សូមស្វាគមន៍មកកាន់ព្រះគម្ពីរសញ្ញាចាស់
ការគូសសម្គាល់បទគម្ពីររបស់អ្នក
ព្រះទ្រង់ព្រះសណ្ដាប់ និងមានបន្ទូលទៅកាន់បុត្រាបុត្រីរបស់ទ្រង់ ។ នៅពេលទ្រង់បានមានបន្ទូលទៅកាន់បុត្រាបុត្រីរបស់ទ្រង់កាលពីអតីតកាល ពួកគេបានកត់ត្រាដំណើររឿងរបស់ពួកគេទុក ។ ដំណើររឿងទាំងនោះត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរ ។ តើអ្នកនឹងកត់ត្រា ហើយចងចាំអ្វីដែលព្រះបានមានបន្ទូលទៅកាន់អ្នកដោយរបៀបណា ? នេះគឺជាមគ្គទេសក៍មួយ ដើម្បីជួយអ្នកឲ្យរៀនពីរបៀបគូសសម្គាល់បទគម្ពីររបស់អ្នក និងចងចាំអ្វីដែលព្រះមានបន្ទូលទៅកាន់អ្នក ។
ដើម្បីចងចាំទ្រង់ជានិច្ច
តើអ្នកធ្លាប់ស្ដាប់ឮអ្វីមួយដែលសំខាន់ ហើយព្យាយាមកត់ត្រាវាទុក ដើម្បីកុំឲ្យអ្នកភ្លេចដែរឬទេ ? រឿងនោះអាចកើតឡើងចំពោះយើង នៅពេលយើងកំពុងសិក្សាព្រះគម្ពីរ ។ ព្រះគម្ពីរបានកត់ត្រាទុករួចហើយ ដូច្នេះយើងនឹងមិនភ្លេចវាទេ ។ ប៉ុន្តែអ្នកអាចភ្លេចសារលិខិតផ្ទាល់ខ្លួនមកពីព្រះ លុះត្រាតែអ្នកមានវិធីមួយចំនួនដើម្បីចងចាំវានាពេលអនាគត ។
ដើម្បីចងចាំអ្វីដែលអ្នកបានរៀនមកពីការសិក្សា អ្នកអាចកត់ត្រានៅក្នុងព្រះគម្ពីររបស់អ្នក ហើយសរសេរកំណត់ចំណាំ ។ យោបល់ខាងក្រោមនេះនឹងដំណើរការសម្រាប់ព្រះគម្ពីរបោះពុម្ព និងនៅក្នុងកំណត់ចំណាំ ក៏ដូចជាក្នុងបណ្ណាល័យដំណឹងល្អផងដែរ ។
គូសសម្គាល់ដើម្បីបង្ហាញផ្នែកសំខាន់ៗនៃបទគម្ពីរ
នៅក្នុងព្រះគម្ពីរបោះពុម្ព អ្នកអាចប្រើខ្មៅដៃ ឬប៊ិចដើម្បីគូសបន្ទាត់ពីក្រោម គូសសម្គាល់ ឬគូសរង្វង់បាន ។
នៅក្នុងបណ្ណាល័យដំណឹងល្អ អ្នកអាចជ្រើសរើសអត្ថបទដែលអ្នកចង់គូសសម្គាល់ ហើយចុចលើប៊ូតុង « គូសសម្គាល់ » ។ អ្នកអាចជ្រើសរើសគូសសម្គាល់តាមរចនាបថ និងពណ៌ផ្សេងៗគ្នាជាច្រើន ។
ដាក់តំណភ្ជាប់បទគម្ពីរ និងសុន្ទរកថាដែលពាក់ព័ន្ធគ្នា
នៅក្នុងព្រះគម្ពីរបោះពុម្ព អ្នកអាចសរសេរបទគម្ពីរដែលពាក់ព័ន្ធ ឬសេចក្ដីយោងសុន្ទរកថាសន្និសីទទូទៅមួយនៅគែមទំព័រព្រះគម្ពីរបាន ។
នៅក្នុងបណ្ណាល័យដំណឹងល្អ អ្នកអាចជ្រើសរើសបទគម្ពីរ ឬសុន្ទរកថាដែលអ្នកចង់ដាក់តំណភ្ជាប់ ហើយចុចលើប៊ូតុង « តំណភ្ជាប់ » ។ បន្ទាប់មក សូមស្វែងរក និងជ្រើសរើសបទគម្ពីរដែលអ្នកចង់ដាក់តំណភ្ជាប់ទៅនោះ ហើយចុចលើ « បន្ថែម » ។ បន្ទាប់ពីអ្នកបានបន្ថែមតំណភ្ជាប់ទាំងអស់ដែលអ្នកចង់បានហើយ សូមចុច « រក្សាទុក » ។
កត់ចំណាំដើម្បីកត់ត្រាគំនិត និងព័ត៌មាន
នៅក្នុងព្រះគម្ពីរបោះពុម្ព អ្នកអាចសរសេរកំណត់ចំណាំខ្លីមួយនៅគែមទំព័រព្រះគម្ពីរបាន ។ ប្រសិនបើអ្នកត្រូវការកន្លែងបន្ថែម សូមពិចារណាប្រើសៀវភៅកត់ចំណាំមួយ ( សូមមើលខាងក្រោម ) ។
នៅក្នុងបណ្ណាល័យដំណឹងល្អ សូមជ្រើសរើសអត្ថបទដែលអ្នកចង់សរសេរ ហើយចុចលើប៊ូតុង « កត់ចំណាំ» ។
ដាក់ស្លាកបទគម្ពីរតាមប្រធានបទ
នៅក្នុងព្រះគម្ពីរបោះពុម្ព សូមសរសេរប្រធានបទដែលវាសំដៅទៅលើ នៅគែមទំព័រក្បែរបទគម្ពីរនោះ ។ អ្នកអាចរក្សាបញ្ជីមួយអំពីប្រធានបទនានា នៅលើទំព័រទទេមួយនៃព្រះគម្ពីររបស់អ្នកទុកជាសេចក្ដីយោង ។
នៅក្នុងបណ្ណាល័យដំណឹងល្អ សូមជ្រើសរើសអត្ថបទ ឬបទគម្ពីរដែលអ្នកចង់ដាក់ស្លាក ហើយចុចលើប៊ូតុង « ស្លាក » ។ សូមជ្រើសរើសស្លាកមួយ ដែលអ្នកបានបង្កើតរួចហើយ ឬវាយឈ្មោះមួយសម្រាប់ប្រធានបទដែលអ្នកនឹងស្គាល់ ។ បន្ទាប់មកសូមចុចលើ « រក្សាទុក » ។ អ្នកអាចរកឃើញបញ្ជីស្លាករបស់អ្នកនៅលើអេក្រង់គេហទំព័រដើម ( នៅក្នុងកម្មវិធីឧបករណ៍ចល័ត ) ឬនៅផ្នែកកំណត់ចំណាំ ( នៅលើគេហទំព័រ ) នៃបណ្ណាល័យដំណឹងល្អ ។
ស្វែងរកក្នុងព្រះគម្ពីរ និងប្រភពផ្សេងទៀត
នៅក្នុងព្រះគម្ពីរបោះពុម្ព អ្នកអាចស្វែងរកបទគម្ពីរដែលទាក់ទងដោយប្រើលេខយោង Topical Guide ឬសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( ប្រសិនបើមាន ) ។
នៅក្នុងបណ្ណាល័យដំណឹងល្អ សូមចុចលើរូបតំណាង « ស្វែងរក » ហើយវាយបញ្ចូលអ្វីដែលអ្នកកំពុងស្វែងរក ។ អ្នកអាចប្រើតម្រងដើម្បីបង្រួមការស្វែងរករបស់អ្នក ។ អ្នកថែមទាំងអាចវាយបញ្ចូលសេចក្ដីយោងបទគម្ពីរខ្លីៗ ដូចជា « 1n37 » ហើយចុចលើយោបល់ណែនាំសម្រាប់ នីហ្វៃទី១ ៣:៧ ដើម្បីចូលទៅទីនោះផងដែរ ។
សៀវភៅកត់ចំណាំចងក្រង និងរៀបចំគំនិតរបស់អ្នក
នៅក្នុងសៀវភៅកត់ចំណាំបោះពុម្ព អ្នកមានកន្លែងបន្ថែមទៀតដើម្បីសរសេរគំនិតរបស់អ្នក គូររូបភាព ឬបំពេញក្នុងតារាង ។
នៅក្នុងបណ្ណាល័យដំណឹងល្អ អ្នកអាចប្រើសៀវភៅកត់ចំណាំដើម្បីប្រមូល និងរៀបចំកំណត់ចំណាំទាំងឡាយ ដែលអ្នកបានកត់ត្រារួចហើយ ។ អ្នកអាចបង្កើតសៀវភៅកត់ចំណាំថ្មី ដោយការចូលទៅកាន់អេក្រង់គេហទំព័រដើម ( នៅក្នុងកម្មវិធីឧបករណ៍ចល័ត ) ឬផ្នែកកំណត់ចំណាំ ( នៅលើគេហទំព័រ ) ហើយចុចលើរូបតំណាង « កំណត់ចំណាំ » ។ បន្ទាប់មក សូមចុចលើរូបតំណាង « + » ដើម្បីបង្កើតសៀវភៅកំណត់ថ្មីមួយ ។ នៅក្នុងសៀវភៅកត់ចំណាំ ការចុចលើរូបតំណាង « + » ក៏នឹងបង្កើតកំណត់ចំណាំថ្មីមួយ នៅខាងក្នុងសៀវភៅកត់ចំណាំនោះផងដែរ ។
រូបតំណាងទាំងនេះនឹងបង្ហាញឡើងនៅពេញទាំងមេរៀនថ្នាក់សិក្ខាសាលារបស់អ្នក ។ នៅពេលអ្នកឃើញរូបតំណាងទាំងនេះមួយ សូមប្រើព្រះគម្ពីររបស់អ្នកដូចដែលបានផ្ដល់យោបល់ ។ ការធ្វើដូច្នេះនឹងជួយអ្នកឲ្យបង្វែរព្រះគម្ពីររបស់អ្នកទៅជាបណ្ណាល័យដំណឹងល្អផ្ទាល់ខ្លួនរបស់អ្នក ។