យើងទាំងអស់គ្នាមានពរជ័យដោយសារឥទ្ធិពល និងសេចក្តីជំនឿរបស់ស្ត្រី
ការប្រជុំធម្មនិដ្ឋានសមាគមសង្គ្រោះ ឆ្នាំ២០២៦ ៖ ការប្រមូលផ្តុំស្ត្រីនៅទូទាំងពិភពលោក
ថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦
បងប្អូនស្រីជាស្រឡាញ់ ខ្ញុំមានក្តីសោមនស្សដែលបានចូលរួមក្នុងព្រឹត្តិការណ៍របស់សមាគមសង្គ្រោះដ៏អស្ចារ្យនេះ ។ ខ្ញុំអរគុណចំពោះអ្វីៗដែលបានធ្វើឡើង ។ ខ្ញុំចូលចិត្តសារលិខិតដែលប្រធាន ខាំមៀល អិន ចនសុន ស៊ីស្ទើរ ជេ អាណែត ដេននីស និងស៊ីស្ទើរ គ្រីស្ទីន អិម យី បានផ្ដល់ឲ្យ ។
ខ្ញុំមានពរដោយស្ត្រីពិសេសក្នុងជីវិតរបស់ខ្ញុំ ហើយខ្ញុំមានអំណរគុណដ៏អស់កល្បជានិច្ចចំពោះឥទ្ធិពលរបស់ពួកគាត់ចំពោះខ្ញុំ ។ ការអរគុណរបស់ខ្ញុំគឺលើសពីសមត្ថភាពរបស់ខ្ញុំដើម្បីរៀបរាប់ឲ្យបានគ្រប់គ្រាន់ ។ ពួកគាត់បានស្វែងរកឧត្តមភាពក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់ពួកគាត់ ប៉ុន្តែបានសង្កត់ធ្ងន់លើអារម្មណ៍ និងការដឹងគុណចំពោះសេចក្តីស្រឡាញ់របស់ព្រះនៅក្នុងជីវិតរបស់ពួកគាត់ ។
ភរិយារបស់ខ្ញុំ ម៉ារី បានធ្វើជាគំរូអំពីការណ៍នេះ ហើយព្យាយាមរស់នៅដោយ « សុទិដ្ឋិនិយមនៅផ្នែកដែលមានពន្លឺ » ។
ខ្ញុំមានអារម្មណ៍ថាមានទំនួលខុសត្រូវខ្ពស់ណាស់ក្នុងការថ្លែងទៅកាន់បងប្អូន ជាស្ត្រីដ៏អស្ចារ្យ ។ បងប្អូនមានសេចក្តីស្រឡាញ់ និងការកោតសរសើររបស់ខ្ញុំសម្រាប់អត្តសញ្ញាណរបស់បងប្អូន និងការតាំងចិត្តរបស់បងប្អូនចំពោះព្រះអម្ចាស់ និងសាសនាចក្ររបស់ទ្រង់នៅក្នុងពិភពលោកដ៏លំបាកនេះ ។
បងប្អូនស្រីជាស្រឡាញ់ សូមកុំមើលស្រាលតម្លៃអំណាច និងអានុភាពនៃឥទ្ធិពលដ៏មានសមត្ថភាព ពេញដោយក្តីស្រឡាញ់ និងការងាយដឹងរបស់បងប្អូនទៅលើអ្នកដែលបងប្អូនប្រាស្រ័យទាក់ទងជាមួយ ។ បងប្អូនផ្ដល់ពរដល់មនុស្សជាច្រើន នៅពេលបងប្អូនព្យាយាមរស់នៅដូចជាព្រះគ្រីស្ទ ។
ជួនកាល នៅក្នុងបំណងប្រាថ្នាដោយស្មោះរបស់បងប្អូនដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ហើយធ្វើល្អ នោះបងប្អូនអាចនឹងមានអារម្មណ៍ថា ទោះបើបងប្អូនខិតខំ ឬធ្វើអ្វីនោះទេ វាមិនគ្រប់គ្រាន់ឡើយ ។ ពេលខ្លះ ទោះបីជាមនុស្សគ្រប់គ្នាយល់ថាបងប្អូន « ត្រឹមត្រូវ » ហើយក៏ដោយ ក៏បងប្អូនអាចមានអារម្មណ៍ថាមិនគ្រប់គ្រាន់ និងគ្មានប្រសិទ្ធភាពដែរ ។ ប៉ុន្តែ កិច្ចការដ៏ល្អដែលបងប្អូនធ្វើ សេចក្តីសប្បុរសដែលបងប្អូនបង្ហាញ និងសេចក្តីស្រឡាញ់ដែលបងប្អូនផ្ដល់ឲ្យ គឺជាពរជ័យលើសពីការវាស់វែងបានសម្រាប់អស់អ្នកដែលមានអភ័យឯកសិទ្ធិក្នុងប្រាស្រ័យទាក់ទងជាមួយបងប្អូន ហើយនោះគ្រប់គ្រាន់ហើយ !
