Relief Society Devotionals
ការស្អាង​ភាពធន់​ខាងផ្លូវចិត្ត ៖ មីតហ្សី ស៊ីម៉ូ


3:26

ការស្អាង​ភាពធន់​ខាងផ្លូវចិត្ត ៖ មីតហ្សី ស៊ីម៉ូ

ការប្រជុំ​ធម្មនិដ្ឋាន​សមាគម​សង្គ្រោះ ឆ្នាំ២០២៦ ៖ ការប្រមូលផ្តុំ​ស្ត្រី​នៅ​ទូទាំង​ពិភពលោក

ថ្ងៃ​អាទិត្យ ទី៨ ខែ​មីនា ឆ្នាំ​២០២៦

កាល​ខ្ញុំ​នៅ​ជា​ម្តាយ​ក្មេងខ្ចី កូន​ប្រុស​ច្បង​យើង​មាន​អាយុ​មួយ​ឆ្នាំ ខ្ញុំ​បាន​ទទួល​ទូរសព្ទ​ពី​កន្លែង​ធ្វើការ​ស្វាមី​ខ្ញុំ ពេល​ខ្ញុំ​កំពុងធ្វើការ ។ ហើយ​ពួកគេ​បាន​ប្រាប់​ថា « ស្វាមី​របស់​អ្នក​មាន​របួស​ធ្ងន់ធ្ងរ​ណាស់ ។ យើង​សូម​ឲ្យ​អ្នក​មក​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់ » ។ ហើយ​ខ្ញុំ​ចាំ​ថា​បានចូល​ទៅ​ក្នុង​ឡាន ហើយ​ព្យាយាម​បញ្ឆេះ​ឡាន ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ខ្លួនឯង​កំពុងញ័រ​ខ្លាំង​ណាស់ ។ ខ្ញុំ​បារម្ភ​ខ្លាំង​ជាង​ដែល​ខ្ញុំ​បានគិត​ទៅ​ទៀត ។ ហើយ​ខ្ញុំ​បានអង្គុយ​នៅ​ទីនោះ ហើយ​ខ្ញុំ​គ្រាន់តែ​ពោលពាក្យ​អធិស្ឋាន ។ បន្ទាប់មក ខ្ញុំ​មាន​អារម្មណ៍​នៃ​សេចក្តីសុខសាន្ត និង​ភាពកក់ក្តៅ​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​បានដឹង​ថា​អ្វីៗ​នឹង​បាន​ល្អ​ប្រសើរ ។ ដូច្នេះ ពេល​ខ្ញុំ​ទៅ​ដល់​មន្ទីរពេទ្យ ហើយ​វេជ្ជបណ្ឌិត​បាន​ប្រាប់​ខ្ញុំ​ថា « ពួក​យើង​មិន​ដឹង​ថា​ស្វាមី​របស់​អ្នក​នឹង​អាច​ឆ្លងកាត់​រឿង​នេះ​បាន​ឬ​អត់​នោះ​ទេ » ។ ខ្ញុំ​ចាំ​ពី​អារម្មណ៍​នៅពេល​ខ្ញុំ​ចូល​ក្នុង​ឡាន ហើយ​អារម្មណ៍​នោះ​មិនមែន​ព្រះអម្ចាស់​កំពុង​ប្រាប់​ខ្ញុំ​ថា « កុំ​បារម្ភ​ឡើយ ស្វាមី​របស់​កូន​នឹង​មាន​សុខភាពល្អ​ដូច​មុន » នោះ​ទេ ប៉ុន្តែ​ខ្ញុំ​នៅតែ​ដឹង​ថា​ខ្ញុំ​នឹង​មិន​ថ្វី​ទេ ហើយ​យើង​នឹង​មិន​ថ្វី​ទេ មិន​ថា​លទ្ធផល​យ៉ាង​ណា​នោះ​ទេ ។

