Relief Society Devotionals
ការរក្សា​ការតាំងចិត្ត​នៅពេល​ប្រឈមមុខ​នឹង​ការអាក់អន់​ចិត្ត ការឈឺចាប់ ឬ​ការសាកល្បង​ទាំងឡាយ ៖ អ៊ីម ម៉ាទីន


3:32

ការរក្សា​ការតាំងចិត្ត​នៅពេល​ប្រឈមមុខ​នឹង​ការអាក់អន់​ចិត្ត ការឈឺចាប់ ឬ​ការសាកល្បង​ទាំងឡាយ ៖ អ៊ីម ម៉ាទីន

ការប្រជុំ​ធម្មនិដ្ឋាន​សមាគម​សង្គ្រោះ ឆ្នាំ២០២៦ ៖ ការប្រមូលផ្តុំ​ស្ត្រី​នៅ​ទូទាំង​ពិភពលោក

ថ្ងៃ​អាទិត្យ ទី៨ ខែ​មីនា ឆ្នាំ​២០២៦

ខ្ញុំ​បានរៀន​ក្នុង​ជីវិត​ដ៏​ខ្លី​របស់ខ្ញុំ ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះអម្ចាស់​ដឹកនាំ​ខ្ញុំ ដើរ​ក្បែរ​ខ្ញុំ និង​អនុញ្ញាត​ឲ្យ​ទ្រង់​ណែនាំ​ខ្ញុំ ។ ជា​ពិសេស​នៅ​ពេល​មាន​គ្រា​លំបាក ដើម្បី​ឲ្យ​ទ្រង់​ក្លាយ​ជា​យុថ្កា​របស់ខ្ញុំ ជា​កម្លាំង​របស់ខ្ញុំ ។ វា​មិន​តែងតែ​ងាយស្រួល​នោះទេ ។ ពេលខ្លះ​ចិត្ត​យើង​ចង់​នៅ​រឹងរូស ។ យើង​មាន​អារម្មណ៍​ថា​ត្រឹមត្រូវ នៅពេល​ដែល​យើង​ឈឺចាប់ ។ ប៉ុន្តែ​វិធី​ល្អ​បំផុត​ដើម្បី​ឈាន​ទៅ​មុខ​គឺ ត្រូវ​អនុញ្ញាត​ដោយ​ស្មោះត្រង់​ឲ្យ​ទ្រង់​ស្រឡាញ់​យើង ។

ខ្ញុំ​គិត​អំពី​ពេលវេលា​មួយ ក្នុង​ការបម្រើ​ដល់​ព្រះ និងសាសនាចក្រ​របស់​ទ្រង់ ខ្ញុំ​បាន​ខិតខំ​ធ្វើជា​ខ្លួនឯង​ឲ្យ​ល្អបំផុត ប៉ុន្តែ​គេ​មិន​ទទួលយក​ខ្ញុំ​បាន​ល្អ​នោះទេ ។ ហើយមិន​ត្រឹមតែ​មិន​ទទួល​បានល្អ​នោះទេ ប៉ុន្តែ—ខ្ញុំ​ក៏​បាន​ជួប​នឹង​ការវិនិច្ឆ័យ​ខុស និង​ការប្រព្រឹត្ត​មិនល្អ​ជាច្រើន រហូត​ដល់​ថ្នាក់​វា​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា « តើ​ខ្ញុំ​ត្រូវ​បន្ត​បម្រើ​ដែរ​ឬ​ទេ ? តើ​នេះ​ជា​កន្លែង​សម្រាប់​ខ្ញុំ​ដែរ​ឬ​ទេ ? » ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​ស្ថិត​នៅ​ចំណុច​បែកបាក់​ខាង​វិញ្ញាណ​របស់ខ្ញុំ ហើយ​ខ្ញុំ​មាន​ការសម្រេចចិត្ត​មួយ​ដែល​ត្រូវ​ធ្វើ ។ តើ​ខ្ញុំ​អនុញ្ញាត​ឲ្យ​ព្រះអម្ចាស់​ស្រឡាញ់​ខ្ញុំ ឬ​តើ​ខ្ញុំ​ស្វែងរក​ការលួងលោម​ពី​ប្រភព​ផ្សេង​ទៀត ?

