ថ្នាក់​សិក្ខាសាលា
ការសិក្សា​ព្រះគម្ពីរ


បុរស​យុវមជ្ឈិមវ័យ​ម្នាក់​អាន​ព្រះគម្ពីរ​នៅក្បែរ​បង្អួច​បើក​ចំហ

ការសិក្សា​ព្រះគម្ពីរ

ព្រះ​ស្គាល់​អ្នក ហើយ​ស្រឡាញ់​អ្នក ។ ទ្រង់​សព្វព្រះទ័យ​ធ្វើជា​ផ្នែក​មួយ​នៅក្នុង​ជីវិត​របស់​អ្នក ។ ទ្រង់​គង់នៅ​ក្បែរ​អ្នក​ក្នុង​អំឡុង​ពេល​លំបាក និង​ចែកចាយ​សេចក្តី​អំណរ​ជាមួយ​អ្នក​ក្នុង​ពេល​រីករាយ ។ ទ្រង់​បាន​ជួយ​មនុស្ស​រាប់​លាន​នាក់ ដែល​ធ្លាប់​រស់នៅ​ពីមុន​អ្នក ។ មនុស្ស​មួយ​ចំនួន​ទាំងនោះ​បាន​ចែកចាយ​ដំណើររឿង​របស់​ពួកគេ ហើយ​វា​ត្រូវបាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ ។ នេះ​គឺជា​មគ្គទេសក៍​ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​ពី​របៀប​សិក្សា​ព្រះគម្ពីរ ។

ខិត​កាន់តែ​ជិត​ព្រះ

ការអាន​ព្រះគម្ពីរ​គឺ​ដូចជា​ការស្តាប់​ដំណើររឿង​អំពី​ព្រះ មកពី​មនុស្ស​ផ្សេងទៀត​ដែល​ស្គាល់​ទ្រង់​ផងដែរ ។ ការអាន​ព្រះគម្ពីរ​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ថា តើ​ព្រះ​គឺជា​នរណា និង​តើ​ទ្រង់​មាន​លក្ខណៈ​ដូចម្តេច ។ ប៉ុន្តែ​អ្នក​ត្រូវ​រៀន​ស្គាល់​ព្រះ​នៅក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់​ដោយ​ខ្លួនឯង ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​មិន​គ្រាន់តែ​អាន​ព្រះគម្ពីរ​ប៉ុណ្ណោះ​ទេ—គឺ​យើង​សិក្សា​វា​ដោយ​ប្រុង​ប្រយ័ត្ន ។ ហើយ​នៅពេល​យើង​សិក្សា​ព្រះគម្ពីរ យើង​មិន​ត្រឹមតែ​រកមើល​ព័ត៌មាន​ប៉ុណ្ណោះ​ទេ—គឺ​យើង​ចង់​ប្រើ​អ្វី​ដែល​យើង​រៀន ដើម្បី​ខិត​កាន់តែ​ជិត​ព្រះ ។

ការខិត​កាន់តែ​ជិត​ព្រះ​នឹង​មិន​កើតឡើង​តែ​នៅក្នុង​ថ្នាក់រៀន​នៅឯ​សាសនាចក្រ​នោះ​ទេ—វា​នឹង​កើតឡើង នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ​ដោយ​ខ្លួនឯង ។ នេះ​គឺជា​គោលការណ៍​ណែនាំ​មួយ​ចំនួន​ស្ដីពី​របៀប​សិក្សា​ព្រះគម្ពីរ​ដោយ​ខ្លួនឯង តាម​វិធី​ដែល​អាច​ជួយ​អ្នក​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះ ។

មុនពេល​អ្នក​ចាប់ផ្ដើម

ស្វែងរក​កន្លែង​ដែល​អ្នក​អាច​សិក្សា​ដោយ​គ្មាន​ការរំខាន ។ រៀបចំ​កន្លែង​មួយ​ដើម្បី​សិក្សា ប្រសិនបើ​អ្នក​ត្រូវការ ។ ធ្វើឲ្យ​មាន​ផាសុកភាព ប៉ុន្តែ​កុំ​ដេក​លក់​ឲ្យ​សោះ​ពេល​អាន ! ដាក់​អ្វីៗ​ដែល​មាន​ប្រយោជន៍ ដូចជា​សៀវភៅ​កំណត់ហេតុ​ការសិក្សា ឬ​សៀវភៅ​សិក្សា​របស់​សាសនាចក្រ​នៅ​ជិត​ដៃ ។

