Relief Society Devotionals
ស្ត្រី​បរិសុទ្ធ​ផ្តោត​ការយក​ចិត្ត​ទុកដាក់​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ


11:39

ស្ត្រី​បរិសុទ្ធ​ផ្តោត​ការយក​ចិត្ត​ទុកដាក់​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ

ការប្រជុំ​ធម្មនិដ្ឋាន​សមាគម​សង្គ្រោះ ឆ្នាំ២០២៦ ៖ ការប្រមូលផ្តុំ​ស្ត្រី​នៅ​ទូទាំង​ពិភពលោក

ថ្ងៃ​អាទិត្យ ទី​៨ ខែ​មីនា ឆ្នាំ​២០២៦

ពរជ័យ​ដ៏​ផ្អែមល្ហែម​បំផុត​មួយ​នៃ​ការហៅ​របស់​ខ្ញុំ គឺ​ការមាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ ដែល​រំជួល​ដល់​ព្រលឹង​សម្រាប់​បងប្អូន ដែល​ជា​ស្ត្រី​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ នៅ​ក្នុង​គំនិត​របស់​ខ្ញុំ ខ្ញុំ​នៅ​ជាមួយ​អ្នក​នៅក្នុង​ទីដ៏ពិសិដ្ឋ​របស់​អ្នក - ប្រហែល​ជា​បាន​ប្រមូលផ្តុំ​គ្នា​នៅក្នុង​រោងថ្វាបង្គំ​ ឬ​នៅ​ក្រោម​តង់ នៅ​ក្នុង កាស៊ីតាហ្វាលក្នុងការស្រមៃ​របស់​ខ្ញុំ ខ្ញុំ​នៅ​ជាមួយ​បងប្អូន​នៅ​ទីកន្លែង​ដ៏ពិសិដ្ឋ​របស់​បងប្អូន—ប្រហែល​បងប្អូន​ជួបជុំ​គ្នា​នៅក្នុង​រោងថ្វាយបង្គំ ឬ​នៅក្រោម​តង់ នៅក្នុង casita ( កូនផ្ទះ​អេស្ប៉ាញ ) ឬ fale ( ផ្ទះ​ប្រពៃណី​សាម័រ ) ឬ​នៅ​ផ្ទះ​របស់​បងប្អូន—ហើយ​យើង​លុត​ជង្គង់​ទល់​មុខ​គ្នា ដើម្បី​ខ្ញុំ​អាច​ប្រាប់​បងប្អូន​ថា ខ្ញុំ​ស្រឡាញ់​បងប្អូន ថា​ខ្ញុំ​ដឹង យ៉ាង​ប្រាកដថា​បងប្អូន​គឺជា​បុត្រី​នៃ​ព្រះវរបិតា​សួគ៌​ជាទី​ស្រឡាញ់ ហើយ​ថា​ខ្ញុំ​ដឹង​ជាក់ច្បាស់​ថា​ បងប្អូន​អាច​ទុកចិត្ត​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។

វា​ជា​អំណោយ​មួយ​ដែល​អាច​អង្គុយ​ជាមួយ​បងប្អូន​ស្រ្ដី​បរិសុទ្ធ​នៅ​ទូទាំង​ពិភពលោក ដែល​បង្ហាញ​ពី​កម្លាំង សមត្ថភាព ការប្រែចិត្ត​ជឿ និង​សេចក្តី​ជំនឿ​យ៉ាង​ខ្លាំង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​ស្ត្រី​ត្រូវបាន​បង្ហាញ​ឡើង កាល​ទ្រង់​ប្រទាន​ឱកាស​ឲ្យ​យើង​រៀន​ពី​គ្នា និង​ជាមួយ​គ្នា ។

តើ​ខ្ញុំ​ដឹង​អ្វីខ្លះ មកពី​ពេលវេលា​ដែល​បាន​ចំណាយ​ជាមួយ​ស្ត្រី​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ—ដំណើរ​ទស្សនកិច្ច​ការងារ​បម្រើ​ទាំងនោះ ការជួប​គ្នា​នៅ​ចំណត​រថយន្ត និង​ការពិភាក្សា​គ្នា​ពេល​ទិញ​ម្ហូប ?

