« អ័ប្រាហាំ ៣—ជីវិតមុនផែនដី » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់សិស្សថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
ម៉ូសេ ១; អ័ប្រាហាំ ៣ ៖ មេរៀនទី ៣
អ័ប្រាហាំ ៣
ជីវិតមុនផែនដី
សូមមើល « ការសិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
នៅក្នុងការនិមិត្តមួយ ព្រះយេហូវ៉ា ( ព្រះយេស៊ូវគ្រីស្ទ ) បានបង្ហាញអ័ប្រាហាំអំពីជីវិតរបស់យើងជាវិញ្ញាណ « មុនកំណើតលោកិយមកម្ល៉េះ » ( សូមមើល អ័ប្រាហាំ ៣:២២–២៨ ) ។ តើពីមុនយើងគឺជានរណា ? តើការដឹងបន្ថែមទៀតអំពីជីវិតមុនជីវិតលើផែនដីរបស់យើង អាចជួយដល់យើងនៅពេលឥឡូវនេះដោយរបៀបណា ? មេរៀននេះអាចជួយអ្នកឲ្យយល់ពីរបៀបដែលចំណេះដឹងអំពីជីវិតមុនផែនដីនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ អាចជួយដល់អ្នកក្នុងជីវិតរបស់អ្នកបាន ។
សិក្សាព្រះគម្ពីរ
តើអ្នកដឹងអ្វីខ្លះអំពីជីវិតមុនផែនដីរបស់អ្នក ?
សូមអានទិដ្ឋភាពទូទៅសង្ខេបអំពីជីវិតមុនផែនដីរបស់យើង ។ សូមរកមើលសេចក្ដីពិតអំពីគោលបំណងរបស់យើង និងរបៀបដែលចំណេះដឹងនេះអាចជួយដល់អ្នកបាន ។
ជីវិតមុនជីវិតលើផែនដី សំដៅដល់ជីវិតដែលយើងបានរស់នៅមុនពេលយើងមកកាន់ផែនដីនេះ ។ …
ពេញមួយឆាកជីវិតមុនជីវិតលើផែនដីរបស់យើង យើងបានអភិវឌ្ឍអត្តសញ្ញាណរបស់យើង និងបង្កើនសមត្ថភាពខាងវិញ្ញាណរបស់យើង ។ ដោយមាននូវពរជ័យនៃអំណោយទាននៃសិទ្ធិជ្រើសរើស យើងបានធ្វើការសម្រេចចិត្តដ៏សំខាន់ៗ ដូចជាការសម្រេចចិត្តដើម្បីធ្វើតាមផែនការរបស់ព្រះវរបិតាសួគ៌ជាដើម ។ ការសម្រេចចិត្តទាំងនេះមានឥទ្ធិពលលើជីវិតរបស់យើងនៅពេលនោះ និងនៅពេលបច្ចុប្បន្ននេះ ។ យើងបានរីកចម្រើនខាងបញ្ញា ហើយបានរៀនស្រឡាញ់សេចក្ដីពិត ហើយយើងបានរៀបចំខ្លួនមកកាន់ផែនដី ជាកន្លែងដែលយើងអាចបន្តរីកចម្រើនបាន ។ ( ប្រធានបទ និងសំណួរ « ជីវិតមុនជីវិតនៅលើផែនដី » នៅលើបណ្ណាល័យដំណឹងល្អ )
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើចំណេះដឹងអំពីជីវិតមុនផែនដីអាចជួយអ្នកនៅពេលនេះបានដោយរបៀបណា ?
-
តើយើងអាចបន្តរៀន « ស្រឡាញ់សេចក្ដីពិត » ដោយរបៀបណា ?
អ័ប្រាហាំបានកត់ត្រាបទពិសោធន៍មួយ ដែលអាចជួយយើងឲ្យយល់បន្ថែមទៀតអំពីជីវិតមុនផែនដី ។ អ័ប្រាហាំបានកើតប្រហែលជា២,០០០ឆ្នាំមុន មុនការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ ។ លោកបានកត់ត្រាសេចក្ដីលម្អិតមួយចំនួនអំពីជីវិតរបស់លោក រួមនឹងការនិមិត្តដែលលោកបានទទួលពីព្រះ ដែលអាចរកបាននៅក្នុងគម្ពីរអ័ប្រាហាំ ។ កំណត់ត្រាដ៏ពិសិដ្ឋនេះមានដើមកំណើតមកពីរមូរស្លឹកប៉ប្រក់ ដែលបានរកឃើញនៅប្រទេសអេស៊ីព្ទ ហើយសមាជិកសាសនាចក្រក៏បានទិញយក ។ បន្ទាប់មក កំណត់ត្រានេះត្រូវបានបើកសម្ដែងដល់ព្យាការី យ៉ូសែប ស្ម៊ីធ តាមរយៈអំណោយទាន និងព្រះចេស្ដានៃព្រះ ។ អ្នកអាចរៀនបន្ថែមទៀតបាននៅក្នុង Church History Topics « Book of Abraham Translation » ។
សូមអាន អ័ប្រាហាំ ៣:១១–១២, ២១ ហើយគូសសម្គាល់សេចក្ដីពិតដែលអ្នកបានរៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមធ្វើការកត់ចំណាំនៅក្នុងព្រះគម្ពីររបស់អ្នក ហើយឆ្លើយនឹងសំណួរខាងក្រោមនេះ ។
-
តើការយល់ដឹងអំពីសេចក្តីពិតទាំងនេះអំពីព្រះយេស៊ូវគ្រីស្ទ អាចមានឥទ្ធិពលលើអ្នកយ៉ាងដូចម្តេចនៅពេលឥឡូវនេះ ?
