ឆ្ពោះទៅមុខ ជាមួយនឹងព្រះវិញ្ញាណ
ព្រះវរបិតាសួគ៌សព្វព្រះទ័យក្នុងការមានបន្ទូលទៅកាន់ប្អូន ។ នេះគឺជាវិធីមួយចំនួនដើម្បីបន្តរក្សាទំនាក់ទំនងនោះ ។
ព្រះវរបិតាសួគ៌ជ្រាបដឹង និងស្រឡាញ់ប្អូន ។ ទ្រង់ព្រះសណ្តាប់ឮប្អូន ពេលប្អូនអធិស្ឋាន ហើយទ្រង់សព្វព្រះទ័យក្នុងការមានបន្ទូលទៅកាន់ប្អូន ។ ការរកឃើញពីរបៀបដែលទ្រង់មានបន្ទូលគឺជារឿងសំខាន់—ហើយវាមានលក្ខណៈខុសៗគ្នាសម្រាប់យើងគ្រប់គ្នា ។ ប៉ុន្តែជាញឹកញាប់ អ្នកអាចកត់សម្គាល់ឃើញថា ព្រះវរបិតាសួគ៌មានបន្ទូលទៅកាន់គំនិត និងដួងចិត្តរបស់អ្នក នៅពេលអ្នកឆ្ពោះទៅមុខ—រស់នៅជីវិតរបស់អ្នក និងធ្វើសកម្មភាពដោយសេចក្តីជំនឿ ។
បន្ដភ្ជាប់ទំនាក់ទំនង
ប្អូនអាចបន្តភ្ជាប់ទំនាក់ទំនងរបស់ប្អូនជាមួយព្រះវរបិតាសួគ៌ នៅពេលប្អូនអធិស្ឋានជាទៀងទាត់ និងដោយស្មោះសរទៅកាន់ទ្រង់ ។ សូមសិក្សាព្រះបន្ទូលរបស់ទ្រង់នៅក្នុងព្រះគម្ពីរ ។ ស្តាប់ និងធ្វើតាមអ្នកបម្រើដែលបានជ្រើសរើសរបស់ទ្រង់—ព្យាការី និងពួកសាវក ។ ហើយធ្វើឲ្យអស់ពីសមត្ថភាពរបស់ប្អូនដើម្បីរក្សាព្រះបញ្ញត្តិរបស់ទ្រង់ ។
ការរក្សាទំនាក់ទំនងជាមួយព្រះវរបិតាសួគ៌នាំមកនូវសុភមង្គល និងអត្ថន័យដល់ជីវិតរបស់យើង ។ វាជួយឲ្យយើងយល់កាន់តែច្បាស់អំពីផែនការរបស់ទ្រង់ និងទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ ។ យើងអាចដឹងពេលទ្រង់មានព្រះបន្ទូល នៅពេលយើងព្យាយាមរក្សាទំនាក់ទំនងល្អខាងវិញ្ញាណ ។
ចូរបង្អង់សិន
នៅក្នុងបទគម្ពីរ ព្រះអម្ចាស់រំឭកយើងថា « ចូរបង្អង់សិន ឲ្យបានដឹងថា យើងជាព្រះ » ( ទំនុកដំកើង ៤៦:១០ ។ សូមមើលផងដែរ គោលលទ្ធិ និងសេចក្តីសញ្ញា ១០១:១៦ ) ។ ពិភពលោកនេះពោរពេញទៅដោយសំឡេង និងការរំខាន ប៉ុន្តែសំឡេងព្រះវរបិតាសួគ៌មិនឮខ្លាំងនោះទេ ។ ទ្រង់មានបន្ទូលជា « សំឡេងតូចរហៀងៗ » ( ពង្សាវតារក្សត្រទី១ ១៩:១២ ) ។ យើងអាចស្គាល់ឥទ្ធិពលរបស់ទ្រង់នៅពេលយើងបង្អង់សិន ។
ឧទាហរណ៍ សូមស្វែងរកកន្លែងដ៏ស្ងប់ស្ងាត់ដើម្បីអធិស្ឋាន ចំណាយពេលក្នុងធម្មជាតិជាមួយនឹងការបង្កបង្កើតដ៏ស្រស់ស្អាតរបស់ព្រះ ឬរីករាយជាមួយនឹងតន្ត្រី និងសិល្បៈដ៏បំផុសគំនិត ។ រឿងទាំងនេះជួយឲ្យគំនិត និងដួងចិត្តរបស់យើងបើកទៅរកបទពិសោធន៍ពិសេសជាមួយព្រះវរបិតាសួគ៌ ។
ធ្វើតាមការបំផុសគំនិត
