ថ្នាក់​សិក្ខាសាលា
ផែនការ​នៃ​សេចក្តី​សង្គ្រោះ—ព្រះអង្គ​សង្គ្រោះ​គឺជា​តួអង្គ​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតា


« ផែនការ​នៃ​សេចក្តី​សង្គ្រោះ—ព្រះអង្គ​សង្គ្រោះ​គឺជា​តួអង្គ​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតា » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

រូបចម្លាក់​ព្រះគ្រីស្ទ

សូម​ស្វាគមន៍​មកកាន់​ព្រះគម្ពីរ​សញ្ញាចាស់ ៖ មេរៀន​ទី ២

ផែនការ​នៃ​សេចក្តី​សង្រ្គោះ

ព្រះអង្គ​សង្គ្រោះ​គឺជា​តួអង្គ​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតា

សូម​មើល « ការសិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

តើ​ពេលណា​ជា​ពេល​ចុងក្រោយ ដែល​អ្នក​មាន​ចិត្ត​រំភើប ? អ្នក​មិន​ចាំ​ទេ ប៉ុន្ដែ​មុនពេល​អ្នក​បាន​មកកាន់​ផែនដី អ្នក​បាន​ពោរពេញ​ដោយ​ចិត្ត​រំភើប នៅពេល​អ្នក​ដឹង​អំពី​ផែនការ​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​ពួកយើង ។ អ្នក​បាន​ស្រែក​ដោយ​ចិត្ត​រីករាយ​ខ្លាំងៗ​តែម្ដង ! ( សូម​មើល យ៉ូប ៣៨:៧ ) ។ ព្រះយេហូវ៉ា​ត្រូវបាន​ជ្រើសរើស​ដើម្បី​ធ្វើជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ។ ទ្រង់​គឺជា​ផ្លូវ​ដែល​នាំ​ទៅរក​ព្រះវរបិតា​សួគ៌ ។ នៅពេល​យើង​ធ្វើតាម​ទ្រង់ នោះ​យើង​ក្លាយ​ដូចជា​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់ពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌ និង​តួនាទី​ដ៏​សំខាន់​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

សិក្សា​គោលលទ្ធិ

យុវជន​នៅ​ខាងក្រៅ

មិត្ត​របស់​អ្នក​ឈ្មោះ​យ៉ូណាថាន មាន​ប្អូនស្រី​ម្នាក់​ដែល​ឈឺ​សម្រាក​នៅក្នុង​មន្ទីរពេទ្យ ។ នៅ​យប់​មួយ ខណៈ​ដែល​អ្នក​ទាំងពីរ​កំពុង​និយាយ​គ្នា យ៉ូណាថាន​បាន​បាក់​ទឹកចិត្ត ។ « ខ្ញុំ​មិន​ប្រាកដ​ទាល់តែ​សោះ​ថា ខ្ញុំ​យល់ពី​អត្ថន័យ​នៃ​ជីវិត​នេះ ។ ប្រសិនបើ​យើង​ទាំងអស់គ្នា​គង់តែ​ស្លាប់​ដដែល​នៅ​ទីបំផុត ហេតុអ្វី​បានជា​យើង​មក​នៅ​ទីនេះ ? »

សូម​ជញ្ជឹងគិត​អំពី​សំណួរ​ខាងក្រោម​នេះ ខណៈ​ដែល​គិត​អំពី​ស្ថានភាព និង​អារម្មណ៍​របស់​យ៉ូណាថាន ៖

  • នៅលើ​មាត្រដ្ឋាន​ពី ១ ដល់ ៥ ( ១ ទាប និង ៥ ខ្ពស់ ) តើ​អ្នក​មាន​ទំនុកចិត្ត​ខ្លាំង​ប៉ុនណា ក្នុង​ការពន្យល់​ពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌ ?

  • តើ​ការដឹង​ពី​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ផែនការ​របស់​ព្រះ​អាច​ជួយ យ៉ូណាថាន បាន​យ៉ាង​ដូចម្តេច ?

