Relief Society Devotionals
ពលិកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ គឺ សម្រាប់​បងប្អូន


8:52

ពលិកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ គឺ សម្រាប់​បងប្អូន

ការប្រជុំ​ធម្មនិដ្ឋាន​សមាគម​សង្គ្រោះ ឆ្នាំ២០២៦ ៖ ការប្រមូលផ្តុំ​ស្ត្រី​នៅ​ទូទាំង​ពិភពលោក

ថ្ងៃអាទិត្យ​ទី៨ ខែមីនា ឆ្នាំ២០២៦

ជូន​ចំពោះ​បងប្អូន​ស្រី​ជាទី​ស្រឡាញ់ ខ្ញុំ​តែងតែ​មាន​អំណរគុណ​ដែល​បាននៅ​ជាមួយ​បងប្អូន ។ មិន​ថា​ខ្ញុំ​បាន​នៅ​ដោយ​ផ្ទាល់ ឬ​ដោយ​វិញ្ញាណ​នោះ​ទេ ភាពស្មោះត្រង់ និង​សេចក្តី​ល្អ​របស់​បងប្អូន​ជ្រោតជ្រាប និង​បំផុស​គំនិត​ដល់​ខ្ញុំ ។ សូមឲ្យបងប្អូនបានព្រះពរ​សម្រាប់​ការនាំយក​សេចក្តីស្រឡាញ់ និង​សេចក្ដីសង្រ្គោះ​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​អ្នក​ដែល​នៅ​ជុំវិញ​បងប្អូន ។ ពួកយើង​ស្រឡាញ់​បងប្អូន ហើយ​ពួកយើង​អធិស្ឋាន​សម្រាប់​បងប្អូន ។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ទៅ​មើល​ថ្នាក់​ទារកដ្ឋាន​មួយ ។ អ្នកដឹកនាំ​ថ្នាក់​ទារកដ្ឋាន​មិន​បាន​នៅ​ទេ​នៅ​ថ្ងៃ​នោះ ហើយ​ខ្ញុំ​បានដឹង​ថា​មិន​មាន​មេរៀន​ដែល​បានរៀបចំ​សម្រាប់​បង្រៀន​នោះ​ទេ ។ ខ្ញុំ​បានចាក់សោមើល​ក្នុង​ទូ ហើយ​បានឃើញ​សៀវភៅ​មេរៀន​មួយ​ក្បាល ហើយ​បានជ្រើសរើស​មេរៀន​មួយ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។ វា​មាន​រូបភាព​របស់​កុមារ​មក​ពី​ជុំវិញ​ពិភពលោក ដែល​តំណាង​ឲ្យ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​មនុស្ស​គ្រប់​រូប ។ ខ្ញុំ​បានសួរ​ក្មួយៗ​តូចៗ​ថា តើ​សេចក្ដីស្រឡាញ់​របស់​ព្រះ​អាច​ទៅ​ដល់​ពួកគេ​ទាំង​អស់​គ្នា​បាន​ដោយ​របៀប​ណា ។ ក្មេងប្រុស​ដ៏​ស្វាហាប់​ម្នាក់​ដែល​មាន​ឈ្មោះ​ថា ឆាលី បាន​លើកដៃ​ទាំងពីរ​ឡើង ហើយ​បន្លឺ​សំឡេង​ខ្លាំងៗ​ថា « សេចក្តីស្រឡាញ់​របស់​ព្រះ​គឺ ធំ ណាស់ ! » ត្រឹមត្រូវ​ណាស់ ឆាលី ។ សេចក្តីស្រឡាញ់​របស់​ព្រះ​គឺ​ពិត​ជា « ធំ » ណាស់ ។ សេចក្តីស្រឡាញ់​របស់​ទ្រង់ « មក​ដល់​យើង​ពេល [ យើង ] ឈោង​ទៅ​រក​វា » ហើយ​ជាប់លាប់​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់​ម្នាក់ៗ ។ គ្មាន​នរណា​ម្នាក់​មិន​អាច​ទទួល​បាន​សេចក្តីស្រឡាញ់​របស់​ទ្រង់​នោះទេ ។ ដូច​ដែល​សាវក​ប៉ុល​បាន​បង្រៀន ៖

