Relief Society Devotionals
សេចក្តី​ស្រឡាញ់ និង​ពន្លឺ​របស់​ព្រះ​មិន​សាបសូន្យ មិន​ផ្លាស់ប្តូរ និង​មិន​ប្រែប្រួល


8:52

សេចក្តី​ស្រឡាញ់ និង​ពន្លឺ​របស់​ព្រះ​មិន​សាបសូន្យ មិន​ផ្លាស់ប្តូរ និង​មិន​ប្រែប្រួល

ការប្រជុំ​ធម្មនិដ្ឋាន​សមាគម​សង្គ្រោះ ឆ្នាំ២០២៦ ៖ ការប្រមូលផ្តុំ​ស្ត្រី​នៅ​ទូទាំង​ពិភពលោក

ថ្ងៃ​អាទិត្យ ទី៨ ខែ​មីនា ឆ្នាំ​២០២៦

បងប្អូនស្រី​ជាទី​ស្រឡាញ់​របស់ខ្ញុំ មិន​ថា​បងប្អូន​រស់នៅ​ទីកន្លែង​ណា​នៅក្នុង​ពិភពលោក​នេះឡើយ សូម​ដឹងថា​ពួកយើង​ស្រឡាញ់​បងប្អូន ហើយ​ព្រះវរបិតាសួគ៌​និង​ព្រះអង្គសង្គ្រោះ​របស់​បងប្អូន​ស្រឡាញ់​បងប្អូន ។ ខ្ញុំ​ដឹងថា ពេលខ្លះ​វា​អាច​លំបាក​នៅក្នុង​ការទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ទាំងទ្វេ ។ ខ្ញុំ​ផ្ទាល់​ក៏​ធ្លាប់​មាន​អារម្មណ៍​បែបនោះ​ផងដែរ ។ ប៉ុន្តែ​ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ដល់់​បងប្អូន​ថា សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ទាំងទ្វេ មិន​ដែល ផ្លាស់ប្តូរ​ឡើយ ។ សេចក្តី​ស្រឡាញ់​នេះ តែងតែ មាន​នៅទីនោះ​ជានិច្ច ​សូម្បីតែ​ក្នុង​អំឡុងពេល​ដ៏ងងឹត​នៅក្នុង​ជីវិត​របស់​បងប្អូន ជា​ពេល​ដែល​អាច​នឹង​ពិបាក​ក្នុង​ការទទួល​ដឹង​ពី​អារម្មណ៍​នោះ​ក្តី ។