-
តើអ្នកបានធ្វើជាសាក្សី ឬដកពិសោធន៍នូវសេចក្តីពិតទាំងនេះអំពីព្រះអង្គសង្គ្រោះនៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
បន្ទាប់ពីបានរៀនអំពីភាពអស្ចារ្យនៃព្រះជន្មមុនផែនដីរបស់ព្រះយេស៊ូវគ្រីស្ទហើយ ( សូមមើល អ័ប្រាហាំ ៣:១៦–២១ ) អ័ប្រាហាំក៏បានរៀនអំពីជីវិតមុនជីវិតលើផែនដីរបស់យើងផងដែរ ។ សូមអាន អ័ប្រាហាំ ៣:២២–២៣ ដោយស្វែងរកអ្វីដែលអ័ប្រាហាំបានរៀននៅក្នុងការនិមិត្តរបស់លោកអំពីជីវិតមុនជីវិតលើផែនដីនេះ ។ វាអាចនឹងមានប្រយោជន៍ ក្នុងការដឹងថា « បញ្ញាទាំងឡាយ » នៅក្នុងខគម្ពីរទាំងនេះសំដៅទៅលើវិញ្ញាណនៅជីវិតមុនផែនដី ។ សូមពិចារណាដាក់ស្លាកវគ្គបទគម្ពីរនេះថា « ជីវិតមុនជីវិតលើផែនដី » នៅក្នុងព្រះគម្ពីររបស់អ្នក ។
អ័ប្រាហាំ ៣:២២–២៣ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាដាក់ស្លាកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ជាមួយនឹងប្រធានបទដែលវាបង្រៀន ដើម្បីអ្នកអាចងាយនឹងរកវាឃើញនៅពេលក្រោយ ។ ដើម្បីជួយអ្នកឲ្យទន្ទេញចាំ សូមពិចារណាសូត្រសាឡើងវិញចំនួនបីដងឲ្យឮៗ នូវសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ « កាលនៅជាវិញ្ញាណ យើង ‹ ត្រូវបានបង្កើតឡើង មុនកំណើតលោកិយមកម្ល៉េះ › » ។
សូមសរសេរកំណត់ចំណាំមួយនៅក្បែរ អ័ប្រាហាំ ៣:២២–២៣ ដែលមាននូវសេចក្ដីពិតដូចតទៅនេះ ៖ ព្រះបានជ្រើសរើសកូនវិញ្ញាណដែលមានត្រកូលខ្ពស់ និងធំៗរបស់ទ្រង់ឲ្យធ្វើជាអ្នកត្រួតត្រា មុនពេលពួកគេកើតមក ។ ការណ៍នេះត្រូវបានហៅជាញឹកញាប់ថា ការតែងតាំងទុកជាមុន ។ នៅក្នុងកំណត់ចំណាំរបស់អ្នក សូមបញ្ចូលចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោម ។
-
តើអ្នកគិតថា អ័ប្រាហាំអាចបានរៀន ឬយល់ដឹងអ្វីខ្លះបានច្បាស់ជាងមុន ដោយសារតែបទពិសោធន៍នេះ ?
