« បុព្វកថានៃព្រះគម្ពីរសញ្ញាចាស់ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់សិស្សថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
សូមស្វាគមន៍មកកាន់ព្រះគម្ពីរសញ្ញាចាស់ ៖ មេរៀនទី ១
បុព្វកថានៃព្រះគម្ពីរសញ្ញាចាស់
ព្រះគម្ពីរសញ្ញាចាស់ថ្លែងទីបន្ទាល់អំពីព្រះវរបិតាសួគ៌ដែលតែងមានព្រះទ័យយកចិត្តទុកដាក់ និងអំពីព្រះយេស៊ូវគ្រីស្ទ
សូមមើល « ការសិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
មនុស្សជាច្រើនសន្មតថា ព្រះគម្ពីរសញ្ញាចាស់មិនបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទទេ ។ ដោយសារតែព្រះគម្ពីរដែលបានស្តារឡើងវិញ និងព្យាការីសម័យទំនើប ទើបយើងដឹងថា វាពិតជាបង្រៀនអំពីទ្រង់ និងតួនាទីរបស់ទ្រង់ជាព្រះអង្គសង្គ្រោះនៃពិភពលោកនេះ ។ ដំណើររឿងព្រះគម្ពីរសញ្ញាចាស់បង្ហាញពីរបៀបដែលព្រះពាក់ព័ន្ធយ៉ាងខ្លាំងនៅក្នុងជីវិតរបស់បុត្រាបុត្រីទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យបង្កើនបំណងប្រាថ្នារបស់អ្នក ដើម្បីខិតទៅកាន់តែជិតព្រះ ខណៈពេលកំពុងសិក្សាព្រះគម្ពីរសញ្ញាចាស់ ។
សិក្សាគោលលទ្ធិ
អ្វីដែលយើងជ្រើសរើសផ្តោតលើ អាចធ្វើឲ្យមានភាពខុសគ្នាខ្លាំងនៅក្នុងជីវិតរបស់យើង ។ តើអ្នកធ្លាប់ខកខានអ្វីមួយដែលសំខាន់ ដោយសារការផ្តោតលើរឿងខុសដែរឬទេ ? ប្រសិនបើមាន សូមមើលវីដេអូ « Focus Test » ចាប់ពីនាទីទី ០:០០ ដល់ ០:២២ ។ នៅពេលអ្នកមើល សូមផ្តោតថា តើក្រុមពណ៌សបានបោះបាល់ចំនួនប៉ុន្មានដង ។
តើអ្នករាប់ឃើញបាល់បោះបានប៉ុន្មានដង ? តើអ្នកបានសង្កេតឃើញមានអ្វីផ្សេងទៀតដែលកើតឡើងនៅក្នុងវីដេអូនេះដែរឬទេ ? បើឃើញ តើជាអ្វី ?
សូមមើលវីដេអូដែលនៅសេសសល់ ។ លើកនេះ សូមរកមើលស្ដ្រីចំណាស់ម្នាក់ដែលកំពុងរាំ នីនចា ការបោះបាល់ និងក្រុមពណ៌ខ្មៅដែលកំពុងពាក់មួក ។ ប្រសិនបើមិនមានវីដេអូនេះទេ សូមគិតអំពីគ្រាមួយក្នុងអតីតកាល នៅពេលដែលការផ្តោតលើរឿងខុសបណ្តាលឲ្យអ្នកមានបញ្ហា ។
ហេតុអ្វីបានជាវាងាយម៉្លេះ នៅក្នុងការខកខានព័ត៌មានលម្អិតសំខាន់ៗ ? តើការណ៍នេះអាចដូចជាអ្វីដែលមនុស្សមួយចំនួនបានជួបប្រទះ នៅពេលអានព្រះគម្ពីរសញ្ញាចាស់ដោយរបៀបណា ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះពីអែលឌើរ ម៉ៃឃែល ធី រីងវូដ ក្នុងពួកចិតសិបនាក់ អំពីការផ្ដោតនៃព្រះគម្ពីរសញ្ញាចាស់ ។
យើងសំខាន់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ហើយក៏ជាហេតុនាំឲ្យមានបេសកកម្មរបស់ព្រះអង្គសង្គ្រោះដែរ ។ …
… ពីមួយជំពូកទៅមួយជំពូក [ នៃព្រះគម្ពីរសញ្ញាចាស់ ] យើងរកឃើញឧទាហរណ៍អំពីរបៀបដែលព្រះវរបិតាសួគ៌ និង [ ព្រះយេស៊ូវគ្រីស្ទ ] ភ្ជាប់យ៉ាងជិតស្និទ្ធនៅក្នុងជីវិតយើង ។ ( « ដ្បិតព្រះទ្រង់ស្រឡាញ់យើងដល់ម៉្លេះ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ៨៨ )
ខណៈដែលព្រះយេស៊ូវគ្រីស្ទគឺជាអង្គដ៏សំខាន់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ មនុស្សមួយចំនួនពិបាកនឹងមើលឃើញវត្តមានរបស់ទ្រង់ ដោយសារតែព្រះនាម « ព្រះយេស៊ូវគ្រីស្ទ » មិនបង្ហាញឡើងនៅក្នុងព្រះគម្ពីរនេះឡើយ ។