ពួកយើង​ភាគ​ច្រើន​ចូលចិត្ត​ថ្ងៃ​ដ៏​ស្រស់ស្អាត​ដែលមាន​មេឃស្រឡះ​ព្រះអាទិត្យ​ចែងចាំង​មែនទេ ! ពណ៌​ទាំងអស់​នៃ​ធម្មជាតិ​កាន់តែ​ភ្លឺ​ស្រស់ស្អាត​នៅពេល​ព្រះអាទិត្យ​បញ្ចេញ​ពន្លឺ ។ នៅ​ថ្ងៃ​ណា​ដែល​ត្រជាក់ ពួកយើង​ចូលចិត្ត​អារម្មណ៍​ដែល​ព្រះអាទិត្យ​ចាំង​ចំ​មុខ​របស់​យើង ។ វា​ធ្វើ​ឲ្យ​យើង​ពោរពេញ​ដោយ​ភាពកក់ក្ដៅ និង​ស្រស់ស្រាយ ។ ប៉ុន្តែ​បន្ទាប់មក វា​ជារឿង​ចៀស​មិនផុត​នោះទេ ថ្ងៃ​ដែលមាន​ពពក​ដេរដាស មេឃ​ខ្មៅ ធ្លាក់​ភ្លៀង​ក៏​មកដល់ នៅពេល​ដែល​យើង​មិន​អាច​មើលឃើញ​ព្រះអាទិត្យ ឬ​មិនទទួល​អារម្មណ៍​កក់ក្តៅ​ពី​ព្រះអាទិត្យ​បាន ហើយ​ពណ៌​នៃ​ធម្មជាតិ​ទាំងអស់​បាន​បិទបាំង និង​ចុះស្រអាប់ ។ នៅ​ថ្ងៃ​ដែល​មាន​ពពក​ដេរដាស ឬ​ព្យុះបក់បោក ឬ​នៅ​ក្នុង​ពេល​ដែល​មាន​យប់​ដ៏​ងងឹត តើ​យើង​មាន​សង្ស័យ​ថា ព្រះអាទិត្យ​មាន​វត្ដមាន​ឬ​អត់​នោះ ? តើ​យើង​ខ្លាច​ថា ព្រះអាទិត្យ​នឹង​មិន​បញ្ចេញ​ពន្លឺ​ទៀត​ដែរ​ឬ​ទេ ? ប្រាកដណាស់ យើង​មិនមាន​ការគិត​ទាំងនោះ​ទេ ! យើង​ដឹង​ថា នៅពេល​ដែល​ព្យុះ ឬ​ពេល​យប់​កន្លងទៅ នៅពេល​ដែល​ពពក​បាន​រសាត់​បាត់​ទៅ នោះ​យើង​នឹង​អាច​មើលឃើញ​ពន្លឺ​រស្មី​ដ៏​ចែងចាំង​របស់​ព្រះអាទិត្យ ហើយ​នឹង​ទទួល​អារម្មណ៍​នៃ​ភាពកក់ក្ដៅ​របស់​វា​ម្ដងទៀត​ជាមិនខាន ។ ព្រះអាទិត្យ​គឺ​តែងតែ​មាន​ដដែល មិន​ផ្លាស់ប្តូរ និង​មិនប្រែប្រួល​ឡើយ ។ វា​គឺ​មាន​ជានិច្ច ។

នេះ​គឺ​ជា​ការប្រៀបប្រដូច​ដ៏​មាន​តម្លៃ​មួយ​ចំពោះ​ពន្លឺ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គសង្រ្គោះ​របស់​យើង​ចំពោះ​យើង ។ ពន្លឺ​របស់​ទ្រង់​ផ្តល់​នូវ​តថភាព និង​អត្ថន័យ​ចំពោះ​អ្វី​គ្រប់យ៉ាង​នៅ​ក្នុង​ជីវិត​របស់​យើង ។ សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ធ្វើ​ឲ្យ​ព្រលឹង​របស់​យើង​មាន​ភាពកក់ក្តៅ និង​ផ្តល់​ឲ្យ​យើង​នូវ​សេចក្តី​សង្ឃឹម​សម្រាប់​អនាគត ។ ប៉ុន្តែ​ដូចជា​ថ្ងៃ​មាន​ពពក​ដេរដាស ព្យុះ និង​ថ្ងៃ​ដ៏​ងងឹត នៅពេល​ដែល​យើង​មិនអាច​មើល​ឃើញ​ព្រះអាទិត្យ​ដែរ នៅ​ពេញ​ដំណើរ​ជីវិត​រមែងស្លាប់​របស់​យើង នោះ​នឹង​មាន​ថ្ងៃ​ដែល​មាន​ពពក​ដេរដាស ព្យុះ និង​ថ្ងៃងងឹត ជា​ពេល​ដែល​អាចនឹង​ពិបាក​នៅក្នុង​ការទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ ឬ​មើល​ឃើញ​ពន្លឺ​របស់​ទ្រង់ ។ ប្រហែល​ជា​មាន​ពេល​ខ្លះ​នៅ​ពេល​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្រ្គោះ​របស់​យើង​ហាក់​ដូចជា មិន​មាន​វត្តមាន នៅ​ក្នុង​ជីវិត​របស់​យើង ហើយ​យើង​មាន​អារម្មណ៍​ភ័យខ្លាច​ខ្លាំង​ថា ទ្រង់​ទាំងទ្វេ​បាន​បោះបង់​យើង​ចោល ថា​ទ្រង់​ទាំងទ្វេ​មិន​ស្រឡាញ់​យើង ហើយ​ថា​យើងគ្រប់​គ្នា​នៅ​ឯកា​តែ​ម្នាក់ឯង ។ សូម្បី​តែ យ៉ូសែប ស្ម៊ីធ និង​ព្រះអង្គសង្គ្រោះ​ផ្ទាល់​ក៏​បាន​ភ្លក់​នូវ​អារម្មណ៍​ថា​ត្រូវ​បាន​ព្រះ​បោះបង់ចោល​ផងដែរ ១ ។

