អាថ៌កំបាំងដែលនឹង មិនបរាជ័យ ម្តងទៀតឡើយ
វាសាមញ្ញជាងអ្វីដែលប្អូននឹងគិតទៅទៀត ។
រចនារូបភាពដោយ អេរីក ឆាវ
« ខ្ញុំស្រឡាញ់ការបរាជ័យ ! »
នោះប្រហែលជាមិនមែនជាអ្វីដែលប្អូនធ្លាប់ឮមនុស្សជាច្រើននិយាយនោះទេ ។ ពួកយើងភាគច្រើនមិនរំភើបអំពីការបរាជ័យទេ ។ វាអាចជាការឈឺចាប់ រារាំងផែនការរបស់យើង ហើយពេលខ្លះវាជារឿងគួរឲ្យអាម៉ាស់ណាស់ ។
ប៉ុន្តែចុះបើមានអាថ៌កំបាំងដើម្បីមិនឲ្យយើងបរាជ័យម្តងទៀត នោះយ៉ាងម៉េចដែរ ?
« ឈប់សិន » ប្អូនប្រហែលជាកំពុងគិតថា ! « គ្មាននរណាម្នាក់ល្អឥតខ្ចោះទេ ។ យើងទាំងអស់គ្នាធ្វើខុស ។ តើគ្មាននរណាម្នាក់មិនអាចបរាជ័យដោយរបៀបណាទៅ » ?
ថូម៉ាស អេឌីសុន បានរកឃើញអាថ៌កំបាំង នៅពេលដែលគាត់ព្យាយាមជាច្រើនដងដើម្បីបង្កើតអំពូលភ្លើង ។ គេបានរាយការណ៍នូវអ្វីដែលគាត់បាននិយាយថា « ខ្ញុំមិនបានបរាជ័យ ១០០០ ដងទេ » ។ « អំពូលភ្លើងត្រូវបានបង្កើតឡើងដោយប្រើ ១០០០ ដំណាក់កាល » ។
អេឌីសុន បានបរាជ័យម្តងហើយម្តងទៀត ប៉ុន្តែគាត់មិនបានគិតថា វាជាការបរាជ័យនោះទេ ។ ហើយនោះគឺអាថ៌កំបាំង ! សូមផ្លាស់ប្តូរផ្នត់គំនិតរបស់ប្អូន ! នៅពេលដែលប្អូនផ្លាស់ប្តូរផ្នត់គំនិតរបស់ប្អូន នោះ « ការបរាជ័យ » របស់ប្អូនអាចក្លាយជាអ្វីដែលថ្មី ហើយវិជ្ជមាន ។
នេះគឺជាវិធីបួនយ៉ាងដើម្បីផ្លាស់ប្តូរផ្នត់គំនិតរបស់ប្អូនអំពីការបរាជ័យ ៖
-
ស្វែងយល់ពីអ្វីដែលប្អូនអាច និងមិនអាចគ្រប់គ្រងបាន ។ ពេលខ្លះអ្វីដែលយើងព្រួយបារម្ភភាគច្រើនគឺជាអ្វីដែលយើងមិនអាចគ្រប់គ្រងបាន ។ ឧទាហរណ៍ ការដាក់ពាក្យចូលធ្វើការ ។ ប្អូន អាច គ្រប់គ្រងនូវកិច្ចខិតខំរបស់ប្អូនក្នុងការដាក់ពាក្យ ប៉ុន្តែប្អូន មិនអាច គ្រប់គ្រងលទ្ធផលបានទេ ។ ជំនួសឲ្យការចំណាយថាមពលព្រួយបារម្ភថា ប្អូននឹង « បរាជ័យ » សូមព្យាយាមដាក់ការខិតខំប្រឹងប្រែងទៅលើអ្វីដែលប្អូនអាចគ្រប់គ្រងបាន និងទុកចិត្តលើព្រះអម្ចាស់ ។ ទ្រង់បានសន្យាថា « គ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់សេចក្តីល្អដល់ពួកប្អូនដែលស្រឡាញ់ព្រះ » ( រ៉ូម ៨:២៨ ) ។ ចុះប្រសិនបើប្អូនមិនទទួលបានការងារនោះ ? ប្អូនមិនមែនជាបុគ្គលបរាជ័យទេ ! ទោះបីជាប្អូនមិនទទួលបានលទ្ធផលដែលប្អូនសង្ឃឹមក៏ដោយ ប្អូនបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ប្អូនហើយ នោះហើយជាភាពជោគជ័យ !