នៅពេលអ្នកសិក្សាព្រះគម្ពីរសញ្ញាចាស់ វានឹងសំដៅទៅលើព្រះអម្ចាស់ ឬព្រះយេហូវ៉ា ។ វាមានប្រយោជន៍ក្នុងការដឹងថា ព្រះយេហូវ៉ាគឺជាព្រះយេស៊ូវគ្រីស្ទ ។ ព្រះយេហូវ៉ាបានធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌ក្នុងគ្រប់ការណ៍ទាំងអស់ ។ នៅពេលអ្នករៀនអំពីព្រះយេហូវ៉ា អ្នកក៏រៀនអំពីព្រះវរបិតាសួគ៌ ដែលបានដឹកនាំ និងប្រទានអំណាចដល់ទ្រង់ផងដែរ ។
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
ពីមុនការធ្លាក់ ព្រះវរបិតាសួគ៌យើងបានមានបន្ទូលដោយផ្ទាល់ទៅកាន់លោកអ័ដាម និងនាងអេវ៉ា ។ បន្ទាប់មក ព្រះវរបិតាបានណែនាំព្រះរាជបុត្រាបង្កើតតែមួយគត់របស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង រួចទ្រង់បានបង្គាប់យើង « ចូរស្តាប់តាមទ្រង់ចុះ » ។ ចេញពីការណែនាំនេះ យើងសន្និដ្ឋានថា កំណត់ត្រាព្រះគម្ពីរអំពីព្រះបន្ទូលថ្លែងដោយ « ព្រះ » ឬ « ព្រះអម្ចាស់ » គឺសឹងតែជាព្រះបន្ទូលរបស់ព្រះយេហូវ៉ាជានិច្ច ជាព្រះអម្ចាស់ដ៏មានព្រះជន្មរស់ឡើងវិញរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។ ( « ការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ១០២ )
នៅពេលអ្នកសិក្សាព្រះគម្ពីរសញ្ញាចាស់ ការផ្ដោតរបស់អ្នកអាចកំណត់ថា តើបទពិសោធន៍របស់អ្នកនឹងមានអត្ថន័យខ្លាំងប៉ុនណាដែរ ។ ការផ្តោតលើរបៀបដែលព្រះយេស៊ូវគ្រីស្ទបានពាក់ព័ន្ធយ៉ាងជិតស្និទ្ធនៅក្នុងជីវិតរបស់យើង អាចជួយអ្នកឲ្យមានការសិក្សាដែលកាន់តែមានអត្ថន័យថែមទៀត ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមបំពេញជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទគង់នៅកន្លែងណាខ្លះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ?
សូមជ្រើសរើសដំណើររឿងមួយ នៃដំណើររឿងទាំងបួនខាងក្រោមនេះយកមកសិក្សា ។
-
ដាវីឌ និង កូលីយ៉ាត ( សាំយូអែល ទី១ ១៧:២៦, ៣២, ៤០–៤៩ ) ។ កូលីយ៉ាតដែលជាអ្នកចម្បាំងភីលីស្ទីន បានដាក់សំណើឲ្យពួកអ៊ីស្រាអែលបញ្ជូនអ្នកប្រយុទ្ធដ៏ពូកែបំផុតរបស់ខ្លួនមកប្រយុទ្ធនឹងគាត់ ។ ដាវីឌបានស្ម័គ្រចិត្តប្រកួតជាមួយគាត់ ។
-
រូងសិង្ហ ( ដានីយ៉ែល ៦:៧, ១០, ១៦–២៣ ) ។ ស្ដេចដារីយុសបានតាំងដានីយ៉ែល ជាអ្នកត្រួតត្រានៅក្រុងបាប៊ីឡូន ។ ពួកអ្នកត្រួតត្រាឯទៀតបានឃុបឃិតប្រឆាំងនឹងគាត់ ដើម្បីឲ្យស្តេចលែងសព្វព្រះទ័យនឹងគាត់ទៀត ។
-
គុកភ្លើង ( ដានីយ៉ែល ៣:៤–៦, ១២–១៣, ១៦–២៥ ) ។ ស្ដេចនេប៊ូក្នេសាដំឡើងរូបមាសមួយ ហើយហៅពួកអ្នកត្រួតត្រាប្រចាំទឹកដីរបស់ទ្រង់ឲ្យមកជុំគ្នាដើម្បីឧទ្ទិសដល់រូបនោះ ។
-
ម៉ូសេញែកសមុទ្រក្រហម ( និក្ខមនំ ១៤:១០, ១៣–១៦, ២១–២២ ) ។ កូនចៅនៃអ៊ីស្រាអែលបានភៀសខ្លួនចេញពីស្រុកអេស៊ីព្ទ នៅពេលកងទ័ពរបស់ផារ៉ោនចូលមកវាយប្រហារ និងចាប់ពួកគេធ្វើជាទាសករម្ដងទៀត ។
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
-
តើដំណើររឿងនេះបង្ហាញពីសេចក្តីស្រឡាញ់ ឬការចូលរួមចំណែករបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើការយល់ដឹងពីការពាក់ព័ន្ធរបស់ព្រះនៅក្នុងដំណើររឿងទាំងនេះ អាចជួយអ្នកឲ្យមើលឃើញការពាក់ព័ន្ធរបស់ទ្រង់នៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
ជម្រើស ខ
តើខ្ញុំស្គាល់ព្រះគម្ពីរសញ្ញាចាស់ដែរឬទេ ?