ប៉ុន្តែ​បងប្អូនស្រី​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ដល់​បងប្អូន​ថា គ្មាន​អ្វី ដែល​អាច​បំបែក​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ឡើយ ! ពន្លឺ និង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ទាំងទ្វេ​មាន​សម្រាប់​យើង​ជានិច្ច មិន​ផ្លាស់ប្តូរ និង​មិន​ប្រែប្រួល​ឡើយ ប្រៀប​ដូច​ជា​ពន្លឺ និង​ភាពកក់ក្តៅ​នៃ​ព្រះអាទិត្យ​ដូច្នោះ​ដែរ ។ យើង​មិន​ចាំបាច់​ភ័យខ្លាច​ថា ទ្រង់​ទាំងទ្វេ​បោះបង់​យើង​ចោល​នោះ​ទេ ពីព្រោះ​ទ្រង់​ទាំងទ្វេ​នឹង​មិន​បោះបង់​យើ់ងចោល​ឡើយ ។ ការធ្វើ​ដូច្នេះ​មិនមែន​ជា​ចរិតលក្ខណៈ​របស់​ទ្រង់​ទាំងទ្វេ​ឡើយ ។

ខ្ញុំ​អាច​ចាំ​បាន​ពី​អារម្មណ៍​ឯកោ​ខ្លាំង​ណាស់​នៅពេល​ដែល​ពួកយើង​បាន​ផ្លាស់​ទៅ​រស់នៅ​ប្រទេស​ម៉ិកស៊ិក​បន្ទាប់​ពី​ស្វាមី​របស់ខ្ញុំ និង​ខ្ញុំ​បាន​រៀបការ​រួច ។ ជា​លើកដំបូង​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​រស់នៅ​ឆ្ងាយ​ពី​ផ្ទះ និង​គ្រួសារ​របស់​ខ្ញុំ ។ ខ្ញុំ​មិន​ទាន់​ចេះ​និយាយ ឬ​យល់​ភាសា​នោះ​បាន​ល្អ​នៅ​ឡើយ ខ្ញុំ​កំពុង​ពរពោះ​កូន​ដំបូង​របស់​យើង ហើយ​ភាគច្រើន​ស្វាមី​របស់​ខ្ញុំ​បាន​ចេញ​ទៅ​ធ្វើការ និង​ទៅ​សាលារៀន​ពេញ​មួយ​ថ្ងៃ ។ ខ្ញុំ​ចាំ​ថា ខ្ញុំ​មាន​អារម្មណ៍​ឯកោ ច្របូកប្របល់ និង​ភ័យខ្លាច​ខ្លាំង ។ ខ្ញុំ​ពិបាក​ក្នុងការ​ទទួល​អារម្មណ៍​ថា ព្រះវរបិតាសួគ៌​ទ្រង់​ជ្រាបដឹង​អំពី​ខ្ញុំ ។ ខ្ញុំ​មិន​អាច​ទទួល​បាន​អារម្មណ៍​កក់ក្តៅ និង​ពន្លឺ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គសង្រ្គោះ​របស់​ខ្ញុំ​បាន​ឡើយ ។ ខ្ញុំ​បាន​ចាប់ផ្តើម​មាន​អារម្មណ៍​នៃ​ភាពងងឹត បាក់ទឹកចិត្ត និង​អស់សង្ឃឹម ។

