2025
ភ្លើង កាំបិត របាំ និង​ដំណឹងល្អ ។
ខែ​មីនា ឆ្នាំ​២០២៥


ភ្លើង កាំបិត របាំ និង​ដំណឹងល្អ ។

ស្វែងយល់​ពី​របៀប​ដែល​របាំ​កាំបិត​ភ្លើង​របស់​ជនជាតិ សាម័រ ភ្ជាប់​យុវវ័យ​ប្រាំពីរ​រូប នៅ​រដ្ឋ ហាវ៉ៃ សហរដ្ឋអាមេរិក ទៅនឹង​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ត

យុវជន​កាន់​គប់​ភ្លើង

រូបថត​ដោយ ឡេសលី និលសុន និង ម៉ារីសា ខូតូ

មនុស្ស​មួយ​ចំនួន​លេង​ព្យាណូ ។ អ្នក​ខ្លះ​ចូលចិត្ត​អាន​សៀវភៅ ។ អ្នក​ផ្សេង​ទៀត​ហាត់​កាយសម្ព័ន្ធ បាល់ទាត់ ឬ​អុក ។ ជា​រឿង​កម្រ និង​ថែម​ទាំង​ពិបាក​នឹង​ជឿ​ថា មនុស្ស​មួយ​ចំនួន​ចូលចិត្ត​រាំ​គ្រវី​កាំបិត​ដែល​មាន ដុត​ភ្លើង ។

ប្រវត្តិ​នៃ​របាំ​កាំបិត​ភ្លើង

របាំ​កាំបិត​ភ្លើង​របស់​ជនជាតិ សាម័រ ឬ ailao afi គឺ​ជា​របាំ​បែប​សម័យ​ទំនើប ក្លាយ​មក​ពី​របាំ​បែប​ប្រពៃណី​សង្រ្គាម ។ វា​ជា​ទេពកោសល្យ​ដ៏​អស្ចារ្យ ជា​ទម្រង់​សិល្បៈ និង​ការសម្តែង ហើយ​សម្រាប់​មនុស្ស​ជា​ច្រើន វា​ជា​ការគោរព​ដល់​វប្បធម៌​របស់​ពួកគេ ។

នេះ​ជា​របៀប​ដែល​យុវវ័យ​បី​នាក់​មក​ពី​រដ្ឋហាវ៉ៃ សហរដ្ឋ​អាមេរិក ពន្យល់​ពី​ប្រវត្តិ​នេះ ៖

វិវៀន អាយុ ១៨​ឆ្នាំ ៖ « តាម​ប្រពៃណី វា​ជា​អ្វី​ដែល​អ្នក​ចម្បាំង​រាំ​ដោយ​ប្រើ​តែ​កាំបិត​ប៉ុណ្ណោះ ។ ក្រោយ​មក ភ្លើង និង​ការបង្វិល​ត្រូវ​បាន​បន្ថែម ។ វា​ស្រដៀង​ទៅ​នឹង​ការបង្វិល​បាតុន​ដែរ គ្រាន់​តែ​មាន​ភ្លើង​នៅ​ចុង​ទាំង​សង​ខាង » ។

ទុយ អាយុ ១២​ឆ្នាំ ៖ « របាំ​កាំបិត​ភ្លើង​វា​ពាក់ព័ន្ធ​ជា​ច្រើន​នឹង​កម្តៅ ។ តែ​វា​មាន​ការបង្វិល​ច្រើន​ផងដែរ ។ អ្នក​ថែម​ទាំង​បោះ​កាំបិត ហើយ​បំលាស់​ទី​វា​ជុំ​វិញ​ខ្លួន​ខណៈ​ពេល​ដែល​វា​កំពុង​បង្វិល » ។

យ៉ូសែប អាយុ ១៨​ឆ្នាំ ៖ « ពេល​ដែល​ភ្លើង​កំពុង​មាន​ចលនា ខ្យល់​កំពុង​បក់ខ្លាំង ហើយ​ស្គរ​កំពុង​លេង វា​ឮ​ខ្លាំង​ណាស់ ។ ប៉ុន្តែ​និយាយ​តាមត្រង់ វា​ជា​ពេល​ដ៏​ស្ងប់ស្ងាត់​ខាង​វិញ្ញាណ​សម្រាប់​ខ្ញុំ ព្រោះ​វា​មាន​អត្ថន័យ​ច្រើន​សម្រាប់​ខ្ញុំ ។ របាំ​កាំបិត​ភ្លើង គឺ​ជា​វិធី​មួយ​ដែល​ខ្ញុំ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ក្រុមគ្រួសារ និង​វប្បធម៌​របស់​ខ្ញុំ » ។