ខ្ញុំ​ដឹង​ថា ជីវិត​នេះ​គឺ​លំបាក ។

បងប្អូន​អាច​ប្រឈម​នឹង​រឿង​លំបាក​ជាមួយ​ព្រះយេស៊ូវ ឬ​បងប្អូន​អាច​ប្រឈម​នឹង​វា​តែ​ម្នាក់ឯង ។ នោះ​គឺជា​ជម្រើស​របស់​បងប្អូន ។ ប៉ុន្ដែ​នៅពេល​បងប្អូន​ប្រឈម​នឹង​រឿងលំបាក​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ការលំបាក​ក្លាយជា​បរិសុទ្ធ ។ បងប្អូន​ក្លាយជា​ស្ត្រី​បរិសុទ្ធ ។

ខ្ញុំ​បាន​ជួប​បងស្រី​ម្នាក់​នៅឯ​ចំណត​រថយន្ត​នាពេល​ថ្មីៗ​នេះ ។ គាត់​បាន​មក​ប្រាប់​ខ្ញុំ​ថា កូនស្រី​របស់​គាត់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ គាត់​បាន​ប្រាប់​ថា គាត់​បាន​បាត់បង់​កូនស្រី​ម្នាក់​ដោយសារ​ជំងឺ​មហារីក​មុន​នេះ ។ ខ្ញុំ​សន្និដ្ឋាន​ថា មិត្ត​ថ្មី​របស់​ខ្ញុំ​ចង់​ទទួល​បាន​ការលួងលោម​ពី​ខ្ញុំ ។ ប៉ុន្តែ​នោះ​មិនមែន​ជាអ្វី​ដែល​គាត់​ចង់​បាន​នោះ​ទេ ។ គាត់​មិន​បាន​មក​រក​ខ្ញុំ​ដើម្បី​ទទួល​បាន​ការលួងលោម​ទេ គាត់​មក​រក​ខ្ញុំ​ដើម្បី​បង្ហាញ​ទីបន្ទាល់​ថា កូនស្រី​របស់​គាត់​ត្រូវបាន​ថែរក្សា​ឃុំគ្រង​ដោយ​ទេវតា​ដែល​ផ្ដល់​ការងារ​បម្រើ គាត់​ដឹង​ថា កូនស្រី​ដែល​បាន​ស្លាប់​របស់​គាត់​គឺជា​ទេវតា​ម្នាក់​ក្នុង​ចំណោម​ទេវតា​ទាំងនោះ ហើយ​ថា​គាត់​ប្រាកដ​ថា គ្រួសារ​របស់​គាត់​មាន​ភាពអស់កល្ប​ជានិច្ច ដោយសារតែ​ការផ្សារភ្ជាប់​របស់​គាត់​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ។ ក្នុង​នាមជា​បុត្រី​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ គាត់​បាន​ដោះស្រាយ​បញ្ហា​ក្នុង​ជីវិត​ដោយ​សេចក្តី​ជំនឿ និង​ទំនុកចិត្ត​លើ​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា​ជាទី​ស្រឡាញ់​របស់​គាត់ ព្រះចេស្ដា​ប្រោសលោះ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការសន្យា​របស់​ទេវតា​ដែល​ទទួល​ខុសត្រូវ​លើ​គាត់ និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​គាត់ ។ គាត់​នៅតែ​មាន​កូនស្រី​សម្រាក​នៅក្នុង​មន្ទីរពេទ្យ ។ បទពិសោធន៍​ជីវិត​រមែង​ស្លាប់​របស់​គាត់​នៅតែ​លំបាក ។ ប៉ុន្តែ​មិត្ត​របស់​ខ្ញុំ​បាន​ជ្រើសរើស​ប្រឈម​មុខនឹង​រឿង​ពិបាក​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ ជាជាង​ប្រឈម​នឹង​វា​តែម្នាក់​ឯង ។ ការពិបាក​របស់​គាត់​បាន​ក្លាយជា​ពេលវេលា​ដ៏បរិសុទ្ធ ជា​រដូវកាល​ដ៏បរិសុទ្ធ ។

