រុងចំពោះព្រះ និងចំពោះគ្នាទៅវិញទៅមក ត្រូវស្រឡាញ់ និងបម្រើគ្នាទៅវិញទៅមក ហើយធ្វើការរួមគ្នាដើម្បីកាន់តាមក្រឹត្យវិន័យរបស់ព្រះ ។ នេះគឺជាការសន្យារបស់អ្នក ។ ព្រះសន្យាថាទំនាក់ទំនងរបស់អ្នកជាមួយស្វាមី ឬភរិយារបស់អ្នក និងកូនៗរបស់អ្នកអាចស្ថិតស្ថេរជារៀងរហូត ។ ទ្រង់ក៏សន្យាផងដែរថា អ្នកអាចទទួលបានសិរីល្អដ៏ខ្ពស់បំផុតជាមួយទ្រង់នៅក្នុងនគរសេឡេស្ទាល នៅពេលអ្នករក្សាសេចក្តីសញ្ញារបស់អ្នក ។ ពរជ័យនេះត្រូវបានហៅថាភាពតម្កើងឡើង ។
ការអញ្ជើញ
សូមមានប័ណ្ណចូលព្រះវិហារបរិសុទ្ធជានិច្ច ។ សូមជួបជាមួយសមាជិកនៃគណៈប៊ីស្សពរបស់អ្នកដើម្បីទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។ គាត់នឹងសួរសំណួរអ្នកអំពីរបៀបដែលអ្នកកំពុងរស់នៅតាមបទដ្ឋានរបស់ព្រះអម្ចាស់ដើម្បីចូលក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ ។ សូមរំឭកសំណួរទាំងនេះឲ្យបានញឹកញាប់ ។ ( អ្នកអាចរកសំណួរទាំងនេះបាននៅក្នុងឧបសម្ព័ន្ធនៃសៀវភៅណែនាំ នេះ ) ។ ទោះបីជាអ្នករស់នៅឆ្ងាយពីព្រះវិហារបរិសុទ្ធក៏ដោយ សូមឲ្យប័ណ្ណចូលព្រះវិហារបរិសុទ្ធរបស់អ្នកធ្វើជានិមិត្តរូបនៃសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះអម្ចាស់ និងការតាំងចិត្តរបស់អ្នកដើម្បីរស់នៅតាមបទដ្ឋានរបស់ទ្រង់ ។
សូមទៅព្រះវិហារបរិសុទ្ធឲ្យបានញឹកញាប់តាមដែលអ្នកអាចធ្វើបាន ។ ដោយមានប័ណ្ណចូលព្រះវិហារបរិសុទ្ធរបស់អ្នក នោះអ្នកអាចចូលទៅក្នុងដំណាក់របស់ព្រះអម្ចាស់ ហើយទទួលពិធីបុណ្យជ្រមុជទឹក និងទទួលពិធីបញ្ជាក់ជំនួសឲ្យបព្វការីជនរបស់អ្នក ដើម្បីពួកគាត់អាចទទួលបានពរជ័យដែលអ្នកបានទទួល ។ សូមឆ្លៀតគ្រប់ឱកាសដើម្បីចូលព្រះវិហារបរិសុទ្ធ ។ សូមស្វែងរកព្រះអម្ចាស់នៅក្នុងដំណាក់របស់ទ្រង់ ។ សូមរកមើលទ្រង់នៅក្នុងពិធីបរិសុទ្ធ ទីសម្គាល់នានា និងព្រះវិញ្ញាណដែលអ្នកទទួលអារម្មណ៍ ។ អ្នកនឹងរកទ្រង់ឃើញ ។
សូមរៀបចំខ្លួនដើម្បីធ្វើសេចក្ដីសញ្ញានៅក្នុងដំណាក់របស់ព្រះអម្ចាស់ ។ របៀបដ៏ល្អបំផុតមួយដើម្បីធ្វើការណ៍នេះគឺត្រូវរក្សាសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់អ្នក ។ សូមធ្វើឲ្យវាក្លាយជាគោលដៅដឹកនាំមួយរបស់អ្នកដើម្បីទទួលពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ហើយធ្វើជាអ្នករក្សាសេចក្ដីសញ្ញាអស់មួយជីវិត ។ សូមចាប់ផ្តើមឥឡូវនេះ ដើម្បីរស់នៅតាមក្រឹត្យវិន័យដែលអ្នកនឹងសន្យាថាព្រមគោរពតាមក្នុងព្រះវិហារបរិសុទ្ធគឺ ៖ គោរពប្រតិបត្តិតាមបទបញ្ញត្តិរបស់ព្រះ ពលិកម្ម ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ព្រហ្មចារីយ៍ភាព និងការថ្វាយ ។ ក្រុមគ្រួសារ ប៊ីស្សព និងថ្នាក់ដឹកនាំផ្សេងទៀតក្នុងសាសនាចក្ររបស់អ្នកអាចជួយអ្នកបាន ។
ពរជ័យទាំងឡាយដែលបានសន្យា
អ្នកអាចប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់នឹងជួយអ្នកឲ្យធ្វើជាអ្នកដើរតាមនៃសេចក្តីសុចរិតកាន់តែ មហិមា ។ ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធនឹងបង្រៀនអ្នកពីរបៀបចូលទៅក្នុងទីវត្តមានរបស់ព្រះ ហើយទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចជាមួយទ្រង់ ។
អ្នកនឹងត្រូវប្រដាប់ដោយព្រះចេស្ដារបស់ព្រះ ។ សេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធមកជាមួយនឹងការសន្យាថា ព្រះចេស្ដា និងសិរីល្អនៃព្រះនឹងមកលើអ្នក ។ ទេវតារបស់ទ្រង់នឹងមើលថែអ្នក ។
ពេលវេលានៅក្នុងព្រះវិហារបរិសុទ្ធនឹងនាំអ្នកខិតកាន់តែជិតទៅនឹងព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ ។ អ្នកនឹងទទួលបានសេចក្តីសុខសាន្ត និងការសម្រាករបស់ព្រះ ។ អ្នកនឹងឮព្រះសូរសៀងរបស់ទ្រង់កាន់តែច្បាស់ ។ ស្ថានសួគ៌នឹងបើកសម្រាប់អ្នក ហើយអ្នកនឹងយល់កាន់តែច្បាស់អំពីមាគ៌ារបស់ទ្រង់ ។ អ្នកនឹងមានកម្លាំងកាន់តែខ្លាំងដើម្បីប្រឈមនឹងឧបសគ្គរបស់អ្នក ដោយសារដួងចិត្តរបស់អ្នកបានភ្ជាប់ជាមួយនឹងទ្រង់ ។
សំណួរ និងចម្លើយ
តើខ្ញុំអាចទទួលបានពិធីអំណោយទានពិសិដ្ឋនៅពេលណា ? ការសម្រេចចិត្តដើម្បីទទួលបានពិធីអំណោយទានពិសិដ្ឋរបស់អ្នកគឺរឿងផ្ទាល់ខ្លួន សូមធ្វើការសម្រេចចិត្តនេះដោយការអធិស្ឋាន ។ សូមប្រឹក្សាជាមួយក្រុមគ្រួសារ និងថ្នាក់ដឹកនាំរបស់អ្នក ។ ដើម្បីទទួលបានពិធីអំណោយទានពិសិដ្ឋ នោះអ្នកត្រូវមានអាយុយ៉ាងតិច១៨ឆ្នាំ ហើយមិនរៀននៅវិទ្យាល័យ ឬអនុវិទ្យាល័យទៀតទេ ។ អ្នកនឹងត្រូវទទួលពិធីអំណោយទានពិសិដ្ឋមុនពេលបម្រើបេសកកម្ម ឬធ្វើពិធីផ្សារភ្ជាប់ ប៉ុន្តែអ្នកមិនចាំបាច់រង់ចាំព្រឹត្តិការណ៍ទាំងនេះណាមួយមុនពេលត្រូវបានទទួលពិធីអំណោយទានពិសិដ្ឋនោះទេ ។ អ្នកគ្រាន់តែមានបំណងប្រាថ្នា និងការរៀបចំខ្លួនដើម្បីធ្វើ និងរក្សាសេចក្ដីសញ្ញាបន្ថែមជាមួយព្រះវរបិតាសួគ៌របស់អ្នកប៉ុណ្ណោះ ។ ប៊ីស្សព ឬប្រធានសាខារបស់អ្នកអាចជួយអ្នកឲ្យដឹងថាតើអ្នកបានរៀបចំខ្លួនហើយឬនៅ ។ សូមកុំចាត់ទុកពិធីអំណោយទានពិសិដ្ឋជាកិច្ចការមួយនៅក្នុងបញ្ជីត្រួតពិនិត្យដ៏អស់កល្បជានិច្ចឡើយ ។ សូមចាត់ទុកវាថាជាផ្នែកដ៏ស្រស់ស្អាត និងរុងរឿងមួយនៃដំណើរដ៏អស់កល្បជានិច្ចរបស់អ្នកដើម្បីមករកព្រះគ្រីស្ទ ហើយទទួលបានពរជ័យខាងវិញ្ញាណដ៏អស្ចារ្យបំផុតរបស់ព្រះ ។
ហេតុអ្វីបានជាខ្ញុំត្រូវការប័ណ្ណចូលព្រះវិហារបរិសុទ្ធដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធ ? ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់ ហើយទ្រង់បានកំណត់បទដ្ឋានសម្រាប់ការចូលទៅក្នុងដំណាក់នេះ ។ ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធគឺពិសិដ្ឋខ្លាំងណាស់ ដែលវាទាមទារការរៀបចំខ្លួនខាងវិញ្ញាណជាពិសេស ។ ការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធគឺជារបៀបដើម្បីប្រាកដថា អ្នកបានរៀបចំខ្លួនខាងវិញ្ញាណសម្រាប់អភ័យឯកសិទ្ធិដ៏ខ្ពស់នៃសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ ។ ព្រះវរបិតាសួគ៌អញ្ជើញបុត្រាបុត្រីរបស់ទ្រង់គ្រប់រូបឲ្យរៀបចំខ្លួនធ្វើការសន្យាជាមួយទ្រង់នៅក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ ។
តើខ្ញុំត្រូវតែមានភាពល្អឥតខ្ចោះដើម្បីធ្វើសេចក្ដីសញ្ញានៅក្នុងព្រះវិហារបរិសុទ្ធឬ ? គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ។ ព្រះសុំឲ្យអ្នកស្មោះត្រង់ និងមានឆន្ទៈកាន់តាមបទបញ្ញត្តិរបស់ទ្រង់ ។ ការធ្វើ និងការរក្សាសេចក្តីសញ្ញាទាំងឡាយជាមួយព្រះគឺជាអ្វីដែលផ្ដល់ឲ្យអ្នកនូវអានុភាពដើម្បី ប្រែក្លាយជា ឥតខ្ចោះតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់គឺជាកម្លាំងរបស់អ្នក !
សូមមើល អេសាយ ២:២–៣ ( ព្រះបង្រៀនយើងនូវរបៀបរបស់ទ្រង់នៅក្នុងព្រះវិហារបរិសុទ្ធ ); ម៉ាថាយ ១១:២៨–៣០ ( យកនឹមរបស់ព្រះអម្ចាស់ដាក់នៅលើខ្លួនអ្នក ); នីហ្វៃទី១ ១៤:១៤ ( ព្រះចេស្ដារបស់ព្រះគឺនៅលើរាស្រ្តនៃសេចក្តីសញ្ញារបស់ទ្រង់ ); គោលលទ្ធិ និងសេចក្តីសញ្ញា ៩៧:១៥–១៦ ( ទីវត្តមានរបស់ព្រះ និងសិរីល្អរបស់ទ្រង់គឺមាននៅក្នុងដំណាក់របស់ ទ្រង់ ); ១០៩:២២ ( នៅក្នុងព្រះវិហារបរិសុទ្ធគឺយើងត្រូវបានបំពាក់ដោយព្រះចេស្ដារបស់ព្រះ ); ១៣១:១–៤; ១៣២:៤–៦, ១៥–២០ ( ដើម្បីទទួលជីវិតដ៏នៅអស់កល្បជានិច្ច នោះបុរស និងស្រ្តីត្រូវតែផ្សារភ្ជាប់សម្រាប់ភាពអស់កល្បជានិច្ចតាមរយៈសេចក្តីសញ្ញាដ៏ នៅអស់កល្បអស់កាលជានិច្ចនៃអាពាហ៍ពិពាហ៍ ); អ័ប្រាហាំ ១:២ ( អ័ប្រាហាំចង់ធ្វើជាអ្នកដើរតាមនៃសេចក្តីសុចរិតដ៏មហិមា និងទទួលចំណេះដឹងរបស់ព្រះដ៏មហិមា ) ។
សំណួរសម្ភាសន៍ទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ
-
តើអ្នកគិតថា អ្នកមានភាពស័ក្តិសម ដើម្បីចូលក្នុងដំណាក់របស់ព្រះអម្ចាស់ និងចូលរួមក្នុងពិធីបរិសុទ្ធ នានានៃព្រះវិហារបរិសុទ្ធដែរឬទេ ?