ហើយ​ដោយ​ការជញ្ជឹងគិត ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវការ និង​ចង់បាន​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់ខ្ញុំ និង​ពរជ័យ​របស់​ទ្រង់​ដែល​ទ្រង់​នឹង​ប្រទាន​ដល់​ខ្ញុំ ច្រើនជាង ។ ថា​ខ្ញុំ​ចង់​បាន​ពរជ័យ​នៃ​ពិធី​សាក្រាម៉ង់​ប្រចាំ​សប្តាហ៍ និង​ការពង្រឹង​ខាងវិញ្ញាណ​ដែល​ពិធី​សាក្រាម៉ង់​មាន​សម្រាប់​ព្រលឹង​ខ្ញុំ ។ ការអាច​ចូល​ទៅ​ព្រះវិហារ​បរិសុទ្ធ និង​សេចក្ដីសញ្ញា​នៅក្នុង​នោះ ។ ដូច្នេះ​ហើយ នៅពេល​ដែល​ខ្ញុំ​បន្ដរក្សា​រឿង​នោះ​ធ្វើជា​ការផ្តោត​របស់ខ្ញុំ នោះ​វា​បាន​ជួយ​ខ្ញុំ​ឲ្យ​អភ័យទោស ។ វា​បាន​ជួយ​ខ្ញុំ​ឲ្យ​មើល​រំលង​ភាពមិន​ឥតខ្ចោះ​នៃ​ការប្រព្រឹត្ត​មិនល្អ​ទាំងនោះ ហើយ​ទទួលស្គាល់​ថា​ខ្ញុំ​នៅ​ទីនេះ​សម្រាប់​គោលបំណង​ធំ​ជាង ។ ថា​ខ្ញុំ​នៅ​ទីនេះ​ដើម្បី​ទទួល​បាន​ពរជ័យ ហើយ​សង្ឃឹម​ថា​ខ្ញុំ​នឹង​ក្លាយជា​ពរជ័យ​ដល់​អ្នក​ដទៃ​ទៀត ។ ដើម្បី​កុំ​ឲ្យ​រឿង​នេះ​ក្លាយ​ជា​ឧបសគ្គ ប៉ុន្តែ​ជា​ថ្ម​សម្រាប់​ជាន់​បោះ​ជំហាន​នៅ​ក្នុង​សេចក្តី​ជំនឿ​របស់ខ្ញុំ ។ ដូច្នេះហើយ នៅពេល​ដែល​ខ្ញុំ​បាន​អធិស្ឋាន ហើយ​ដាក់​ការទុកចិត្ត​លើ​ព្រះអម្ចាស់ នោះ​ខ្ញុំ​បាន​រកឃើញ​កម្លាំង​ដើម្បី​លះបង់​ចោល—ដើម្បី​លះបង់​ការឈឺចាប់ ដើម្បី​កុំ​ឲ្យ​ទុក ឬ​លាក់បាំង​ការស្អប់​ដែល​កំពុង​ព្យាយាម​បំប៉ោងខ្លួន​នៅក្នុង​វិញ្ញាណ​របស់ខ្ញុំ—ប៉ុន្តែ​ត្រូវឲ្យ​ព្រះអម្ចាស់​ជួយ និង​ប្រទាន​កម្លាំង​ដល់​ខ្ញុំ​វិញ ដើម្បី​ឆ្ពោះ​ទៅមុខ​ដោយ​ស្មោះត្រង់ ។

បងប្អូន​ស្ត្រី​អើយ ព្រះអម្ចាស់​ស្គាល់​បងប្អូន ។ ព្រះអម្ចាស់​ជ្រាបដឹង​អំពី​បងប្អូន ហើយ​ទ្រង់​យក​ព្រះទ័យ​ទុកដាក់​នឹង​បងប្អូន ។ ទ្រង់​ស្គាល់​ឈ្មោះ​របស់​បងប្អូន ទ្រង់​ជ្រាបដឹង​ពី​ទុក្ខព្រួយ​របស់​បងប្អូន ទ្រង់​ស្គាល់​អំណរ​របស់​បងប្អូន ហើយ​ទ្រង់​មាន​ព្រះទ័យ​ចង់​ស្រឡាញ់​បងប្អូន ។ ទ្រង់​ចង់​ឲ្យ​បងប្អូន​អនុញ្ញាត​ឲ្យ​ទ្រង់​យាងចូល​មក ។ ទ្រង់​ជ្រាប​អំពី​បន្ទុក​ដែល​បងប្អូន​កំពុង​រែកពុន ។ ទ្រង់​ស្រឡាញ់​បងប្អូន ហើយ​ចង់​ឲ្យ​បងប្អូន​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​នោះ​ពី​ទ្រង់ ។ វា​គឺជា​អ្នកជិតខាង វា​គឺជា​បងប្អូន​ស្ត្រី វា​គឺជា​មិត្តភក្តិ​ម្នាក់ ដែល​ផ្តល់​ពរជ័យ​នៃ​ការជួយ និង​ការគាំទ្រ​នោះ ។ សូម​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​មកចុះ ។ ចូរ​ឲ្យ​ពួកគេ​ឱបក្រសោប​បងប្អូន​ក្នុង​ដៃ​នៃ​សេចក្តី​ស្រឡាញ់​របស់​ពួកគេ​តាមរយៈ​ការបម្រើ​របស់​ពួកគេ ។