ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ ៖ មេរៀនទី ២១២
ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រទី ៦
ការសិក្សា និងការអនុវត្តតាមការបង្រៀនរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ជំងឺ Tetra-amelia syndrome [ ជំងឺគ្មានដៃជើងពីកំណើត ] នោះគឺជាឈ្មោះជំងឺដែលបណ្ដាលឲ្យ នីក វ៉ូយហីជីក កើតមកដោយគ្មានដៃ ឬជើង ។ លោកធំដឹងក្តីឡើងដោយបានប្រឈមមុខនឹងការធ្វើបាប និងជំងឺធ្លាក់ទឹកចិត្ដដោយមិនចេះចប់ ។ ជាញឹកញាប់គាត់បានសួរថា តើជីវិតរបស់គាត់មានគោលបំណងឬទេ ។ បន្ទាប់មក នៅថ្ងៃមួយអ្នកអនាម័យនៅសាលារៀនបានផ្ដល់នូវការណែនាំដ៏បំផុសគំនិតមួយចំនួនដល់គាត់ ។ គាត់បាននិយាយថា « នីក ក្មួយនឹងក្លាយជាវាគ្មិនមួយរូប » ។ ក្រោយមក គាត់បានជួយ នីក រៀបចំកិច្ចការដំបូងរបស់គាត់ ដោយការចែកចាយដំណើររឿងរបស់គាត់ជាមួយមិត្ដរួមថ្នាក់ប្រាំមួយនាក់ ។
ពេលនោះបានផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាង ។
សព្វថ្ងៃនេះ នីក បំផុសគំនិតដល់មនុស្សរាប់លានអ្នកនៅជុំវិញពិភពលោក ។ នៅពេលទំនេរ គាត់ចូលចិត្ដចំណាយពេលជាមួយមិត្ដភក្ដិ និងកីឡាដូចជាការហែលទឹក និងលេងកូនហ្គោល ។
ដូចជា នីក ដែរ អ្នកអាចទទួលបានអត្ថប្រយោជន៍ពីការធ្វើសកម្មភាពតាមការណែនាំដែលបំផុសគំនិត ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យស្គាល់នូវរបៀបធ្វើសកម្មភាពតាមការណែនាំដែលអ្នកទទួលបាន នៅពេលអ្នកសិក្សាសុន្ទរកថាសន្និសីទទូទៅ ។
រៀនអំពីរបៀបធ្វើ
របៀបប្រើមេរៀននេះ
មេរៀននេះមានពីរផ្នែក ។ ផ្នែកទីមួយនឹងបង្រៀនអ្នកនូវជំនាញពីរដែលអាចជួយអ្នកឲ្យមានបទពិសោធន៍សិក្សាសារលិខិតសន្និសីទទូទៅកាន់តែមានអត្ថន័យ ។
នៅក្នុងផ្នែកទីពីរនៃមេរៀននេះ អ្នកនឹងប្រើជំនាញដែលអ្នកបានរៀនទាំងឡាយ ដើម្បីសិក្សាសុន្ទរកថាសន្និសីទទូទៅដែលបានចាត់តាំងដោយគ្រូបង្រៀនរបស់អ្នក ។ ប្រសិនបើមិនមានសារលិខិតមួយត្រូវបានចាត់តាំងឲ្យអ្នកទេ សូមជ្រើសរើសសុន្ទរកថាមួយមកពី សន្និសីទទូទៅ ថ្មីៗនេះ ។
គូសសម្គាល់ការណែនាំដែលបំផុសគំនិត និងពរជ័យដែលបានសន្យា
របៀបមួយដើម្បីបង្កើនបំណងប្រាថ្នាដើម្បីធ្វើសកម្មភាពគឺការស្វែងរកការណែនាំដែលបំផុសគំនិត និងពរជ័យដែលបានសន្យា ។ ឧទាហរណ៍ នៅក្នុងសុន្ទរកថារបស់លោក « អំណាចនៃសន្ទុះខាងវិញ្ញាណ » ប្រធាន រ័សុល អិម ណិលសុន បានអំពាវនាវដល់សមាជិកឲ្យធ្វើតាមរឿងទាំងប្រាំនេះ ៖
ដើរនៅលើផ្លូវនៃសេចក្ដីសញ្ញា ហើយបន្ដនៅលើផ្លូវនោះ ។ …
ស្វែងរក អំណរ នៃការប្រែចិត្តជារៀងរាល់ថ្ងៃ ។ …
រៀនអំពីព្រះ និងរបៀបដែលទ្រង់ធ្វើកិច្ចការ ។ …
សូមស្វែងរក និងរំពឹងថាមានអព្ភូតហេតុ ។ …
បញ្ចប់ជម្លោះនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់បងប្អូន ។
រួចលោកបានធ្វើការសន្យាដូចនេះ ៖
ពេលណាបងប្អូនធ្វើតាមអ្វីទាំងនេះ ខ្ញុំសន្យាថា បងប្អូននឹងមានលទ្ធភាពឆ្ពោះទៅមុខនៅលើផ្លូវនៃសេចក្ដីសញ្ញាដោយសន្ទុះដ៏កាន់តែខ្លាំង មិនថាបងប្អូនជួបនឹងឧបសគ្គអ្វីនោះទេ ។ ហើយខ្ញុំសន្យាថា បងប្អូននឹងមានកម្លាំងកាន់តែខ្លាំងដើម្បីទប់ទល់នឹងការល្បួង កាន់តែសុខសាន្ដក្នុងចិត្ត និងមានសេរីភាពពីការភ័យខ្លាច ព្រមទាំងសាមគ្គីភាពក្នុងក្រុមគ្រួសារកាន់តែខ្លាំងផងដែរ ។ ( លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៩៨–១០០ ) ។
កម្លាំង ភាពសុខសាន្ដ
ការគូសសម្គាល់ការណែនាំដែលបំផុសគំនិត និងពរជ័យដែលបានសន្យាត្រូវការពេលវេលា ប៉ុន្ដែការស្គាល់ពរជ័យនៃការគោរពប្រតិបត្ដិអាចពង្រឹងបំណងប្រាថ្នារបស់អ្នកឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
នៅពេលអ្នកសិក្សាសុន្ទរកថាសន្និសីទទូទៅនៅថ្ងៃនេះ សូមគូសសម្គាល់ការណែនាំដែលបំផុសគំនិត ដែលអ្នកបានរកឃើញ និងពរជ័យដែលបានសន្យា ដែលបានមកពីការធ្វើតាមការណែនាំនោះ ។
ដាក់ស្លាកការអញ្ជើញឲ្យធ្វើសកម្មភាព
នៅពេលអ្នកសិក្សាសារលិខិតសន្និសីទទូទៅ នោះអ្នកនឹងរកឃើញការអញ្ជើញឲ្យធ្វើសកម្មភាពជាច្រើន ។ អ្នកអាចកត់ត្រាការអញ្ជើញទាំងនេះបានដោយស្រួល ដោយការដាក់ស្លាកវាថា « ការអញ្ជើញឲ្យធ្វើសកម្មភាព » និងដោយការបន្ថែមស្លាកដែលសង្ខេបការអញ្ជើញនោះ ។ ឧទាហរណ៍ អែលឌើរ ផាទ្រីក ខៀរ៉ុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្តល់ការអញ្ជើញដូចខាងក្រោម ៖
នៅទីចាប់ផ្តើមក្នុងដំណើរនៃសេចក្តីជំនឿរបស់ខ្ញុំ អំណរក្នុងព្រះយេស៊ូវគ្រីស្ទគឺជាការរកឃើញដ៏ធំជាលើកដំបូងរបស់ខ្ញុំ ហើយវាបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ។ ប្រសិនបើបងប្អូនមិនទាន់រកឃើញអំណរនេះទេ សូមចាប់ផ្តើមដំណើរស្វែងរកវា ។ នេះជាការអញ្ជើញឲ្យទទួលយកអំណោយទាននៃសេចក្ដីសុខសាន្ត ពន្លឺ និងអំណររបស់ព្រះអង្គសង្គ្រោះ—ដើម្បីត្រេកអរ មានភាពអស្ចារ្យ និងរីករាយនៅក្នុងរឿងនេះ រៀងរាល់ថ្ងៃឈប់សម្រាក ។ ( « សូមស្វាគមន៍មកកាន់សាសនាចក្រនៃអំណរ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៤ ទំព័រ ៣៨ )
អ្នកអាចដាក់ស្លាកសេចក្ដីថ្លែងការណ៍នេះថា « ការអញ្ជើញឲ្យធ្វើសកម្មភាព » និង « សេចក្ដីអំណរ » ។
ដូចគ្នានេះដែរ ស៊ីស្ទើរ បូនី អេច ខ័រឌុន អតីតប្រធានយុវនារីទូទៅ បានទូន្មានថា ៖
ចូរស្វែងរកពររបស់លោកអយ្យកោរបស់អ្នក ផ្លុំធូលីចេញ ប្រសិនបើអ្នកត្រូវធ្វើដូច្នោះ ហើយសិក្សាវាឲ្យបានញឹកញាប់ ។ ប្រសិនបើអ្នកមិនទាន់មានវាទេ សូមទទួលបានមួយ—ឆាប់ៗនេះ ។ ចូរកុំបង្អង់ពេលយូរក្នុងការស្វែងរកអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យប្រាប់អ្នកឥឡូវនេះអំពីអ្នក ។ ( « ចូរមករកព្រះគ្រីស្ទ ហើយសូមកុំមកតែម្នាក់ឯងឡើយ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ១០ )
អ្នកអាចដាក់ស្លាកសុន្ទរកថានេះថា « ការអញ្ជើញឲ្យធ្វើសកម្មភាព » និង « ពរជ័យអយ្យកោ » ។
នៅពេលអ្នកសិក្សាសុន្ទរកថាសន្និសីទទូទៅនៅថ្ងៃនេះ សូមរកមើលការអញ្ជើញឲ្យធ្វើសកម្មភាព ។ សូមដាក់ស្លាកអ្វីដែលអ្នករកឃើញថា « ការអញ្ជើញឲ្យធ្វើសកម្មភាព » ហើយបន្ថែមស្លាកមួយទៀត ដែលសង្ខេបនូវចំណុចសំខាន់នៃការអញ្ជើញនោះ ។ នៅពេលអ្នកបន្ថែមទៅនឹងស្លាកនោះនៅពេលអនាគត សូមចំណាយពេលមើលការអញ្ជើញដែលបានផ្ដល់នោះឡើងវិញ ហើយពិចារណាថាតើអ្នកបានឆ្លើយតបនឹងការអញ្ជើញនោះបានល្អប៉ុនណា ។
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
ថ្ងៃនេះអ្នកបានរៀនជំនាញពីរ ៖
-
ការគូសសម្គាល់ពរជ័យដែលបានសន្យា
-
ការដាក់ស្លាកការអញ្ជើញឲ្យធ្វើសកម្មភាព
សូមប្រើជំនាញទាំងនេះដើម្បីសិក្សាសុន្ទរកថាសន្និសីទទូទៅដែលបានចាត់តាំងដោយគ្រូបង្រៀនរបស់អ្នក ។ ប្រសិនបើមិនមានសារលិខិតមួយត្រូវបានចាត់តាំងឲ្យអ្នកទេ សូមជ្រើសរើសសុន្ទរកថាមួយមកពី សន្និសីទទូទៅ ថ្មីៗនេះ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យស្គាល់នូវរបៀបធ្វើសកម្មភាពតាមការណែនាំដែលអ្នកទទួលបាន នៅពេលអ្នកសិក្សាសុន្ទរកថាសន្និសីទទូទៅ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
យ៉ាងហោចណាស់អ្វីមួយដែលអ្នកបានដាក់ស្លាកថា « ការអញ្ជើញឲ្យធ្វើសកម្មភាព » ឬពរជ័យដែលបានសន្យាដែលអ្នកបានគូសសម្គាល់ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?