បន្ដតាំងចិត្ត នៅពេលប្រឈមមុខនឹងការអាក់អន់ចិត្ត ការឈឺចាប់ ឬឧបសគ្គទាំងឡាយ ៖ អេលែន ស្សនថុន
ការប្រជុំធម្មនិដ្ឋានសមាគមសង្គ្រោះ ឆ្នាំ២០២៦ ៖ ការប្រមូលផ្តុំស្ត្រីនៅទូទាំងពិភពលោក
ថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦
ពេលខ្លះ យើងចង់ឲ្យថ្នាក់ដឹកនាំយើងផ្តល់នូវភាពល្អឥតខ្ចោះដល់យើង ហើយពេលខ្លះ យើងចង់បានភាពល្អឥតខ្ចោះពីខ្លួនយើង ។ ហើយនោះជារឿងដ៏លំបាកមួយដើម្បីសុំ ព្រោះវាផ្ទុយនឹងផែនការនៃដំណឹងល្អ ។ ហើយ ខ្ញុំគិតថា វាសំខាន់ណាស់ដើម្បីចងចាំថា ការរំពឹងទុកគួរតែជាការរីកចម្រើន ការយោគយល់ និងក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ។
ឧទាហរណ៍ ខ្ញុំធ្លាប់មានបទពិសោធន៍ដ៏លំបាកមួយ ជាមួយអ្នកដឹកនាំម្នាក់ ហើយវាពិតជាមានផលវិបាកដ៏ឈឺចាប់សម្រាប់គ្រួសាររបស់យើង ។ ខ្ញុំបានជាប់ផុងក្នុងការឈឺចាប់នោះ ហើយត្រូវប្រាប់ខ្លួនឯងថា « គាត់ធ្វើទង្វើគួរឲ្យឈឺចាប់ណាស់ ។ ប៉ុន្តែប្រហែលជាខ្ញុំធ្លាប់ធ្វើឲ្យគេឈឺចាប់ដែរ ។ ប្រហែលខ្ញុំបានធ្វើដូច្នោះ ហើយខ្ញុំត្រូវការសេចក្ដីមេត្តាករុណា » ។ ដូច្នេះ ខ្ញុំត្រូវត្រឡប់ទៅរកអ្វីដែលខ្ញុំបានដឹង ។ ហើយវាសំខាន់ណាស់ដើម្បីចងចាំអ្វីដែលយើងដឹង ។ បើរឿងនោះមិនបានកើតឡើងទេ នោះខ្ញុំប្រហែលមិនបានត្រឡប់ទៅរកគ្រឹះរបស់ខ្ញុំវិញឡើយ ។ បើរឿងនោះមិនបានកើតឡើងទេ នោះខ្ញុំប្រហែលមិនបានងាកទៅរកព្រះអម្ចាស់តាមរបៀបដ៏ជ្រាលជ្រៅ និងមានអត្ថន័យបែបនេះទេ ។ ដូច្នេះ ខ្ញុំបន្តរីកចម្រើន ហើយស្គាល់ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះរបស់ខ្ញុំកាន់តែច្បាស់ ។ ហើយនិយាយទៅ ហេតុអ្វីបានជាខ្ញុំចង់ស្គាល់ទ្រង់ ? ខ្ញុំពិតជាចង់ស្គាល់ទ្រង់ ដើម្បីខ្ញុំអាចក្លាយដូចជាទ្រង់ ។
នៅពេលបងប្អូនជួបជុំគ្នានៅសមាគមសង្គ្រោះ ហើយកាលបងប្អូនប្រឹក្សាជាមួយគ្នា ខ្ញុំសូមអញ្ជើញបងប្អូនឲ្យចូលរួមយ៉ាងសកម្ម ។ សូមធ្វើជាមិត្តនឹងអ្នកដែលគិតមិនដូចបងប្អូន ឬអ្នកដែលកំពុងពុះពារជាមួយទីបន្ទាល់របស់ពួកគេ ។ អ្នកដែលទើបតែលែងលះគ្នា ។ អ្នកដែលឆ្ងល់ថា តើវាសមនឹងការលះបង់ទេ ។ ចុះបើយើងចូលរួមយ៉ាងសកម្ម ? ខ្ញុំគិតថា យើងនឹងមានប្រយោជន៍ចំពោះព្រះអង្គសង្គ្រោះ បើយើងរៀនពីរឿងនោះ—បើយើងរៀនពីរបៀបធ្វើអ្វី ដែលទ្រង់ដឹងពីរបៀបធ្វើនោះ ។ ក្នុងនាមជាបងប្អូនស្រី យើងអាចផ្តល់ព្រះគុណ និងសាមគ្គីភាពដ៏ស្រស់ស្អាតបែបនេះដល់គ្នាបាន ដោយដឹងថា យើងទាំងអស់គ្នាមានអ្វីមួយដែលយើងកំពុងរងទុក្ខដោយស្ងៀមស្ងាត់ ។ ហើយកាលយើងធ្វើការជាមួយគ្នា ហើយធ្វើឲ្យវាក្លាយជាទីដ៏មានសុវត្ថិភាពជាងមុន នោះយើងថែមទាំងអាចចែកចាយការលំបាកមួយចំនួនរបស់យើង ដែលយើងប្រហែលជាមិនចែកចាយទេពីមុនមក ដើម្បីឲ្យបងប្អូនស្រីអាចដឹងថា យើងក៏មានការលំបាកដែរ ។ ហើយយើងទាំងអស់គ្នាត្រូវបើកចិត្ត ហើយផ្លាស់ប្តូរវប្បធម៌នៃការធ្វើពុតថាអ្វីៗល្អឥតខ្ចោះ និងខិតខំជួយគ្នាឲ្យរីកចម្រើន ។ ខ្ញុំពេញចិត្ត នៅពេលនរណាម្នាក់អាចចែកចាយជាមួយខ្ញុំ ព្រោះបន្ទាប់មកខ្ញុំអាចទៅរកពួកគេ ហើយនិយាយថា « តើបងបានឆ្លងកាត់រឿងនេះដោយរបៀបណា ? តើបងបានដោះស្រាយរឿងនេះដោយរបៀបណា ? សូមអរគុណដែលបានចែកចាយ » ។ ហើយវាក្លាយជាភាពជាបងប្អូនស្រីដ៏ស្រស់ស្អាត ដែលស្រឡាញ់ និងស្គាល់ព្រះវរបិតាសួគ៌របស់ពួកគេ ។