ខ្ញុំ​ស្គាល់​បងស្រី​ម្នាក់ ដែល​មាន​កូន​តូចៗ​ចំនួន​បួន​នាក់ ដែល​កំពុង​ចិញ្ចឹម​ពួកគេ​តែ​ម្នាក់ឯង និង​ខំ​ធ្វើការ​ដើម្បី​ជួយ​គ្រួសារ​របស់​គាត់ ខណៈ​ដែល​ម្តាយ​គាត់​ទទួល​បាន​ការវិនិច្ឆ័យ​រោគ​ថា​មាន​ជំងឺ​មហារីក ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា នៅ​អំឡុង​ពេល​ដ៏​អន្ដរាយ​នេះ គាត់​បាន​ចាប់ផ្តើម​អធិស្ឋាន​កាន់តែ​ស្មោះសរ និង​ញឹកញាប់​ជាងមុន—តាំងពី​របៀប​ទទួល​បាន​អាហារ​ឲ្យ​កូនៗ​គាត់​ហូបចុក ។ គាត់​បាន​ទូលសូម​ជំនួយ​ពី​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ ។ ដោយ​ទុកចិត្ត​លើ​ទ្រង់​ទាំងទ្វេ គាត់​បាន​រៀបចំ​ខ្លួន​ចុះ​សេចក្ដីសញ្ញា​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ។ សុខភាព​ម្តាយ​របស់​គាត់​បាន​ធ្លាក់ចុះ ទោះជា​យ៉ាងណា​ពួកគាត់​បាន​ធ្វើ​ដំណើរ​ជា​គ្រួសារ និង​ជាមួយ​មិត្តភក្តិ​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ​ដែល​នៅ​ជិត​បំផុត ជា​កន្លែង​ដែល​មិត្ត​ថ្មី​របស់​ខ្ញុំ​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ មិន​យូរ​ប៉ុន្មាន​មុនពេល​ម្តាយ​គាត់​បាន​ស្លាប់ ។ បទពិសោធន៍​រមែង​ស្លាប់​របស់​គាត់​នៅតែ​មាន​ការលំបាក ប៉ុន្ដែ​ការជ្រើសរើស​ភ្ជាប់​ខ្លួន​នឹង​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​សេចក្ដីសញ្ញា ធ្វើឲ្យ​ផ្លូវ​ដើរ​ទៅមុខ​មាន​អារម្មណ៍​ងាយស្រួល​ជាងមុន ។ មិនមែន​ងាយស្រួល​ទេ ប៉ុន្ដែ​វា​ងាយស្រួល​ជាងមុន ដោយសារ​គាត់​ទទួល​បាន​ព្រះចេស្ដា​របស់​ទ្រង់​ក្នុង​ការព្យាបាល និង​ភាពរឹងមាំ​កាន់តែ​ខ្លាំង​ជាងមុន ។ ខ្ញុំ​បាន​សួរ​គាត់​អំពី​ទំនាក់ទំនង​របស់​គាត់​ជាមួយ​ព្រះអង្គ​សង្គ្រោះ ដែល​បាន​រឹងមាំ​ឡើង​នៅក្នុង​ភ្លើង​នៃ​ទុក្ខលំបាក ។ ស្ត្រី​បរិសុទ្ធ​រូប​នេះ​បាន​ប្រាប់​ថា គាត់​មិន​អាច​ស្គាល់ និង​ទុកចិត្ត​ព្រះយេស៊ូវ​គ្រីស្ទ​ខ្លាំង ដូច​ដែល​គាត់​ស្គាល់ និង​ទុកចិត្ត​លើ​ទ្រង់​នាពេល​នេះ​ទេ បើ​គ្មាន​បទពិសោធន៍​ដ៏​លំបាក​ទាំងនេះ ។

បងប្អូន​ឃើញ​ទេ ភ្លើង​នៃ​ការបន្សុទ្ធ​គឺ​ក្តៅ ។ វា​ជា​តម្លៃ​នៃ​ភាពបរិសុទ្ធ ។ ជាង​សំរង​បន្សុទ្ធ និង​ចម្រាញ់​ប្រាក់​ដោយ​ប្រើ​ភ្លើង​ដើម្បី​ដុត​បំផ្លាញ​ភាពមិន​បរិសុទ្ធ ។ ប៉ុន្តែ​ជាង​សំរង​មិន​បោះ​លោហធាតុ​នោះ​ទៅក្នុង​ឡ ហើយ​ដើរចេញ​នោះ​ទេ ។ ជាង​សំរង​នោះ​ត្រួតពិនិត្យ​សីតុណ្ហភាព និង​ពេលវេលា​សម្រាប់​ដាក់​អុកស៊ីសែន​ដោយ​ប្រុង​ប្រយ័ត្ន ដោយ​ចាំ​មើល​កាកសំណល់​ប្រាក់​ផុស​ឡើង​នៅលើ​ផ្ទៃ​នៃ​លោហធាតុ​ដែល​រលាយ​នោះ ។ ជាង​សំរង​កាយ​កាកសំណល់​ប្រាក់​ចេញ បន្សល់​ទុក​នូវ​ប្រាក់​សុទ្ធ ជា​ផ្ទៃ​ដែល​ចែងចាំង និង​មាន​ពន្លឺ—ដូចជា​កញ្ចក់​មួយ ដែល​ឆ្លុះឃើញ​មុខ​របស់​ជាង​សំរង​នោះ ។

