« លោកុប្បត្តិ ១:១–២៥—ការបង្កបង្កើត » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់សិស្សថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥ ៖ មេរៀនទី ៧
លោកុប្បត្តិ ១:១–២៥
ការបង្កបង្កើត
សូមមើល « ការសិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
សូមចំណាយពេលបន្តិច ដើម្បីមើលពិភពលោកដ៏អស្ចារ្យនៅជុំវិញខ្លួនអ្នក ដែលអ្នកកំពុងរស់នៅ ។ សម្រស់ដ៏ស្រស់ស្អាតនៃពិភពលោករបស់យើងគឺជាស្នាដៃដ៏វិសេសមួយ ។ ពិភពលោកនេះបង្ហាញជាភស្តុតាងអំពីអង្គបង្កបង្កើតដ៏រុងរឿងរបស់វា គឺព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ នៅពេលអ្នកសិក្សាអំពីការបង្កបង្កើតផែនដី មេរៀននេះអាចជួយអ្នកឲ្យមានសេចក្ដីស្រឡាញ់ និងការដឹងគុណកាន់តែខ្លាំងចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សិក្សាព្រះគម្ពីរ
សូមជញ្ជឹងគិតពីភាពអស្ចារ្យនៃអគារខាងក្រោមនេះ ៖
តើអ្នកគិតថា អ្វីទៅដែលធ្វើឲ្យមនុស្សចង់ទៅលេងអគារនោះ ? តើអ្នកគិតថា អ្នកបង្កើតអគារដ៏ស្រស់ស្អាតនានាទទួលអារម្មណ៍យ៉ាងណា នៅពេលមនុស្សរីករាយនឹងស្នាដៃរបស់ពួកគេ ?
ឥឡូវនេះ សូមគិតអំពីអារម្មណ៍របស់អ្នក នៅពេលអ្នកឃើញភាពស្រស់ស្អាតនៃទេសភាពខាងក្រោមនេះ ៖
តើអ្នកចំណាយពេលញឹកញាប់ប៉ុនណាដែរ ដើម្បីកោតសរសើរ ឬដឹងគុណដល់ការណ៍អស្ចារ្យទាំងនេះនៅលើផែនដី ? តើអ្នកស្រឡាញ់ការណ៍អស្ចារ្យអ្វីខ្លះនៅលើផែនដី ?
ខណៈដែលមានអគារដ៏ស្រស់ស្អាតជាច្រើននៅលើពិភពលោកនេះ នោះនៅតែគ្មានអ្វីអាចប្រៀបផ្ទឹមបានទៅនឹងភាពអស្ចារ្យនៃការបង្កបង្កើតរបស់ព្រះគ្រីស្ទបានឡើយ ។
នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមអញ្ជើញយាងព្រះវិញ្ញាណបរិសុទ្ធដោយការអធិស្ឋាន ដើម្បីជួយអ្នកឲ្យទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ និងការដឹងគុណចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទសម្រាប់ការបង្កបង្កើតពិភពលោកនេះ ។
« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ( បណ្ណាល័យដំណឹងល្អ ) បានចែងថា« នៅក្រោមការដឹកនាំរបស់ព្រះវរបិតារបស់ទ្រង់ នោះ [ ព្រះយេស៊ូវគ្រីស្ទ ] គឺជាព្រះដ៏បង្កបង្កើតនៃផែនដី » ។