យុវជន​ផ្លុំ​ភ្លើង
យុវជន​អង្គុយ​នៅ​ពី​មុខ​គប់​ភ្លើង

សម្រាប់​យុវវ័យ​ទាំងនេះ របាំ​កាំបិត​ភ្លើង​វា​មិន​ត្រឹមតែ​ជា​ទេពកោសល្យ​ដ៏​អស្ចារ្យ និង​កម្រ​ប៉ុណ្ណោះ​ទេ ។ វា​ក៏​ថែម​ទាំង​បាន​បង្រៀន​ពួកគេ​នូវ​មេរៀន​ជីវិត​ដ៏​មាន​តម្លៃ​ជា​ច្រើន​អំពី​ការនៅ​ជិត​ព្រះអម្ចាស់ តាមរយៈ​ការរស់​នៅ​តាម​ដំណឹង​ល្អ និង​ការជួយ​អ្នក​ដទៃ​ថែម​ទៀត​ផង ។

យុវជន​ជាមួយ​គប់​ភ្លើង

ការទុកចិត្ត​លើ​ព្រះអម្ចាស់

យ៉ូសែប អេ អាយុ ១៨​ឆ្នាំ

ពេល​អ្នក​កំពុង​រាំ​កាំបិត​ភ្លើង មានឧប្បត្តិហេតុ​ជា​ច្រើន​អាច​នឹង​កើតឡើង ។ ប្រេង​សាំង​អាច​ប្រឡាក់​ដងកាន់ ហើយធ្វើ​ឲ្យវា​រអិល ។ ខ្យល់​ក៏​អាច​ផ្លាស់​ប្តូរ​អ្វីៗ​បាន​ដែរ ហើយ​ធ្វើ​ឲ្យ​ពិបាក​ចាប់​កាំបិត ។ ការជឿ​ជាក់​លើ​ព្រះអម្ចាស់​ខណៈ​ពេល​ដែលកំពុង​រាំ គឺ​ជួយ​ខ្ញុំ​ខ្លាំង​ណាស់ ។

ខគម្ពីរ​ដែល​ខ្ញុំ​ចូលចិត្ត​គឺ សុភាសិត ៣:៥ ដែល​និយាយ​អំពី​ការដាក់​ទីពឹង​លើ​ព្រះអម្ចាស់​ដោយ​អស់អំពី​ចិត្ត​របស់​អ្នក ។ ខ្ញុំ​គិត​ថា វា​ជា​រឿង​ដ៏​សំខាន់ ព្រោះ​ពេល​នៃ​ការសម្តែង អ្នក​ដឹង​ថា អ្នក​បាន​អនុវត្ត​តាមកិច្ចការ​ទាំងអស់​នោះ ប៉ុន្តែ​វា​ពិត​ជា​អាស្រ័យ​ទៅ​លើ​តែ​អ្នក កាំបិត និង​ព្រះវរបិតាសួគ៌​ប៉ុណ្ណោះ ។

ខ្ញុំ​ចង់​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌ « ឱ ព្រះអង្គ! ខ្ញុំ​បាន​ហាត់​សម​ជា​ច្រើន​ដង ឥឡូវ​នេះ​សូម​ដឹកនាំ​ដៃ​របស់​ទូល​បង្គំ​ផង » ។

យុវជន​បង្វិល​គប់​ភ្លើង

ឆ្លៀត​ពេល​វេលា​សម្រាប់​ព្រះអម្ចាស់

ហ្គែរី ខេ អាយុ ១៦ ឆ្នាំ

មាន​ការរៀបចំ​ជា​ច្រើន ដែល​ត្រូវ​ធ្វើ​សម្រាប់​ការប្រកួត​រាំ​កាំបិត​ភ្លើង ។ ខ្ញុំ​ហាត់​សម​ជា​រៀង​រាល់​ថ្ងៃ អស់​រយៈពេល​ប្រហែល​ប្រាំមួយ​ខែ​មុន​ការប្រកួត​ចូល​មក​ដល់ ។

វា​អាច​ជា​ការលំបាក​ផងដែរ ព្រោះ​កាលវិភាគ​របស់​ខ្ញុំ​គឺ​មមាញឹក​ណាស់ ។ ប៉ុន្តែ​ខ្ញុំ​តែងតែ​ឆ្លៀត​ពេលវេលា​សម្រាប់​ព្រះអម្ចាស់ ដោយ​ការទៅ​ព្រះវិហារ សកម្មភាព​យុវជន និង​ថ្នាក់​សិក្ខាសាលា ព្រមទាំង​ដោយ​ការអាន​ព្រះគម្ពីរ​ និង​ការអធិស្ឋានរបស់ខ្ញុំ ។ ពេល​ខ្ញុំ​ធ្វើ​រឿង​ទាំងនេះ ខ្ញុំ​បាន​កត់សម្គាល់​ថា ខ្ញុំ​មាន​ការផ្លាស់ប្តូរ​រាល់​ថ្ងៃ ។ អ្វីៗ​គ្រប់​យ៉ាង​គឺ​ប្រសើរ​ឡើង ។

ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា ព្រះគ្រីស្ទ​គង់​នៅ​ទីនោះ​សម្រាប់​ខ្ញុំ ។ ប្រសិន​បើ​អ្នក​ទុកចិត្ត​ទៅ​លើ​ព្រះអម្ចាស់ និង​ព្យាយាម​ដាក់​ទ្រង់ជា​អាទិភាព ទ្រង់​នឹង​ជួយ​អ្នក​ជាមួយ​នឹង​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ។

យុវនារី​មាន​គប់ភ្លើង​ពីរ
យុវនារី​បង្វិល​គប់ភ្លើង
យុវនារី​មាន​គប់ភ្លើង​មួយ

ទទួល​បាន​ទំនុកចិត្ត និង​ការ​បំផុស​គំនិត​ដល់​អ្នក​ដទៃ

វីវៀន ខេ អាយុ ១៨​ឆ្នាំ

ពេល​ធំដឹង​ក្តី​ឡើង ! ខ្ញុំ​បាន​មើល​ពូ និង​បងប្អូន​ជីដូន​មួយ​របស់​ខ្ញុំ​រាំ​កាំបិត​ភ្លើង ។ ខ្ញុំ​បាន​គិត​ថា វា​ពិតជា​ឡូយ​មែនទែន ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា តើ​ខ្ញុំ​អាច​ធ្វើ​វា​ដោយ​ខ្លួន​ឯង​បាន​ឬ​ទេ ។ នៅ​វិទ្យាល័យ ខ្ញុំ​បាន​ធ្វើឲ្យ​វាក្លាយជាគោលដៅ​មួយ​របស់​ខ្ញុំ​ដើម្បី​រៀន​របាំនេះ ។ បន្ទាប់ពី​ខ្ញុំ​បាន​រៀន ខ្ញុំ​បាន​ធ្វើ​ឲ្យ​គោលដៅ​របស់​ខ្ញុំ​កាន់​តែ​ជាក់លាក់ ៖ ខ្ញុំ​ចង់​ប្រកួត​ក្នុង​ការប្រកួត​រាំ​កាំបិត​ភ្លើង ។

របាំ​កាំបិត​ភ្លើង បាន​ជួយ​ខ្ញុំ​ឲ្យ​ទទួល​បាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង ។ ពេល​ដែល​អ្នក​កំពុង​រាំ មាន​ចលនា​មួយ​ចំនួន​ដែល​អ្នក​បោះ​កាំបិត​ឡើង​ទៅ​លើ មើល​វា​នៅ​លើ​អាកាស ហើយ​បន្ទាប់​មក​ចាប់​វា ។ ខ្ញុំ​ធ្លាប់​រត់​ចេញ​ពី​កាំបិត​នោះ បន្ទាប់​ពី​ខ្ញុំ​បាន​បោះ​វា​ទៅ​លើ ។ ឪពុក​របស់​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ថា ខ្ញុំ​ត្រូវ​តាំងចិត្ត​ចំពោះ​ការបំលាស់ទី និង​មាន​ភាពជឿជាក់​លើ​ខ្លួន​ឯង ។

យុវនារី​ជាមួយ​សមាជិក​គ្រួសារ​ម្នាក់

ដោយ​បាន​ការបំផុសគំនិត​ពី​សមាជិក​គ្រួសារ​របស់​នាង វីវៀន​ទទួល​បាន​ទំនុកចិត្ត​ក្នុង​ការកាន់​ភ្លើង ។

យូរៗទៅ ខ្ញុំ​បាន​ចាប់​ផ្តើម​កាន់​ដោយ​ខ្លួន​ឯង​ដោយ​មាន​ទំនុកចិត្ត​ជាង​មុន​ខណៈពេល​កំពុង​សម្តែង និង​នៅ​ក្នុង​អ្វី​ផ្សេងៗ​ទៀត ។ ឥឡូវ​នេះ វា​ពិត​ជា​អស្ចារ្យ​ណាស់ ព្រោះ​ពេល​ខ្លះ​ក្មេងស្រី​មួយ​ចំនួន​បាន​មក​រក​ខ្ញុំ​បន្ទាប់​ពី​ការសម្តែង ហើយ​និយាយ​ថា​ពួកគេ​ទទួល​បាន​ការបំផុស​គំនិត ហើយ​ក៏​ចង់​សាកល្បង​រាំ​កាំបិត​ភ្លើង​ដែរ ។ ខ្ញុំ​រំភើប​ខ្លាំង​ណាស់ ដែល​ខ្ញុំ​បំផុស​គំនិត​អ្នក​ដទៃ​ទៀត​ឲ្យ​ធ្វើ​អ្វី​ដែល​ពួកគេ​គិត​ថា ពួកគេ​ប្រហែល​ជា​មិន​អាច​ធ្វើ​បាន ។

យុវជន​កំពុង​ចាប់​គប់​ភ្លើង

ទុយ និយាយ​ថា « ការអធិស្ឋាន​ការពារ​ខ្ញុំ និង​ជួយ​ខ្ញុំ​រាំ​បាន​ល្អ » ។

ការយក​ឈ្នះ​ការភ័យ​ខ្លាច​តាមរយៈ​ការអធិស្ឋាន

ទុយ អិម អាយុ ១២​ឆ្នាំ

ពេល​ខ្ញុំ​សម្តែង ខ្ញុំ​មិន​មាន​អារម្មណ៍​ភ័យ​ឡើយ ។ ខ្ញុំ​មាន​អារម្មណ៍​រំភើប ។ ខ្ញុំ​បាន​រៀន​ថាទោះ​បី​ជា​ខ្ញុំ​ធ្វើ​កំហុស​ក្ដី ក៏​ខ្ញុំ​អាច​ប្រែក្លាយ​វា​ទៅ​ជា​អ្វី​ដែល​ស្រស់ស្អាត ។ វា​ស្ទើរ​តែ​ដូច​ជា​ការផាត់​រូប​អ៊ីចឹង ។ នៅ​ពេល​ដែល​វិចិត្រករ​ធ្វើ​កំហុស​មួយ ពួកគេ​អាច​ធ្វើ​ឲ្យ​វា​ក្លាយ​ទៅ​ជា​អ្វី​មួយ​ថ្មី​វិញ ។ ពេល​ខ្លះ ខ្ញុំ​បាន​ធ្លាក់​កាំបិត​ភ្លើង​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​រើស​វា​ឡើង​វិញ ហើយ​រាំ​បន្ត​ទៀត ។

ការលើក​ទឹកចិត្ត​ខ្លួន​ឯង​បាន​ជួយ​ដល់​ការភយ័​ខ្លាច​របស់​ខ្ញុំ​ជា​ច្រើន ។ ជំនួស​ឲ្យ​ការ​មានការគិត​ដូច​ជា « ចុះ​បើ​ខ្ញុំ​រាំ​ខុស​នោះ តើ​ធ្វើ​យ៉ាងណា​ទៅ ? » ខ្ញុំ​ព្យាយាម​ដើម្បី​មាន​គំនិត​បន្ថែម​ដូច​ជា « ចុះ បើសិន​ខ្ញុំ​ធ្វើ​បាន​ល្អ​វិញនោះ ! »

វា​ក៏​ក្លាយ​ជា​ទម្លាប់​សម្រាប់​ខ្ញុំ​ក្នុង​ការ​ពោលពាក្យ​អធិស្ឋាន​បន្តិច​រាល់​ពេល​មុន​ការសម្តែង​រាំ​កាំបិត​ភ្លើង ។ ការអធិស្ឋាន​ការពារ​ខ្ញុំ និង​ជួយ​ខ្ញុំ​រាំ​បាន​ល្អ ។ ពេល​ខ្ញុំ​អធិស្ឋាន ខ្ញុំ​មាន​អារម្មណ៍​ជឿជាក់​ថា ខ្ញុំ​នឹង​រាំ​បាន​ល្អ ។