« ទ្រង់ [ សំដៅ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ] នឹង​គង់​ចុះ ដូចជា​ជាង​សំរង ហើយ​នឹង​ដេញយក​កាកសំណល់​ប្រាក់ » ។ យើង​គឺជា​ប្រាក់​ដ៏មាន​តម្លៃ ដែល​ត្រូវបាន​សម្រង់ និង​បាន​រើស​នៅក្នុង​ឡ​នៃ​សេចក្ដី​វេទនា ។ ហើយ​ដូចជា​ប្រាក់​ត្រូវបាន​សម្រង់ ដុត​ភាពមិន​បរិសុទ្ធ​ចោល​ដែរ យើង​មាន​ចរិត​លក្ខណៈ​ដូចជាព្រះ យើង​ក្លាយជា​ស្ដ្រី​បរិសុទ្ធ ។

តើ​បងប្អូន​នឹង​ស្គាល់ ជួប និង​ឱបក្រសោប​កែវភ្នែក​ឃ្លាំមើល​របស់​ជាង​សំរង នៅពេល​បងប្អូន​ស្ថិត​នៅក្នុង​ភ្លើង​នៃ​ទុក្ខ​លំបាក​ដែរ​ឬទេ ?

ប្រធាន ឌី ថត គ្រីស្តូហ្វឺសិន បាន​ប្រឹក្សា​ថា ៖ « នៅកណ្តាល​ភ្លើង​របស់​ជាង​សំរង​នេះ សូម​ចូល​ទៅ​ជិត​ព្រះ ជាជាង​ខឹង​ជាមួយ​ព្រះ ។ អំពាវនាវ​ទៅ​ព្រះវរបិតា​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះរាជបុត្រា ។ សូម​ដើរ​ជាមួយ​ទ្រង់​ទាំងទ្វេ​ដោយ​ព្រះវិញ្ញាណ ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ។ សូម​អនុញ្ញាត​ឲ្យ​ទ្រង់​ទាំងទ្វេ​បង្ហាញ​ពី​ភក្តីភាព​របស់​ទ្រង់​ចំពោះ​បងប្អូន ។ សូម​ចូល​មក​ស្គាល់​ទ្រង់​ទាំងទ្វេ​យ៉ាង​ពិត​ប្រាកដ ហើយ​ស្គាល់​ខ្លួនឯង​យ៉ាង​ពិត​ប្រាកដ » ។

វា​នឹង​ពិបាក ។ បងប្អូន​អាច​ប្រឈម​នឹង​រឿង​លំបាក​ជាមួយ​ព្រះយេស៊ូវ ឬ​បងប្អូន​អាច​ប្រឈម​នឹង​វា​តែ​ម្នាក់ឯង ។ នៅពេល​បងប្អូន​ប្រឈម​នឹង​រឿង​លំបាក​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ការលំបាក​ក្លាយជា​បរិសុទ្ធ ។

ស្ត្រី​បរិសុទ្ធ ហាណា គឺជា​គំរូ​នៅក្នុង​ព្រះគម្ពីរ​ស្ដីពី​គោលការណ៍​នេះ ។

ហាណា បាន​ទៅកាន់​ដំណាក់​នៃ​ព្រះអម្ចាស់ ជា​កន្លែង​ដែល​នាង​បាន​យំសោក ។ នៅក្នុង​ការអធិស្ឋាន​ដ៏រាបសា នាង​បាន​បង្ហាញ​សេចក្ដី​ជូរល្វីង​ក្នុង​ចិត្ត​នាង និង​ការមាន​ចិត្ត​ព្រួយ​ជាខ្លាំង​ដល់​ព្រះ ដោយសារ​នាង​គ្មាន​កូន​សោះ ។ វា​មិនមែន​ជា​ការត្អូញត្អែរ​នោះ​ទេ ។ វា​គឺជា​ភាពស្មោះត្រង់​បើក​ចំហ​ទៅកាន់​ទ្រង់​អំពី​ការខកចិត្ត និង​ទុក្ខសោក​ដ៏ជ្រាលជ្រៅ​របស់​នាង ។ នាង « បាន​ប្លុង​ចិត្ត [ របស់​នាង ] ទៅ​ចំពោះ​ព្រះយេហូវ៉ា » ដោយ​គ្មាន​លាក់បាំង​អ្វី​សោះ​ឡើយ ទោះបី​ទ្រង់​ប្រាកដ​ជា​ជ្រាប​ពី​ជម្រៅ​នៃ​ការឈឺចាប់​របស់​នាង​ក៏​ដោយ ។