រយៈពេលបង្កបង្កើត ។ ពាក្យ ថ្ងៃ សំដៅទៅលើរយៈពេលនៃការបង្កបង្កើត មិនមែនជារយៈពេលជាក់លាក់ណាមួយទេ ( សូមមើល អ័ប្រាហាំ ៤ ដែលនៅទីនោះ រយៈពេលបង្កបង្កើតត្រូវបានដាក់សម្គាល់ដោយពាក្យថា « លើក » ) ។ ចំណាំ ៖ ការបង្កបង្កើតបុរស និងនារីនឹងត្រូវបានថ្លែងយ៉ាងស៊ីជម្រៅនៅក្នុងមេរៀន « លោកុប្បត្តិ ១:២៦–២៧ » និង « លោកុប្បត្តិ ១:២៨–៣១; ២:១–២៥ » ។
ខណៈដែលការយល់ដឹងរបស់យើងអំពីការបង្កបង្កើតនៅមានដែនកំណត់ នោះមានអ្វីជាច្រើនដែលយើងអាចរៀន និងដឹងគុណបាន នៅពេលយើងសិក្សាព្រះគម្ពីរ ។ លោកុប្បត្តិ ១ មាននូវសេចក្ដីលម្អិតមួយចំនួនអំពីព្រះយេស៊ូវគ្រីស្ទ ដែលបានបង្កើតផែនដី ។ សូមអានដំណើររឿងនៃរយៈពេលបង្កបង្កើតប្រាំមួយថ្ងៃដំបូងនៅក្នុង លោកុប្បត្តិ ១ ដែលបង្រៀនអំពីអង្គបង្កបង្កើត និងការបង្កបង្កើត ។ សូមរកមើល និងគូសសម្គាល់ « ថ្ងៃ » នីមួយៗនៃការបង្កបង្កើតនៅក្នុងបទគម្ពីររបស់អ្នក ។ វិធីមួយដើម្បីធ្វើបែបនេះ គឺការចម្លងតារាងខាងក្រោមនេះ ៖
|
ថ្ងៃទី ១ ៖ លោកុប្បត្តិ ១:១–៥ |
បានញែកពន្លឺចេញពីងងឹត |
|---|---|
|
ថ្ងៃទី ២ ៖ លោកុប្បត្តិ ១:៦–៨ | |
|
ថ្ងៃទី ៣ ៖ លោកុប្បត្តិ ១:៩–១៣ | |
|
ថ្ងៃទី ៤ ៖ លោកុប្បត្តិ ១:១៤–១៩ | |
|
ថ្ងៃទី ៥ ៖ លោកុប្បត្តិ ១:២០–២៣ | |
|
ថ្ងៃទី ៦ ៖ លោកុប្បត្តិ ១:២៤–២៧ |
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមបំពេញជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើខ្ញុំអាចរៀនអ្វីខ្លះបន្ថែមទៀត អំពីតួនាទីរបស់ព្រះអង្គសង្គ្រោះក្នុងនាមជាអង្គបង្កបង្កើត ?
សូមជ្រើសរើសវគ្គបទគម្ពីរខាងក្រោមចំនួនបី ឬច្រើន យកមកសិក្សា ។ សូមដាក់ស្លាកសេចក្ដីពិតណាមួយ ដែលជួយអ្នកឲ្យយល់ និងដឹងគុណដល់ព្រះយេស៊ូវគ្រីស្ទ ដែលជាអង្គបង្កបង្កើតរបស់យើង ។
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើខគម្ពីរដែលអ្នកបានសិក្សាមាននូវពាក្យ ឬឃ្លាដែលមានអត្ថន័យអ្វីខ្លះ ? ហេតុអ្វីបានជាវាមានអត្ថន័យចំពោះអ្នក ?
-
តើខគម្ពីរទាំងនេះបានជួយអ្នកឲ្យរៀន ឬទទួលអារម្មណ៍អ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
ជម្រើស ខ
តើខ្ញុំអាចបង្ហាញការដឹងគុណចំពោះអង្គបង្កបង្កើតរបស់ខ្ញុំបានដោយរបៀបណា ?