ប៉ុន្តែ​មាន​បងប្អូនស្រី​មួយ​ចំនួន​ក្នុង​សមាគម​សង្គ្រោះ​របស់​ខ្ញុំ​បាន​មក​ជួយ​សង្គ្រោះខ្ញុំ ។ ពួកគាត់​បាន​ឱបក្រសោប​ខ្ញុំ និង​ជួយ​ខ្ញុំ​ឲ្យ​ទទួល​អារម្មណ៍​ថា​ខ្ញុំ​មិន​នៅ​ឯកោ​នោះ​ទេ ។ ពួកគាត់​បាន​ផ្តល់​ការលើកទឹកចិត្ត និង​ការគាំទ្រ​ដល់​ខ្ញុំ តាមរយៈ​ស្នាមញញឹម ទឹកមុខ​អាណិតអាសូរ និង​សេចក្តី​ស្រឡាញ់​ដ៏​ទន់ភ្លន់ ទោះបី​ជា​ខ្ញុំ​មិន​អាច​យល់​ពាក្យ​សម្តី​របស់​ពួកគាត់ ហើយ​ពួកគាត់​មិន​អាច​យល់​ពី​ពាក្យសម្តី​របស់ខ្ញុំ​ក៏ដោយ ។ ប៉ុន្តែ​ដោយសារ​ខ្ញុំ​អាច​ទទួល​បាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់ និង​ការទទួល​ស្គាល់​របស់​ពួកគាត់​ដែល​មាន​ចំពោះ​ខ្ញុំ នោះ​វា​បាន​បណ្ដេញ​ពពក​នៃ​ភាពងងឹត​ដែល​កំពុង​គ្រប​លើ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ចាប់ផ្តើម​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់ និង​ការគាំទ្រ របស់​ព្រះវរបិតាសួគ៌ ចំពោះ​ខ្ញុំ​ជា​ថ្មី​ម្តង​ទៀត ។

បងប្អូនស្រី ពួក​យើង​អាច​ធ្វើ​បែប​នោះ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​បាន ។ យើង ទាំងអស់​គ្នា គឺ​ជា​បុត្រី​របស់​ព្រះមាតាបិតាសួគ៌ ហើយ​យើង ត្រូវការ គ្នាទៅវិញ​ទៅមក ។ មិន​ថា​យើង​រស់នៅ​ទី​កន្លែងណា មិន​ថា​កាលៈទេសៈ​របស់​យើង​ម្នាក់ៗ​យ៉ាងណា​នោះ​ទេ យើង មិន គួរ​មាន​អារម្មណ៍​ថា​យើង​នៅ​ម្នាក់ឯង ឬ​ឯកោ​ឡើយ ។ យើង​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ទៅ​ដោយ​បងប្អូនប្រុសស្រី​ខាងវិញ្ញាណ​របស់​យើង ។ យើង​ទាំងអស់​គ្នា​បាន​មក​ដល់​ផែនដី​នៅ​ក្នុង​ពេលនេះ​ជា​មួយ​គ្នា ហើយ​យើង​ពិត​ជា​ត្រូវការ​គ្នា​យ៉ាង​ខ្លាំង ។ ការល្បួង​ឲ្យ​ប្រៀបធៀប និង​វិនិច្ឆ័យ​គ្នាទៅវិញ​ទៅមក​គឺ​មាន​មកពី​អារក្ស ។ វា​ចង់​បំបែក​យើង ពីព្រោះ​វា​ដឹង​ពី​កម្លាំង​ដ៏​អស្ចារ្យ​ដែល​នឹង​កើតឡើង​នៅ​ពេល​ដែល​យើង​មាន​សាមគ្គីភាព សេចក្តីស្រឡាញ់ និង​គាំទ្រ​គ្នាទៅវិញ​ទៅមក ។ យើង​អាច​ជួយ​គ្នា​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង នៅ​ពេល​យើង​ព្យាយាម​រួបរួមគ្នា​ក្នុង​នាម​ជា​បុត្រី​របស់​ព្រះ ។ ចូរ​យើង​ស្រាក់​ដៃគ្នា ជួយ​គ្នា ហើយ​ដើរ​ទៅ​ផ្ទះ ជា​មួយ​គ្នា ។

ខ្ញុំ​ជឿថា ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្រ្គោះ​របស់​យើង​តែងតែ​ផ្ញើសារ​នៃ​សេចក្តីស្រឡាញ់ និង​សារ​គាំទ្រ​មក​កាន់​យើង ប៉ុន្តែ​ជា​ច្រើន​ដង​យើង​មិន​ស្គាល់​សារ​ទាំង​នោះ ពីព្រោះ​យើង​ប្រហែលជា​មិន​ស្វែងរក​សារ​ទាំងនោះ​ទេ ។ ការមើល​ឃើញ​សត្វចាប​ហើរ​នៅ​ខាងក្រៅ​បង្អួច​របស់​ខ្ញុំ ការឃើញ​ថ្ងៃ​លិច​ដ៏​អស្ចារ្យ ឬ​គ្រាន់​តែ​ការកត់សម្គាល់​ឃើញ​នូវ​ភាពស្រស់ស្អាត និង​ភាពអស្ចារ្យ​របស់​ធម្មជាតិ ជា​ញឹកញាប់​ជួយ​ឲ្យ​ខ្ញុំ​ទទួល​បាន​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ទ្រង់​ទាំងទ្វេ ។ នៅពេល​ជួប​រឿង​ពិបាក ហើយ​ខ្ញុំ​មាន​អារម្មណ៍​បាក់ទឹកចិត្ត នោះ​ពេល​ខ្លះ​ខ្ញុំ​បាន​សម្គាល់ដឹង​ពី​សារ​នៃ​សេចក្តីស្រឡាញ់ និង​សារគាំទ្រ​របស់​ទ្រង់ទាំងទ្វេ​តាមរយៈ​ខគម្ពីរ​ជាក់លាក់​ណា​មួយ​ដែល​ប៉ះដួងចិត្ត​របស់​ខ្ញុំ នៅ​ពេល​ខ្ញុំ​កំពុង​អាន ឬ​ដោយ​តាម​រយៈ​ការសន្ទនា​ដ៏​បំផុសគំនិត​ជា​មួយ​នរណា​ម្នាក់ ឬ​អ្វី​មួយ​ដែល​ខ្ញុំ​ទទួល​បាន​អារម្មណ៍ នៅ​ពេល​ស្តាប់​ទំនុកបទ​នៃ​ទំនុកតម្កើង​ដ៏​ពីរោះ ឬ​បទចម្រៀង​លើកទឹកចិត្ដ ។

ខ្ញុំ​ស្រឡាញ់​ពាក្យពេចន៍​ទាំងនេះ​នៅក្នុង​ទំនុកតម្កើង​ថ្មីមួយ​របស់​យើង ៖ « His Eye Is on the Sparrow ( ទ្រង់​ជ្រាប​ពី​សត្វចាប ) » ឃ្លា​ដំបូង​ចែងថា ៖

ហេតុ​អ្វី​ខ្ញុំ​គួរ​បាក់​ទឹកចិត្ត ?

ហេតុ​អ្វី​បាន​មាន​ពេល​លំបាក ?

ហេតុ​អ្វី​ចិត្ត​ខ្ញុំ​ឯកា

ហើយ​ចង់​បាន​ស្ថានសួគ៌ និង​ផ្ទះ

ពេលណា​ព្រះយេស៊ូវ​ជា​ចំណែក​របស់​ខ្ញុំ ?