-
ចាប់យកអ្វីៗដែលល្អ និងបន្តដំណើរទៅមុខទៀត ។ ពេលដែលប្អូនមានអារម្មណ៍ថា ប្អូនកំពុងបរាជ័យ សូមព្យាយាមមើលឲ្យកាន់តែជ្រៅទៅក្នុងបទពិសោធន៍របស់ប្អូន ។ មិនបានចូលក្នុងក្រុមកីឡាមែនទេ ? បានពិន្ទុមិនល្អលើការប្រឡងមែនទេ ? ការសម្លឹងមើលទៅចំណុចដែលប្អូនកំពុងពុះពារនឹងផ្តល់ឲ្យប្អូននូវផែនទីដ៏អស្ចារ្យមួយសម្រាប់អ្វីដែលប្អូនត្រូវធ្វើនៅពេលអនាគត ។ បើសិនបទពិសោធន៍ទាំងនោះបានធ្វើឲ្យប្អូនបាក់ទឹកចិត្ត ចូរទទួលស្គាល់អារម្មណ៍របស់ប្អូន ហើយរួចមកជ្រើសរើសដើម្បីបន្តទៅមុខទៀតជាមួយនឹងអ្វីៗដែលល្អ ។ ការបរាជ័យពិតជាអាចជួយប្អូនឲ្យបន្តដំណើរទៅមុខទៀតក្នុងទិសដៅថ្មី និងប្រសើរជាងមុន ។
-
ចូរចាំថា នេះមិនមែនជាទីបញ្ចប់ទេ ។ មានពាក្យទូទៅមួយពោលថា ៖ « នៅទីបញ្ចប់ អ្វីៗនឹងប្រសើរឡើង ។ បើវាមិនប្រសើរឡើងទេ ក៏វាមិនមែនជាទីបញ្ចប់ដែរ » ។ មរ៉ូណៃបង្រៀនអ្វីមួយដែលស្រដៀងគ្នានេះដែរ ។ លោកបានមានប្រសាសន៍ថា « តើចុងបំផុតបានមកដល់ហើយឬនៅ ? មើលចុះ ខ្ញុំសូមប្រាប់អ្នកថានៅទេ ហើយព្រះទ្រង់ក៏ពុំទាន់ឈប់ទៅជាព្រះនៃអព្ភូតហេតុដែរ » ( មរមន ៩:១៥ ) ។ នៅពេលយើងទុកចិត្តទៅលើព្រះ ជឿនទៅមុខដោយក្តីជំនឿ ហើយចង់ចាំថា រឿងរបស់យើងមិនទាន់ដល់ទីបញ្ចប់ទេ នៅពេលមានអ្វីមួយលំបាក អព្ភូតហេតុអាចកើតឡើង ហើយ « ការបរាជ័យ » ណាមួយដែលយើងអាចប្រឈម នៅទីបំផុតអាចក្លាយទៅជាជោគជ័យដ៏អស្ចារ្យ ។
-
សូមឈរជាមួយនឹងព្រះគ្រីស្ទ ។ ដោយសារតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ គ្មានការបរាជ័យណាមួយនៅជាអចិន្ត្រៃយ៍នោះទេ ។ យើងតែងតែមានជម្រើសដើម្បីប្រែចិត្ត បង្វែរដួងចិត្តរបស់យើងត្រឡប់ទៅរកព្រះវិញ ហើយសុំជំនួយរបស់ទ្រង់ ។ ប្រធាន ជែហ្វ្រី អ័រ ហូឡិន ប្រធានស្តីទីក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា « មិនថាកំហុសច្រើនប៉ុនណាដែលអ្នកមានអារម្មណ៍ថាអ្នកបានធ្វើ … ខ្ញុំសូមថ្លែងទីបន្ទាល់ថា អ្នកមិន បានធ្វើដំណើរឆ្ងាយផុតពីទំហំនៃសេចក្ដីស្រឡាញ់របស់ព្រះនោះទេ ។ វាមិនអាចទៅរួចសម្រាប់អ្នកដើម្បីលិចទៅជ្រៅជាងពន្លឺនៃដង្វាយធួនរបស់ព្រះគ្រីស្ទដ៏និរន្ដរ៍ដែលអាចចែងចាំងដល់បានទេ » ។ ដូច្នេះ នៅក្នុងផ្លូវមួយនៅពេលដែលប្អូនឈរជាមួយនឹងព្រះគ្រីស្ទ អ្នកមិនអាចបរាជ័យទេ !
ពេលប្អូនមើលទៅការបរាជ័យរបស់ប្អូនជាជំហានឆ្ពោះទៅរកភាពជោគជ័យ អ្នកបានបើកអាថ៌កំបាំងដើម្បីមិនឲ្យបរាជ័យម្តងទៀតយ៉ាងពិតប្រាកដ ។
ដូច្នេះសូមសាកល្បងវាមើល ! ហើយប្រសិនបើប្អូនបរាជ័យ ? គ្រាន់តែចងចាំថា—ប្អូនមិនបរាជ័យ មែនទែន ទេ ។ ប្អូនកំពុងរីកចម្រើនមួយជំហានម្តងៗ ។