« ម៉ូសេ ១:២៧–៤២—‹ នេះហើយជាកិច្ចការរបស់យើង និងសិរីល្អរបស់យើង › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់សិស្សថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
ម៉ូសេ ១; អ័ប្រាហាំ ៣ ៖ មេរៀនទី ៦
ម៉ូសេ ១:២៧–៤២
« នេះហើយជាកិច្ចការរបស់យើង និងសិរីល្អរបស់យើង »
សូមមើល « ការសិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
តើអ្នកដឹងទេថា នៅក្រោមការដឹកនាំរបស់ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទបានបង្កបង្កើតពិភពដែលរាប់មិនអស់ ? ហើយតើអ្នកដឹងទេថា អ្វីទៅដែលរឹតតែអស្ចារ្យជាងនេះទៀតនោះ ? ការបង្កបង្កើតដ៏មានតម្លៃបំផុតរបស់ព្រះវរបិតាសួគ៌គឺជាពួកយើង—ដែលជាបុត្រា និងបុត្រីខាងវិញ្ញាណរបស់ទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យមានអារម្មណ៍ដឹងគុណចំពោះព្រះវរបិតាសួគ៌ និងកិច្ចការរបស់ទ្រង់ ដើម្បីនាំមកនូវអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់អ្នក ។
និយមន័យ ។ មេរៀននេះប្រើពាក្យ អមតភាព និងពាក្យ ជីវិតដ៏នៅអស់កល្បជានិច្ច ។ អមតភាព មានន័យថា ការរស់នៅជារៀងរហូតជាមួយនឹងរូបកាយដែលបានរស់ឡើងវិញ ។ « ជីវិតដ៏នៅអស់កល្បជានិច្ច ឬភាពតម្កើងឡើងគឺជាការប្រែក្លាយដូចជាព្រះ ហើយរស់នៅក្នុងវត្តមានរបស់ទ្រង់ជាក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ច » ( ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ១.១ នៅលើបណ្ណាល័យដំណឹងល្អ ) ។
សិក្សាព្រះគម្ពីរ
សូមគិតថា តើមានខ្សាច់ប៉ុន្មានគ្រាប់នៅក្នុងរូបភាពនេះ ។
អ្នកស្រាវជ្រាវប៉ាន់ប្រមាណថា ផែនដីមានគ្រាប់ខ្សាច់ប្រហែលជា ៧.៥ x ១០១៨ ( ឬ ៧,៥០០,០០០,០០០,០០០,០០០,០០០ ) ( សូមមើល David Blatner, Spectrums: Our Mind-Boggling Universe from Infinitesimal to Infinity [ Bloomsbury Publishing: New York City ឆ្នាំ២០១២ ] ទំព័រ២០ ) ។
សូមអាន ម៉ូសេ ១:២៧–២៩ ដោយរកមើលអ្វីដែលម៉ូសេបានប្រៀបធៀបទៅនឹងគ្រាប់ខ្សាច់នៅលើឆ្នេរសមុទ្រ និងមូលហេតុ ។
សូមជញ្ជឹងគិតពីអារម្មណ៍ដែលអ្នកអាចមាន នៅពេលពិចារណាពីភាពធំទូលាយនៃការបង្កបង្កើតរបស់ព្រះ ។
អែលឌើរ មើរិល ជេ ប៊ែតមែន អតីតគណៈប្រធាននៃពួកចិតសិបនាក់ បានមានប្រសាសន៍ ៖
ព្រះគម្ពីរមុក្តាដ៏មានតម្លៃមហិមាបង្រៀនថា ម៉ូសេបានមើលឃើញមនុស្សទាំងអស់នៅលើផែនដីនេះ ដែលមាន « ចំនួនសន្ធឹក គឺឥតគណនា ហាក់បីដូចជាខ្សាច់នៅឆ្នេរសមុទ្រ » ( ម៉ូសេ ១:២៨ ) ។ ប្រសិនបើម៉ូសេបានមើលឃើញរាល់ព្រលឹងទាំងអស់ នោះវាហាក់ដូចជាសមហេតុផលដែលថា អង្គបង្កបង្កើតនៃសកលលោកនេះមានព្រះចេស្ដាដើម្បីស្គាល់ពួកយើងម្នាក់ៗយ៉ាងច្បាស់ ។ ( « A Pattern for All » Liahona ខែវិច្ឆិកា ឆ្នាំ២០០៥ ទំព័រ៧៦ ) ។
តើវាធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណា ពេលដឹងថា អង្គបង្កបង្កើតនៃគ្រប់អ្វីទាំងអស់ស្គាល់អ្នកយ៉ាងច្បាស់ ?