យុវជន​អធិស្ឋាន​ជាមួយ​សមាជិក​គ្រួសារ

​ម៉ាន៉ាសេ ធី អាយុ ១២​ឆ្នាំ

មុន​ពេល​ខ្ញុំ​រាំ​កាំបិត​ភ្លើង ជា​ទូទៅ​ខ្ញុំ​ភ័យ ។ រាល់​ពេល​ពីមុន​ខ្ញុំ​បន្ត​ទៅ​ទៀត ខ្ញុំ​អធិស្ឋាន ។ មាន​ពេល​ម្តង មុន​ពេល​ខ្ញុំ​ចាប់ផ្តើម​ខ្ញុំ​បាន​អធិស្ឋាន ហើយ​ខ្ញុំ​មាន​អារម្មណ៍​កក់ក្តៅ និង​មិន​ភ័យ​ឡើយ ។ នៅពេល​ដែល​ខ្ញុំ​រាំ ខ្ញុំ​មាន​អារម្មណ៍​ថា មាន​នរណា​ម្នាក់​កំពុង​ឈរ​នៅ​ក្បែរ​ខ្ញុំ ។

ការអធិស្ឋាន​ពិត​ជា​ជួយ​ខ្ញុំ​មិន​ឲ្យ​មាន​អារម្មណ៍​ភ័យ ។ បន្ទាប់​ពី​ខ្ញុំ​អធិស្ឋាន ខ្ញុំ​ដឹង​ថា​ខ្ញុំ​កំពុង​តែ​រីករាយ !

យុវជន​ជាមួយ​គប់​ភ្លើង

ការចែកចាយ​សារ​នៃ​សេចក្តី​ស្រឡាញ់

កាវីគី អេ អាយុ ១៥​ឆ្នាំ

កាល​ពី​រដូវ​ក្តៅ​មុន​នេះ យើង​បាន​សម្តែង​របាំរាំ​កាំបិត​ភ្លើង​នៅ​ប្រទេសរូម៉ានី និង​ប៊ុលហ្គារី ។ ប៉ា​របស់​ខ្ញុំ​តែងតែ​ឲ្យ​ពួក​យើង​រៀន​បទ « សេចក្តី​ស្រឡាញ់​នៅ​ក្នុង​ផ្ទះ » ( ទំនុក​តម្កើង លេខ ១៨២ ) ជា​ភាសា​នៃ​ប្រទេស​ដែល​យើង​ទៅ ។ យើង​ធ្វើ​បែប​នេះ ដើម្បី​យើង​អាច​ច្រៀង​បទ​នោះ​ជាមួយ​គ្នា​ជា​គ្រួសារ​បន្ទាប់​ពី​យើង​សម្តែង​ចប់ ។

ខ្ញុំ​គិត​ថា​សារ​នៃ​បទ សេចក្តី​ស្រឡាញ់​នៅ​ក្នុង​ផ្ទះ មាន​សារៈសំខាន់ ព្រោះ​វា​ដាស់តឿន​យើង​ឲ្យ​មាន​សេចក្តីស្រឡាញ់​នៅ​គ្រប់​ទី​កន្លែង​ដែល​យើង​ទៅ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​លើក​ស្ទួយ​ដល់​មនុស្ស​ដទៃ​ទៀត និង​ធ្វើ​ឲ្យ​ពួកគេ​សប្បាយ​រីករាយ ។ ហើយ​ទោះ​បី​ជា​ពេល​ខ្លះ ពួកគេ​មិន​អាច​និយាយ​ភាសា​របស់​ខ្ញុំ​ក៏​ដោយ ក៏​ខ្ញុំ​ដឹង​ថា ពួកគេ​ទទួល​អារម្មណ៍​ពី​ដំណឹងល្អ​តាមរយៈ​ការចែកចាយ​ទេពកោសល្យ​របស់​យើង ។

