ប្រិយមិត្ត
សប្តាហ៍​ដ៏​បរិសុទ្ធ​របស់ មីអា
ខែ​មីនា ឆ្នាំ​២០២៦


« សប្តាហ៍​ដ៏​បរិសុទ្ធ​របស់ មីអា » ​ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៦ ទំព័រ ១២–១៣ ។

សប្តាហ៍​ដ៏​បរិសុទ្ធ​របស់ មីអា

រាល់​ថ្ងៃ​បាន​ជួយ​យើង​ឲ្យ​ចងចាំ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

ដំណើររឿង​ពិត​មកពី ស.រ.អា.

យើង​បាន​ចាប់ផ្តើម​ត្រៀម​ខ្លួន​មួយ​សប្តាហ៍​មុន​សម្រាប់​បុណ្យ អ៊ីស្ទើរ ! ប៉ា​បាន​និយាយ​ថា មួយ​សប្តាហ៍​មុន​បុណ្យអ៊ីស្ទើរ​ត្រូវ​បាន​គេ​ហៅថា សប្តាហ៍​ដ៏​បរិសុទ្ធ ម៉ាក់​បាន​និយាយ​ថា​នឹង​មាន​ការភ្ញាក់ផ្អើល​ខ្លះ​នៅលើ​តុ​បាយ​ជា​រៀងរាល់​ថ្ងៃ ។ របស់​នីមួយៗ​នឹង​ជួយ​យើង​ឲ្យ​ចងចាំ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​នឹង​សរសេរ​អំពី​វា​ទាំងអស់​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់ខ្ញុំ !

នៅ​ថ្ងៃ​ដំបូង ពួកយើង​មាន ស្លឹកឈើ​ធ្វើ​ពី​ក្រដាស ។

ម៉ាក និង​ប៉ា​បាន​អាន​រឿង​ថ្ងៃអាទិត្យ​ធាង​ចាក នៅក្នង​ព្រះគម្ពីរ ។ នៅពេល​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​យាងទៅ​ទីក្រុង យេរូសាឡិម ប្រជាជន​បាន​គ្រវី​ធាងចាក ហើយ​ស្រែក​ឡើង​ថា « ហូសាណា ! »

ប្អូនស្រី​របស់​ខ្ញុំ លូស៊ី បាន​កាន់​រូបភាព​របស់ព្រះយេស៊ូវ​ជិះ​លា ។ ពួកយើង​គ្រប់គ្នា​គ្រវី​ធាងចាក​ដែលធ្វើ​ពី​ក្រដាស ។ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ ពេល​ដែល​ខ្ញុំ​ស្រមៃ​ថា​ខ្ញុំ​បាន​កំពុង​ស្វាគមន៍​ព្រះយេស៊ូវ ។

នៅ​ថ្ងៃ​ទី​ពីរ ពួកយើង​មាន ថង់សម្រាម ។

ព្រះយេស៊ូវ​មាន​ការខឹងសម្បារ​ដែល​មនុស្ស​កំពុង​លក់​ដូរ​នៅក្នុង​ព្រះវិហារ ដូច្នេះ​ទ្រង់​បាន​បណ្ដេញ​ពួកគេ​ចេញ ។ យើង​បាន​ដើរ​រើស​សម្រាម​ចេញ​ពី​គុម្ពោត​ព្រៃ​នៅ​ជុំវិញ​ព្រះវិហារ ។ ខ្ញុំ​សប្បាយចិត្ត​ដែល​យើង​អាច​ជួយ​ថែរក្សា​ដំណាក់​របស់​ព្រះ !

នៅ​ថ្ងៃ​ទី​បី ពួកយើង​មាន ដីឥដ្ឋ ។

ម៉ាក់​អាន​ដំណើរ​រឿង​ទាំងឡាយ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រាប់​ដល់​មនុស្ស ។ យើង​បាន​ស្តាប់ និង​បាន​ប្រើ​ដីឥដ្ឋ​ដើម្បី​សូន​រូបផ្សេងៗ​ដូច​ដែល​មាន​ក្នុង​ដំណើរ​រឿង ។ លូស៊ី​បាន​សូន​សត្វចៀម​មួយ ព្រោះ​ព្រះយេស៊ូវ​គឺជា​អ្នកគង្វាលចៀម​ដ៏​ល្អ​មួយ​អង្គ ។ ខ្ញុំ​បាន​សូន​រូប​ចង្កៀន​តូច​មួយ ។ វា​បាន​ជួយខ្ញុំ​ឲ្យ​ចងចាំ​ដើម្បី​រក្សា​ដួងចិត្ត​របស់​ខ្ញុំ​ឲ្យ​ពោរពេញ​ដោយ​សេចក្តីជំនឿ ។

នៅ​ថ្ងៃ​ទី​បួន យើង​មាន ដើមឈើឯម.

ប៉ា​បាន​ប្រាប់​ពួកយើង​អំពី​របៀប​ដែល​ម៉ារី​បាន​ផ្តល់​ប្រេង​ពិសេស​ដល់​ព្រះយេស៊ូវគ្រីស្ទ​សម្រាប់​ព្រះបាទា​របស់​ទ្រង់ ។ ក្លិន​របស់​វា​បាន​សាយ​ភាយ​ពេញ​ផ្ទះ​ទាំងមូល ។

ពួកយើង​មិន​មាន​ប្រេង​ពិសេស​នេះ​ទេ ។ ជំនួស​មក​វិញ ពួកយើង​បាន​ប្រើ​ដើមឈើឯម ដើម្បី​ធ្វើ​នំ ។ ម៉ាក់​បាន​និយាយ​ថា នៅពេល​ពួកយើង​ធុំ​ក្លិន ដើមឈើឯម ចេញ​ពី​នំ​ដែល​ពួកយើង​ដុត ពួកយើង​គួរតែ​គិត​ពី​អ្វី​ដែល​យើង​អាច​ផ្តល់​ឲ្យ​ព្រះយេស៊ូវ​បាន ។

នៅ​ថ្ងៃ​ទី​ប្រាំ ពួកយើង​មាន ទៀន ។

ពួកយើង​បាន​ដុត​ទៀន ហើយ​ច្រៀង​ចម្រៀង​មួយ​បទ ដូច​ដែល​ព្រះយេស៊ូវគ្រីស្ទ និង​សាវក​របស់ទ្រង់​បាន​ច្រៀង​នៅ​អាហារ​ពេលល្ងាច​ចុងក្រោយ ។ យើង​បាន​ញ៉ាំ​នំប៉័ងភីតា និង​ផឹក​ទឹកទំពាំងបាយជូរ​ដើម្បី​ចងចាំ​ពី​ពិធី​សាក្រាម៉ង់​ដំបូង ។ ពួកយើង​ក៏​បាន​ញ៉ាំ​ផ្លែទទឹម ដើម្បី​រំឭក​ពួកយើង​ពី​លោហិត​របស់​ព្រះយេស៊ូវ និង​ផ្លែអូលីវ រំឭក​ពី​សួនច្បារ​គែតសេម៉ានី ។

ខណៈ​ដែល​ពួកយើង​កំពុង​អង្គុយ​ញ៉ាំ​ក្នុង​ផ្ទះ ផ្គររន្ទះ​លាន់​ឮ​ឡើង​នៅ​ខាងក្រៅ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព ហើយ​ពេញដោយ​អំណរគុណ​ដោយ​ដឹង​ថា​ព្រះយេស៊ូវ​បាន​ប្រឈម​មុខ​នឹង​ព្យុះ​ងងឹត​បំផុត​រួច​ទៅ​ហើយ ។

នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ពួកយើង​មាន ផើងផ្កា​មួយ ។

ពួកយើង​បាន​អាន​អំពី​សាច់រឿង​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​សុគត​ជំនួស​ពួកយើង ។ បន្ទាប់​មក​ពួកយើង​បាន​យកផើងផ្កា ទទេ​​ទៅ​ដាក់​នៅ​ក្នុង​សួនច្បារ ហើយ​ផ្អៀង​វា​ទៅ ដូច​ជា​ផ្នូរ​មួយ ។ ពួកយើង​បាន​ដាក់​ដី និង​ថ្ម​នៅ​ជុំវិញ​ផើង ប៉ុន្តែ​ទុក​ឲ្យ​មាត់​ផើង​ផ្កា​ចំហ​ដោយ​មិន​គ្រប​អ្វី​ពី​លើ​ឡើយ ។ ម៉ាក់​បាន​ឲ្យ​យើង​នូវ​របស់​មួយ​តំណាង​ឲ្យ​ព្រះកាយ​របស់​ព្រះយេស៊ូវ ។ ពួកយើង​បាន​រុំ​វា​ជាមួយ​នឹង​ផ្ទាំង​ក្រណាត់ស​ដោយ​គារវភាព ហើយ​ដាក់​វា​ចូល​ទៅក្នុងផើងផ្កា ។