រួច​ហើយ​ហាណា​បាន​ធ្វើ​សម្បថ​មួយ—ជា​ការបង្ហាញ​ពី​ឆន្ទៈ​របស់​នាង ដើម្បី​ឧទ្ទិស​ថ្វាយ​អ្វី​ដែល​ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​នាង តាម​ព្រះរាជបំណង​របស់​ទ្រង់ ។ នាង​បាន​ប្រកាស​យ៉ាង​ក្លាហាន​ថា « ឱ​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ​អើយ បើសិនជា​ទ្រង់​នឹង … ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ម្ចាស់​ជា​ស្រី​បម្រើ​ទ្រង់ បាន​កូនប្រុស​១ នោះ​ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​វា​ដល់​ព្រះយេហូវ៉ា​គ្រប់​១​ជីវិត » ។

អេលី ដែល​ជា​សង្ឃ​បាន​ប្រាប់​ហាណា​ឲ្យ « អញ្ជើញ​ទៅ​ប្រកប​ដោយ​សេចក្ដីសុខ​ចុះ » ហើយ​ធានា​ប្រាប់​នាង​ថា ការបន់ស្រន់​របស់​នាង​ទៅកាន់

ព្រះអម្ចាស់​សូម​កូនប្រុស​មួយ​នឹង​ត្រូវបាន​ប្រទាន​ឲ្យ ។ ភាពទន់ភ្លន់​របស់​ហាណា​មើលឃើញ​ច្បាស់​នៅក្នុង​ចម្លើយ​របស់​នាង​ថា « សូម​ឲ្យ​ខ្ញុំ ជា​អ្នកបម្រើ​លោក បាន​ប្រកប​ដោយ​គុណ​នៃ​លោក​ម្ចាស់​ផង » ។ ហើយ​នាង​បាន​ចេញ​ទៅ ហើយ « នាង​ក៏​បាត់​ទឹកមុខ​ព្រួយ » ។

ក្រោយ​ពេលវេលា​កន្លង​ទៅ ហាណា​ទទួល​បាន​ពរ​ឲ្យ​មាន​កូនប្រុស​ម្នាក់ ឈ្មោះ​សាំយូអែល ។ នៅពេល​នាង​ផ្ដាច់​ដោះ​គាត់​ហើយ នាង​បាន​គោរព​តាម​ការប្តេជ្ញា​ចិត្ត​របស់​នាង ដោយ​នាំ​ក្មេងប្រុស​នេះ​ទៅកាន់​ដំណាក់​នៃ​ព្រះអម្ចាស់ ។ នាង​បាន​ច្រៀង​សរសើរ​ដឹងគុណ​ដល់​ព្រះអម្ចាស់​នៅក្នុង​ការអធិស្ឋាន ។ នាង​បាន​ពោល​ថា « ចិត្ត​ខ្ញុំ​ម្ចាស់​រីករាយ​សាទរ​ចំពោះ​ព្រះអង្គ » ។ « គ្មាន​ព្រះ​ណា​បរិសុទ្ធ​ដូច​ព្រះយេហូវ៉ា​ឡើយ ដ្បិត​ក្រៅពី [ ទ្រង់ ] គ្មាន​ព្រះ​ឯណា​ទៀត​សោះ ក៏​គ្មាន​ព្រះ​ឯណា​ដែល​ទុក​ជា​ថ្មដា ឲ្យ​ដូច​ព្រះ​នៃ​យើង​ខ្ញុំ​ដែរ » ។

រួច​ហើយ​នាង​បាន​ទុក​សាំយូអែល​ឲ្យ​នៅ​ជាមួយ​អេលី ដែលជា​សង្ឃ ដោយ​ឧទ្ទិស​ថ្វាយ​គាត់​ទាំងស្រុង​ដើម្បី​បម្រើ​ដល់​ព្រះ ។ កូន​ដែល​ទើបតែ​ផ្ដាច់​ដោះ ។ តើ​បងប្អូន​អាច​ស្រមៃ​ការណ៍​នេះ​ចេញ​ទេ ? ខណៈ​ដែល​ពេល​ក្រោយមក​នាង​ត្រូវបាន​ប្រទាន​ពរ​ឲ្យ​មាន​កូន​ប្រាំ​នាក់​ទៀត តែ​នៅពេល​ដែល​នាង​បាន​ថ្វាយ​សាំយូអែល​ដល់​ព្រះអម្ចាស់ គាត់​គឺជា​កូន​តែ​ម្នាក់​គត់​របស់​នាង ។ នាង​មិន​អាច​ដឹង​បាន​ថា នឹង​មាន​កូន​ក្រោយ​ទៀត​នោះ​ទេ ។ នាង​មិន​បាន​រីករាយ​នឹង​ពេលវេលា​ដ៏​ទន់ភ្លន់​ទាំងអស់ ដែល​ម្តាយ​គ្រប់រូប​ប្រាថ្នា​ចង់​បាន​នោះ​ទេ—មើល​កូន​រត់ និង​លេង បង្រៀន​គាត់​ឲ្យ​ចេះ​ស្រឡាញ់ និង​ចែក​រំលែក នឹង​ដាក់​កូន​ឲ្យ​ដេក​នោះទេ ។

