ព្រះវរបិតាសួគ៌របស់ប្អូនៗចង់មានមានបន្ទូលទៅកាន់ ប្អូនៗ
សូមមានសេចក្តីជំនឿថា ព្រះវរបិតាសួគ៌របស់ប្អូនៗកំពុងមានបន្ទូលទៅកាន់ប្អូនៗ ។ ទ្រង់គង់នៅជិតប្អូនៗ ហើយស្រឡាញ់ប្អូនៗយ៉ាងខ្លាំងហួសពីការថ្លែង ។
យើងគឺជាបុត្រា និងបុត្រីនៃព្រះ ដែលចាកចេញពីផ្ទះរបស់យើងនៅស្ថានសួគ៌ដ៏ឆ្ងាយមករស់នៅលើផែនដីជាមួយគ្នា ។ ជីវិតរមែងស្លាប់នេះ គឺជាពេលវេលាដើម្បីទទួលរូបកាយរបស់យើង ជ្រើសរើសល្អជំនួសឲ្យអាក្រក់ បង្កើនសេចក្តីជំនឿរបស់យើងទៅលើព្រះអង្គសង្រ្គោះ ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនដ៏ពិសិដ្ឋរបស់ទ្រង់ និងឱបក្រសោបផែនការនៃសុភមង្គលរបស់ព្រះវរបិតា ។
ដោយពុំចងចាំនៅជីវិតមុនផែនដីនេះ ជួនកាលយើងមានអារម្មណ៍ថាឯកោពីព្រោះតែពិភពដែលយើងបានចាកចេញមក ។ ព្រះបិតារបស់យើងបានប្រទានឲ្យយើងនូវអំណោយទានខាងវិញ្ញាណមួយ ដើម្បីរក្សាទំនាក់ទំនងជាមួយទ្រង់ និងដើម្បីទទួលបានការណែនាំ ការដឹកនាំ និងការលួងលោមពីទ្រង់ ។ យើងស្គាល់អំណោយនោះបានយ៉ាងច្បាស់ វាហៅថា ការអធិស្ឋាន ។
For Those Who Will Believe in Me [ សម្រាប់អស់អ្នកដែលជឿដល់ខ្ញុំ ]ដោយ ដេន វីលសុន
ទៅព្រះវរបិតាសួគ៌របស់ប្អូនៗ
ទេវតាមួយអង្គបានណែនាំលោកអ័ដាម និងនាងអេវ៉ា និងអ្នកទាំងអស់ដែលនឹងធ្វើតាមពួកគាត់ដើម្បី « ប្រែចិត្ត ហើយអំពាវនាវដល់ព្រះដោយនូវព្រះនាមនៃព្រះរាជបុត្រាជារៀងដរាបរហូតតទៅ » ( ម៉ូសេ ៥:៨ ) ។
ព្រះយេស៊ូវបានបង្រៀនថា ៖
-
« ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររកនោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក » ( ម៉ាថាយ ៧:៧ ) ។
-
« តែឯអ្នក កាលណាអធិស្ឋាន…អធិស្ឋានដល់ព្រះវរបិតានៃអ្នក …នៅទីលាក់កំបាំងចុះ » ( ម៉ាថាយ ៦:៦ ) ។
-
« ដូច្នេះ ចូរអធិស្ឋានបែបយ៉ាងនេះវិញថា ៖ ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ » ( ម៉ាថាយ ៦:៩ ) ។
ព្រះយេស៊ូវបានអធិស្ឋានទៅកាន់ព្រះបិតារបស់ទ្រង់ឥតឈប់ឈរ ( សូមមើល លូកា ៦:១២;ម៉ាកុស ៦:៤៦ ) ។ នៅឯសួនច្បារគែតសេម៉ានី ទ្រង់បានប្រាប់ដល់ពួកសិស្សរបស់ទ្រង់« ចូរអង្គុយនៅទីនេះសិន ចាំខ្ញុំទៅអធិស្ឋាន » ( ម៉ាកុស ១៤:៣២ ) ។ ពេលនៅលើឈើឆ្កាង ព្រះយេស៊ូវបានអធិស្ឋានសម្រាប់ទាហានដែលបានឆ្កាងទ្រង់ថា ៖ « ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ » ( លូកា ២៣:៣៤ ) ។
យើងត្រូវបានទូន្មានឲ្យ « អធិស្ឋានជានិច្ច » ។ នៅពេលយើង « ប្រឹក្សាជាមួយនឹងព្រះអម្ចាស់នូវគ្រប់កិច្ចការ [ របស់យើង ] …ទ្រង់នឹងដឹកនាំ [ យើង ] ទៅរកការល្អ » ( អាលម៉ា ៣៧:៣៧ ) ។ លើសពីនេះទៀត យើង « ថ្លែងអស់ទាំងអំណរគុណ និងការសរសើរតម្កើងដែលព្រលឹងទាំងមូល [ ដែលយើង ] មាន » ( ម៉ូសាយ ២:២០ ) ។
ប៉ុន្តែកាន់តែរុងរឿងនោះគឺថា ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ឆ្លើយតបការអធិស្ឋានរបស់យើង ! សំណួរដ៏គួរពិចារណាសម្រាប់យើងគឺថា តើយើងទទួល និងយល់បានកាន់តែច្បាស់អំពីចម្លើយ ការណែនាំ និងការលួងលោមដែលមកពីព្រះវរបិតារបស់យើងដោយរបៀបណា ?