យើងរស់នៅក្នុងគ្រាដ៏ច្របូកច្របល់ ។ ពិភពលោកនេះមានភាពចលាចល ។ ឧបសគ្គជាច្រើនគឺនៅក្នុងដែនខាងវិញ្ញាណ ។ វាជាបញ្ហាសង្គមដែលយើងក្នុងនាមជាបុគ្គលម្នាក់ៗមិនអាចដោះស្រាយបាន ប៉ុន្តែយ៉ាងណាក្តីវាធ្វើឲ្យយើងព្រួយបារម្ភ ។ ការបញ្ចុះបញ្ចូលមនុស្សឲ្យជ្រើសរើសសេចក្តីសុចរិត គឺជាបញ្ហាដែលប្រឈមជាយូរយារណាស់មកហើយ ។ « ការផ្ទុយចំពោះរឿងសព្វសារពើ » តែងតែមានជានិច្ច ។ ភាពខុសគ្នានៅសព្វថ្ងៃនេះគឺថា « អគារដ៏ធំ ហើយទូលាយ » អ្នកដែលចេះតែសង្ស័យហាក់កាន់តែមានច្រើនឡើង ការទាស់ទែងកាន់តែច្រើន និងមិនសូវចេះអត់ឱនឲ្យគ្នា ជាងពេលណាៗទាំងអស់ក្នុងជីវិតរបស់ខ្ញុំ ។
តាមពិតទៅ បញ្ហាប្រឈមបែបនេះតែងតែកើតមានជានិច្ច ។ នៅមួយឆ្នាំមុនពេលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវបានរៀបចំឡើងនោះ ព្យាការី យ៉ូសែប ស្ម៊ីធ បានកំពុងបកប្រែព្រះគម្ពីរមរមន ។ ព្រះអម្ចាស់បានបើកសម្ដែងដល់យ៉ូសែប និង អូលីវើរ ខៅឌើរី នូវអ្វីដែលឥឡូវនេះជាកណ្ឌទី ៦ នៃគោលលទ្ធិ និងសេចក្ដីសញ្ញា ។ វាមាននូវដំបូន្មានសម្រាប់គ្រាលំបាក ។
ព្រះអម្ចាស់បានលួងលោមដល់ពួកលោកថា « កុំឲ្យខ្លាច ហ្វូងតូចអើយ ចូរធ្វើល្អចុះ ចូរឲ្យផែនដី និងស្ថាននរករួមគ្នាប្រឆាំងនឹងអ្នកចុះ ដ្បិតបើសិនជាអ្នករាល់គ្នាបានសង់នៅលើថ្មដារបស់យើង នោះពួកគេពុំអាចយកឈ្នះបានឡើយ » ។ ទ្រង់ក៏បានទូន្មានដល់ពួកលោកដែរថា « ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ ចូរកុំខ្លាចឡើយ ។ … ចូរមានចិត្តស្មោះត្រង់កាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នករាល់គ្នានឹងគ្រងនគរស្ថានសួគ៌ទុកជាមរតក ។ អាម៉ែន » ។
ក្រឡេកទៅមើលពួកបរិសុទ្ធនៅជំនាន់ដើមទាំងនោះវិញ យើងជ្រោតជ្រាបជាខ្លាំងចំពោះទុក្ខលំបាកដែលពួកគេបានស៊ូទ្រាំ និងគំរូដែលពួកគេបានផ្តល់ឲ្យនូវការស្គាល់សេចក្តីស្រឡាញ់ និងការផ្ដល់ការងារបម្រើរបស់ព្រះចំពោះគ្នាទៅវិញទៅមក ។
ចំណុចជាមូលដ្ឋាន ឬជាចំណុចចាប់ផ្តើមសម្រាប់ការពិនិត្យមើលជីវិត និងការតាំងចិត្តរបស់យើងចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ គឺជាពិធីបុណ្យជ្រមុជទឹក ។