ជម្រះ​គំនិត​របស់​អ្នក​ឲ្យ​បាន​ស្អាត​ពី​គំនិត​រំខាន​ណាមួយ ។ អ្នក​អាច​កត់ទុក​ការរំឭក​សម្រាប់​ខ្លួនឯង សម្រាប់​អ្វីៗ​ដែល​អ្នក​ត្រូវ​ធ្វើ​បន្ទាប់ពី​ការផ្តោតលើ​ការសិក្សា​របស់​អ្នក ។

អធិស្ឋាន​ទូលសូម​ជំនួយ​ដើម្បី​យល់ពី​អ្វី​ដែល​អ្នក​សិក្សា ។ ព្រះ​អាច​ណែនាំ​អ្នក​ឲ្យ​សិក្សា​អ្វី​ដែល​នឹង​ជួយ​ដល់​អ្នក​នៅពេល​នេះ ។ សូម​យាង​អញ្ជើញ​ទ្រង់​ឲ្យ​ជួយ​ដល់​អ្នក !

រៀបចំ​ដួងចិត្ត​របស់​អ្នក ដើម្បី​ផ្តោតលើ​ការខិត​កាន់តែ​ជិត​ព្រះ ។ ស្តាប់ ឬ​ទន្ទេញ​ចាំ​ទំនុកបទ​នៃ​បទចម្រៀង​សាសនាចក្រ​ដើម្បី​មាន​អារម្មណ៍​ល្អ ។

ក្នុង​អំឡុង​ការសិក្សា​របស់​អ្នក

ស្វែងយល់​ពី​បទគម្ពីរ​ដែល​អ្នក​កំពុង​សិក្សា ។ អ្នក​អាច​អាន​ចំណងជើង​ជំពូក ឬ​ក្បាល​កណ្ឌ ដើម្បី​ស្វែងយល់​ពី​ដំណើររឿង​ព្រះគម្ពីរ​ដែល​អ្នក​កំពុង​អាន​នោះ ។ អ្នក​ក៏​អាច​រកឃើញ​ព័ត៌មាន​ដ៏មាន​ប្រយោជន៍​នៅក្នុង​ជំនួយ​ការសិក្សា​បាន​ផងដែរ ដូចជា​វចនានុក្រម​ព្រះគម្ពីរ​ប៊ីប ឬ​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ប្រសិនបើ​វា​មាន​ជា​ភាសា​របស់​អ្នក ។

គូសសម្គាល់​បទគម្ពីរ​របស់​អ្នក ( សូមមើល​ផ្នែក « ការគូសសម្គាល់​បទគម្ពីរ​របស់​អ្នក » ) ។ ការគូស​សម្គាល់​បទគម្ពីរ​របស់​អ្នក​គឺជា​វិធី​ដ៏ល្អ​មួយ ដើម្បី​ចងចាំ​អ្វី​ដែល​អ្នក​បាន​រៀន នៅពេល​អ្នក​សិក្សា ។ មាន​វិធី​ជាច្រើន​ដែល​អ្នក​អាច​គូសសម្គាល់​បទគម្ពីរ​របស់​អ្នក​បាន មិន​ថា​វា​ជា​ព្រះគម្ពីរ​បោះពុម្ព ឬ​ឌីជីថល​នោះ​ទេ ។

កត់ត្រា​សំណួរ​ណាមួយ​ដែល​អ្នក​មាន ។ អ្នក​អាច​មាន​សំណួរ​អំពី​គំនិត ឬ​ពាក្យ​ពេចន៍​ដែល​អ្នក​កំពុង​អាន ។ សូម​សរសេរ​សំណួរ​របស់​អ្នក​ទុក​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ឬ​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ដើម្បី​អ្នក​អាច​ត្រឡប់​មករក​វា​វិញ​នៅពេល​ក្រោយ ។

