ការស្វែងយល់ការរៀបចំដ៏ទេវភាពនៅក្នុងក្រុមគ្រួសាររបស់ខ្ញុំ ៖ អាន់ឌ្រា ម៉ាកខន់ឃី
ការប្រជុំធម្មនិដ្ឋានសមាគមសង្គ្រោះ ឆ្នាំ២០២៦ ៖ ការប្រមូលផ្តុំស្ត្រីនៅទូទាំងពិភពលោក
ថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦
គ្រួសារខ្ញុំមើលទៅខុសគ្នាឆ្ងាយពីអ្វីដែលខ្ញុំបានគិតទៅទៀត ។ ខ្ញុំបានបាត់បង់ស្វាមីភ្លាមៗបន្ទាប់ពីយើងបានរៀបការរួច ដូច្នេះហើយខ្ញុំបានចិញ្ចឹមកូនតែម្នាក់ឯង ។ ហើយខ្ញុំដឹងថាគំនិតនៃ « វាមើលទៅខុសពីអ្វីដែលខ្ញុំបានគិត » នេះមិនមែនជារឿងប្លែកសម្រាប់ខ្ញុំទេ ។ មានមនុស្សជាច្រើនដែលកំពុងជួបប្រទះនឹងអារម្មណ៍បែបនោះ ហើយវាអាចនាំមកនូវការឈឺចាប់យ៉ាងខ្លាំង ។ ប៉ុន្តែមានរឿងខ្លះដែលខ្ញុំបានរៀន ។ មានឱកាសពិតប្រាកដនៅក្នុងចន្លោះប្រហោង ឬនៅក្នុងភាពខុសគ្នានោះ ដើម្បីស្គាល់ព្រះហស្តរបស់ព្រះក្នុងការគាំទ្រខ្ញុំ និងប្រទានសមត្ថភាពដល់ខ្ញុំក្នុងការធ្វើរឿងដែលខ្ញុំត្រូវធ្វើ ដែលមានសារៈសំខាន់ និងដែលខ្ញុំចង់ធ្វើឲ្យបានល្អ សម្រាប់ទ្រង់ ។
មានមនុស្សជាច្រើនដែលបានចូលមកបំពេញចន្លោះប្រហោងទាំងនោះ និងដើម្បីស្រឡាញ់ និងផ្ដល់សេចក្ដីស្រឡាញ់របស់ព្រះមកដល់យើងតាមការបម្រើ និងតាមសេចក្ដីសប្បុរសដែលយើងត្រូវការ ។ ប៉ុន្តែអ្វីដែលខ្ញុំបានរៀនពិតប្រាកដនោះ គឺជាការធ្វើជាផ្នែកមួយនៃគ្រួសារដ៏អស់កល្បជានិច្ចជាមុនសិន ។ ខ្ញុំគឺជាបុត្រីរបស់ព្រះវរបិតាសួគ៌ ហើយទ្រង់បានប្រទានទំនាក់ទំនងនៃសេចក្ដីសញ្ញាដល់ខ្ញុំ ដែលថាប្រសិនបើខ្ញុំទទួលយក ហើយធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ដើម្បីពង្រឹងទំនាក់ទំនងនោះ ទ្រង់នឹងប្រទានអ្វីៗគ្រប់យ៉ាងដែលខ្ញុំត្រូវការដើម្បីចិញ្ចឹមគ្រួសារខ្ញុំ ដើម្បីធ្វើជាម្តាយដ៏ល្អបំផុតដែលខ្ញុំអាចធ្វើបាន ដើម្បីស្រឡាញ់អស់អ្នកដែលជាផ្នែកមួយនៃគ្រួសារផ្ទាល់របស់ខ្ញុំ ក្រុមគ្រួសារសាច់ញាតិជិតឆ្ងាយរបស់ខ្ញុំ និងក្រុមគ្រួសាររបស់ព្រះ ។ នៅពេលដែលខ្ញុំពង្រឹងទំនាក់ទំនងនៃសេចក្តីសញ្ញានោះ អ្វីដែលវាធ្វើ គឺវាជួយខ្ញុំឲ្យមានសេចក្តីស្រឡាញ់ច្រើនដូចជាទ្រង់ ។ ហើយការស្គាល់សេចក្ដីស្រឡាញ់របស់ព្រះនៅក្នុងជីវិតរបស់យើងគឺជាអំណោយទានដ៏មានឥទ្ធិពលមួយ ។ ហើយនៅពេលដែលខ្ញុំដឹងថា ព្រះវរបិតាសួគ៌ស្រឡាញ់ខ្ញុំខ្លាំងប៉ុនណា របៀបដែលទ្រង់អត់ធ្មត់ជាមួយខ្ញុំ និងរបៀបដែលទ្រង់សព្វព្រះទ័យចង់ឲ្យខ្ញុំនៅជិតទ្រង់ នោះវាធ្វើឲ្យទំនាក់ទំនងគ្រួសារទាំងនោះកាន់តែមានតម្លៃ និងស៊ីជម្រៅ ហើយមានតម្លៃក្នុងការធ្វើកិច្ចការនោះ ។
ដូចដែលខ្ញុំមានអារម្មណ៍ថា មានពរណាស់ដែលបានមានចំណេះដឹងអំពីព្រះ និងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះខ្ញុំ ខ្ញុំក៏មានអំណរគុណផងដែរ ដែលខ្ញុំអាចមាន និងបង្រៀនអំពីសេចក្ដីស្រឡាញ់របស់ទ្រង់ទៅដល់អស់អ្នកដែលត្រូវបានផ្ទុកផ្ដាក់លើខ្ញុំ និងអស់អ្នកដែលខ្ញុំស្រឡាញ់ ។ នោះគឺជារឿងដ៏សំខាន់បំផុត ដែលខ្ញុំចង់ឲ្យនរណាម្នាក់ដឹងអំពីខ្ញុំថា ខ្ញុំស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំដឹងថាព្រះវរបិតាសួគ៌ដែលពេញដោយក្តីស្រឡាញ់ទ្រង់ជ្រាបអំពីខ្ញុំ ។ ទ្រង់យកព្រះទ័យទុកដាក់នឹងសេចក្តីលម្អិតនៃជីវិតរបស់ខ្ញុំ ។ ហើយមូលហេតុដែលទ្រង់សព្វព្រះទ័យចង់ឲ្យខ្ញុំស្ថិតក្នុងទំនាក់ទំនងនៃសេចក្ដីសញ្ញាជាមួយនឹងទ្រង់ ហើយធ្វើការជ្រើសរើសដែលធ្វើឲ្យខ្ញុំប្រែក្លាយដូចជាទ្រង់ទាំងទ្វេ គឺដោយសារតែទ្រង់ចង់ឲ្យខ្ញុំមានសេចក្តីស្រឡាញ់ដូចជាទ្រង់ ។ វាគឺជាពរជ័យដ៏អស្ចារ្យមួយដែលអាចធ្វើដូច្នោះបាន ហើយស្គាល់ព្រះហស្តរបស់ទ្រង់នៅក្នុងសេចក្ដីស្រឡាញ់នោះ ។