ថ្នាក់​សិក្ខាសាលា
ម៉ូសេ ១:១២–២៦—« នែ៎​សាតាំង ចូរ​ឯង​ថយ​ចេញ​ទៅ »


« ម៉ូសេ ១:១២–២៦—‹ នែ៎​សាតាំង ចូរ​ឯង​ថយ​ចេញ​ទៅ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

ម៉ូសេ

ម៉ូសេ ១; អ័ប្រាហាំ ៣ ៖ មេរៀន​ទី ៥

ម៉ូសេ ១:១២–២៦

« នែ៎​សាតាំង ចូរ​ឯង​ថយ​ចេញ​ទៅ »

សូម​មើល « ការសិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

យើង​ទាំងអស់​គ្នា​សុទ្ធតែ​ធ្លាប់​ដឹង​ពី​ការល្បួង​របស់​សាតាំង ។ ម៉ូសេ​បាន​រៀន​ពី​របៀប​មួយ ដែល​យើង​អាច​ទទួល​បាន​កម្លាំង​ទប់ទល់​នឹង​ការល្បួង ។ តាមរយៈ​ការចងចាំ​ពី​អត្តសញ្ញាណ​ដ៏ពិត​របស់​យើង នោះ​យើង​អាច​ទទួល​បាន​កម្លាំង​មកពី​ព្រះ ដើម្បី​យកឈ្នះ​លើ​ការល្បួង ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​រកឃើញ​កម្លាំង​នោះ​បាន ។

គន្លឹះ​ក្នុង​ការសិក្សា ។ មេរៀន​មួយ​ចំនួន​នឹង​អញ្ជើញ​អ្នក​ឲ្យ​កត់ត្រា​អ្វី​ដែល​អ្នក​បាន​រៀន​នៅក្នុង​សៀវភៅ​កត់​ចំណាំ ។ អ្នក​អាច​ប្រើ​សៀវភៅ​កត់​ចំណាំ​ជា​ក្រដាស ឬ​បង្កើត​សៀវភៅ​កត់​ចំណាំ​មួយ​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។ អ្នក​អាច​ពិចារណា​មាន​សៀវភៅ​កត់​ចំណាំ​មួយ ដែល​អ្នក​ប្រើ​សម្រាប់​តែ​ថ្នាក់​សិក្ខាសាលា​ប៉ុណ្ណោះ ដើម្បី​ឲ្យ​គំនិត​របស់​អ្នក​ទាំងអស់​អំពី​ថ្នាក់​សិក្ខាសាលា​មាន​នៅក្នុង​កន្លែង​តែមួយ ។

សិក្សា​ព្រះគម្ពីរ

ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន ៖

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

យើង​និយាយ​ដោយ​ក្លាហាន ពីព្រោះ​សាតាំង​គឺជា​សភាវៈ​ពិត​ដែល​តាំងចិត្ត​មក​បំផ្លាញ​អ្នក ហើយ​អ្នក​នឹង​ប្រឈមមុខ​នឹង​ឥទ្ធិពល​របស់​វាតាំង​ពី​ក្មេង ។ ( « We Are All Enlisted » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១១ ទំព័រ​៤៥ )

តើ​មាន​ការល្បួង​ណាខ្លះ​ដែល​ក្មេង​វ័យ​ជំទង់​កំពុង​ប្រឈម​មុខ ? តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​ក្មេង​វ័យ​ជំទង់​ពិបាក​ទប់ទល់​នឹង​ការល្បួង​ទាំងនោះ ? តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​អាច​យកឈ្នះ​លើ​ការល្បួង​បាន​ដោយ​មាន​ប្រសិទ្ធភាព​កម្រិត​ណា​ដែរ ?