នៅក្នុង ម៉ូសេ ១:៣៩ យើងរៀនថា កិច្ចការ និងសិរីល្អរបស់ព្រះ គឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់បុត្រាបុត្រីរបស់ទ្រង់ ។
ម៉ូសេ ១:៣៩ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាដាក់ស្លាកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ជាមួយនឹងប្រធានបទដែលវាបង្រៀន ដើម្បីអ្នកអាចងាយនឹងរកវាឃើញនៅពេលក្រោយ ។ សូមទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះនេះ ៖ « នេះហើយជាកិច្ចការរបស់យើង និងសិរីល្អរបស់យើង—គឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ។ សូមប្រើអក្សរដំបូងនៃពាក្យនីមួយៗដើម្បីទន្ទេញឃ្លាបទគម្ពីរនេះឲ្យចាំ ៖ នហជករយនសលរយ—គដនឲមអនជដនអជដម ។ សូមសូត្រឃ្លានេះសាឡើងវិញតាមដែលចាំបាច់ រហូតដល់អ្នកទន្ទេញវាចាំ ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមបំពេញជម្រើសមួយ ឬច្រើន ។
ជម្រើស ក
ហេតុអ្វីសកលលោកត្រូវបានបង្កើតឡើង ?
សូមអាន ម៉ូសេ ១:៣០ ហើយគូសសម្គាល់សំណួរចំនួនពីរ ដែលម៉ូសេបានទូលសួរព្រះ កាលលោកបានឃើញផែនដី និងមនុស្សដែលនៅលើនោះ ។
ឥឡូវនេះ សូមអានការឆ្លើយតបរបស់ព្រះអម្ចាស់ចំពោះសំណួររបស់ម៉ូសេនៅក្នុង ម៉ូសេ ១:៣១–៣៣, ៣៩ ។
នៅក្នុងកំណត់ចំណាំមួយនៅជាប់នឹង ម៉ូសេ ១:៣០ សូមសង្ខេបអ្វីដែលអ្នកបានរៀនមកពីចម្លើយរបស់ព្រះអម្ចាស់ ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលពេលនោះជាសមាជិកគណៈប្រធានទីមួយ បានពន្យល់ពីគោលបំណងនៃការបង្កបង្កើតរបស់ព្រះ ។
នៅពេលយើងមើលទៅភាពធំធេងនៃសកលលោកនេះ ហើយនិយាយថា « តើមនុស្សជាអ្វីបើប្រៀបធៀបទៅនឹងសិរីល្អនៃការបង្កបង្កើត ? » ព្រះបានមានបន្ទូលដោយផ្ទាល់ថា យើងគឺជាមូលហេតុដែលទ្រង់បានបង្កើតសកលលោកនេះ ! កិច្ចការ និងសិរីល្អរបស់ទ្រង់—គោលបំណងនៃសកលលោកដ៏រុងរឿងនេះ—គឺដើម្បីសង្គ្រោះ និងតម្កើងមនុស្សលោក ។ និយាយម្យ៉ាងទៀតគឺថា ភាពធំធេងនៃភាពដ៏នៅអស់កល្បជានិច្ច សិរីល្អ និងអាថ៌កំបាំងនៃអវកាសដ៏គ្មានព្រំដែននេះ និងពេលវេលាទាំងអស់នេះ ត្រូវបានបង្កើតឡើងសម្រាប់ជាប្រយោជន៍ដល់រូបកាយរមែងស្លាប់សាមញ្ញៗដូចជារូបអ្នក និងខ្ញុំ ។ ព្រះវរបិតាសួគ៌របស់យើងបានបង្កើតសកលលោក ដើម្បីឲ្យយើងអាចឈោងទៅដល់សក្ដានុពលរបស់យើងក្នុងនាមជាបុត្រា និងបុត្រីរបស់ទ្រង់ ។ ( « You Matter to Him » Liahona ខែវិច្ឆិកា ឆ្នាំ២០១១ ទំព័រ២០ )
ដើម្បីជួយអ្នកឲ្យមានអារម្មណ៍ដឹងគុណកាន់តែខ្លាំងចំពោះព្រះវរបិតាសួគ៌ និងកិច្ចការរបស់ទ្រង់ ក្នុងការនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់អ្នក សូមតែងកំណាព្យមួយ ។ អ្នកអាចរកឃើញពាក្យ ឬឃ្លាដែលបំផុសគំនិតសម្រាប់កំណាព្យរបស់អ្នកនៅក្នុង ម៉ូសេ ១:៣០–៣៩ ឬចេញពីសម្រង់សម្ដីរបស់ប្រធាន អុជដូហ្វ ឬប្រើសំណួរខាងក្រោមដើម្បីណែនាំអ្នក ៖
-
តើខ្ញុំមានអារម្មណ៍ដូចម្ដេចចំពោះព្រះ និងចំពោះអ្វីដែលទ្រង់ធ្វើសម្រាប់ខ្ញុំ ?