ការទទួលបានចម្លើយចំពោះការអធិស្ឋានរបស់យើង ចាប់ផ្តើមជាមួយនឹងសេចក្តីជំនឿទៅលើព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ យើងទុកចិត្តទៅលើព្រះវរបិតារបស់យើង ធ្វើឲ្យអស់ពីសមត្ថភាពរបស់យើងដើម្បីរក្សាបទបញ្ញត្តិ និងស្វែងរកព្រះចេស្តាទ្រង់នៅគ្រប់អ្វីៗដែលយើងធ្វើ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:២១ ) ។
ព្រះវរបិតាសួគ៌របស់ប្អូនៗនឹងឈរនៅក្បែរប្អូនៗ ពង្រឹងសមត្ថភាពរបស់ប្អូនៗ លួងលោមប្អូនៗ និង «ធ្វើឲ្យសេចក្ដីវេទនាទាំងឡាយរបស់[ ប្អូន ] ក្លាយទៅជាផលប្រយោជន៍ដល់[ ប្អូន ]វិញ » ( នីហ្វៃទី២ ២:២ ) នៅពេលដែលប្អូនអំពាវនាវរកទ្រង់ ។
ការស្តាប់ព្រះសូរសៀងរបស់ទ្រង់
នៅពេលយើងអនុវត្តសេចក្តីជំនឿទៅលើព្រះ និងរក្សាព្រះបញ្ញត្តិរបស់ទ្រង់ យើងនឹងរៀនដោយឯកឯងដើម្បីស្តាប់ឮសំឡេងទ្រង់កាន់តែច្បាស់ ។
នៅឆ្នាំ១៩៩៣ ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ១៩២០–២០០៧ ) ដែលពេលនោះជាសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានអញ្ជើញភរិយារបស់ខ្ញុំ ខេធី និងខ្ញុំឲ្យចូលរួមការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ជាមួយគាត់ ។ ការប្រជុំធម្មនិដ្ឋាននេះបានកើតមានជាយូរពីមុនពេលការរីកដុះដាលនៃទូរសព្ទឆ្លាតវៃ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ៊ីនធឺណិតទៅទៀត ។
នៅក្នុងសុន្ទរកថារបស់លោក ប្រធាន ហ្វោស្ត បានព្រមានថា ៖ « នៅក្នុងជំនាន់របស់អ្នក អ្នកនឹងត្រូវបានរារាំងដោយសំឡេងជាច្រើន ដែលប្រាប់អ្នកពីរបៀបរស់នៅ របៀបបំពេញចំណង់តណ្ហារបស់អ្នក និងរបៀបដើម្បីមានរបស់ទាំងអស់ » ។ ប៉ុន្តែ « សំឡេងដែលអ្នកត្រូវរៀនដើម្បីស្តាប់តាមគឺជាសំឡេងនៃព្រះវិញ្ញាណ » ។ ដើម្បីធ្វើដូច្នេះ « យើង… ត្រូវតែបើកត្រចៀករបស់យើង ងាកភ្នែកនៃសេចក្តីជំនឿទៅប្រភពនៃសំឡេង និងសម្លឹងមើលទៅយ៉ាងខ្ជាប់ខ្ជួនឆ្ពោះទៅរកស្ថានសួគ៌ » ។
ប៉ុន្មានឆ្នាំក្រោយមក ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « បើប្អូនៗកំពុងផ្ដោតកាន់តែខ្លាំងទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាងប្អូនៗផ្ដោតទៅលើការខ្សឹបប្រាប់ពីព្រះវិញ្ញាណ នោះប្អូនៗកំពុងដាក់ខ្លួនប្អូនៗទៅក្នុងហានិភ័យខាងវិញ្ញាណហើយ » ។
សំឡេងនៃព្រះវិញ្ញាណយាងចូលទាំងក្នុងបញ្ញា និងអារម្មណ៍របស់យើង ។ « យើងនឹងប្រាប់អ្នកនៅក្នុងគំនិតរបស់អ្នក និងនៅក្នុងចិត្តរបស់អ្នក ដោយព្រះវិញ្ញាណបរិសុទ្ធ ដែលនឹងសណ្ឋិតមកលើអ្នក ហើយដែលនឹងគង់នៅក្នុងចិត្តរបស់អ្នក » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:២ ) ។ សូមស្តាប់មនសិការរបស់អ្នក—វិវរណៈជាញឹកញាប់ចាប់ផ្តើមចេញពីនោះ ។