តើមានអ្វីខ្លះនៅខាងក្រោមនេះដែលជាបាវចនា ឬប្រធានបទសំខាន់ៗនៃព្រះគម្ពីរសញ្ញាចាស់ ? សូមជ្រើសរើសចម្លើយទាំងអស់ដែលអនុវត្ត ។
-
ការប្រមូលផ្តុំ និងការខ្ចាត់ខ្ចាយនៃអ៊ីស្រាអែល
-
ការហៅ និងការតែងតាំងពួកសាវក
-
ព្រះជន្ម និងការងារបម្រើរបស់ព្រះយេស៊ូវគ្រីស្ទនៅក្រុងយេរូសាឡិម
-
ការធ្វើ និងការរក្សាសេចក្ដីសញ្ញាជាមួយព្រះអម្ចាស់
-
តួនាទីរបស់ព្យាការីនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌
-
ការងារបម្រើរបស់ព្រះយេស៊ូវគ្រីស្ទនៅទ្វីបអាមេរិក
-
ការចាំបាច់ដើម្បីឲ្យព្រះយេស៊ូវគ្រីស្ទធ្វើដង្វាយធួនសម្រាប់អំពើបាបរបស់យើង
-
ព្រះគម្ពីរសញ្ញាចាស់លើកឡើងពីប្រធានបទចំនួនបួនខាងលើនេះតែប៉ុននោះ ។
សូមប្រើខគម្ពីរខាងក្រោមដើម្បីកែតម្រូវសំណួររបស់អ្នក ។ នៅពេលអ្នករកមើលប្រធានបទដែលបានបង្រៀន សូមដាក់ស្លាកគោលលទ្ធិនៅក្នុងព្រះគម្ពីររបស់អ្នក ។
-
លោកុប្បត្តិ ១៧:៧
-
ចោទិយកថា ៤:២៧–៣១
-
អេសាយ ៥៣:៣–៥
-
អេម៉ុស ៣:៧
ព្រះគម្ពីរសញ្ញាចាស់តំណាលអំពីប្រជាជនដែលបានរស់នៅ ពីមុនការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ ។ ការងារបម្រើរបស់ទ្រង់នៅទីក្រុងយេរូសាឡិម ការហៅពួកសាវក និងការយាងទៅទ្វីបអាមេរិក ទាំងអស់នេះកើតឡើងនៅពេលក្រោយមក ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានបទនៃព្រះគម្ពីរសញ្ញាចាស់ត្រូវបានរៀបចំឡើង ដើម្បីចង្អុលបង្ហាញយើងទៅកាន់ព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈការសិក្សាប្រធានបទទាំងនេះ នោះយើងអាចយល់ពីគោលលទ្ធិរបស់ព្រះគ្រីស្ទបានកាន់តែច្បាស់ និងខិតទៅកាន់តែជិតទ្រង់ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យបង្កើនបំណងប្រាថ្នារបស់អ្នក ដើម្បីខិតទៅកាន់តែជិតព្រះ ខណៈពេលកំពុងសិក្សាព្រះគម្ពីរសញ្ញាចាស់ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
អ្វីដែលអ្នកបានរៀនអំពីការពាក់ព័ន្ធរបស់ព្រះនៅក្នុងជីវិតរបស់អ្នកចេញពីដំណើររឿងដែលអ្នកបានសិក្សា ។
-
របៀបដែលប្រធានបទដែលបានសង្កត់ធ្ងន់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ បង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះចំពោះបុត្រាបុត្រីរបស់ទ្រង់ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?