« ផែនការដ៏មហិមា » ទស្សនាវដ្ដីប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៦ ទំព័រ ៤–៧ ។
ផែនការដ៏មហិមា
មុនពេលយើងមកផែនដីនេះ ព្រះវរបិតាសួគ៌មានផែនការដ៏មហិមាសម្រាប់យើង ។ យើងនឹងកើតមក ហើយ រៀន និងរីកចម្រើននៅលើផែនដី ។ យើងអាចដើរតាមផ្លូវនៃសេចក្ដីសញ្ញា របស់ទ្រង់ ហើយ ជ្រើសរើសធ្វើល្អ ។
ព្រះវរបិតាសួគ៌បានជ្រាបដឹងថាយើងប្រាកដជានឹងត្រូវការជំនួយ ។ ទ្រង់ជ្រាបដឹងថាពេលខ្លះយើងនឹងធ្វើរឿងមិនល្អ ហើយប្រព្រឹត្តិអំពើបាប ។ យើងមិនអាចត្រឡប់ទៅរកទ្រង់វិញបានទេ ប្រសិនបើយើងមិនស្អាតស្អំ ។
យើងត្រូវការនរណាម្នាក់ដែលជាមនុស្សពិសេស ដើម្បីជួយយើងឲ្យជ្រះស្អាតពីអំពើបាបរបស់យើង ។ ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រាបង្កើតខាងវិញ្ញាណដំបូងគេរបស់ព្រះវរបិតាសួគ៍ ។ ទ្រង់បានយល់ព្រមចុះមកផែនដីនេះ ហើយជួយសង្គ្រោះយើងពីអំពើបាប ។
អស់រយៈពេលរាប់រយឆ្នាំ មនុស្សបានរង់ចាំការប្រសូត្រមករបស់ព្រះយេស៊ូវ ។ ទីបំផុតផ្កាយថ្មីមួយបានរះភ្លឺឡើងនៅលើមេឃ ដើម្បីប្រាប់ពិភពលោកថាព្រះអង្គសង្គ្រោះបានប្រសូត្រហើយ ។
នៅពេលដែលព្រះយេស៊ូវចម្រើនព្រះជន្មឡើង ទ្រង់បានបង្រៀនមនុស្សនូវដំណឹងល្អ ។ ទ្រង់មានព្រះទ័យសណ្ដោស និងក្ដីស្រឡាញ់ ។ ទ្រង់បានប្រសិទ្ធពរដល់កុមារៗជាច្រើន ។
ទ្រង់បានបង្រៀនយើងថា យើងគួរតែធ្វើតាមទ្រង់ និងប្រព្រឹត្តិចំពោះអ្នកដទៃដូចដែលទ្រង់បានប្រព្រឹត្តិលើគេ ។ ទ្រង់បានព្យាបាលអ្នកឈឺ ។ ទ្រង់បានប្រោសមនុស្សឲ្យរស់ឡើងវិញពីសេចក្ដីស្លាប់ ។
ព្រះយេស៊ូវបានជ្រាបដឹងថា វាជាពេលវេលាដើម្បីឲ្យទ្រង់សម្ដែងអព្ភូតហេតុដ៏អស្ចារ្យបំផុត ។ ទ្រង់បានយាងទៅសួនច្បារគែតសេម៉ានី ហើយបានអធិស្ឋាន ។ ទ្រង់បានរងការឈឺចាប់នៃអំពើបាប ទុក្ខសោក និងជំងឺទាំងអស់របស់យើង ។
មនុស្សមួយចំនួនបានខឹងសម្បារនឹងព្រះយេស៊ូវ ។ ពួកគេមិនចូលចិត្តអ្វីដែលទ្រង់បានបង្រៀន ហើយមិនជឿថាទ្រង់ជាបុត្រារបស់ព្រះនោះទេ ។ ព្រះយេស៊ូវត្រូវបានគេចាប់ហើយត្រូវបានគេដំដែកគោលឆ្កាង ហើយបានសុគតនៅលើឈើឆ្កាង ។
មិត្តភក្ដិរបស់ព្រះយេស៊ូវបានសោកសៅយ៉ាងខ្លាំង ។ ពួកគេបានដាក់ទ្រង់នៅក្នុងផ្នូរមួយ ហើយបានរមៀលដុំថ្មបិទមាត់ផ្នូរ ។
បីថ្ងៃក្រោយមក ស្ត្រីមួយចំនួនបានទៅឯផ្នូរ ។ ថ្មត្រូវបានរំកិលចេញ ហើយផ្នូរនៅទទេស្អាត ។ ម៉ារីម៉ាក់ដាឡែនបានចាប់ផ្តើមយំ ដោយសារតែសាកសពរបស់ព្រះយេស៊ូវបានបាត់ទៅ ។ បុរសចិត្តល្អម្នាក់នៅក្បែរនោះ បានសួរនាងថាហេតុអ្វីបានជានាងយំ ។ នៅពេលដែលនាងប្រាប់គាត់ គាត់បានហៅនាងដោយឈ្មោះ ។ នាងបានសម្លឹងមើលទៅគាត់ ហើយឃើញថាគាត់គឺជាព្រះយេស៊ូវ ! ទ្រង់បានមានព្រះជន្មរស់ឡើងវិញម្តងទៀត !
នៅបុណ្យអ៊ីស្ទើរយើងប្រារព្ធពិធីរំឭកចាំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើសម្រាប់យើង ។ ដោយសារតែទ្រង់បានរងទុក្ខសម្រាប់យើង ទើបយើងអាចប្រែចិត្ត និងបានជ្រះស្អាត ។ ដោយសារតែទ្រង់បានមានព្រះជន្មរស់ឡើងវិញ ទើបយើងទាំងអស់គ្នានឹងរស់ឡើងវិញម្តងទៀត ! ដោយសារទ្រង់ នោះយើងអាចរស់ទៅនៅជាមួយព្រះវរបិតាសួគ៌ម្ដងទៀត និងជាមួយក្រុមគ្រួសាររបស់យើងជារៀងរហូត ។
រចនារូបភាពដោយ ម៉ាត ស្វីនី អាចត្រូវបានថតចម្លងសម្រាប់ការប្រើប្រាស់ក្នុងសាសនាចក្រតែប៉ុណ្ណោះ ។