យុវជន​បង្វិល​គប់​ភ្លើង

ណៃណៅ អេ អាយុ ១៣​ឆ្នាំ

សារ​នៃ​សេចក្តី​ស្រឡាញ់​នៅ​ក្នុង​ផ្ទះ មាន​សារៈសំខាន់​ពីព្រោះ​ប្រសិន​បើ​មនុស្ស​មិន​ដឹង​ថា មាន​សេចក្តីស្រឡាញ់​នៅ​ជុំ​វិញ​ពួកគេ​ទេ នោះ​ពួកគេ​ប្រហែល​ជា​វេទនា​ហើយ ។ នៅ​ពេល​មាន​សេចក្តីស្រឡាញ់​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ត និង​ស្ងប់ចិត្ដ ។

យុវជន

ការចែក​ចាយ​ពន្លឺ​តាមរយៈ​ទេពកោសល្យ

របាំ​កាំបិត​ភ្លើង​គឺ​ជា​វិធី​មួយ​ដែល​យុវជន​ទាំង​នេះបញ្ជាំង​ពន្លឺ​របស់​ពួកគេ និង​ចែកចាយ​ទេពកោសល្យ​របស់​ពួកគេ​ជាមួយ​អ្នក​ដទៃ ។ ណៃណៅ និយាយ​ថា « ខ្ញុំ​បាន​សម្តែង និង​ចែកចាយ​ទេពកោសល្យ​របស់​ខ្ញុំ​នៅ​ជុំ​វិញ​ពិភពលោក​ជាមួយ​គ្រួសារ​របស់​ខ្ញុំ ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ក្នុង​ចិត្ត​ដោយ​ដឹង​ថា ប្រសិន​បើ​ប្អូនៗ​ចែកចាយ​ទេពកោសល្យ​របស់​ប្អូន នោះ​ប្អូនៗ​នឹង​លើក​ស្ទួយ​អ្នក​ដទៃ​ឡើង » ។

បងប្រុស​របស់ ណៃណៅ ឈ្មោះកាវីគី និយាយ​ថា របាំ​កាំបិតភ្លើង​រំឭក​គាត់​ពី​របៀប​ដែល​ពន្លឺ​បំភ្លឺ​ក្នុង​ភាពងងឹត ។ ចំពោះ​គាត់ ការចែកចាយ​ទេពកោសល្យ​របស់​គាត់ គឺ​ដូច​ជា​ការចែកចាយ​ពន្លឺ​របស់​គាត់​ជា​មួយ​ប្អូន​ដទៃ​ដែរ ។

យ៉ូសែប និយាយ​ថា​នៅ​ពេល​យើង​បញ្ចាំង​ពន្លឺ គឺ​យើង​បញ្ចាំង​ពន្លឺ​សម្រាប់​ព្រះវរបិតាសួគ៌ ។ « នៅពេល​យើង​ចែកចាយ​អ្វី​ដែល​យើង​មាន នោះ​យើង​មិន​ត្រឹមតែ​ផ្ដល់​ពរជ័យ​ដល់​ខ្លួន​ឯង​ ឬ​ផ្តល់​ពរជ័យ​ដល់​ប្អូន​ដែល​យើង​កំពុង​ចែកចាយ​ទេពកោសល្យ​របស់​យើង​ជា​មួយ​នោះ​ប៉ុណ្ណោះ​ទេ គឺ​យើង​ថែម​ទាំង​ថ្វាយ​នូវ​ការសរសើរ​ដល់​ព្រះវរបិតាសួគ៌​របស់​យើង​ថែម​ទៀត​ផង » ។

វីវៀន និយាយ​ថា ជីតា​របស់​នាង​តែងតែ​ចែកចាយ​ខ​គម្ពីរ ម៉ាថាយ ៥:១៦ ដែល​និយាយ​អំពី​ការឲ្យ​ពន្លឺ​របស់​យើង​ភ្លឺ​នៅ​មុខ​មនុស្ស​លោក ។ « ខ្ញុំ​គិត​ថា វា​ជា​ខគម្ពីរ​មួយ​ដ៏​ល្អ ពីព្រោះ​ប្អូន​មិន​ចាំបាច់​ជាមនុស្ស​ពូកែ​ខាងរបាំរាំ​កាំបិត​ភ្លើង​ដើម្បី​ចែកចាយ​ដំណឹង​ល្អ​នោះ​ទេ ។ ប្អូន​អាច​ពូកែ​ជាមួយ​អ្វី​ក៏​បាន ហើយ​ប្រើប្រាស់​ទេពកោសល្យ​របស់​ប្អូន​ដើម្បី​ចែកចាយ​ដំណឹង​ល្អ​តាម​របៀប​នោះ​ទៅ » ។