ទោះជា​ម៉ូសេ​ជា​ព្យាការី​ដ៏​ខ្លាំង​ពូកែ​ម្នាក់​ក៏​ដោយ ក៏​លោក​បាន​ប្រឈមមុខ​នឹង​ការល្បួង​ធំៗ​ដែរ ។ មិន​យូរ​ប៉ុន្មាន​ក្រោយពី​បទពិសោធន៍​របស់​ម៉ូសេ​ជាមួយ​ព្រះ លោក​បាន​ទទួល​បទពិសោធន៍​ដ៏​លំបាក​មួយ ដែល « អារក្ស​សាតាំង​បាន​មក ដោយ​ល្បួង​គាត់ » ( ម៉ូសេ ១:១២ ) ។ ដោយសារតែ​អ្វី​ដែល​ម៉ូសេបាន​ដឹង និង​បាន​ធ្វើ ទើប​លោក​អាច​យក​ឈ្នះ​បាន ។

រូបតំណាង​គូសសម្គាល់សូម​អាន ម៉ូសេ ១:១២ ។ កាល​អ្នក​អាន សូម​គូស​សម្គាល់​អ្វី​ដែល​ម៉ូសេ​បាន​ធ្វើ ដើម្បី​យកឈ្នះ​លើ​ការល្បួង​របស់​សាតាំង ។ ឬ​អ្នក​អាច​មើល​វីដេអូ « I Am a Son of God » ពី​នាទី​ទី ២:៥០ ដល់ ៦:៣០ សម្រាប់​ជា​គំនិត​យោបល់​បន្ថែម ។

6:31

រូបតំណាង​កត់​ចំណាំសូម​ធ្វើ​ការកត់​ចំណាំ​មួយ​នៅក្បែរ ម៉ូសេ ១:១២ ឬ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​នូវ​បញ្ជី​នៃ​ការរកឃើញ​របស់​អ្នក ។ អ្នក​អាច​ដាក់​ចំណងជើង​បញ្ជី​នោះ​ថា « របៀប​ដែល​ម៉ូសេ​បាន​យកឈ្នះ​លើ​ការល្បួង » ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​បំពេញ​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ការដឹង​ថា​ខ្ញុំ​ជា​នរណា អាច​ផ្តល់​អំណាច​ដល់​ខ្ញុំ​ដោយ​របៀប​ណា ?

ក្មេងស្រី​កំពុង​ពិចារណា

វិធី​មួយ​ដែល​សាតាំង​ល្បួង​ម៉ូសេ គឺ​ការសួរ​ពី​អត្តសញ្ញាណ​របស់​លោក ។ សូម​អាន ម៉ូសេ ១:១២–១៣ សាឡើងវិញ ។ តើ​សាតាំង​បាន​ហៅ​ម៉ូសេ​ថា​យ៉ាង​ដូចម្ដេច នៅក្នុង ខទី ១២ ហើយ​តើ​ម៉ូសេ បាន​ឆ្លើយតប​យ៉ាងណា​នៅក្នុង ខទី ១៣ ?

រូបតំណាង​កត់​ចំណាំសូម​កត់​ចំណាំ​នៅក្បែរ​ឃ្លា « កូន​មនុស្ស » នៅក្នុង ខ​ទី ១២ ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​សាតាំង​ប្រើ​ឃ្លា​នេះ​និយាយ​ទៅកាន់​ម៉ូសេ ?

រូបតំណាង​កត់​ចំណាំសូម​កត់​ចំណាំ​នៅក្បែរ​ឃ្លា « ខ្ញុំ​ជា​បុត្រ​នៃ​ព្រះ » នៅក្នុង ខទី ១៣ ។

  • តើ​អ្នក​គិត​ថា ម៉ូសេ​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ដូចម្ដេច​មកពី​ការដឹង​សេចក្ដីពិត​នេះ ?

