១២.
ព្រះយេស៊ូវគ្រីស្ទនាំមកនូវអំណរ
គោលលទ្ធិ និងសេចក្ដីសញ្ញា ១០១:៣៦
ព្រះវរបិតាសួគ៌របស់អ្នកពេញដោយអំណរ ។ ទ្រង់ចង់ឲ្យអ្នកដែលជាបុត្ររបស់ទ្រង់មានអំណរច្រើន តាមដែលអាចធ្វើទៅបាន ។ នេះជាមូលហេតុដែលទ្រង់បានរៀបចំផែនការនៃសុភមង្គល ។ ទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ឲ្យធ្វើជាព្រះអង្គសង្គ្រោះរបស់អ្នក ហើយបង្រៀនដំណឹងល្អរបស់ទ្រង់ ។ ពាក្យថា ដំណឹងល្អ មានន័យថា « សេចក្តីដែលល្អ » ហើយសេចក្ដីដែលល្អ ដែលកើតឡើងតាមរយៈព្រះយេស៊ូវគ្រីស្ទ អ្នកអាចមានសុភមង្គលក្នុងជីវិតនេះ និងពោរពេញដោយអំណរជារៀងរហូត ។
សេចក្តីពិតដ៏អស់កល្បជានិច្ច
អ្នកត្រូវបានបង្កើតមកក្នុងគោលបំណងឲ្យមានសុភមង្គល និងអំណរ ។ នោះហើយជាគោលបំណងនៃជីវិតរបស់អ្នក ។ វាជាគោលបំណងក្នុងផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ ។ ការណ៍នេះមិនមានន័យថា អ្នកនឹងមិនមានទុក្ខព្រួយ ឬគ្រាលំបាកនោះទេ ។ ប៉ុន្តែ វាមានន័យថា ព្រះអង្គសង្គ្រោះអាចជួយអ្នកឲ្យយកឈ្នះគ្រាលំបាក ហើយស្វែងរកអំណរ ។
អំណរមិនមែនកើតចេញពីកាលៈទេសៈរបស់អ្នកទេ ។ វាកើតចេញពីការធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចមានថ្ងៃមិនល្អ សប្តាហ៍មិនល្អ ឬឆ្នាំមិនល្អ ។ ប៉ុន្តែអំណរមិនមែនជាអវត្តមាននៃទុក្ខព្រួយនៅក្នុងជីវិតរបស់អ្នកទេ ។ វាគឺជាវត្តមានរបស់ព្រះគ្រីស្ទនៅក្នុងជីវិតរបស់អ្នក ។
អំណររបស់ព្រះអង្គសង្គ្រោះគឺមហិមាជាង និងយូរអង្វែងជាងអ្វីទាំងអស់ ។ សាតាំងនឹងល្បួងអ្នកឲ្យស្វែងរកការសប្បាយ និងការបំពេញចិត្តតាមរបៀបអាត្មានិយម ឬពីការសប្បាយខាងលោកិយ ។ អ្វីដែលផ្ទុយនឹងព្រះយេស៊ូវគ្រីស្ទ និងបញ្ញត្តិរបស់ទ្រង់មិនអាចនាំមកអ្នកនូវអំណរ និងសុភមង្គលដ៏យូរអង្វែងបានពិតប្រាកដឡើយ ។ សូមចាំថាអ្វីៗនៅលើផែនដីនេះគឺបណ្តោះអាសន្នប៉ុណ្ណោះ ។ ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទផ្តល់អំណរ និងសុភមង្គលដ៏ជ្រាលជ្រៅ បរិសុទ្ធ និងអស់កល្បជានិច្ច ។
ការអញ្ជើញ
ជ្រើសរើសអំណរ ។ ទោះបីជាវាជាការពិតដែលថា នៅក្នុងពិភពលោកនេះមានទុក្ខព្រួយ និងការលំបាកក្តី ក៏ព្រះវរបិតាសួគ៌បានបំពេញពិភពលោកនេះនូវអ្វីៗជាច្រើនដែលស្រស់ស្អាត និងល្អបរិសុទ្ធដែរ ។ សូមស្វែងរកវា ។ សូមព្យាយាមកត់សម្គាល់មូលហេតុដើម្បីរីករាយជារៀងរាល់ថ្ងៃ—ប្រហែលជាកត់មូលហេតុទាំងនោះទុក ។ ទាំងនេះគឺជាអំណោយទានមកពីព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដែលពេញដោយក្តីស្រឡាញ់របស់អ្នក ។
សូមនាំយកអំណរ និងសុភមង្គលទៅកាន់អ្នកដទៃ ។ ព្រះយេស៊ូវគ្រីស្ទបានរកឃើញភាពពេញលេញនៃអំណរតាមរយៈការនាំអំណរមកឲ្យយើង ។ អ្នកអាចធ្វើតាមគំរូរបស់ទ្រង់ដោយការស្វែងរកអំណរ និងសុភមង្គលក្នុងការបម្រើអ្នកដទៃ ។ ជួយនរណាម្នាក់ឲ្យទទួលអារម្មណ៍នៃក្តីស្រឡាញ់ ។ ផ្ដល់ការសរសើរដ៏ស្មោះសរ ។ លើកទឹកចិត្តនរណាម្នាក់ដែលកំពុងជួបការលំបាក ។ ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ថា អ្នកត្រូវការអំណរបន្ថែមទៀតនៅក្នុងជីវិតរបស់អ្នក សូមព្យាយាមនាំយកអំណរទៅកាន់នរណាម្នាក់ផ្សេងទៀត ។
ចូរពោរពេញដោយអំណរក្នុងការថ្វាយបង្គំព្រះអម្ចាស់ ។ នៅពេលអ្នកទៅព្រះវិហារ សូមផ្តោតលើអំណរដែលព្រះយេស៊ូវគ្រីស្ទប្រទានឲ្យអ្នក ហើយសរសើរតម្កើងទ្រង់សម្រាប់ការណ៍នោះ ! សូមធ្វើផ្នែករបស់អ្នកដើម្បីបង្កើតអារម្មណ៍ពោរពេញដោយអំណរក្នុងការប្រជុំសាសនាចក្ររបស់អ្នក ។ សូមធ្វើឲ្យតន្រ្តីពិសិដ្ឋក្លាយជាផ្នែកមួយនៃការថ្វាយបង្គំរបស់អ្នកនៅផ្ទះ និងនៅព្រះវិហារ ។
ពរជ័យទាំងឡាយដែលបានសន្យា
អ្នកអាចមានអារម្មណ៍រីករាយ ទោះបីជាជីវិតមានការលំបាកក៏ដោយ ។ អ្នកប្រហែលជាឆ្ងល់ថាតើវាអាចទៅរួចដោយរបៀបណា ប៉ុន្តែវាជាការពិត ។ សេចក្តីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ អំណាចនៃប្រោសឲ្យជារបស់ទ្រង់ និងការសន្យាដ៏អស់កល្បជានិច្ចរបស់ទ្រង់ អាចផ្តល់ឲ្យអ្នកនូវអំណរដ៏ឥតឈប់ឈរ ។ អំណររបស់ទ្រង់រំសាយទុក្ខព្រួយ ហើយនាំមកនូវសេចក្តីសុខសាន្តដែលឆ្លងកាត់ការយល់ដឹងទាំងអស់ ។
ភាពពេញលេញនៃអំណរកំពុងរង់ចាំអ្នកនៅក្នុងនគរសេឡេស្ទាលរបស់ព្រះ ។ ព្រះយេស៊ូវគ្រីស្ទបានយកឈ្នះលើអ្វីៗទាំងអស់ដែលអាចរារាំងអ្នកពីការទទួលបានអំណរដ៏អស់កល្បជានិច្ច ។ នៅពេលអ្នកទុកចិត្តទ្រង់ ហើយដើរតាមទ្រង់ អំណរនេះនឹងក្លាយជារបស់អ្នក ។
សំណួរ និងចម្លើយ
ប្រសិនបើដំណឹងល្អគឺពោរពេញដោយអំណរ ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ក្រៀមក្រំ ? ការមានអារម្មណ៍ក្រៀមក្រំមិនមែនជាសញ្ញាថាអ្នកមិនបានរស់នៅតាមដំណឹងល្អនោះទេ ។ ជីវិតរបស់មនុស្សគ្រប់គ្នា មានទុក្ខលំបាក ការសាកល្បង និងទុក្ខព្រួយ ។ ការធ្វើតាមព្រះយេស៊ូវគ្រីស្ទមិនផ្លាស់ប្តូរការណ៍នេះបានទេ ប៉ុន្តែវាតភ្ជាប់អ្នកជាមួយព្រះអង្គសង្គ្រោះ ជាអង្គដែលអាចជួយលួងលោមចិត្តអ្នក និងជួយអ្នកឲ្យរកឃើញអំណរ និងសុភមង្គល ។