« ត្បិត​ខ្ញុំ​ជឿ‌ជាក់​ថា ទោះ​ស្លាប់ ឬ​រស់ ពួក​ទេវតា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ​ទៅ​មុខ ឬ​ឥទ្ធិ‌ឫទ្ធិ​អ្វី

« ទី​មាន​កំពស់ ទី​ជម្រៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្តី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ បាន​ឡើយ » ។

សេចក្តីស្រឡាញ់​ដ៏​មហិមា​របស់​ព្រះ​ត្រូវបាន​បើកសម្តែង​តាមរយៈ​អំណោយ​ទាន​ដ៏​មេត្តាករុណា​នៃ​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ សេចក្តីសញ្ញា​របស់​យើង​ភ្ជាប់​យើង​ទៅ​នឹង​ទ្រង់ និង​ព្រះចេស្ដា​ដ៏​ធួន​របស់​ទ្រង់ ។ ដោយសារ​ទ្រង់ យើង​អាច​ប្រែចិត្ត ហើយ​ផ្លាស់ប្តូរ ។ ដោយសារ​ទ្រង់ យើង​អាច​ទទួលបាន​កម្លាំង និង​សមត្ថភាព​ហួស​ពីអ្វីដែល​យើង​មាន ។ ដោយសារ​ទ្រង់ យើង​អាច​ស្វែងរក​សេចក្តីសុខសាន្ត និង​ការធានា​ថា « អ្វីៗ​ទាំងអស់​នឹង​ធ្វើ​ឲ្យ​ទៅ​ជា​ត្រូវ » ។

ព្រះយេស៊ូវគ្រីស្ទ​បានយាង​មក​ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​យើង ហើយ​ជួយ​រែកពន់​អ្វី​ដែល​យើង​មិន​អាច​រែកពន់ និង​មិន​មែនសម្រាប់ឲ្យយើងរែកពន់តែម្នាក់ឯង​។ ខ្ញុំ​សូម​ចែកចាយ​ឧទាហរណ៍​ផ្ទាល់ខ្លួន​មួយ ។

មួយ​រយៈ​មុន​នេះ ខ្ញុំ​បាន​ឆ្លងកាត់​កាលៈទេសៈ​ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​សុខស្រួល និង​មិន​មាន​តម្លៃ ។ ស្ថានភាព​នេះ​បានធ្វើឲ្យខ្ញុំបាក់ទឹកចិត្ត និង​អស់ថាមពល​រលីង ។ ខ្ញុំ​បានងឿងឆ្ងល់​ថា ហេតុ​អ្វី​បាន​ជាវា​រំខាន​ខ្ញុំ​ខ្លាំង​ម្ល៉េះ ។ ខ្ញុំ​បាន​ព្យាយាម​ជួយ​គេ មាន​ចិត្ត​ល្អ និង​ច្បាស់លាស់ ប៉ុន្តែ​ហាក់​ដូច​ជា​គ្មាន​អ្វី​ផ្លាស់ប្តូរ​នោះ​ទេ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ជាប់គាំង ហើយ​ចង់​ទទួល​បាន​ភាពធូរស្រាល និង​សេចក្តីសុខសាន្ត​ជា​ខ្លាំង ។

នៅ​កណ្ដាល​នៃ​ភាព​ច្របូកច្របល់​របស់​ខ្ញុំ ខ្ញុំ​បាន​លុត​ជង្គង់​ក្បែរ​គ្រែ​របស់​ខ្ញុំ​នៅ​ល្ងាច​មួយ ហើយ​ចាប់ផ្ដើម​អធិស្ឋាន​ទៅ​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ ។ ខ្ញុំ​មិន​អាច​ប្រឈម​នឹង​ស្ថានភាព​នេះ​ត​ទៅ​ទៀត​ទេ ។ ខ្ញុំ​បានស្រក់​ទឹក​ភ្នែក ហើយ​ពោលពាក្យ​ថា « ខ្ញុំម្ចាស់​មិន​អាច​រែកពន់​បន្ទុក​នេះ​ត​ទៅ​ទៀត​បាន​ទេ វា​ធ្ងន់​ណាស់ បន្ទុក​នេះ​គួរតែ​ជា​របស់​ទ្រង់ ។ សូម​ទ្រង់​ដក​យក​បន្ទុក​នេះ​ពី​ខ្ញុំ​ម្ចាស់​បាន​ទេ ? ខ្ញុំ​ម្ចាស់​សូម​ថ្វាយ​បន្ទុក​នេះ​ទៅ​ទ្រង់ ។ សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង » ។ ខ្ញុំ​បាន​ទូលសុំ​ជំនួយ​តាមរយៈ​សេចក្តីមេត្តាករុណា​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់ ។ ខ្ញុំចាំ​ពី​គ្រា​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​រងទុក្ខ​សម្រាប់ ខ្ញុំ ហើយ​បាន​ទ្រាំទ្រ​រាល់​អស់​ទាំង​សេចក្តីឈឺចាប់ សម្រាប់ខ្ញុំ ហើយ​ថា តាមរយៈ​ទ្រង់ បន្ទុក​នេះ​អាច​ត្រូវ​បាន​សម្រាល ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា​មាន​ក្តីសង្ឃឹម​មួយ​រំពេច ស្រដៀង​ទៅ​នឹង​បទពិសោធន៍​របស់​អាល់ម៉ា​ជា​កូន ដែល​ចងចាំ​ពី​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ បាន​ថ្លែង​ថា « នៅ​ពេល​ដែល​ឪពុក​នឹកគិត​ទៅ​លើ​រឿង​នេះ នោះ​ឪពុក​បាន​យំ​នៅ​ក្នុង​ចិត្ត​ថា ៖ ឱ​ព្រះ​យេស៊ូវ​អើយ ព្រះ​អង្គជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ សូម​ព្រះ​អង្គ​មាន​សេចក្ដី​មេត្តាករុណា​មក​លើ​ទូលបង្គំ​ផង ដែល​ជា​អ្នក​នៅ​ក្នុង​ប្រមាត់​ល្វីង​ជូរចត់ » ។

នៅ​ថ្ងៃ​បន្ទាប់ សេចក្តីសុខសាន្ត​បានចាប់ផ្តើម​មកជំនួស​ក្ដីទុក្ខព្រួយ ។ ជា​សេចក្តីសុខសាន្ត​ដែល​ហួស​ពី​ការយល់ដឹង​របស់​ខ្ញុំ​ប្រាកដណាស់ ។ ជា​សេចក្តីសុខសាន្ត​ដែល​ថា​ស្ថានភាព​នេះ​គឺ​ស្ថិត​នៅក្នុង​ព្រះហស្ដ​របស់​ព្រះវរបិតា និង​ព្រះរាជបុត្រា ហើយ​មិន​មែន​ជា​បន្ទុក​ដែល​ខ្ញុំ​ត្រូវ​រែកពន់​នោះ​ទេ ។ នៅពេល​ដែល​ខ្ញុំ​ជ្រើសរើស​ទុក​ចិត្ត​ថ្វាយ​បន្ទុក​របស់​ខ្ញុំ​ទៅ​ទ្រង់​ទាំងទ្វេ ខ្ញុំ​ទទួល​អារម្មណ៍​ថា​ទទួល​បាន​សេចក្តី​ស្រឡាញ់ និង​ការធូរស្រាល​របស់​ទ្រង់​ទាំងទ្វេ ហើយ​ត្រូវ​បានណែនាំ​ឲ្យ​ដឹង​ពី​របៀប​ទទួល​បាន​ការគាំទ្រ​ដែល​ខ្ញុំ​ត្រូវការ ។

ទស្សនៈ​ដ៏​ទូលំទូលាយ​ជាងមុន​បាន​ចូល​មក​ក្នុង​ដួងចិត្ត និង​គំនិត​របស់​ខ្ញុំ​ផងដែរ នៅ​ថ្ងៃ និង​សប្តាហ៍​បន្ទាប់ ។ ខ្ញុំ​មិន​បាន​ដឹង​នោះទេ​ថា ទស្សនៈ​ដែល​ស្រដៀង​នឹង​របៀប​ដែល​ព្រះ​ទតឃើញ អាច​ជា​អំណោយទាន​ដ៏​មាន​អានុភាព​ដើម្បី​ជួយ​យើង​ឆ្លងកាត់​ឧបសគ្គ​ដែល​យើង​ជួបប្រទះ ។ វា​បានជួយ​ដាក់​ស្ថានភាព​នេះ​ទៅក្នុង​កន្លែង​ត្រឹមត្រូវ​របស់​វា ។ វា​បាន​ក្លាយ​ដូច​អ្វី​ដែល​ព្រះអម្ចាស់​បាន​ពិពណ៌នា​ថា « គ្រាន់តែ [ មួយ ] តំណក់ » ប្រៀបធៀប​ទៅ​នឹង « សេចក្ដី​ដែល​មាន​ទម្ងន់​ជាង​ឬ ? »

កាលៈទេសៈ​លំបាក​មិន​បាន​ទៅ​ណា​ទេ ប៉ុន្តែ​វា​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់​ដូច​ពី​មុន​ទេ ហើយ​ស្ថានភាព​នោះ​លែង​គ្រប់គ្រង​គំនិត​របស់​ខ្ញុំ​ទៀត​ហើយ ។ វា​ពិត​ជា​អព្ភូតហេតុ​ណាស់ ។ មាន​តែ​ទ្រង់​ទេ​ដែល​អាច​ធ្វើ​ឲ្យ​បន្ទុក​ដែលញាំញី​ដល់​ព្រលឹង​បែប​នេះ​បាន « ស្រាល » បាន ។

នៅ​កណ្តាល​នៃ​ការទទួល​បាន​ការសង្គ្រោះ​នេះ ខ្ញុំ​បាន​អាន​ខគម្ពីរ​មួយ​ពី​ព្យាការី ​ស៊ីណូស ដែល​ពិពណ៌នា​អំពី​បទពិសោធន៍​របស់​ខ្ញុំ ៖ « ហើយ​ព្រះ​អង្គ​បាន​ឮ​ទូលបង្គំ ដោយ​សារ​សេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ​របស់​ទូលបង្គំ និង​ចិត្ត​ស្មោះ​របស់​ទូលបង្គំ ហើយ​គឺ​ដោយ​សារ ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ … ទ្រង់​បាន​មេត្តាករុណា​ដល់​ទូលបង្គំ​យ៉ាង​នេះ ហេតុ​ដូច្នេះ​ហើយ ទូលបង្គំ​នឹង​អំពាវនាវ​ដល់​ព្រះ​អង្គ​នូវ​គ្រប់សេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ​របស់​ទូលបង្គំ ព្រោះ​នៅ​ក្នុង​ព្រះ​អង្គ គឺជា​សេចក្ដី​អំណរ​របស់​ទូលបង្គំ ព្រោះ​ព្រះ​អង្គ​បាន​បង្វែរ​សេចក្ដី​ជំនុំ​ជំរះ​ចេញ​ពី​ទូលបង្គំ ដោយ​សារ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ » ។