ប្រធាន បូនី អេច ខ័រឌុន បាន​ចែកចាយ​បទពិសោធន៍​ខាងក្រោម​នេះ​អំពី​ការត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​ប្រធាន​ក្រុម​យុវនារី​ទូទៅ ។

ប្រធាន បូនី អេច ខ័រឌុន

កាល​ដែល​ខ្ញុំ​អង្គុយ​លើ​សាឡុង​ជាមួយ​ស្វាមី​ខ្ញុំ ព្យាការី​របស់​យើង​បាន​ទាញ​កៅអី​មក​អង្គុយ​ជិត ដែល​ក្បាល​ជង្គង់​របស់​ពួកយើង​ស្ទើរ​តែ​ប៉ះគ្នា ហើយ​បាន​សម្លឹង​មក​ខ្ញុំ​ដោយ​កែវភ្នែក​ពណ៍ខៀវ​ដ៏​មុត​របស់​លោក ។ ខ្ញុំ​មិន​ច្បាស់​ទេ​ថា​តើ​បេះដូង​ខ្ញុំ​លោត​ញាប់ ឬ​ឈប់​លោត កាល​ដែល​លោក​បាន​ហៅ​ខ្ញុំ​ឲ្យ​បម្រើ​ជា​ប្រធាន​យុវនារី​ទូទៅ ។ លោក​បាន​សួរ​សំណួរ​មួយ​ដែល​នៅ​ដក់​ក្នុង​បេះដូង​របស់​ខ្ញុំ​ថា « បូនី តើ​អ្វី​ដែល​សំខាន់​បំផុត​ដែល [ យុវវ័យ ] ត្រូវការ​ដឹង ? »

ខ្ញុំ​បាន​ជញ្ជឹង​គិត ហើយ​បាន​ឆ្លើយ​ថា « ពួកគេ​ត្រូវការ​ដឹង​ថា​ពួកគេ​ជា​នរណា » ។

« បាទ ! » លោក​បាន​លាន់មាត់ « ហើយ​ពួកគេ​ត្រូវការ​ដឹង​ពី​គោលបំណង​របស់​ពួកគេ » ។ ( « ចូរ​មក​រក​ព្រះគ្រីស្ទ ហើយ​សូម​កុំ​មក​តែ​ម្នាក់​ឯង​ឡើយ » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២១ ទំព័រ​១០ )

ដើម្បី​ជួយ​អ្នក​ឲ្យ​ចាំ​ថា តើ​អ្នក​ជា​នរណា សូម​ដាក់​ការរំឭក ! អ្នក​អាច​ដាក់​កំណត់​ចំណាំ​មួយ​នៅលើ​កញ្ចក់ ឬ​នៅក្បែរ​គ្រែ​របស់​អ្នក ដាក់​សំឡេង​រោទិ៍​នៅលើ​ទូរសព្ទ ឬ​បង្កើត​វិធីសាស្រ្ត​ផ្ទាល់ខ្លួន​របស់​អ្នក ។

ជម្រើស ខ

តើ​ការអំពាវនាវ​ដល់​ព្រះ​ជួយ​ខ្ញុំ​ឲ្យ​ប្រឈម​មុខ​នឹង​ការល្បួង​តាម​របៀប​ណា ?

ការនិមិត្ត​ដំបូង

ម៉ូសេ​មិនមែន​ជា​មនុស្ស​តែ​ម្នាក់ ដែល​បាន​យកឈ្នះ​លើ​ការប៉ុនប៉ង​របស់​សាតាំង​ដើម្បី​បំផ្លាញ​លោក​នោះ​ទេ ។ ព្រះយេស៊ូវ​គ្រីស្ទ​ផ្ទាល់​ក៏​ត្រូវបាន​ល្បួង​ផងដែរ ( សូម​មើល ម៉ាថាយ ៤:១–១១ ) ។ នៅ​ឆ្នាំ១៨២០ សាតាំង​បាន​ជួប​នឹង យ៉ូសែប ស្ម៊ីធ ផងដែរ ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៣–១៦ ហើយ​រកមើល​ភាពស្រដៀង​គ្នា​ទៅនឹង​ដំណើររឿង​របស់​ម៉ូសេ ។ សូម​កត់ត្រា​អ្វី​ដែល​អ្នក​រកឃើញ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ។