ជា​រៀងរាល់​ឆ្នាំ នៅពេល​នាង និង​ប្តី​របស់​នាង​បាន​មក​កាន់​ដំណាក់​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើ​យញ្ញបូជា​ប្រចាំ​ឆ្នាំ​របស់​ពួកគេ នាង​បាន​យក​អាវ​តូច​ថ្មី​មួយ ដែល​នាង​បាន​ដេរ​ឲ្យ​សាំយូអែល ។ តើ​នាង​បាន​និយាយ​អ្វី នៅពេល​នាង​ឃើញ​គាត់ ? តើ​បេះដូង​ជា​ម្តាយ​មាន​អារម្មណ៍​យ៉ាងណា​ទៅ នៅពេល​នាង​ត្រូវ​លាគ្នា​ម្តងទៀត​នោះ ?

ព្រះគម្ពីរ​មិន​បាន​ពិពណ៌នា​អំពី​ការឈឺចាប់​គ្រាំ​ចិត្ត​របស់​នាង​នោះ​ទេ ។ ប៉ុន្តែ​ខ្ញុំ​ស្រមៃ​ពី​រឿង​នេះ ។

បងប្អូន​ឃើញ​ទេ ហាណា​បាន​ស្មោះត្រង់ ហើយ​ជីវិត​នៅតែ​លំបាក​ដដែល ។

បងប្អូន​ស្ដ្រី​សមាគម​សង្គ្រោះ​របស់​ខ្ញុំ​រួមមាន ហាណា​នៅ​សម័យ​ទំនើប ស្ត្រី​បរិសុទ្ធ​ទាំងឡាយ ដែល​ទោះជា​ពួកគេ​មាន​ទុក្ខលំបាក​ក៏​ដោយ​ ក៏​នៅតែ​ថ្វាយ​បង្គំ​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ តម​អាហារ ចាក់ស្រោច​ព្រលឹង​ទាំងស្រុង​របស់​ពួកគេ​ដល់​ព្រះអម្ចាស់​នៅក្នុង​ការអធិស្ឋាន ឧទ្ទិស​ថ្វាយ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ពួកគេ រក្សា​ការប្តេជ្ញាចិត្ត​ដែល​ពួកគេ​បាន​ធ្វើ​ជាមួយ​ទ្រង់ និង​ទុកចិត្ត​លើ​ព្រះអម្ចាស់—ព្រះឆន្ទៈ​របស់​ទ្រង់​សម្រាប់​ពួកគេ និង​តាម​ពេលវេលា​របស់​ទ្រង់ ។

យើង​កំពុង​ទទួល​បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់​នៅក្នុង​រាងកាយ​ដែល​នឹង​ចាស់ និង​មាន​ជំងឺ ។ យើង និង​បងប្អូនដទៃ​ទៀត មាន​ឱកាស​ដ៏​រុងរឿង​ដើម្បី​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​យើង សម្រាប់​ការណ៍​ល្អ ឬ​អាក្រក់ ។ ដូច្នេះ​វា​នឹង​ពិបាក ។ បងប្អូន​អាច​ប្រឈម​នឹង​រឿង​លំបាក​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ ឬ​បងប្អូន​អាច​ប្រឈម​នឹង​វា​តែ​ម្នាក់ឯង ។ ខ្ញុំ​ប្រាកដ​ថា នៅពេល​បងប្អូន​ប្រឈម​នឹង​រឿង​លំបាក​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ការលំបាក​ក្លាយជា​បរិសុទ្ធ— រដូវកាល​ដ៏បរិសុទ្ធ ទីកន្លែង​ដ៏បរិសុទ្ធ ស្ដ្រី​ដ៏បរិសុទ្ធ ។