សម្រាប់ពួកយើងជាច្រើន លើកលែងតែអ្នកប្រែចិត្តជឿថ្មី និងក្មេងៗ គឺថាពិធីបុណ្យជ្រមុជទឹករបស់យើងមានច្រើនឆ្នាំមកហើយ ។ ព្យាការីដ៏អស្ចារ្យ អាលម៉ាមានប្រសាសន៍យ៉ាងល្អិតល្អន់មកកាន់យើង នៅពេលលោកថ្លែអថា « ហើយឥឡូវនេះ មើលចុះ ខ្ញុំសូមប្រាប់អ្នកថា … បើសិនជាអ្នករាល់គ្នាបានស្គាល់ការផ្លាស់ប្ដូរនៅក្នុងដួងចិត្តអ្នក ហើយបើសិនជាអ្នករាល់គ្នាបានចាប់អារម្មណ៍ចង់ច្រៀងនូវចម្រៀងនៃសេចក្ដីស្រឡាញ់ដែលប្រោសលោះ ខ្ញុំសូមសួរថា តើអ្នករាល់គ្នាអាចចាប់អារម្មណ៍យ៉ាងនេះឥឡូវនេះទេ ? »
អាលម៉ាបន្តជាមួយនឹងសារលិខិតដ៏មានអត្ថន័យមួយ ដែលពិតជាទាក់ទងយ៉ាងខ្លាំងនឹងជំនាន់របស់យើង ។ លោកសួរពួកបរិសុទ្ធយ៉ាងសំខាន់ថា « ប្រសិនបើពួកគេត្រូវបានហៅឲ្យទៅស្លាប់ តើពួកគេបានរៀបចំខ្លួន ដើម្បីទៅជួបនឹងព្រះហើយឬនៅ ? » បន្ទាប់មក អាលម៉ាបានសង្កត់ធ្ងន់លើគុណសម្បត្ដិបួនយ៉ាង ដើម្បីគ្មានកំហុសនៅចំពោះព្រះ ។
ទីមួយ តើយើងបន្ទាបខ្លួនគ្រប់គ្រាន់ឬនៅ ? ក្នុងន័យមួយ ការណ៍នេះគឺជាការត្រឡប់ទៅកាន់តម្រូវការដើម្បីពិធីបុណ្យជ្រមុជទឹក ការបន្ទាបខ្លួន និងការមានចិត្តសង្រេង និងវិញ្ញាណទន់ទាប ។
ទីពីរ តើយើងបានរលាស់ចោលនូវការឆ្មើងឆ្មៃឬនៅ ? និយាយអំពីសេចក្តីឆ្មើងឆ្មៃ អាលម៉ាបានទូន្មានទាស់នឹងការជាន់ឈ្លីព្រះដ៏បរិសុទ្ធនៅក្រោមជើងយើង ហើយការអួតខ្លួន ដោយនូវការឆ្មើងឆ្មៃក្នុងចិត្តលើរឿងឥតប្រយោជន៍នៃលោកិយ និងទៅលើទ្រព្យសម្បត្តិ ដោយស្មានថាយើងល្អជាងគ្នា ហើយបៀតបៀនអ្នកដែលបន្ទាបខ្លួន ។
ទីបី តើយើងចោលចិត្តច្រណែនឬនៅ ? សម្រាប់អស់អ្នកដែលមានពរជ័យដ៏អស្ចារ្យ ប៉ុន្តែពុំមានអារម្មណ៍ដឹងគុណ ពីព្រោះពួកគេអាចផ្តោតតែទៅលើអ្វីដែលអ្នកដទៃមានប៉ុណ្ណោះ នោះការច្រណែនអាចនាំឲ្យវិនាសបំផុត ។ ការច្រណែននឹងរបៀបរស់នៅមានកាន់តែច្រើនឡើង នៅពេលដែលកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិបានជំនួសឲ្យសេចក្តីជំនឿ និងគ្រួសារ ដែលជាសេចក្តីប្រាថ្នាស្នូលសម្រាប់សង្គមភាគច្រើន ។