ហេតុអ្វីបានជាមានការរងទុក្ខច្រើនម្ល៉េះនៅក្នុងពិភពលោក ? ការរងទុក្ខមួយចំនួននៅក្នុងពិភពលោកកើតឡើងដោយសារតែមនុស្សប្រើសិទ្ធិជ្រើសរើសរបស់ពួកគេទៅធ្វើជ្រើសរើសខុស ។ ការណ៍នេះអាចបណ្តាលឲ្យមានការរងទុក្ខដល់ខ្លួនពួកគេ និងដល់អ្នកដទៃ ។ ម្យ៉ាងវិញទៀត ការរងទុក្ខមិនមែនជាកំហុសរបស់មនុស្សម្នាក់នោះទេ—វាគ្រាន់តែជាលទ្ធផលនៃការរស់នៅក្នុងពិភពលោកដ៏មិនល្អឥតខ្ចោះប៉ុណ្ណោះ ។ មិនថាមកពីមូលហេតុអ្វីនោះទេ វាអាចជារឿងឈឺចាប់ពេលឃើញនរណាម្នាក់រងទុក្ខ ជាពិសេសមនុស្សដែលអ្នកស្រឡាញ់ ។ សូមដឹងថា ព្រះក៏សោកសៅដែរ នៅពេលអ្នករងទុក្ខ ។ ទ្រង់អនុញ្ញាតឲ្យការសាកល្បងនៃជីវិតរមែងស្លាប់នេះមានឡើងដើម្បីជួយអ្នកឲ្យរីកចម្រើន និងរៀបចំទទួលអំណរដ៏អស់កល្បជានិច្ចជាមួយទ្រង់ ប៉ុន្តែទ្រង់មិនទុកឲ្យអ្នករងទុក្ខតែម្នាក់ឯងឡើយ ។ ទ្រង់បានបញ្ជូនព្រះយេស៊ូវគ្រីស្ទដើម្បីលើកដាក់មកលើអង្គទ្រង់នូវការឈឺចាប់របស់អ្នក ដើម្បីទ្រង់អាចជួយអ្នក ។ ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងរបស់អ្នក ! ហើយក្នុងនាមជាអ្នកដើរតាមទ្រង់ម្នាក់ ទ្រង់អញ្ជើញអ្នក ឲ្យធ្វើអ្វីដែលអ្នកអាចធ្វើបានដើម្បីជួយសម្រាលការរងទុក្ខរបស់អ្នកដទៃ ។
សូមមើល ទំនុកដំកើង ១៦:១១ ( នៅក្នុងទីវត្តមានរបស់ព្រះគឺជាសេចក្តីអំណរដ៏ពេញលេញ ); ៩៥:១ ( ច្រៀងថ្វាយព្រះអម្ចាស់ ); យ៉ូហាន ១៦:៣៣ ( ចូរសង្ឃឹមឡើង ព្រះយេស៊ូវគ្រីស្ទយកឈ្នះលើពិភពលោក ); កាឡាទី ៥:២២ ( ផលផ្លែនៃព្រះវិញ្ញាណគឺជាអំណរ ); ហេព្រើរ ១២:២ ( ព្រះយេស៊ូវស៊ូទ្រាំនឹងការរងទុក្ខរបស់ទ្រង់ ដោយសារអំណរនៃការសង្រ្គោះបុត្រាបុត្រីរបស់ព្រះ ); នីហ្វៃទី២ ២:២៥ ( ព្រះចង់ឲ្យអ្នកមានអំណរ ); អាលម៉ា ២៦:១៥–១៦ ( ការធ្វើកិច្ចការរបស់ព្រះនាំឲ្យមានអំណរ ); គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:១៥–១៦ ( អ្នកនឹងមានសេចក្ដីអំណរដ៏មហិមាយ៉ាងណាទៅ បើសិនជាអ្នកបានជួយអ្នកដទៃមកកាន់ព្រះគ្រីស្ទ ) ។
សំណួរសម្ភាសន៍ទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ
-
តើអ្នកមានទីបន្ទាល់អំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងតួនាទីរបស់ទ្រង់ ក្នុងនាមជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះដែរឬទេ ?