សេចក្តីសង្រ្គោះនៅក្នុងព្រះយេស៊ូវគ្រីស្ទ
ការប្រជុំធម្មនិដ្ឋានសមាគមសង្គ្រោះ ឆ្នាំ២០២៦ ៖ ការប្រមូលផ្តុំស្ត្រីនៅទូទាំងពិភពលោក
ថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦
បងប្អូនស្រីជាទីស្រឡាញ់ សូមស្វាគមន៍មកកាន់ការប្រារព្ធអបអរសាទរនៃការបង្កើតអង្គការនេះ និងកិច្ចការរបស់សមាគមសង្គ្រោះ ។
គំនូរដ៏ធំនេះដោយ ម៉ៃឃើល ម៉ម ពិពណ៌នាយ៉ាងស្រស់ស្អាតអំពីស្ត្រី និងបុរស កុមារ និងយុវវ័យ—មកពីគ្រប់ពូជសាសន៍ ជាតិសាសន៍ និងជំនាន់ផ្សេងៗ—រហូតដល់ព្រះអង្គសង្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។ នេះគឺជាកិច្ចការរបស់សមាគមសង្គ្រោះ ៖ ដើម្បីពង្រឹងភាពជាសិស្សនៅក្នុងព្រះយេស៊ូវគ្រីស្ទ និងរៀបចំខ្លួនត្រឡប់ទៅកាន់វត្តមានរបស់ព្រះវរបិតាមាតាសួគ៌របស់យើងវិញ ។
បងប្អូនគឺជាបងប្អូនស្រីរបស់យើង ។ ហើយយើងគឺជាបងប្អូនស្រីរបស់បងប្អូន ។
នៅដើមដំបូងនៃការប្រជុំធម្មនិដ្ឋាននេះ យើងសូមណែនាំបងប្អូនឲ្យស្គាល់ក្រុមប្រឹក្សាផ្តល់យោបល់ទូទៅរបស់សមាគមសង្គ្រោះ ។ ពួកគាត់ត្រូវបានហៅ និងញែកចេញឲ្យផ្ដល់ការពិគ្រោះយោបល់ និងការប្រឹក្សាដល់យើង ក្នុងការដឹកនាំបងប្អូនស្ដ្រីនៃសមាគមសង្គ្រោះ ។ ដូចបងប្អូនដែរ ពួកគាត់គឺជាស្ត្រីដែលមានសេចក្ដីជំនឿដ៏ខ្លាំង—ជាពិសេសនៅពេលដែលពួកគាត់ប្រឈមមុខនឹងភាពស្មុគស្មាញ និងបញ្ហាប្រឈមក្នុងជីវិតរមែងស្លាប់នេះ ។ នៅឆ្នាំនេះ បងប្អូនមានឱកាសទទួលបានការបំផុសគំនិតមកពីពួកគាត់នៅក្នុងវីដេអូពិភាក្សាជាច្រើន ដែលបានចេញផ្សាយជាមួយនឹងការចាក់ផ្សាយនេះ ។
នៅទូទាំងពិភពលោក ស្ត្រីជាងប្រាំបីលាននាក់គឺជាសមាជិកក្នុងសមាគមសង្គ្រោះ ។ តាមរយៈការផ្តល់ និងការទទួលបានការសង្គ្រោះ ទាំងខាងសាច់ឈាម និងខាងវិញ្ញាណ នោះយើងកាន់តែខិតទៅជិតព្រះយេស៊ូវគ្រីស្ទ និងក្លាយកាន់តែដូចទ្រង់ ។
យើងអធិស្ឋានថា ព្រះវិញ្ញាណនឹងមានវត្តមាននៅជាមួយបងប្អូន នៅពេលបងប្អូនស្តាប់សារលិខិតរបស់យើង ។ យើងបានរៀបចំសារលិខិតទាំងនេះដោយគិតពីបងប្អូន ។ ហើយបន្ទាប់មកយើងនឹងមានអភ័យឯកសិទ្ធិក្នុងការស្ដាប់អែលឌើរ ឃ្វីនថិន អិល ឃុក ជាសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ពួកយើងស្រឡាញ់បងប្អូន ជាស្ត្រីជាទីស្រឡាញ់នៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ បងប្អូនគឺជាបងប្អូនស្រីរបស់យើង ។