ជម្រើស ខ
តើអ្វីជាភស្តុតាងនៃកិច្ចការរបស់ព្រះនៅក្នុងជីវិតរបស់ខ្ញុំ ?
នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក សូមធ្វើបញ្ជីមួយដែលមានចំណងជើងថា « កិច្ចការរបស់ព្រះនៅក្នុងជីវិតរបស់ខ្ញុំ » ។ សូមចំណាយពេលមួយនាទី ហើយកត់ត្រារឿងមួយចំនួនដែលព្រះវរបិតាសួគ៌ បាន ធ្វើ និង កំពុង ធ្វើដើម្បីជួយនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់អ្នក ។ ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ អតីតគណៈប្រធានទីមួយ បានចែកចាយពីវិធីបន្ថែមទៀត ដែលព្រះវរបិតាសួគ៌នាំមកនូវអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចមកដល់យើង ។
[ ព្រះវរបិតាសួគ៌ ] បានប្រទានដល់យើងនូវដំណឹងល្អ និងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់បានប្រទានដល់យើងនូវផែនការនៃការប្រោសលោះ ផែនការនៃសេចក្តីសង្គ្រោះ ព្រមទាំងផែនការនៃសុភមង្គលផងដែរ ។ …
ទ្រង់បានប្រទានដល់យើងនូវព្រះវិញ្ញាណបរិសុទ្ធ ដែលជាអំណោយទានដ៏មានតម្លៃ ។ …
ទ្រង់បានប្រទានឱកាសឲ្យយើងទូលទៅកាន់ទ្រង់ ២៤/៧ តាមរយៈការអធិស្ឋានដោយសេចក្តីជំនឿ និងការទូលអង្វរដោយស្មោះសរ ។
ទ្រង់បានប្រទានដល់យើងនូវពួកសាវក និងព្យាការីសម័យទំនើប ដែលបើកសម្ដែងព្រះបន្ទូលនៃព្រះនៅសម័យកាលរបស់យើង ។ …
ទ្រង់បានស្ដារឡើងវិញនូវសាសនាចក្ររបស់ទ្រង់ ។ …
ទ្រង់បានប្រទានព្រះគម្ពីរដ៏បរិសុទ្ធដល់យើង—ជាព្រះបន្ទូលរបស់ទ្រង់ដែលបានសរសេរទុកសម្រាប់យើង ។
ទ្រង់បានប្រទានធនធានជាច្រើននៃបច្ចេកវិទ្យាសម័យទំនើបនេះ ដើម្បីជួយយើងនៅក្នុងដំណើរនៃភាពជាសិស្សនេះ ។
( « Our Father, Our Mentor » Ensign ខែមិថុនា ឆ្នាំ២០១៦ ទំព័រ៤ )
ប្រសិនបើចាំបាច់ សូមបន្ថែមការយល់ដឹងណាមួយមកពីប្រធាន អុជដូហ្វ ទៅក្នុងបញ្ជីរបស់អ្នក ។
ទាក់ទងនឹងកិច្ចការរបស់ព្រះ សូមអាន នីហ្វៃទី៣ ១៧:២០–២១ និង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១១–១៣ ដើម្បីរកមើលអ្វីដែលនាំឲ្យទ្រង់មានអំណរនៅក្នុងកិច្ចការរបស់ទ្រង់ ក្នុងការនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់អ្នក ។
សូមជញ្ជឹងគិតថា តើអ្នកទទួលស្គាល់ និងបង្ហាញការដឹងគុណចំពោះអ្វីដែលព្រះវរបិតាសួគ៌ធ្វើសម្រាប់អ្នកនៅក្នុងជីវិតរបស់អ្នកបានល្អកម្រិតណា ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យមានអារម្មណ៍ដឹងគុណចំពោះព្រះវរបិតាសួគ៌ និងកិច្ចការរបស់ទ្រង់ក្នុងការជួយអ្នកឲ្យទទួលបានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ច ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
កំណាព្យដែលអ្នកបានតាក់តែង ។
-
រឿងមួយដែលព្រះបានធ្វើសម្រាប់អ្នក ដែលអ្នកគិតថាមានប្រយោជន៍នៅក្នុងជីវិតរបស់អ្នក និងមូលហេតុ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?