ព្រះវរបិតាសួគ៌មានបន្ទូលមកកាន់យើងជាញឹកញាប់តាមរយៈការបំផុសគំនិត ។ ប៉ុន្តែតើយើងអាចដឹងយ៉ាងច្បាស់ដោយរបៀបណាថា ការបំផុសគំនិតនោះមកពីទ្រង់ ? ព្យាការីមរមនផ្តល់នូវការណែនាំមួយដ៏ល្អ ៖ « អ្វីក៏ដោយដែលអញ្ជើញ ហើយញុះញង់ឲ្យធ្វើល្អ ហើយឲ្យស្រឡាញ់ព្រះ ហើយឲ្យបម្រើទ្រង់គឺផុសគំនិតមកពីព្រះ » ( មរ៉ូណៃ ៧:១៣ ) ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ១៩១០-២០០៨ ) ធ្លាប់បានមានប្រសាសន៍ថា ៖ « នោះជាការសាកល្បងនៅពេលអ្វីៗទាំងអស់បាននិយាយនិងធ្វើរួច ។ តើវាបានបញ្ចុះបញ្ចូលមនុស្សម្នាក់ឲ្យធ្វើល្អ ឲ្យក្រោកឡើង ឈរឲ្យខ្ពស់ ធ្វើរឿងត្រឹមត្រូវ មានចិត្តល្អ មានសេចក្ដីសប្បុរសដែរទេ ? នោះហើយជាព្រះវិញ្ញាណនៃព្រះ » ។
ជាញឹកញាប់ ការបំផុសគំនិតគឺជាការ « ទៅហើយធ្វើ » ( សូមមើល នីហ្វៃទី១ ៣:៧ ) ឬនិយាយអ្វីមួយ ។ នៅពេលដែលយើងធ្វើសកម្មភាពតាមការបំផុសគំនិតនោះ—ជាពិសេសលើក ដំបូង ដែលយើងទទួលបានអារម្មណ៍នោះ—បទពិសោធន៍ជាច្រើនទៀតនឹងកើតមាន ។ ដូច្នេះប្រសិនបើប្អូនមានអារម្មណ៍ថា ប្អូនគួរនិយាយ ឬធ្វើអ្វីដែលល្អ និងវិជ្ជមានសូមធ្វើវា ! ការបញ្ជាក់ថា ប្អូនកំពុងស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវកើតមាន នៅពេលប្អូនធ្វើវា ។
សូមបោះជំហានទៅមុខដោយសេចក្តីជំនឿ និងការទុកចិត្ត
ការស្គាល់ថា ព្រះមានបន្ទូលនៅពេលណា គឺជាដំណើរការមួយ។ ។ វាតម្រូវឲ្យមានទាំងសេចក្តីជំនឿ និងការទុកចិត្តថា ព្រះវរបិតាសួគ៌នឹងមានបន្ទូលមកកាន់ប្អូន និងជួយប្អូនឲ្យធ្វើអ្វីៗបានច្រើនជាងអ្វីដែលប្អូនអាចធ្វើបានដោយខ្លួនឯងទៅទៀត ។ វាក៏សំខាន់ផងដែរ ដើម្បីចងចាំថា ព្រះវរបិតាសួគ៌ជឿជាក់លើ ប្អូន ថាប្អូនមិនត្រឹមតែស្វែងរកការណែនាំរបស់ទ្រង់នៅក្នុងជីវិតរបស់ប្អូនប៉ុណ្ណោះទេ ថែមទាំងស្វែងរកដើម្បីប្រទានពរ និងលើកស្ទួយដល់មនុស្សដែលនៅជុំវិញប្អូនថែមទៀត ។
ប្អូននឹងមិនតែងតែមានគ្រប់ចម្លើយទាំងអស់ទេ ។ ប្អូនក៏មិនត្រូវបានរំពឹងថា នឹងបានចម្លើយទាំងអស់ដែរ ។ ប៉ុន្តែប្អូន ត្រូវបាន លើកទឹកចិត្តឲ្យប្រព្រឹត្តដោយសេចក្តីជំនឿ ។ ពេលប្អូនធ្វើដូច្នោះ ប្អូននឹងឃើញថា ព្រះអាចមានព្រះបន្ទូលតាមរបៀបជាច្រើនជាងដែលប្អូនអាចស្រមៃដល់ទៅទៀត ។ យូរៗទៅ ព្រះសូរសៀងរបស់ទ្រង់នឹងក្លាយជាច្បាស់លាស់ ការណែនាំរបស់ទ្រង់កាន់តែច្បាស់ ហើយវត្តមានរបស់ទ្រង់គឺបង្ហាញកាន់តែច្បាស់ដើម្បីជួយប្អូនឲ្យក្លាយជាអ្វីមួយដែលទ្រង់ជ្រាបដឹងថាប្អូនអាចក្លាយទៅជា ។