-
តើអ្នកគិតថា និយមន័យរបស់ពិភពលោកនៃពាក្យ « អ្នកដែលមានត្រកូលខ្ពស់ និងធំៗ » នឹងខុសពីនិយមន័យរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
នៅក្នុងការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោក ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍អំពីរបៀបមួយ ដែលសេចក្តីពិតដែលបានបង្រៀននៅក្នុង អ័ប្រាហាំ ៣ អនុវត្តចំពោះអ្នក ។
ប្អូនៗគឺជាមនុស្សល្អបំផុតដែលព្រះអម្ចាស់បានបញ្ជូនមកកាន់លោកិយនេះ ។ ប្អូនៗមានសមត្ថភាពដើម្បីកាន់តែឆ្លាត និងកាន់តែឈ្លាសវៃ ហើយមានឥទ្ធិពលទៅលើពិភពលោកជាងជំនាន់មុនៗ ! ( « សង្ឃឹមអ៊ីស្រាអែល » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវវ័យ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ] នៅលើបណ្ណាល័យដំណឹងល្អ )
ព្រះអម្ចាស់ស្គាល់អ្នកមកពីជីវិតមុនជីវិតនៅលើផែនដីរបស់អ្នក ហើយទ្រង់មានទំនុកចិត្តលើអ្នក ។ សូមពិចារណាពីអ្វីដែលអ្នកកំពុងធ្វើរួចហើយ និងអ្វីដែលអ្នកអាចចាប់ផ្ដើមធ្វើដើម្បី « មានឥទ្ធិពលទៅលើពិភពលោក » ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមបំពេញជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើចំណេះដឹងអំពីជីវិតមុនផែនដីរបស់ខ្ញុំ អាចនាំខ្ញុំឲ្យខិតកាន់តែជិតព្រះគ្រីស្ទដោយរបៀបណា ?
សូមស្រមៃថា មាននរណាម្នាក់នៅក្នុងថ្នាក់របស់អ្នកមិនប្រាកដអំពីរបៀបដែល អ័ប្រាហាំ ៣:២២–២៣ អនុវត្តចំពោះពួកគេនោះទេ ។
សូមរៀបចំអ្វីខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
សេចក្ដីសង្ខេបអំពីអ្វីដែល អ័ប្រាហាំ ៣:២២–២៣ និងប្រធាន ណិលសុន បានបង្រៀន
-
គំនិតសម្រាប់របៀបដែលអ្នក ឬយុវវ័យផ្សេងទៀតអាចជះឥទ្ធិពលដល់អ្នកដទៃសម្រាប់ការល្អ ឬនាំពួកគេឲ្យខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ
-
របៀបដែលអ្នកទទួលអារម្មណ៍ថា ការយល់ដឹងរបស់អ្នកអំពីជីវិតមុនផែនដីអាចជួយដល់អ្នកនៅក្នុងជីវិតរបស់អ្នកបាន
ជម្រើស ខ
តើខ្ញុំអាចចែកចាយអ្វីដែលខ្ញុំកំពុងរៀននេះតាមរបៀបណា ?
សូមអានអាកប្បកិរិយាខាងក្រោមនេះ និងជញ្ជឹងគិតថា ហេតុអ្វីបានជាមនុស្សមួយចំនួនអាចគិត និងមានអារម្មណ៍បែបនេះ ។
មនុស្សទី ១ ៖ ខ្ញុំមិនប្រាកដទេថា ហេតុអ្វីបានជាខ្ញុំនៅទីនេះ ។ ខ្ញុំពិតជាមិនដឹងមែនថា តើមានគោលបំណងធំជាងនេះឬទេ ។
មនុស្សទី ២ ៖ ខ្ញុំរស់នៅដើម្បីសប្បាយរីករាយ ។ ខ្ញុំគ្រាន់តែធ្វើឲ្យជីវិតខ្ញុំភាគច្រើនរីករាយ និងមានអំណរ ។
សូមរៀបចំសេចក្តីថ្លែងការណ៍នៃសេចក្ដីពិតចំនួនពីរ ឬច្រើនជាងនេះអំពីជីវិតមុនផែនដី ដែលអ្នកអាចចែកចាយជាមួយបុគ្គលទាំងនេះ ។ សូមរួមបញ្ចូលពីរបៀបដែលការដឹងពីសេចក្ដីពិតទាំងនេះបានជួយដល់អ្នកបាន ។ បន្ទាប់មក ដោយប្រើអ្វីដែលអ្នកបានរៀន និងរៀបចំ សូមស្នើឲ្យមិត្តភក្តិ ឬសមាជិកគ្រួសារដើរតួសម្ដែងជាមួយអ្នក ដោយពួកគេធ្វើជាបុគ្គលទី១ ឬបុគ្គលទី២ ។ សូមពិចារណាចែកចាយទីបន្ទាល់របស់អ្នកអំពីសេចក្តីពិតនៅក្នុងមេរៀននេះ ។ ប្រសិនបើគ្មាននរណាជួយទេ សូមកត់ត្រាគំនិតរបស់អ្នក ហើយរៀបចំពេលវេលាមួយដើម្បីដើរតួសម្ដែង ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យយល់ពីរបៀបដែលចំណេះដឹងអំពីជីវិតមុនផែនដីនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ អាចជួយដល់អ្នកក្នុងជីវិតរបស់អ្នកបាន ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
អ្វីដែលអ្នកបានរៀនអំពីជីវិតមុនផែនដី ដែលអាចជួយអ្នកឲ្យខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះ ។
-
សេចក្តីថ្លែងការណ៍អំពីសេចក្តីពិត និងទីបន្ទាល់ ដែលអ្នកបានរៀបចំសម្រាប់ការដើរតួសម្ដែង ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?