នៅពេល​ឆ្លងកាត់​បទពិសោធន៍​ដូចជា​យ៉ូណាថាន វា​មាន​ប្រយោជន៍​ដើម្បី​ងាក​ទៅរក​ព្រះអង្គ​សង្គ្រោះ ។ នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ យើង​អាច​រកឃើញ​សេចក្ដី​សុខសាន្ដ និង​ការលួងលោម​នៅក្នុង​ស្ថានភាព​ដែល​យើង​កំពុង​ប្រឈម​មុខ​នេះ ។

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ បាន​ពន្យល់​អំពី​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌ ៖

អែលឌើរ ដាល្លិន អេក អូក

តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​យើង​ម្នាក់ៗ ? ទ្រង់​បាន​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​ចាំបាច់​សម្រាប់​ការធ្វើ​ដំណើរ​នៅក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង ឆ្ពោះ​ទៅកាន់​ជោគវាសនា​ដែល​បាន​គ្រោងទុក​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌​របស់​យើង ។ … ព្រះរាជបុត្រា​បង្កើត​តែមួយ​របស់​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ គឺជា​តួអង្គ​សំខាន់ ។ ( « តើ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​យើង ? » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២១ ទំព័រ​៧៥ )

សូម​មើល​រូបភាព​ខាងក្រោម ហើយ​គិត​អំពី​របៀប​ដែល​វា​គាំទ្រ​អ្វី​ដែល​ប្រធាន អូក បាន​បង្រៀន ។

តារាង​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​សង្ខេប​អ្វី​ដែល​ប្រធាន អូក និង​រូបភាព​នេះ​បង្រៀន​ជា​ប្រយោគ​មួយ ឬ​ពីរ ។ សូម​កត់ត្រា​ប្រយោគ​របស់​អ្នក​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​បំពេញ​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ខ្ញុំ​ពន្យល់​ពី​ផែនការ​របស់​ព្រះវរបិតា​សួគ៌​ដល់​អ្នកដទៃ​ដោយ​របៀប​ណា ?

តើ​អ្នក​ធ្លាប់​ព្យាយាម​ពន្យល់​ពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ដែរ​ឬទេ ?

ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌​ជួយ​យើង​ឲ្យ​ឆ្លើយនឹង​សំណួរ​ទាំងនេះ ៖

  • តើ​យើង​មក​ពីណា ?

  • តើ​ជីវិត​នេះ​មាន​គោលបំណង​អ្វី ?

  • តើ​មាន​អ្វី​កើតឡើង បន្ទាប់ពី​យើង​ស្លាប់​ទៅ ?

ខណៈពេល​អ្នក​កំពុង​សិក្សា​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ សូម​ស្វែងរក​ដូចខាងក្រោម ៖

  • សេចក្ដីពិត​ដែល​អាច​ជួយ​ដល់​យ៉ូណាថាន

  • ការយល់ដឹង​ដែល​អាច​ឆ្លើយ​សំណួរ​ទាំងឡាយ ដែល​បាន​លើកឡើង​នៅ​ខាងលើ

រូបតំណាង​ស្លាកសូម​រកមើល និង​ដាក់​ស្លាក​សេចក្ដីពិត​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នីមួយៗ ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ពេលនោះ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​ទីមួយ បាន​ពន្យល់ ៖

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

យើង​ពុំ​ដឹង​ពី​សេចក្តី​លម្អិត​នៃ​ស្ថានភាព​មុន​ជីវិត​នេះ​ទេ ប៉ុន្តែ​យើង​បាន​ដឹង​ខ្លះៗ ។ …

ត្រឡប់​ទៅកាន់​សណ្ឋាន​ទីមួយវិញ​នោះ បងប្អូន​ដឹង​ច្បាស់ថា​មាន​ព្រះ ដោយសារ​បងប្អូន​បានឃើញ​ទ្រង់ និង​ស្តាប់​ឮទ្រង់ ។ បងប្អូន​បាន​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ដែល​នឹង​ក្លាយ​ជាកូនចៀម​នៃ​ព្រះ ។ បងប្អូន​មាន​ជំនឿ​លើ​ទ្រង់ ។ …