បងប្អូនស្រី សូម​ឲ្យ​យើង​ជ្រើសរើស​ជឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ និង ទូលសុំ ជំនួយ​ដែល​យើង​ត្រូវការ​តាមរយៈ​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ ពេលខ្លះ​យើង​អាច​ឃើញ​ថា​ខ្លួន​យើង​កំពុង​ស្ថិត​នៅ​ម៉ូដ « ស្វ័យប្រវត្តិ » ដែល​ជាទូទៅ​យើង​ជឿ​ថា​ព្រះ​នឹង​ជួយ​យើង ប៉ុន្តែ​យើង​មិន​មាន​គោលបំណង​ទូល​សួរ​ទ្រង់​ដោយ​សេចក្តីជំនឿ ដោយជ្រើសរើស​ជឿ​ថា​ទ្រង់​ពិត​ជា​អាច​ធ្វើ​បាន ហើយ​នឹង​ជួយ​យើងនោះទេ ។ ខ្ញុំ​គិត​ថា ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ សង្ឃឹម​ថា​បងប្អូន ហើយ​ខ្ញុំ​នឹង​ទូលសុំ​ជំនួយ​ដែល​យើង​ត្រូវការ​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​ដោយ​ជឿ​ថា ការពលិកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ សម្រាប់ បងប្អូន ទាំងពីមុន និង​ពេល​ឥឡូវ​នេះ ។ ដង្វាយធួន​របស់​ទ្រង់ ការឈឺចាប់​របស់​ទ្រង់​គឺ​សម្រាប់​បងប្អូន​ទាំងពេល​មុន និង​ពេល​ឥឡូវ​នេះ ។ ទ្រង់​ស្រឡាញ់​បងប្អូន ហើយ​មាន​ព្រះទ័យ​ចង់​ព្យាបាល និង​ប្រទានពរ​ដល់​បងប្អូន ដោយ​នូវ​ជំនួយ​ដែល​បងប្អូន​ត្រូវការ​សម្រាប់​ពេល​នេះ និង​ជា​រៀងរហូត​តទៅ ។ ហើយ​ទ្រង់​មាន​ព្រះចេស្ដា​ដើម្បី​ធ្វើ​ដូច្នេះ នៅពេល​យើង​អនុវត្ត​សេចក្តីជំនឿ​របស់​យើង រស់នៅ​តាម​សេចក្តីសញ្ញា​របស់​យើង ហើយ​ជ្រើសរើស​ជឿ​លើ​ទ្រង់ ។

ប្រធាន ដាល្លិន អេក អូក បានបង្រៀន ៖ « ដោយសារ​បទពិសោធន៍​ដ៏​ធួន​របស់​ទ្រង់​នៅក្នុង​ជីវិត​រមែង​ស្លាប់ នោះ​ព្រះអង្គសង្គ្រោះ​អាច​លួងលោម ព្យាបាល និងចម្រើន​កម្លាំង​ដល់​បុរស និងស្ត្រី​គ្រប់​រូប​នៅ​គ្រប់​ទីកន្លែង ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ទ្រង់​ធ្វើ​ការណ៍​នេះ ចំពោះ អស់​អ្នក​ដែល​ស្វែងរក​ទ្រង់ ហើយ សុំ​ជំនួយ​ពី​ទ្រង់​តែ​ប៉ុណ្ណោះ ។ … យើង​មាន​ភាពស័ក្ដិសម​ដើម្បី​ទទួល​ពរជ័យ​នោះ នៅពេល​យើង​ជឿ​លើ​ទ្រង់ ហើយ​អធិស្ឋាន​ទូលសុំ​ជំនួយ​របស់​ទ្រង់ » ។

យើង​មិន​ត្រូវ​បាន​ឲ្យ​មក​ដើម្បី​តស៊ូ​នឹង​ឧបសគ្គ និង​ការឈឺចាប់​របស់​យើង​ដោយ​ខ្លួន​ឯង​នោះ​ទេ ។ យើង​ត្រូវ​បាន​ឲ្យ​មក​ដើម្បីមាន​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ ជា​អង្គ​ដែល​មាន​ព្រះចេស្ដា សេចក្ដី​ស្រឡាញ់ និង​ការសង្គ្រោះ​ដ៏​ទេវភាព​សម្រាប់​យើង​ដោយ​ផ្ទាល់ ។ ទ្រង់​មាន​ព្រះទ័យ​ចង់​បំពេញ​ចិត្ត និង​លួងលោម​ដល់​ព្រលឹង​ដែល​ឈឺចាប់ ។

តើ​បងប្អូន​អាច​ឮ​ទ្រង់​មាន​បន្ទូល​មកកាន់​បងប្អូន ដូចជា​ទ្រង់​មាន​បន្ទូល​ទៅកាន់​ប្រជាជន​អាលម៉ា​ដែល​កំពុង​ជួប​ការលំបាក​ដែរ​ឬ​ទេ ?

« ចូរ​ងើប​ក្បាល​ឡើង ហើយ​ចូរ​ក្សាន្ត​ចិត្ត​ចុះ ព្រោះ​យើង​ដឹង​នូវ​សេចក្ដីសញ្ញា ដែល​អ្នករាល់គ្នា​បាន​ធ្វើ​ជាមួយ​នឹង​យើង ហើយ​យើង​នឹង​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​រាស្ត្រ​យើង ហើយ​នឹង​ដោះ​ពួកគេ​ឲ្យ​រួច​ផុត​ពី​សេវកភាព ។

« ហើយ​យើង​នឹង​សម្រាល​បន្ទុក​ទាំង​ឡាយ … ដាក់​នៅ​លើ​ស្មា​អ្នក​ផង ហើយ​សូម្បី​តែ​រូប​អ្នក​ក៏​នឹង​មិន​អាច​ចាប់​អារម្មណ៍​ថា មាន​បន្ទុក​ទាំង​នោះ​នៅ​លើ​ខ្នង​អ្នក​ឡើយ ទោះ​នៅ​ពេល​អ្នក​ជាប់​នៅ​ក្នុង​សេវកភាព​ក្ដី ហើយ​យើង​នឹង​ធ្វើ​ការ​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា អាច​ឈរ​ជាសាក្សី​ដល់​យើង​ពី​អំណឹះ​ត​ទៅ ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ដឹង​ជា​ពិត​ប្រាកដ​ថា យើង​ជា​ព្រះអម្ចាស់​ដ៏​ជា​ព្រះ មក​រក​រាស្ត្រ​យើង​ក្នុង​ពេល​គេ​ស្ថិត​ក្នុង​សេចក្ដី​វេទនា » ។

ចំណងជើង​នៃ​ផ្ទាំង​គំនូរ​ដែល​ខ្ញុំ​បានចែកចាយ​នៅក្នុង​សារលិខិតរបស់ខ្ញុំ​នៅក្នុង​សន្និសីទ​ទូទៅ​ចុងក្រោយ​គឺ « ហើយ​យើង​បាន​ទទួល​ទាន » ។ វា​ជា​ព្រះ​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​ផ្ទាល់ នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា នៅពេល​ទ្រង់​ពិពណ៌នា​អំពី​ការឈឺចាប់​របស់​ទ្រង់​នៅក្នុងសួនច្បារ​គែតសេម៉ានី ៖

« គឺជា​សេចក្ដី​រង​ទុក្ខ​វេទនា ដែល​បណ្ដាល​ឲ្យ​យើង គឺជា​ព្រះ​ដ៏​មហិមា​លើ​អ្វីៗ​ទាំង​អស់ ត្រូវ​ញ័រ​ដោយ​សារ​តែ​ការ​ឈឺ​ចាប់ ហើយ​ត្រូវ​ច្រួច​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស ។ …

« ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សូម​ព្រះ​វរបិតា​បាន​សិរី​ល្អ ហើយ យើង​បាន​ទទួល​ទាន និង​សម្រេច​ការរៀបចំ​របស់​យើង​ចំពោះ​កូន​ចៅ​មនុស្ស » ។

ព្រះអង្គ​សង្គ្រោះ​បាន​ទទួល​ទាន​ដើម្បី​ឲ្យ​យើង​អាច​ប្រែចិត្ត ហើយ​ត្រូវ​បាន​សម្អាត ។ ទ្រង់​បាន​ទទួលទាន​ដើម្បី​ឲ្យ​យើង​អាច​ត្រូវ​បានពង្រឹង ជួយសង្គ្រោះ និង​ជាសះស្បើយ ។ ទ្រង់​បានទទួលទាន​ដើម្បី​លើក​បន្ទុក​របស់​យើង​ឡើង ហើយ​ប្រទាន​ឲ្យ​យើង​មាន​សេចក្តីសុខសាន្ត ។ ទ្រង់​បាន​ទទួលទាន ដើម្បី​ឲ្យ​យើង​អាច​ត្រឡប់​ទៅ​ទីវត្តមាន​នៃ​ព្រះវរបិតា ហើយ​រស់នៅ​ជា​មួយនឹង​អ្នក​ដែល​យើង​ស្រឡាញ់​ជា​រៀង​រហូត ។ ទ្រង់​បាន​ទទួលទាន​ចេញពី​សេចក្តី​ស្រឡាញ់​សម្រាប់​បងប្អូន និង​ខ្ញុំ ។

អត្ថន័យ​នៃ​រូប​គំនូរ​នេះ​បានផ្លាស់ប្តូរ​បន្តិច​ម្តងៗ ព្រោះ​ខ្ញុំ​បានផ្លាស់ប្តូរ ។ ទំនាក់ទំនង និង​ការយល់ដឹង​របស់​ខ្ញុំ​អំពី​ព្រះអង្គសង្គ្រោះ​របស់​ខ្ញុំ និង​អ្វី​ដែល​ទ្រង់​បានធ្វើ​សម្រាប់​ខ្ញុំ​កាន់តែ​ជ្រាលជ្រៅ ។

របៀប​ដែល​យើង​មើលឃើញ​ទ្រង់​នៅក្នុង​ជីវិត​របស់​យើង​នឹង​ផ្លាស់ប្តូរ នៅពេល​យើង​ជ្រើសរើស​ជឿ​លើ​ទ្រង់ រៀន​អំពី​ទ្រង់ ប្រែចិត្ត ហើយ​អនុញ្ញាត​ឲ្យ​ភាពពិត​នៃ​ដង្វាយធួន​របស់​ទ្រង់​ឈោង​ទៅ​ដល់​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​យើង ។

ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះអង្គសង្រ្គោះ​ស្រឡាញ់​បងប្អូន ។ ខ្ញុំ​ដឹង​ថា​ព្រះយេស៊ូវ​គ្រីស្ទ​មានព្រះជន្មរស់ ទ្រង់​គឺជា​ព្រះប្រោសលោះ​នៃ​ពិភពលោក ។ ដង្វាយធួន​របស់​ទ្រង់​គឺ​សម្រាប់​បងប្អូន ។ សូម​ឲ្យ​យើង​ទូលសុំ​ដោយ​សេចក្តីជំនឿ​សម្រាប់​អ្វី​ដែល​យើង​ត្រូវការ បន្ទាប់មក « ឈប់​សិន ចាំ [ ដើម្បី ] មើល​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា » ។ នេះគឺជា​ការអធិស្ឋាន​របស់​ខ្ញុំ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. « ខ្ញុំរកក្តីសុខឯណា ? » ទំនុកតម្កើង, លេខ ៦៩ ។

  2. រ៉ូម ៨:៣៨–៣៩ ។

  3. « ទ្រង់មាន​ព្រះ​បន្ទូលថា ៖ បើសិនជា​អ្នករាល់​គ្នាមាន​សេចក្ដីជំនឿ​ជឿ​ដល់យើង នោះ​អ្នករាល់​គ្នា​នឹង​មាន​អំណាច ប្រយោជន៍​នឹងធ្វើនូវអ្វីៗ​ដែល​ជាការ​ចាំបាច់​ដល់យើង » ( មរ៉ូណៃ ៧:៣៣ ) ។

    « នៅពេល​យើង​ចុះ​សេចក្ដីសញ្ញា​បន្ថែម​ជាមួយ​ព្រះ យើង​លើក​ដាក់​មកលើ​ខ្លួនយើង​នូវ​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ពេញលេញ​ជាងមុន ។ ជា​លទ្ធផល ព្រះ​ប្រទាន​ពរ​ឲ្យ​យើង​មាន​ព្រះចេស្ដា​របស់​ទ្រង់​កាន់តែ​ច្រើន ។ ដូច​ដែល​ប្រធាន ណិលសុន បានបង្រៀន ៖ ‹ បុគ្គល​ម្នាក់ៗ​ដែល​ចុះ​សេចក្តីសញ្ញា​នៅក្នុង​អាង​ជ្រមុជ​ទឹក និង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ—ហើយ​រក្សា​សេចក្តីសញ្ញា​ទាំង​នោះ—គឺ​បាន​ទទួល​ព្រះចេស្តា​របស់​ព្រះយេស៊ូវ​គ្រីស្ទ កាន់តែ​ច្រើន​ឡើង ។… រង្វាន់​នៃការរក្សា​សេចក្តីសញ្ញា​ជាមួយនឹង​ព្រះ​គឺជា ព្រះចេស្តា​មក​ពី​ស្ថានសួគ៌ … ពោល​គឺ​ព្រះចេស្តា​ដែល​ពង្រឹង​យើង កាន់តែ​ខ្លាំង ឲ្យ​ទប់ទល់​នឹង​ការសាកល្បង ការល្បួង និង​ការឈឺចាប់​ទាំងឡាយ​របស់​យើង › ។

