បុព្វកថានៃសៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់សិស្សថ្នាក់សិក្ខាសាលា
គោលបំណងនៃថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា គឺដើម្បីជួយយុវវ័យ និងយុវមជ្ឈិមវ័យឲ្យពង្រឹងការប្រែចិត្តជឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ដើម្បីមានភាពស័ក្តិសមទទួលពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ និងរៀបចំខ្លួនពួកគេ ក្រុមគ្រួសាររបស់ពួកគេ និងអ្នកដទៃទៀតដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចជាមួយនឹងព្រះវរបិតារបស់ពួកគេដែលគង់នៅស្ថានសួគ៌ ។
នៅពេលអ្នកឧស្សាហ៍ព្យាយាមសិក្សាមេរៀននៅក្នុងវគ្គសិក្សានេះ អ្នកនឹងមានឱកាសដើម្បីធ្វើឲ្យទំនាក់ទំនងរបស់អ្នកជាមួយព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌បានកាន់តែស៊ីជម្រៅ ។ ការសិក្សារបស់អ្នកក្នុងព្រះគម្ពីរសញ្ញាចាស់នឹងផ្ដល់ឲ្យអ្នកនូវមូលដ្ឋានគ្រឹះយល់ដឹងច្បាស់អំពីព្រះគម្ពីរ ។ « [ ព្រះ ] គម្ពីរសញ្ញាចាស់គឺដូចជាឫសនៃដើមឈើព្រះគម្ពីរដ៏ធំមួយអ៊ីចឹង ហើយយើងត្រូវស្គាល់ឫសឲ្យច្បាស់ ដើម្បីយល់ពីដើម និងមែករបស់វា » ( George A. Horton, Jr. « An Indispensable Foundation » Ensign ខែមីនា ឆ្នាំ២០០២ ទំព័រ ៣៨ ) ។
សូមអធិស្ឋានមុនពេលអ្នកចាប់ផ្តើមមេរៀនរបស់អ្នក ហើយស្វែងរកការណែនាំ និងការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយដល់អ្នកក្នុងការសិក្សារបស់អ្នក ។ សូមស្វែងរកឱកាសដើម្បីចែកចាយអ្វីដែលអ្នកកំពុងរៀនជាមួយគ្រួសាររបស់អ្នក និងអ្នកដទៃទៀតផងដែរ ។ នៅពេលអ្នកធ្វើដូច្នេះ អ្នកនឹងពង្រឹងការប្រែចិត្តជឿរបស់អ្នកទៅលើព្រះអង្គសង្រ្គោះ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ។