ស្វែងរកកម្លាំង និងភាពធូរស្បើយពីព្រះយេស៊ូវគ្រីស្ទ ៖ ហាណា មីលលឺ
ការប្រជុំធម្មនិដ្ឋានសមាគមសង្គ្រោះ ឆ្នាំ២០២៦ ៖ ការប្រមូលផ្តុំស្ត្រីនៅទូទាំងពិភពលោក
ថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦
ខ្ញុំបានទទួលទូរស័ព្ទពីបងស្រីខ្ញុំឲ្យ ខ្ញុំត្រឡប់ទៅផ្ទះវិញ ដើម្បីជួបឪពុកខ្ញុំជាលើកចុងក្រោយមុនពេលគាត់ស្លាប់ ។ ក្រុមគ្រួសាររបស់យើងបានតមអាហារនៅថ្ងៃនោះ សុំអព្ភូតហេតុកើតឡើង ហើយយើងបាននិយាយពាក្យថា លាទៅកាន់ឪពុករបស់យើង កាលដែលគាត់បាន ចែកឋានយ៉ាងឆាប់រហ័ស បន្ទាប់ពីពួកយើងបញ្ចប់ការតមអាហារភ្លាមៗ ។ ហើយនៅក្នុងហេតុការណ៍នោះ ខ្ញុំបានដឹងថា អព្ភូតហេតុគឺគាត់បានធូរស្បើយពីជំងឺ និងបញ្ហាប្រឈមទាំងឡាយនៅក្នុងជីវិតរមែងស្លាប់របស់គាត់ ។ ហើយខ្ញុំគិតអំពីការឈឺចាប់ដែលនាំមកដល់គ្រួសារយើង ។ ប៉ុន្តែព្រះអម្ចាស់បានប្រទានភាពធូរស្បើយដល់យើងយ៉ាងឆាប់រហ័ស ។ ភាគច្រើនជាញឹកញាប់ក្នុងរូបភាពជាមិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសារ ដែលបានផ្តល់ការលួងលោម និងការរាប់អានយ៉ាងច្រើនក្នុងអំឡុងពេលដ៏លំបាកនោះសម្រាប់យើង ។
ហើយនៅពេលខ្ញុំគិតអំពីបទពិសោធន៍នេះ ខ្ញុំបានរៀនថា—ខ្ញុំសិក្សាបទគម្ពីរមួយនៅក្នុងព្រះគម្ពីរមរមន ។ ពាក្យសម្ដីនៃមរមន នៅខទី ១៧ និង ១៨ ដែលនិយាយពីស្តេចបេនយ៉ាមីន ដែលមានភារកិច្ចដ៏លំបាកក្នុងការបង្កើតសេចក្តីសុខសាន្តនៅក្នុងសង្គម ។ ហើយខ្ញុំចូលចិត្តអ្វីដែលខនោះនិយាយ ។ ខនោះ និយាយថា « ស្ដេចបេនយ៉ាមីន ជាមនុស្សបរិសុទ្ធម្នាក់ ហើយទ្រង់បានសោយរាជ្យលើរាស្ត្ររបស់ទ្រង់ដោយសេចក្ដីសុចរិត ហើយមានមនុស្សបរិសុទ្ធជាច្រើននៅលើដែនដី » ។ ហើយក្រោយមកបាននិយាយថា « ដោយជំនួយពីពួកអ្នកទាំងនេះ នោះស្ដេចបេនយ៉ាមីន ដោយបានធ្វើការដ៏អស់ពីសមត្ថភាពនៃកាយរបស់ទ្រង់ និងអស់ពីសមត្ថភាពនៃព្រលឹងរបស់ទ្រង់ ព្រមទាំងពួកព្យាការីទាំងឡាយផង បានបង្កើតឲ្យមានសេចក្ដីសុខសាន្តនៅលើដែនដីម្ដងទៀត » ។
ហើយខ្ញុំគិតអំពីឃ្លានេះ « ដោយជំនួយពីពួកអ្នកទាំងនេះ » និងរបៀបដែលខ្ញុំបានឆ្លងកាត់នឹងបញ្ហាប្រឈមទាំងនេះនៅក្នុងជីវិតរបស់ខ្ញុំ ដែលខ្ញុំមិនអាចធ្វើវាដោយគ្មានជំនួយពីបុរស និងស្ត្រីដ៏វិសុទ្ធទាំងនេះបានឡើយដែលអង្គុយក្បែរខ្ញុំ ទួញយំជាមួយខ្ញុំ កម្សាន្តចិត្តខ្ញុំ នៅពេលដែលយើងឈរជាសាក្សីរបស់ព្រះ ។ ពេលខ្លះការអធិស្ឋានរបស់យើងហាក់ដូចជាស្ងាត់ ។ មានអារម្មណ៍ថាការអធិស្ឋានរបស់យើងមិនបានឆ្លើយតបហើយប្រហែលជាព្រះអម្ចាស់មិនបានជ្រាបនោះទេ ។ ប៉ុន្តែខ្ញុំចង់ថ្លែងទីបន្ទាល់ថា ការអធិស្ឋានទាំងនោះត្រូវបានឮ ហើយបានឆ្លើយតបតាមរបៀបដ៏ល្អឥតខ្ចោះ ។ ដោយសារព្រះអម្ចាស់យកព្រះទ័យទុកដាក់ចំពោះបងប្អុននោះទ្រង់យកព្រះទ័យទុកដាក់ចំពោះការអធិស្ឋានរបស់បងប្អូន ទ្រង់យកព្រះទ័យទុកដាក់ចំពោះរឿងដែលធ្វើឲ្យគំនិត និងចិត្តរបស់បងប្អូនមានសម្ពាធ ទ្រង់យកព្រះទ័យទុកដាក់ចំពោះអ្វីដែលធ្វើឲ្យបងប្អូនដេកមិនលក់នាពេលរាត្រី ។ ហើយចម្លើយទាំងនោះនឹងបានទទួល ។ នឹងបានទទួល ។