ហើយ​នៅពេល​ខ្ញុំ​គិត​អំពី​ការ​មាន​ភាពធន់​ខាងផ្លូវចិត្ត ខ្ញុំ​គិត​អំពី​សេចក្តីសុខសាន្ត​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​ដល់​យើង ហើយ​ជួយ​យើង​ឲ្យ​ទទួល​អារម្មណ៍​នោះ ។ មិន​ថា​លទ្ធផល និង​ស្ថានភាព​នៅ​ចំពោះ​មុខ​យ៉ាង​ណា​នោះ​ទេ យើង​ដឹង​ថា​ទ្រង់​គង់​នៅ​ទីនោះ ហើយ​ទ្រង់​នឹង​ជួយ​យើង​ឆ្លងកាត់​រឿង​ទាំងអស់​នេះ ។ ហើយ​នោះ​ជា​អារម្មណ៍​របស់​ខ្ញុំ​ឆ្លងកាត់​ការលំបាក​ទាំងមូល ។ ហើយ​វា​ពុំ​ងាយ​ស្រួល​ទេ ។ ពេញ​មួយ​ឆ្នាំ​យើង​បានឆ្លងកាត់​រឿង​លំបាក​ជាច្រើន ទាំង​ខាងរូបកាយ និង​ខាងវិញ្ញាណ ប៉ុន្តែ​យើង​បាន​ឆ្លងផុត ហើយ​យើង​បានរៀន​ជាច្រើន ។

ខ្ញុំ​ចង់​និយាយ​ថា មិនមែន​យើង​ទាំងអស់​គ្នា​សុទ្ធតែ​មាន​បទពិសោធន៍​ដូច​គ្នា​ក្នុង​ជីវិត​នោះ​ទេ ។ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ដឹង​ថា ចំពោះ​ខ្ញុំ​នៅពេល​នោះ ខ្ញុំ​ត្រូវ​ងាក​ទៅរក​ព្រះអម្ចាស់ ហើយ​មាន​ទំនាក់ទំនង​ជាមួយ​ទ្រង់ ។ ហើយ​ដោយ​ការធ្វើ​ដូច្នេះ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ពិត​ជា​អាច​ឆ្លងកាត់​រឿង​នេះ​បាន ។ ហើយ​បន្ទាប់មក ភាពធន់​ខាងផ្លូវចិត្ត​របស់​ខ្ញុំ​ត្រូវ​បាន​ស្អាង​ឡើង​នៅលើ​គ្រឹះ​នៃ​ដំណឹងល្អ និង​គ្រឹះ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ដូច្នេះ នៅពេល​អនាគត គ្រប់ពេល​មាន​អ្វី​ផ្សេង​ទៀត​កើតឡើង ខ្ញុំ​តែងតែ​ចងចាំ​ពី​រឿង​នោះ​ជានិច្ច ។

ហើយ​ខ្ញុំ​ក៏​ចង់​និយាយ​ដែរ​ថា ជា​រៀងរាល់​ថ្ងៃ​អាទិត្យ ពេល​ខ្ញុំ​ទទួល​ទាន​សាក្រាម៉ង់ នៅពេល​ការអធិស្ឋាន​ពោលពាក្យ​ថា ដើម្បី​រំឭកចាំ​ដល់​ព្រះអង្គសង្រ្គោះ នោះ ខ្ញុំ​ចងចាំ​ពី​បទពិសោធន៍​ដែល​ខ្ញុំ​មាន​ជាមួយ​ទ្រង់ ។ ហើយ​ការណ៍​នោះ​ក៏​បាន​ស្អាង​ភាពធន់​ខាងផ្លូវចិត្ត​របស់​ខ្ញុំ​ផងដែរ ពីព្រោះ​ការចងចាំ​នោះ​ជួយ​ខ្ញុំ​ឲ្យ​យល់​ថា ខ្ញុំ​ជា​នរណា​ក្នុង​នាម​ជា​បុត្រ​របស់​ព្រះ ហើយ​ថា​ខ្ញុំ​មក​ទីនេះ​ដោយ​មាន​គោលបំណង ខ្ញុំ​មក​ទី​នេះ​គឺ​ដើម្បី​ជួយ​ទ្រង់​ស្អាង​នគរ​របស់​ទ្រង់ ។ ដូច្នេះ មិន​ថា​អនាគត​របស់​យើង​ល្អ ឬ​អាក្រក់​យ៉ាង​ណា​នោះ​ទេ ខ្ញុំ​គ្រាន់តែ​ដឹង​ថា ខ្ញុំ​មាន​ព្រះអង្គសង្រ្គោះ ហើយ​តែងតែ​ងាក​ទៅ​រក​ទ្រង់​ជានិច្ច ។ ហើយ​ខ្ញុំ​មាន​ទំនុកចិត្ត​លើ​ទំនាក់ទំនង​នោះ ហើយ​នោះ​ជា​កន្លែង​ដែល​ខ្ញុំ​ទទួល​បាន​ភាពធន់​ខាងផ្លូវចិត្ត​របស់​ខ្ញុំ ។