ថ្មីៗ​នេះ ខ្ញុំ​ស្ដាប់ឮ​កុមារ​ច្រៀង​ទំនុកបទ​ទាំងនេះ ៖

I need more Jesus. … ( ខ្ញុំ​ត្រូវការ​ព្រះយេស៊ូវ​ថែម​ទៀត )

A little more light ( ពន្លឺ​ថែម​បន្តិច​ទៀត )

A little more love ( សេចក្តី​ស្រឡាញ់​ថែម​បន្តិច​ទៀត )

A little more hope. ( សេចក្តី​សង្ឃឹម​ថែម​បន្តិច​ទៀត )

I need more Jesus. ( ខ្ញុំ​ត្រូវការ​ព្រះយេស៊ូវ​ថែម​ទៀត ) ។

បងប្អូន​ស្រី យើង​ត្រូវការ​ព្រះយេស៊ូវ​គ្រីស្ទ​ថែម​ទៀត ។ ពន្លឺ សេចក្តី​ស្រឡាញ់ សេចក្តី​សង្ឃឹម​របស់ទ្រង់ និង​ព្រះចេស្ដា​ព្យាបាល និង​ភាពរឹងមាំ​របស់​ទ្រង់ ។

ស្ត្រី​ដ៏​បរិសុទ្ធ​ផ្តោត​ចិត្ត​ខ្លួន​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង « និយាយ​អំពី​ព្រះគ្រីស្ទ [ យើង ] អរ​រីករាយ​ក្នុង​ព្រះគ្រីស្ទ [ យើង ] ទទួលទាន​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ និង​ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ » ។ សេចក្តី​សប្បុរស ដែល​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ មិន​ដែល​ធ្វើឲ្យ​យើង​អស់សង្ឃឹម​ឡើយ ។

ប្រសិនបើ​ក្នុង​ឱកាស​ណាមួយ បងប្អូន​មិន​មាន​អារម្មណ៍​ថា​ប្រឈម​មុខ​នឹង​បទពិសោធន៍​ជីវិត​រមែង​ស្លាប់​របស់​បងប្អូន​ទេ សូម​ពិចារណា​ដំបូន្មាន​នេះ​មកពី​អែលឌើរ នែល អេ ម៉ាក់ស្វែល ៖ « នៅពេល ទោះបី​តែ​មួយ​ភ្លែត​ក្ដី ពេល​ពួកយើង​ផ្ទាល់​មិន​ត្រូវបាន​គេ​ឆ្កាង​នៅលើ​ឈើឆ្កាង​ជាក់លាក់​ទេ នោះ​យើង​គួរតែ​ជួយ​ដល់​នរណាម្នាក់​ទៀត ដែល​កំពុង​ជួប​នឹង​ការសាកល្បង—ពោរពេញ​ទៅដោយ​ការអាណិត​អាសូរ និង​ធ្វើឲ្យ​មាន​ភាពស្រស់ស្រាយ​ខាង​វិញ្ញាណ » ។

នោះ​គឺជា​កិច្ចការ​របស់​ស្ត្រី​បរិសុទ្ធ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះប្រោសលោះ​របស់​យើង និង​ជា​ជាង​សំរង​ដែល​ចាំ​ឃ្លាំមើល​យើង​ដោយ​សេចក្ដី​ស្រឡាញ់ ។ នៅពេល​យើង​ទុកចិត្ត​លើ​ទ្រង់​នៅក្នុង​ភ្នក់​ភ្លើង​នៃ​សេចក្ដី​វេទនា នោះ​គ្រា​ដ៏​លំបាក​ក្លាយជា​រដូវ​ដ៏​បរិសុទ្ធ ហើយ​យើង​ក្លាយជា​ស្ដ្រី​ដ៏​បរិសុទ្ធ ។ ខ្ញុំ​ស្រឡាញ់​បងប្អូន ។ ខ្ញុំ​ដឹង​យ៉ាង​ប្រាកដ​ថា បងប្អូន​គឺជា​បុត្រី​នៃ​ព្រះវរបិតា​មាតា​សួគ៌​ជាទី​ស្រឡាញ់ ហើយ​ថា​ខ្ញុំ​ដឹង ជាក់ច្បាស់​ថា​បងប្អូន​អាច​ទុកចិត្ត​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។

នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៩:២២ ។

  2. « ការចូល​ទៅក្នុង​ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​ជាមួយ​ព្រះ ចងភ្ជាប់​យើង​ទៅនឹង​ទ្រង់ តាម​របៀប​មួយ​ដែល​ធ្វើឲ្យ អ្វីៗ​គ្រប់​យ៉ាង អំពី​ជីវិត​មានកាន់តែ​ភាពងាយស្រួល ។ សូម​កុំ​យល់​ច្រឡំ​សម្ដី​ខ្ញុំ​ឲ្យ​សោះ ៖ ខ្ញុំ​ពុំ​មែន​និយាយ​ថា ការចុះ​សេចក្តីសញ្ញា​ធ្វើ​ឲ្យ​ជីវិត​មាន ភាពងាយស្រួល​នោះ​ទេ ។ តាម​ពិត បងប្អូន​ត្រូវ​រំពឹង​ថា​នឹង​មាន​ការផ្ទុយ​ទៅវិញ​ទេ មារសត្រូវ​មិន​ចង់​ឲ្យ​បងប្អូន​រកឃើញ​ព្រះចេស្តា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។ ប៉ុន្តែ​ការដាក់​នឹម​ជាមួយ​ព្រះអង្គ​សង្គ្រោះ​មាន​ន័យ​ថា បងប្អូន​មានសិទ្ធិ​ទទួល​ព្រះចេស្តា​ដើម្បី​ពង្រឹង និង​ប្រោសលោះ​របស់​ទ្រង់ » ។ ( រ័សុល អិម ណិលសុន “ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក,” លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ​៩៧ )

    « អ្វីៗ​គ្រប់យ៉ាង​ដែល​បាន​បង្រៀន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​តាមរយៈ​ការណែនាំ និង​តាមរយៈ​ព្រះវិញ្ញាណ នឹង​បង្កើន​ការយល់​ដឹង​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ពិធីបរិសុទ្ធ​ដ៏​ចាំបាច់​ទាំងឡាយ​របស់​ទ្រង់​ចងភ្ជាប់​យើង​ទៅនឹង​ទ្រង់ តាមរយៈ​សេចក្តីសញ្ញា​ដ៏​ពិសិដ្ឋ​នៃ​បព្វជិតភាព ។ បន្ទាប់មក​ពេល​យើង​រក្សា​សេចក្តីសញ្ញា​របស់​យើង នោះ​ទ្រង់​នឹង​ប្រទាន​ព្រះចេស្ដា​នៃ​ការព្យាបាល ព្រះចេស្ដា​នៃ​ការពង្រឹងរបស់​ទ្រង់មក​ដល់​យើង ។ ហើយ​យើង​នឹង​ត្រូវការ​ព្រះចេស្តា​របស់​ទ្រង់​សម្រាប់​ថ្ងៃ​ខាងមុខ​កាន់តែ​ខ្លាំង » ។ ( រ័សុល អិម ណិលសុន « The Temple and Your Spiritual Foundation » Liahona ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ៩៣–៩៤ )

  3. សូម​មើល “Refiner’s Fire and Fullers’ Soap,” Ensign, ខែ​កញ្ញា ឆ្នាំ​២០១៦ ទំព័រ​៧៤–៧៥ ។

  4. ម៉ាឡាគី ៣:៣ ។

  5. សូម​មើល នីហ្វៃ​ទី​១ ២០:១០ ។

  6. ឌី ថត គ្រីស្តូហ្វឺសិន « ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៧៩ ។

  7. សូម​មើល សាំយូអែល ទី១ ១:៧ KJV ។

  8. សូម​មើល សាំយូអែល ទី១ ១:១០, ១៥ KJV ។

  9. សាំយូអែល ទី១ ១:១៥ KJV ។

  10. សាំយូអែល ទី១ ១:១១ KJV ។

  11. សាំយូអែល ទី១ ១:១៧–១៨ KJV ។

  12. សូម​មើល សាំយូអែល ទី១ ១:២០ KJV ។

  13. សូម​មើល សាំយូអែល ទី១ ១:២៤ KJV ។

  14. សាំយូអែល ទី១ ២:១ KJV ។

  15. សាំយូអែល ទី១ ២:២ KJV ។

  16. សូម​មើល សាំយូអែល ទី១ ២:២១ KJV ។

  17. សូម​មើល សាំយូអែល ទី១ ២:១៩ KJV ។

  18. Angie Killian និង Monica Scott « More Jesus » ។

  19. រ័សុល អិម ណិលសុន « Make Time for the LordLiahonaខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ១២០ ។

  20. នែល អេ ម៉ាកស្វែល “Endure it Well,” Ensign ខែឧសភា ឆ្នាំ១៩៩០ ទំព័រ ៣៤ ។