អ្នក​អាច​ពិចារណា​អំពី​សំណួរ​ខាងក្រោម​នេះ ៖

ទាំង​យ៉ូសែប និង​ម៉ូសេ​បាន​ស្វែងរក​ជំនួយ​របស់​ព្រះ​តាមរយៈ​ការអធិស្ឋាន ។ ប៉ុន្តែ វា​លើសពី​ការគ្រាន់តែ​អធិស្ឋាន​សាមញ្ញៗ ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

ប្រធាន រ័សុល អិម ណិលសុន

នៅពេល​បងប្អូន​ឈោង​ទៅ​ដើម្បី​មាន​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ដោយ​កម្លាំង​ដូចគ្នានឹង​កម្លាំង​របស់​មនុស្ស​លង់​ទឹក​ម្នាក់​ខំ​តោង​ចាប់ ហើយ​ដង្ហក់​រក​ខ្យល់ នោះ​ព្រះចេស្ដា​មកពី​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជា​របស់​បងប្អូន ។ នៅពេល​ព្រះអង្គ​សង្គ្រោះ​ដឹង​ថា បងប្អូន​ពិតជា​ចង់​ឈោង​ទៅរក​ទ្រង់—ពេល​ទ្រង់​អាច​ញាណ​ដឹង​ពី​បំណង​ប្រាថ្នា​ដ៏​ខ្លាំង​បំផុត​នៃ​ដួងចិត្ត​របស់​បងប្អូន​ថា បងប្អូន​ចង់​ទាញ​យក​ព្រះចេស្ដា​របស់​ទ្រង់​ដាក់​ក្នុង​ជីវិត—នោះ​បងប្អូន​នឹង​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ដឹង​ច្បាស់​ពី​អ្វី​ដែល​បងប្អូន​ចាំបាច់​ត្រូវ​ធ្វើ ។

នៅពេល​បងប្អូន​ឈោង​ខាង​វិញ្ញាណ​ហួស​ពី​អ្វីៗ​ដែល​បងប្អូន​ធ្លាប់​ធ្វើ​ពីមុន​មក នោះ​ព្រះចេស្ដា​របស់​ទ្រង់​នឹង​ចាក់ស្រោច​មកលើ​បងប្អូន ។ ( « Drawing the Power of Jesus Christ into Our lives » Liahona ខែ​ឧសភា ឆ្នាំ​២០១៧ ទំព័រ​៤២ )

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ សូម​អនុវត្ត​តាម​លំនាំ​នៃ​ការអធិស្ឋាន​ដែល​បង្រៀន​ដោយ​ម៉ូសេ យ៉ូសែប ស្ម៊ីធ និង​ប្រធាន ណិលសុន ។ សូម​យកចិត្ត​ទុកដាក់​លើ​ភាពខុសគ្នា​ណាមួយ ដែល​អ្នក​ទទួល​អារម្មណ៍ កាល​អ្នក​អធិស្ឋាន​កាន់តែ​ញឹកញាប់ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ទទួល​បាន​កម្លាំង​ពី​ព្រះ​ដើម្បី​យកឈ្នះ​លើ​ការល្បួង ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ការយល់ដឹង​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​ឃ្លា « កូន​មនុស្ស » និង « បុត្រ​នៃ​ព្រះ » នៅក្នុង ខទី ១២ និង ១៣ ។

  • អ្វី​ដែល​អ្នក​បាន​ដក​ពិសោធន៍ នៅពេល​អ្នក​ធ្វើតាម​លំនាំ​នៃ​ការអធិស្ឋាន​នេះ ដែល​បាន​បង្រៀន​ដោយ​ម៉ូសេ យ៉ូសែប ស្ម៊ីធ និង​ប្រធាន​ណិលសុន ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?