… បងប្អូន​បាន​ចូលរួម​នៅក្នុង​ក្រុមប្រឹក្សា​ដ៏ធំ​នៅ​ស្ថានសួគ៌ ហើយ​បាន​ដឹង​ថា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​បងប្អូន គឺ​ព្រះយេស៊ូវ​គ្រីស្ទ នឹង​ផ្តល់​មាគ៌ា​មួយ​សម្រាប់​បងប្អូន​ដើម្បី​ត្រូវបាន​សម្អាត​ពី​អំពើបាប ហើយ​បាន​សង្គ្រោះ​ពី​សេចក្តី​ស្លាប់​ខាង​រូបកាយ ។ ( « Your Wonderful Journey Home » Liahona ខែ​ឧសភា ឆ្នាំ​២០១៣ ទំព័រ​១២៦–១២៧ )

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់ ៖

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន

ក្នុងនាមជា​បុត្រ​របស់​ព្រះ ប្អូន​បានមក​ផែនដី​ដើម្បី​ទទួល​រូបកាយ​ជាសាច់ឈាម ។ ជាមួយ​រូបកាយ​របស់​ប្អូន ប្អូន​អាច​ជ្រើសរើស​ដើម្បី​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ស្មោះត្រង់ ។ ប្អូន​អាច​ជ្រើសរើស​គោរពតាម​ព្រះបញ្ញត្តិ​របស់​ព្រះ ទទួល​ពិធីបរិសុទ្ធ​ទាំងឡាយ និង​ធ្វើ ហើយ​រក្សា​សេចក្តីសញ្ញា​នៃ​ដំណឹងល្អ ។ ការធ្វើ​អ្វីៗ​ទាំងអស់​នេះ​នឹង​រៀបចំ​ប្អូន​ឲ្យ​បំពេញ​ជោគវាសនា​ដ៏​ទេវភាព​របស់​ប្អូន ។

ដោយ​មាន​គោលបំណង​នេះ​ច្បាស់លាស់​នៅក្នុង​ចិត្ត នោះ​ប្អូន​អាច​មើលឃើញ​សារៈសំខាន់​នៃ​ការទទួល​ទាន​សាក្រាម៉ង់​រាល់​សប្តាហ៍ ការសិក្សា​ព្រះគម្ពីរ ការអធិស្ឋាន​ប្រចាំ​ថ្ងៃ ការដាក់​គោលដៅ​ល្អៗ និង​ការបម្រើ​អ្នកដទៃ ។ អ្វីៗ​ទាំងអស់​នេះ​ជួយ​រំឭក​ដល់​ប្អូន​ពី​មូលហេតុ​ដែល​ប្អូន​មកទីនេះ ហើយ​វា​ជួយ​ប្អូន​មាន​ភាពស័ក្តិសម​ដើម្បី​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន​ដែល​ប្អូន​ត្រូវការ​ដើម្បី​មាន​ក្តីរីករាយ និង​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ។ ( « ផែនការ​នៃ​សុភមង្គល​របស់​ព្រះ និង​ជោគវាសនា​ដ៏​ទេវភាព​របស់​ប្អូន » ដើម្បី​កម្លាំង​នៃ​យុវជន ខែ​មករា ឆ្នាំ​២០២២ ទំព័រ​៤ )

រូបតំណាង​សៀវភៅ​កត់ចំណាំដោយ​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ផែនការ​របស់​ព្រះវរបិតា​សួគ៌ សូម​សរសេរ​សារ​ជា​អក្សរ ឬ​អ៊ីមែល​មួយ ដែល​អ្នក​អាច​ផ្ញើ​ទៅកាន់​យ៉ូណាថាន​បាន ។ សូម​រួមបញ្ចូល​សេចក្តី​ថ្លែងការណ៍​នានា ដែល​អាច​ជួយ​យ៉ូណាថាន ឲ្យ​ងាក​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ។

ជម្រើស ខ

តើ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​តួនាទី​អ្វី​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ?

ព្រះអង្គ​សង្គ្រោះ​មាន​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​ផ្នែក​នីមួយៗ​នៃ​ផែនការ​របស់​ព្រះវរបិតា ។

សូម​ចម្លង​តារាង​ខាងក្រោម​នេះ​ដាក់​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ឬ​ប្រើ​ចំណងជើង​នៅ​ខាងឆ្វេង​ដៃ ដើម្បី​ដាក់​ស្លាក​វគ្គ​បទគម្ពីរ​នីមួយៗ ។ សូម​អាន​ខគម្ពីរ​ទាំងនេះ ហើយ​ស្វែងរក​សេចក្ដីពិត​អំពី​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​នៅក្នុង​ផ្នែក​នីមួយៗ​នៃ​ផែនការ​នេះ ។

រូបតំណាង​ស្លាកសូម​បង្កើត​ស្លាក​ដែល​គាំទ្រ​ដល់​តួនាទី​នីមួយៗ​របស់​ព្រះអង្គ​សង្គ្រោះ ដូចជា « តួនាទី​របស់​ព្រះគ្រីស្ទ​ក្នុង​ជីវិត​មុន​ផែនដី » ។ សូម​ដាក់​ស្លាក​សេចក្ដីពិត​នានា ដែល​អ្នក​រកឃើញ​មកពី​ខគម្ពីរ​នីមួយៗ ។

ផែនការ​របស់​ព្រះវរបិតា​សួគ៌ និង​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ

តួនាទី​របស់​ព្រះគ្រីស្ទ​ក្នុង​ជីវិត​មុន​ផែនដី

យ៉ូហាន ១:៣; ម៉ូសេ ៤:១–២; អ័ប្រាហាំ ៣:២៤–២៧

តួនាទី​របស់​ព្រះគ្រីស្ទ​ក្នុង​ជីវិត​រមែង​ស្លាប់

អេសាយ ៥៣:៣–៥; យ៉ូហាន ១៣:១៥; អាលម៉ា ៧:១១–១៣

តួនាទី​របស់​ព្រះគ្រីស្ទ​នៅក្នុង​ពិភព​នៃ​ជីវិត​មុន​ផែនដី

កូរិនថូស ទី១ ១៥:២២; មរមន ៣:២០; គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣៨:១៨–១៩

រូបតំណាង​ចែកចាយសូម​ជ្រើសរើស​សេចក្ដីពិត​មួយ ដែល​អ្នក​បាន​រកឃើញ ។ សូម​ចែកចាយ​ជាមួយ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​ម្នាក់​ពី​របៀប​ដែល​សេចក្ដីពិត​នោះ អាច​ជួយ​យុវមជ្ឈិមវ័យ​ឲ្យ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​ពួកគេ​កំពុង​ប្រឈម​មុខ ។ ប្រសិនបើ​មិនមាន​នរណា​ម្នាក់​មាន​ពេល​និយាយ​ជាមួយ​ទេ សូម​កត់ត្រា​គំនិត​របស់​អ្នក និង​ដាក់​ផែនការ​រក​ពេលវេលា​មួយ ដែល​អ្នក​អាច​ចែកចាយ​បាន ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌ និង​តួនាទី​ដ៏​សំខាន់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • សារ​ជា​អក្សរ ឬ​អ៊ីមែល​ដែល​អ្នក​បាន​សរសេរ​ទៅកាន់​យ៉ូណាថាន ។

  • សេចក្ដីពិត​មួយ​ដែល​អ្នក​បាន​រកឃើញ​អំពី​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា និង​របៀប​ដែល​វា​អាច​ជួយ​ដល់​យុវមជ្ឈិមវ័យ​បាន ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?