សូមអធិស្ឋានជាមួយដួងចិត្តដែលជឿ
ចម្លើយ និងចំណាប់អារម្មណ៍ពីព្រះមិនអាចបង្ខំបានឡើយ ។ យើងអធិស្ឋាន និងរង់ចាំជាមួយដួងចិត្តដែលជឿ ។ ចម្លើយមួយចំនួននឹងមិនមកនៅក្នុងជីវិតនេះ ប៉ុន្តែចំពោះពួកអ្នកសុចរិត ព្រះអម្ចាស់នឹងតែងតែប្រទានសេចក្តីសុខសាន្តដល់ពួកគេ ( សូមមើល យ៉ូហាន ១៤:២៧ ) ។ ទៅតាមពេលវេលា ចម្លើយនឹងមក « មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៩៨:១២ ) ។
សំឡេងនៃស្ថានសួគ៌អាចមកដោយមិនបានរំពឹងទុក ជាញឹកញាប់មកនៅកន្លែងស្ងប់ស្ងាត់ និងកន្លែងពិសិដ្ឋ ។ នៅក្នុងភាពស្ងប់ស្ងាត់នៃការអធិស្ឋាន និងការជញ្ជឹងគិតនៅពេលព្រឹកព្រលឹមរបស់ខ្ញុំ ខ្ញុំរកឃើញពរជ័យមិនធម្មតា ។ ការអានព្រះគម្ពីររាល់ថ្ងៃផ្ទាល់ខ្លួននៅពេលជាក់លាក់មួយដែលមិនមានការរំខាន អាចនាំមកនូវសំឡេងនៃព្រះវិញ្ញាណចូលទៅក្នុងដួងចិត្តរបស់យើងដូចជាភ្លើងដ៏មានអំណាច ។
និងការបង្អាក់នៃពិភពលោកវិលនៅជុំវិញយើង ព្រះអម្ចាស់បានដឹកនាំព្យាការីរបស់ទ្រង់ឲ្យសាងសង់ព្រះវិហារបរិសុទ្ធកាន់តែច្រើនឡើងៗ ។ នៅក្នុងដំណាក់ដ៏ពិសិដ្ឋរបស់ព្រះអម្ចាស់ទាំងនេះ នៅពេលយើងទុកបញ្ហាប្រឈមរបស់យើងនៅខាងក្រៅ ហើយចូលទៅក្នុងជាមួយនឹងការអធិស្ឋាន និងកង្វល់របស់យើង នោះយើងត្រូវបានបង្រៀនពីសេចក្ដីពិតនៃភាពអស់កល្បជានិច្ច ។ មួយឆ្នាំមុន ប្រធានណិលសុនបានសន្យាថា នៅពេលដែលយើងថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ « គ្មានអ្វីដែលនឹងបើកស្ថានសួគ៌ ជាង នេះនោះទេ ។ គ្មានទាល់តែសោះ ! »
រាល់សន្និសីទទូទៅនីមួយៗក៏នាំមកនូវពរជ័យដ៏ច្រើនបន្ថែមទៀតផងដែរ ។ នៅក្នុងខែមេសាខាងមុខនេះ យើងនឹងជួបគ្នាម្តងទៀត នៅក្នុងសន្និសីទទូទៅដើម្បីស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ។ ខ្ញុំសន្យាថា នៅពេលដែលប្អូនៗរៀបចំ និងមកកាន់សន្និសីទទូទៅប្រកបដោយការអធិស្ឋាន ប្អូនៗនឹងរកឃើញចម្លើយចំពោះកង្វល់របស់ប្អូនៗ ហើយដឹងថា « ព្រះហស្តនៃព្រះ » ថែរក្សាប្អូនៗ ។
សូមមានសេចក្តីជំនឿថា ព្រះវរបិតាសួគ៌របស់ប្អូនៗកំពុងមានបន្ទូលទៅកាន់ប្អូនៗ ។ ទ្រង់កំពុងមានបន្ទូលមែន ! សូមឲ្យសេចក្តីជំនឿរបស់ប្អូនៗទៅលើទ្រង់ និងបុត្រាដ៏ស្ងួនភ្ងារបស់ទ្រង់ជួយប្អូនៗបើកវាំងនន ហើយទទួលបានព្រះសូរសៀងរបស់ព្រះវរបិតារបស់ប្អូនៗ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់គង់នៅជិតប្អូនៗ ហើយស្រឡាញ់ប្អូនៗយ៉ាងខ្លាំងហួសពីការថ្លែង ។