ទ្រង់​ជា​មិត្ត​ខ្ញុំ​ជានិច្ច ៖

ព្រះនេត្រ​ទ្រង់​ផ្តោត​លើ​សត្វចាប

ហើយ​ខ្ញុំ​ដឹង​ទ្រង់​មើលថែ​ខ្ញុំ ។

ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ដល់​បងប្អូន​ថា ព្រះនេត្រ​របស់​ទ្រង់​មិន​ត្រឹម​តែ​សម្លឹង​លើ​សត្វ​ចាប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​សម្លឹង​មក​លើ​បងប្អូន​ម្នាក់ៗ និង​គ្រប់រូប​ផងដែរ ។ បងប្អូន គឺ​ជា​បុត្រី​ជាទីស្រឡាញ់​របស់ព្រះ ហើយ​ខ្ញុំ​សូម​ធើ្វ​ទីបន្ទាល់​ថា បងប្អូន​នឹង​មិន​ត្រូវបាន​បំភ្លេច​ឡើយ ។ បងប្អូន​ត្រូវ​បាន​ទទួល​ស្គាល់ បាន​ស្រឡាញ់ ហើយ​សំឡេង​របស់​បងប្អូន មាន សារៈសំខាន់ ជា​ពិសេស​ចំពោះ​ព្រះវរបិតាសួគ៌​របស់​បងប្អូន និង​ចំពោះ​ព្រះរាជបុត្រា​សំណព្វ​តែ​មួយ​របស់​ទ្រង់ ។ ទ្រង់​ទាំងទ្វេ​ជ្រាប​យ៉ាងច្បាស់​ពី​ការខូចចិត្ដ​របស់​បងប្អូន ទឹកភ្នែក​របស់​បងប្អូន ទុក្ខព្រួយ​របស់​បងប្អូន និង​ការឈឺចាប់​របស់​បងប្អូន ។ ការអធិស្ឋាន​របស់​បងប្អូន​តែងតែ​ត្រូវ​បាន​ស្តាប់​ឮ​ដោយ​ព្រះវរបិតាសួគ៌​ដ៏​ជា​ទី​ស្រឡាញ់​របស់​បងប្អូន ។

ដំណើរ​នៃ​ជីវិត​រមែងស្លាប់​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​បញ្ហា និង​ការលំបាក រួម​ទាំង​ការបាត់បង់​ជាច្រើន​ប្រភេទ—ការបាត់បង់​មិត្តភ័ក្តិ ឬ​មនុស្ស​ជាទី​ស្រឡាញ់ ការបាត់បង់​សុខភាព​ផ្លូវកាយ ឬ​ផ្លូវចិត្ត ការបាត់បង់​ហិរញ្ញវត្ថុ និង​សូម្បីតែ​ការបាត់បង់​សមត្ថភាព និង​ទំនុកចិត្ត​ផងដែរ ។ ខ្ញុំ​ស្រឡាញ់​អ្វី​ដែល​អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន បាន​មាន​ប្រសាសន៍​អំពី​ការបាត់បង់​ថា ៖ « ព្រះអម្ចាស់ តបស្នង​ដល់​អ្នកស្មោះត្រង់​សម្រាប់​រាល់​ការបាត់បង់​ទាំងអស់ ។ អ្វី​ដែល​បាន​ដក​យក​ចេញពី​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអម្ចាស់ នឹង​ត្រូវ​បាន​បន្ថែម​ទៅ​ឲ្យ​ពួកគេ​ទៅ​តាម​របៀប​ផ្ទាល់​របស់​ទ្រង់ ។ ខណៈ​ដែល​ការណ៍​នេះ​អាច​នឹង​មិន​មក​ដល់​នៅពេល​ដែល​យើង​ចង់បាន​ក្តី ក៏​អ្នកស្មោះត្រង់​នឹង​ដឹងថា រាល់ទឹកភ្នែក​នៅ​ថ្ងៃនេះ​នឹង​ត្រូវបាន​សង​មកវិញ​មួយរយដង​ជាមួយនឹង​ទឹកភ្នែក​នៃ​សេចក្តីអំណរ និង​ការដឹងគុណ » ។

ហើយ​ព្យាការី យ៉ូសែប ស៊្មីធ បាន​មាន​ប្រសាសន៍​ថា « គ្រប់​អ្វីៗ​ទាំងអស់​ដែល​បងប្អូន​បាត់បង់​នឹង​ត្រូវ​បាន​សង​វិញ​ដល់​បងប្អូន​នៅក្នុង​ការរស់​ឡើងវិញ ដរាប​ណា​បងប្អូន​នៅ​បន្ត​មាន​ភាពស្មោះត្រង់ » ។ តាមរយៈ​ចក្ខុវិស័យ​នៃ​ព្រះអម្ចាស់​ដ៏​មាន​មហិទ្ធិឬទ្ធិ ខ្ញុំ​បាន​មើលឃើញ​វា » ។

ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ថា​ការសន្យា​ទាំងនោះ​គឺ​ពិត ដោយសារ​តែ​ព្រះអង្គសង្រ្គោះ​ជាទីស្រឡាញ់​របស់​យើង និង​ដោយសារ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។ ប្រសិន​បើ​បងប្អូន​នៅ​តែ​ស្មោះត្រង់​ចំពោះ​ព្រះ នោះ រាល់ ការបាត់បង់​ទាំងអស់​នឹងត្រូវ​សង​ទៅ​ឲ្យ​បងប្អូន​វិញ ហើយ​បងប្អូន​នឹង​ស្រក់​ទឹកភ្នែក​នៃ​សេចក្តីអំណរ និង​ការដឹងគុណ​ដាក់​ព្រះវរបិតាសួគ៌​របស់​បងប្អូន​ចំពោះ​ពរជ័យ​ទាំងឡាយ​ដែល​បាន​ទូទាត់សង​របស់​ទ្រង់ ។

ខគម្ពីរ​នេះ​នៅ​ក្នុង​គម្ពីរ​វិវរណៈ​បាន​នាំ​មក​នូវ​ការលួងលោម និង​បាន​ជួយ​ខ្ញុំឲ្យ​មាន​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ « ព្រះ​ទ្រង់​នឹង​ជូត​អស់ទាំង​ទឹកភ្នែក​ពី​ភ្នែក​គេចេញ និង​គ្មាន​សេចក្ដីស្លាប់ ឬ​សេចក្ដី​សោកសង្រេង ឬ​សេចក្ដី​យំទួញ ឬ​ទុក្ខលំបាក​ណាទៀត​ឡើយ ដ្បិត​សេចក្ដីមុន​ទាំងប៉ុន្មាន​បានកន្លង​បាត់ទៅ​ហើយ ។ សូម​ចងចាំ​នូវ​ការសន្យា នេះ ផងដែរ ៖ « គ្រប់​ការណ៍​ទាំងអស់​ផ្សំ​គ្នា​សម្រាប់​សេចក្តីល្អ​ដល់​ពួកអ្នក​ដែល​ស្រឡាញ់​ព្រះ » ។ ឱ­​នេះ​ជា​ពាក្យ​ដ៏​ពីរោះ និង​លួងលោម​ខ្លាំងណាស់ ! ព្រះយេស៊ូវគ្រីស្ទ​ជា​ពន្លឺ និង​ជា​ជីវិត​នៃ​ពិភពលោក​នេះ ហើយ​ទ្រង់​បាន​សន្យា​ថា នៅពេល​ដែល​យើង​ធ្វើ​តាម​ទ្រង់ នោះ​យើង​នឹង​មិន​ដើរ​ក្នុង​សេចក្តីសូន្យសុង​ឡើយ ។

ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ដល់​បងប្អូន​ថា ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ​របស់​បងប្អូន​នឹង មិន បំភ្លេច​បងប្អូន​ឡើយ មិន​ថា​បងប្អូន​ជា​នរណា មិន​ថា​បងប្អូន​រស់នៅ​ទីណា មិនថា​កាលៈទេសៈ​បច្ចុប្បន្ន​របស់​បងប្អូន​យ៉ាងណា និង​មិនថា​អតីតកាល​របស់​បងប្អូន​យ៉ាងណា​នោះ​ទេ ។ ពន្លឺ និង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ទាំងទ្វេ​ចំពោះ​បងប្អូន​គឺ​មាន​ជានិច្ច មិន​ផ្លាស់ប្តូរ និង​មិន​ប្រែប្រួល​ឡើយ ។ ហើយ​នៅពេល​ដែល​ពពក និង​ព្យុះ​ទាំងឡាយ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​រសាត់​ចេញ​ទៅ នោះ​បងប្អូន​នឹង​ដឹង​ថា ទ្រង់​ទាំងទ្វេ តែងតែ គង់​នៅ​ជាមួយ​បងប្អូន​ជានិច្ច សូម្បី​តែ​នៅ​ក្នុង​អំឡុង​ថ្ងៃ​ដ៏​ងងឹត​បំផុត​របស់​បងប្អូន​ក្តី ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១២១:១; ម៉ាថាយ ២៧:៤៦ ។