    « យើង កាន់តែ ទទួល​អារម្មណ៍​ខាងវិញ្ញាណ ។ យើង កាន់តែ មាន​ភាពក្លាហាន​ដើម្បី​ប្រឈមមុខ​នឹង​កាលៈទេសៈ​ដែល​ហាក់​ដូចជា​មិន​អាច​ធ្វើ​បាន ។ យើង កាន់តែ រឹងប៉ឹង​នៅក្នុង​ការប្តេជ្ញា​ចិត្ត​របស់​យើង ដើម្បី​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង កាន់តែ ឆាប់​ប្រែចិត្ត និង​វិល​មក​រក​ទ្រង់​វិញ ពេល​យើង​ប្រព្រឹត្ត​រំលង ។ យើង​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់​ ប្រកបដោយ​ព្រះចេស្ដា និង​សិទ្ធិ​អំណាច​របស់​ទ្រង់បានកាន់តែប្រសើរឡើង ។ យើង​ជួយ​មនុស្ស​ទ័លក្រ ខណៈ​ដែល​លែង​សូវ​មាន​ការវិនិច្ឆ័យ ទោះ​តិច ឬ​ច្រើន​ក្តី ។ យើង​បន្ដ​ផ្ដាច់​ពី​អំពើបាប​ទាំងឡាយ​របស់​យើង ។ យើង​មាន​សេចក្ដី​សុខសាន្ដ​កាន់តែ​ខ្លាំង ហើយ​យើង​កាន់តែ​រីករាយ​ឡើង ព្រោះ​យើង​អាច​រីករាយ​បាន​ជានិច្ច ។ សិរីល្អ​របស់​ទ្រង់​នឹង​នៅ​ជុំវិញ​យើង ហើយ​ពួកទេវតា​របស់​ទ្រង់​តាម​ថែរក្សា​ពួកយើង ។ » (ឌែល ជី រិនឡាន់ “ ការទទួលយកព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ " លីអាហូណា , ខែវិច្ឆិកា ឆ្នាំ២០២៥ ទំព័រ ១១២)

  4. នែល អិល អាន់ឌើរសិន « What Thinks Christ of Me? » Liahona ខែឧសភា ឆ្នាំ២០១២ ទំព័រ១១៤ ។

  5. សូមមើល អេសាយ ៥៣:៣–៥ ។

  6. អាលម៉ា ៣៦:១៨ ។

  7. សូម​មើល ភីលីព ៤:៧ ។

  8. គោលលទ្ធិ និង​សេចក្តីសញ្ញា ១១៧:៨ ។

  9. ម៉ាថាយ ១១:៣០ ។

  10. អាលម៉ា ៣៣:១១ ។

  11. ដាល្លិន អេក អូក « Strengthened by the Atonement of Jesus Christ » Liahona ខែវិច្ឆិកា ឆ្នាំ២០១៥ បាន​បន្ថែម​ការគូសបញ្ជាក់ ។

  12. ម៉ូសាយ ២៤:១៣–១៤; សូមមើល​ផងដែរ ២៤:១២–១៥ ។

  13. គោលលទ្ធិ និង​សេចក្តីសញ្ញា ១៩:១៨–១៩; បាន​បន្ថែម​ការគូសបញ្ជាក់ ។

  14. និក្ខមនំ ១៤:១២; សូមមើល​ផងដែរនិក្ខមនំ ១៤:១៤ ។