សិក្សា​បទគម្ពីរ​ដែល​ទាក់ទង ។ អ្នក​អាច​រកឃើញ​បទគម្ពីរ​ដែល​ទាក់ទង ដោយ​ប្រើ​ជំនួយ​ការសិក្សា​ដូចជា លេខ​យោង Topical Guide ឬ​ប្រធានបទ និង​សំណួរ​ជាដើម ។ បទគម្ពីរ​ដែល​ទាក់ទង​អាច​បង្កើន​ការយល់ដឹង​របស់​អ្នក​អំពី​ប្រធានបទ​មួយ​បាន ។

នៅពេល​អ្នក​បញ្ចប់

កត់ត្រា​អ្វី​ដែល​អ្នក​បាន​រៀន ។ នៅពេល​អនាគត អ្នក​អាច​ត្រឡប់​មក​វិញ ហើយ​ចងចាំ​អ្វី​ដែល​អ្នក​បាន​រៀន ប្រសិនបើ​អ្នក​កត់ត្រា​វា​ទុក ។ ការកត់ត្រា​អ្វី​ដែល​អ្នក​រៀន​ក៏​បង្ហាញ​ដល់​ព្រះ​ផងដែរ​ថា អ្នក​ឲ្យ​តម្លៃ​អ្វី​ដែល​ទ្រង់​បាន​បង្រៀន​អ្នក ។

រស់នៅ​តាម​អ្វី​ដែល​អ្នក​បាន​រៀន ។ នៅពេល​អ្នក​សិក្សា សូម​សួរ​ខ្លួនឯង​ថា « តើ​ការណ៍​នេះ​ទាក់ទង​នឹង​ខ្ញុំ និង​ជីវិត​របស់​ខ្ញុំ​យ៉ាង​ដូចម្តេច ? » ពេលខ្លះ សំណួរ​នេះ​អាច​ពិបាក​នឹង​ឆ្លើយ ។ ដំណើររឿង​ព្រះគម្ពីរ​ត្រូវបាន​កត់ត្រា​ទុក​រាប់​រយ ឬ​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។ ប៉ុន្តែ​មាន​រឿង​មួយ​ចំនួន​នៅក្នុង​ដំណើររឿង​ទាំងនេះ ដែល​មនុស្ស​ទាំងអស់​ដក​បទពិសោធន៍ ដែល​អ្នក​អាច​យល់​បាន ។ អ្នក​ប្រហែលជា​អាច​មើលឃើញ​ខ្លួនឯង​នៅក្នុង​បុគ្គល​ម្នាក់​នៅក្នុង​ដំណើររឿង ដែល​អ្នក​បាន​សិក្សា​ទាំងនេះ ។

រូបតំណាង​ចែកចាយចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន ។ អ្នក​នឹង​មាន​ឱកាស​ចែកចាយ​អ្វី​ដែល​អ្នក​កំពុង​រៀន​ជាមួយ​នរណាម្នាក់​ទៀត ។ ការណ៍​នេះ​អាច​កើតឡើង​ជាមួយ​គ្រួសារ​របស់​អ្នក នៅក្នុង​ថ្នាក់រៀន​នៅ​សាសនាចក្រ ឬ​សូម្បីតែ​នៅក្នុង​ការសន្ទនា​ធម្មតាៗ​ជាមួយ​មិត្តភក្តិ ។ វា​ជា​រឿង​ធម្មតា​ទេ ដែល​មាន​អារម្មណ៍​ភ័យខ្លាច​អំពី​ការចែកចាយ​អ្វី​ដែល​អ្នក​កំពុង​រៀន ។ នៅពេល​អ្នក​ចែកចាយ សូម​ព្យាយាម​ផ្តោតលើ​របៀប​ដែល​អ្វី​ដែល​អ្នក​បាន​រៀន កំពុង​ជួយ​ដល់​អ្នក​នៅក្នុង​ជីវិត​របស់​អ្នក ។

សូម​និយាយ​ជាមួយ​អ្នកដទៃ​អំពី​របៀប​កែលម្អ​ការសិក្សា​របស់​អ្នក ។ ប្រសិនបើ​វា​ពិបាក​សម្រាប់​អ្នក​ក្នុង​ការសិក្សា​ព្រះគម្ពីរ នោះ​វា​មិន​អី​ទេ ! សូម​ព្យាយាម​សួរ​អ្នកដទៃ​រកមើល​គំនិត​អំពី​របៀប​ដែល​ពួកគេ​សិក្សា​ព្រះគម្ពីរ ។