  2. សូមមើល រ៉ូម ៨:៣៨–៣៩ ។

  3. សូមមើល ជែហ្វ្រី អ័រ ហូឡិន « The Ministry of Angels » Liahona ខែវិច្ឆិកា ឆ្នាំ២០០៨ ទំព័រ ៣១; ចោទិយកថា ៣១:៦ ។

  4. ប្រធាន ជែហ្វ្រី អ័រ ហូឡិន បាន​មាន​ប្រសាសន៍ « ព្រះ​នឹង​មិន​បោះបង់​បងប្អូន​ចោល​ឡើយ ។ ព្រះ​នឹង​មិន​ទុក​ឲ្យ​បងប្អូន​នៅ​ឯកោ​ឡើយ ព្រោះ​វា​មិនមែន​ជា​ចរិត​លក្ខណៈ​របស់​ទ្រង់​ឡើយ » ។ ( @ChurchofJesusChrist, YouTube, ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤, youtube.com/shorts/opx6whfixLw?si=9Us-Dw2m_vBacrGB )

  5. សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

  6. សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៦:២២–២៣ ។

  7. សូមមើល « My Heavenly Father Loves Me » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២២៨; គោលលទ្ធិ និង​សេចក្តីសញ្ញា ៥៩:១៨–១៩ ។

  8. សូមមើល ដាវីឌ អេ បែដណា « The Tender Mercies of the Lord » Liahona ខែឧសភា ឆ្នាំ២០០៥ ទំព័រ ៩៩–១០២ ។

  9. « His Eye Is on the Sparrow » Hymns—For Home and Church លេខ. ១០០៥ ។

  10. សូមមើល អេសាយ ៤៩:១៤–១៦ ។

  11. សូមមើល រ័សុល អិម ណិលសុន « A Plea to My Sisters » Liahona ខែវិច្ឆិកា ឆ្នាំ២០១៥ ទំព័រ ៩៥–៩៧; រ័សុល អិម ណិលសុន « The Influence of Women » ( ការប្រជុំ​ធម្មនិដ្ឋាន​សមាគម​សង្រ្គោះ ឆ្នាំ២០២៤ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ) នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

  12. សូមមើល អាលម៉ា ៧:១១–១២ ។

  13. សូមមើល យ៉ូហាន ទី១ ៥:១៤; គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៨:១–២ ។

  14. យ៉ូសែប ប៊ី វ៉ឺតលីន « Come What May, and Love It » Liahona ខែវិច្ឆិកា ឆ្នាំ២០០៨ ទំព័រ ២៨ ។

  15. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ២០០៧ ) ទំព័រ ៥១ ។

  16. វិវរណៈ ២១:៤ ។

  17. រ៉ូម ៨:២៨; សូមមើល នីហ្វៃទី២ ២:២,គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៨:៣ ។

  18. សូមមើល យ៉ូហាន ៨:១២ ។

  19. សូមមើល អេសាយ ៤១:១០; អេសាយ ៤៣:២–៣; អាលម៉ា ៣៦:៣; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៤:៨៨ ។

    ប្រធាន ដាល្លិន អេក អូក បាន​ចែកចាយ​នូវ​ពាក្យ​របស់​ស្ត្រីម្នាក់​ដែល​ទើបតែ​ត្រឡប់​មក​សកម្មភាព​ក្នុង​សាសនាចក្រ​វិញ ៖ « [ ព្រះ ] តែងតែ​គង់នៅ​ទីនោះ​សម្រាប់​ខ្ញុំ​ជានិច្ច ទោះបីជា​ខ្ញុំ​បដិសេធ​ទ្រង់​ក៏ដោយ ។ ទ្រង់​តែងតែ​ដឹកនាំ​ខ្ញុំ និង​លួងលោម​ខ្ញុំ​ជានិច្ច​ដោយ​សេចក្តីមេត្តា​ករុណា​ដ៏ទន់ភ្លន់​របស់​ទ្រង់ » ( « Love and Law » Liahona ខែវិច្ឆិកា ឆ្នាំ២០០៩ ទំព័រ ២៧ ) ។