ទោះបី​ជា​វា​គ្រាន់​តែ​ជា ផើងផ្កា​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​មាន​អារម្មណ៍​សោកសៅ​ពេល​ដែល​គ្រប​មាត់​ផើង​ដោយ​ដុំថ្ម ។

នៅ​ថ្ងៃ​ទី​ប្រាំពីរ ពួកយើង​មាន ក្រដាស ដែល​មាន​ឈ្មោះ​បុព្វការីជន​របស់​ពួកយើង​នៅ​លើ​នោះ ។

ម៉ាក់​បាន​និយាយ​ថា បន្ទាប់​ពី​ព្រះយេស៊ូវគ្រីស្ទ​បាន​សុគត​ទៅ ទ្រង់​បាន​រៀបចំ​ការងារ​ផ្សព្វផ្សាយ​សាសនា​នៅ​ពិភពវិញ្ញាណ ។ ដូច្នេះ​អ្នក​ទាំងឡាយ​ណា​ដែល​មិន​បាន​រៀន​ពី​ដំណឹងល្អ​របស់​ទ្រង់​នៅលើ​ផែនដី នៅ​តែ​អាច​មាន​ឱកាស​រៀន​ពី​ទ្រង់ ។ នៅក្នុង​ព្រះវិហារបរិសុទ្ធ ពួកយើង​អាច​ធ្វើ​បុណ្យជ្រមុជទឹក​ឲ្យ​អ្នក​ដែល​មិន​ទាន់​បាន​ធ្វើ​បុណ្យជ្រមុជទឹក​ពី​មុន​ពេល​ពួកគេ​ស្លាប់​ទៅ ។

លូសី និង​ខ្ញុំ​មិន​ទាន់​មាន​អាយុ​គ្រប់គ្រាន់​ដើម្បី​ចូល​ទៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​នៅ​ឡើយ​ទេ ប៉ុន្ដែ​ពួកយើង​បាន​ជួយ​កាត់​ប័ណ្ណ​ឈ្មោះ​អ្នក​ដែល​ត្រូវ​ទទួល​ពិធីការ​ក្នុង​ព្រះវិហារបរិសុទ្ធ​ដែល​បាន​ព្រីន​ចេញ​មក ។ ម៉ាក និង​ប៉ា​បាន​ប្ដូរ​វេន​គ្នា​ដើម្បី​ធ្វើ​ពិធីការបរិសុទ្ធ ដល់​អ្នក​ដែល​មាន​ឈ្មោះ​នៅលើ​ប័ណ្ណ ហើយពួកគាត់​ដើរ​ជុំវិញ​បរិវេណ​ខាងក្រៅ​ព្រះវិហារបរិសុទ្ធជាមួយ​ពួកយើង ។ សូម្បី​តែ​នៅ​បរិវេណ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ ក៏​វា​មាន​អារម្មណ៍​ថា​ដូចជា​ស្ថានសួគ៌​ដែរ ។

នៅ​ថ្ងៃ​បុណ្យអ៊ីស្ទើរ ពួកយើង​បាន​រក​ឃើញ ផ្នូរ​ទទេ​មួយ ។

នៅ​ព្រឹក​នៃ​ថ្ងៃ​បុណ្យអ៊ីស្ទើរ​ ថ្ម​ដែល​គ្រប​មាត់​ផើងផ្កា​បាន​បាត់ ហើយ​ក្រណាត់​ស​នៅ​ទទេ​ស្អាត ។ មាន​កាត​មួយ​ដែល​សរសេរ​ថា ទ្រង់​រស់​ឡើង​វិញ !

ខ្ញុំ​បាន​ដឹង​រួច​ទៅ​ហើយ​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ហេតុផល​នៃ​បុណ្យអ៊ីស្ទើរ ។ បន្ទាប់​ពី​បាន​ប្រារព្ធ​សប្តាហ៍​ដ៏​បរិសុទ្ធ​មក ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ស្គាល់​ទ្រង់​ប្រសើរ​ជាង​មុន​ដែរ ។

សាច់រឿង​ជា​ភី​ឌី​អែហ្វ ជាមួយ​នឹង​ទំព័រ​ទិនានុប្បវត្តិ គំនូរព្រាងតូចៗ និង​រូបភាព​របស់​ព្រះយេស៊ូវគ្រីស្ទ

រចនា​រូបភាព​ដោយ មេលីសា កាស៊ីវ៉ាហ្គ អាច​ត្រូវ​បាន​ថតចម្លង​ប្រើប្រាស់​សម្រាប់​សាសនាចក្រ​តែប៉ុណ្ណោះ។