ទីបួន តើយើងបានចំអកឡកឡឺយ ឬបៀតបៀនទៅលើបងប្អូនប្រុស ឬបងប្អូនស្រីរបស់យើងដែរឬទេ ? នៅក្នុងពិភពលោកបច្ចុប្បន្ននេះ យើងឃើញការណ៍ទាំងនេះជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ។
តើអាចមានអ្វីដែលទាក់ទងនឹងបញ្ហាដែលមាននៅជំនាន់យើងជាងសារលិខិតនេះអំពីការឆ្មើងឆ្មៃ ការច្រណែន និងការបៀតបៀនដែរឬទេ ?
ការជជែកវែកញែកធំៗនៅទូទាំងពិភពលោកភាគច្រើន គឺអំពីបញ្ហាខាងសាច់ឈាម និងសេដ្ឋកិច្ចប្រចាំថ្ងៃ ។ ប៉ុន្តែមានការពិភាក្សាតិចតួចណាស់អំពីការត្រឡប់ទៅរកគោលការណ៍ដូចជាព្រះគ្រីស្ទ ដែលផ្តោតលើការរៀបចំខ្លួនដើម្បីទៅជួបព្រះ និងស្ថានភាពខាងវិញ្ញាណរបស់យើង ។ យើងត្រូវផ្ដោតជីវិតរបស់យើង និងបង្កើនការយកចិត្តទុកដាក់លើបញ្ហាខាងវិញ្ញាណ ។
ខ្ញុំតែងតែទទួលបានការបំផុសគំនិតនៅពេលខ្ញុំពិនិត្យមើលឡើងវិញពីព្រឹត្តិការណ៍ដែលនាំទៅដល់ការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធណៅវូ ។ ខ្ញុំមានការចាប់អារម្មណ៍ជាខ្លាំងចំពោះជំនឿរបស់បងប្អូនស្រីទាំងនោះ ។ គុណលក្ខណៈដ៏លើសលប់ដែលសាយភាយគឺជាសេចក្តីជំនឿរបស់បងប្អូនស្រីទាំងនោះ ។ ជំនឿរបស់ពួកគាត់លើដំណឹងល្អដែលបានស្ដារឡើងវិញនៃព្រះយេស៊ូវគ្រីស្ទ និងព្យាការីនៃការស្ដារឡើងវិញ យ៉ូសែប ស្ម៊ីធ គឺជារឿងដ៏អស្ចារ្យបំផុត ។
ស្ត្រីដ៏លះបង់ទាំងនេះបានបង្ហាញសេចក្តីជំនឿរបស់ពួកគាត់លើសារៈសំខាន់ដ៏អស់កល្បជានិច្ចនៃពិធីអំណោយទានពិសិដ្ឋ និងការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធតាមរយៈពលិកម្មដែលពួកគាត់ស្ម័គ្រចិត្តធ្វើ ។ ពួកគាត់បានលះបង់ពេលវេលារបស់ពួកគាត់ និងទ្រព្យសម្បត្តិតិចតួចដែលពួកគាត់មាន ។ ពួកគាត់ក៏ត្រូវបានចាត់តាំងឲ្យធ្វើកិច្ចការពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធណៅវូផងដែរ ។ នៅពេលពួកគាត់បានជួយរៀបចំពួកបរិសុទ្ធដើម្បីចាកចេញពីណៅវូ បងប្អូនស្រីជាច្រើនបានរក្សាទុកកំណត់ត្រានៃការជួយធ្វើពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធនៅពេលថ្ងៃ ហើយចំណាយពេលភាគច្រើននៅពេលយប់ ដើម្បីចម្អិនអាហារ និងលាងសម្អាត ។ ទោះជាយ៉ាងណាក៏ដោយ ពួកគាត់បានបញ្ជាក់យ៉ាងច្បាស់ថា សេចក្តីជំនឿ និងចំណេះដឹងដែលបានប្រទានដល់ពួកគាត់នៅក្នុងព្រះវិហារបរិសុទ្ធបានអនុញ្ញាតឲ្យពួកគាត់រីករាយ នៅពេលពួកគាត់ទៅកន្លែងដែលពុំស្គាល់ ហើយធ្វើដំណើរឆ្លងកាត់វាលទំនាប ។
ប្រវត្តិសាស្ត្របង្ហាញថា ស្ត្រីមានការទទួលខុសត្រូវចម្បងលើផ្ទះសម្បែង និងកូនៗ ដូច្នេះហើយពួកគាត់ចង់ទទួលបានសុវត្ថិភាព និងស្ថិរភាព ។ សេចក្តីជំនឿរបស់បងប្អូនស្រីក្នុងការស្ម័គ្រចិត្តចាកចេញពីទីក្រុងណៅវូ ទៅកន្លែងដែលពុំស្គាល់គឺជាការបំផុសគំនិត ។
អារម្មណ៍ដែលបានកត់ត្រារបស់បងស្រី បាតសេបា ស្ម៊ីធ នៅពេលគាត់ត្រៀមខ្លួនចេញដំណើរ គឺគួរឲ្យរំជួលចិត្តជាខ្លាំង ។ គាត់បានជួបប្រទះនឹងហ្វូងមនុស្សកំណាចដែលប្រឆាំងនឹងពួកបរិសុទ្ធនៅរដ្ឋមិសសួរី ហើយបានមានវត្តមាននៅពេលសាវក ដេវីឌ ដបុលយូ ផាតិន បានទទួលមរណភាព ។ នៅពេលគាត់កំពុងប្រឈមមុខនឹងការជម្លៀសពីណៅវូ គាត់បានសរសេរ ៖
« សកម្មភាពចុងក្រោយរបស់ខ្ញុំនៅកន្លែងដ៏មានតម្លៃនោះ គឺរៀបចំបន្ទប់ឲ្យស្អាត បោសឥដ្ឋ ហើយដាក់អំបោសនៅកន្លែងរបស់វាពីក្រោយទ្វារ ។ បន្ទាប់មកដោយអារម្មណ៍ក្ដុកក្ដួលនៅក្នុងចិត្តខ្ញុំ … ខ្ញុំបានបិទទ្វារដោយថ្នមៗ ហើយចេញទៅប្រឈមមុខនឹងអនាគតដែលពុំស្គាល់ … ប្រឈមមុខនឹងអនាគតនោះដោយមានសេចក្តីជំនឿលើព្រះ និងដោយជឿជាក់ថាដំណឹងល្អនឹងបង្កើតឡើងនៅភាគខាងលិច និងចំពោះគោលការណ៍ខ្ជាប់ខ្ជួនយ៉ាងពិតប្រាកដ ដូចដែលខ្ញុំធ្លាប់ជួបនូវគ្រាសាកល្បងក្នុងរដ្ឋមិសសួរីដែរ » ។
បងស្រី ស្ម៊ីធ បានកត់ត្រាពីភាពក្រីក្រ ជំងឺ និងការខ្វះខាត ដែលពួកបរិសុទ្ធបានរងទុក្ខ នៅពេលពួកគេធ្វើដំណើរទៅទិសខាងលិច ។ នៅខែមីនា ឆ្នាំ១៨៤៧ ម្តាយរបស់គាត់បានទទួលមរណភាព ហើយនៅខែបន្ទាប់កូនប្រុសទីពីររបស់គាត់ដែលមានឈ្មោះ ចន បានកើត ។ កំណត់ត្រារបស់គាត់គឺខ្លីថា « គាត់ជាកូនពៅរបស់ខ្ញុំ ហើយគាត់រស់នៅបានតែបួនម៉ោងប៉ុណ្ណោះ » ។
ក្រោយមកក្នុងជីវិតរបស់គាត់ គាត់គឺជាភរិយារបស់ប្រធានព្រះវិហារបរិសុទ្ធ សលត៍ លេក និងជាប្រធានទីបួននៃសមាគមសង្រ្គោះទូទៅ ។
ប្រសិនបើមនុស្សម្នាក់ត្រូវនិយាយពីគុណលក្ខណៈដ៏សំខាន់បំផុតរបស់បងប្អូនស្រីជាអ្នកត្រួសត្រាយផ្លូវរបស់យើង នោះគុណលក្ខណៈនឹងជាសេចក្តីជំនឿដែលមិនងាករេរបស់ពួកគាត់ទៅលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។
ខ្ញុំគិតថា ស្ត្រីនៃសាសនាចក្រនៅសព្វថ្ងៃនេះ គឺមានភាពរឹងមាំ និងស្មោះត្រង់ ។ តាមដែលយល់ដឹងយ៉ាងច្បាស់ សេចក្តីជំនឿគឺជាការបង្ហាញពីសេចក្ដីស្រឡាញ់ និងការដឹងគុណចំពោះព្រះអង្គសង្គ្រោះ ។ ដោយសារពលិកម្មដ៏ធួនរបស់ទ្រង់ គ្មានការខកចិត្តណាដែលនៅជារៀងរហូតនោះទេ ហើយក៏គ្មានការរំលងណាដែលហួសពីការកែប្រែនោះដែរ ។ នៅពេលយើងផ្តោតលើសេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ហើយបន្តនៅលើផ្លូវនៃសេចក្តីសញ្ញា នោះយើងអាចឈោងដល់គោលដៅដ៏អស់កល្បជានិច្ចរបស់យើង ។
ស្ថានភាពនៅក្នុងពិភពលោកនៅសព្វថ្ងៃនេះ តម្រូវឲ្យមានការបង្កើននូវការប្រែចិត្តជឿដ៏រឹងប៉ឹងរបស់បុគ្គលម្នាក់ៗ ហើយពង្រឹងសេចក្ដីជំនឿលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ព្រមទាំងដង្វាយធួនរបស់ទ្រង់ ។ គោលលទ្ធិ និងព្រះគម្ពីររបស់សាសនាចក្រផ្តល់នូវផែនទីបង្ហាញផ្លូវដែលបំផុសគំនិតដើម្បីជួយបងប្អូននៅក្នុងការធ្វើការជ្រើសរើសដ៏សុចរិត ។ ព្យាការីរបស់ព្រះអម្ចាស់ ប្រធាន ដាល្លិន អេក អូក ផ្តល់ការណែនាំជាក់លាក់សម្រាប់សម័យរបស់យើង ។ ព្រះអម្ចាស់បានរៀបចំយើង មួយបន្ទាត់ម្តងៗ សម្រាប់គ្រាលំបាកៗដែលយើងប្រឈមមុខក្នុងពេលនេះ ។
ដោយមានការណែនាំខាងវិញ្ញាណដ៏សន្ធឹកសន្ធាប់ដែលយើងមាននៅសព្វថ្ងៃនេះ មិនថាការសាកល្បងរបស់យើងជាអ្វីនោះទេ ប្រសិនបើយើងមិនមានអំណរគុណចំពោះពរជ័យរបស់យើងទេ នោះយើងនឹងក្លាយជាមនុស្សគ្មានអំណរគុណ ។
សូមអរគុណចំពោះការធ្វើជាខ្លួនឯង និងអ្វីដែលបងប្អូនធ្វើ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះនៃពិភពលោក ។ ទ្រង់មានព្រះជន្មរស់ ហើយផ្ដល់សេចក្ដីស្រឡាញ់ និងការណែនាំដែលយើងត្រូវការដើម្បីត្រឡប់ទៅទ្រង់វិញ ។ ខ្ញុំសូមថ្លែងទីបន្ទាល់យ៉ាងដូច្នេះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។