ប៊ីស្សព ហ្គែរ៉ល កូសសេ នៃគណៈប៊ីស្សពជាអធិបតីបានបង្រៀន ៖
ក្នុងនាមជាអ្នកកាន់កាប់ត្រួតត្រានៃការបង្កបង្កើតរបស់ព្រះ យើងមានកាតព្វកិច្ចដើម្បីគោរព និងថែរក្សាការបង្កបង្កើតទាំងនេះ ។
ក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ យើងទទួលខុសត្រូវដើម្បីធ្វើជាអ្នកកាន់កាប់ត្រួតត្រា អ្នកមើលថែរក្សា និងជាអាណាព្យាបាលចំពោះការបង្កបង្កើតដ៏ទេវភាពរបស់ទ្រង់ ។ … ព្រះវរបិតាសួគ៌របស់យើងអនុញ្ញាតឲ្យយើងប្រើធនធានលើផែនដីទៅតាមបំណងចិត្តយើង ។ ប៉ុន្តែសិទ្ធិជ្រើសរើសរបស់យើងមិនគួរត្រូវបានបកស្រាយថាជាអាជ្ញាប័ណ្ណដើម្បីប្រើប្រាស់ ឬប្រមូលទ្រព្យសម្បត្តិនៃពិភពលោកនេះដោយគ្មានប្រាជ្ញា ឬគ្មានភាពម្ចាស់ការលើខ្លួនឯងនោះឡើយ ។ …
ប្រធាន រ័សុល អិម ណិលសុន ធ្លាប់បានថ្លែងថា ៖ « ក្នុងនាមជាអ្នកទទួលអត្ថប្រយោជន៍ពីការបង្កបង្កើតដ៏ទេវភាពនេះ តើយើងគួរតែធ្វើអ្វីខ្លះ ? យើងគួរតែថែរក្សាផែនដី ធ្វើជាអ្នកកាន់កាប់ត្រួតត្រាដ៏ឈ្លាសវៃនៅលើផែនដី ហើយរក្សាផែនដីនេះសម្រាប់មនុស្សជំនាន់ក្រោយ » [ Ensign ខែឧសភា ឆ្នាំ២០០០ ទំព័រ៨៦; Liahona ខែកក្កដា ឆ្នាំ២០០០ ទំព័រ១០៤ ] ។
លើសពីភាពចាំបាច់ខាងវិទ្យាសាស្ត្រ ឬនយោបាយ ការថែរក្សាផែនដី និងបរិស្ថានធម្មជាតិរបស់យើង គឺជាទំនួលខុសត្រូវដ៏ពិសិដ្ឋដែលព្រះបានប្រគល់ដល់យើង ដែលវាគួរតែធ្វើឲ្យយើងមានអារម្មណ៍ថាជាកាតព្វកិច្ច និងការបន្ទាបខ្លួនយ៉ាងជ្រាលជ្រៅមួយ ។ វាក៏ជាសមាសធាតុដ៏សំខាន់មួយនៃភាពជាសិស្សរបស់យើងផងដែរ ។ តើយើងអាចគោរព និងស្រឡាញ់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដោយមិនគោរព និងស្រឡាញ់ការបង្កបង្កើតរបស់ទ្រង់ទាំងទ្វេបានយ៉ាងដូចម្ដេច ? ( « ការកាន់កាប់ត្រួតត្រានៅលើផែនដីរបស់យើង » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ៥៧–៥៨ )
សូមជ្រើសរើសទំនុកតម្កើងមួយ ដែលលើកឡើងអំពីព្រះអង្គសង្គ្រោះ និងការបង្កបង្កើតទាំងឡាយរបស់ទ្រង់ ។ អ្នកអាចរកឃើញ « ព្រះយេស៊ូវគ្រីស្ទ—អង្គបង្កបង្កើត » នៅក្នុងផ្នែកប្រធានបទនៃសៀវភៅទំនុកតម្កើងបោះពុម្ព ។ អ្នកក៏អាចស្រាវជ្រាវរកពាក្យ « អង្គបង្កបង្កើត » ឬ « ធម្មជាតិ » នៅក្នុង ទំនុកតម្កើងក្នុងបណ្ណាល័យដំណឹងល្អ បានផងដែរ ។ សូមគូសសម្គាល់ពាក្យ ឬឃ្លានានាដែលមានអត្ថន័យចំពោះអ្នក ។ អ្នកក៏អាចបន្ថែមពាក្យ « ព្រះយេស៊ូវគ្រីស្ទ អង្គបង្កបង្កើត » ដាក់ជាស្លាកផងដែរ ។
សូមជ្រើសរើសសកម្មភាពខាងក្រោមមួយ ដើម្បីបំពេញ ៖
-
សូមសរសេរកំណត់ហេតុមួយ ដែលបង្ហាញពីការដឹងគុណចំពោះព្រះយេស៊ូវគ្រីស្ទ និងការបង្កបង្កើតនានារបស់ទ្រង់ ។
-
សូមគូររូបភាពដែលតំណាងឲ្យអារម្មណ៍របស់អ្នកចំពោះព្រះអង្គសង្គ្រោះ និងការបង្កបង្កើតរបស់ទ្រង់ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យមានអារម្មណ៍ស្រឡាញ់ និងដឹងគុណចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកសិក្សាអំពីការបង្កបង្កើតផែនដី ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
អ្វីដែលអ្នកបានរៀន ឬទទួលអារម្មណ៍អំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកបានសិក្សាអំពីការបង្កបង្កើត ។
-
អ្វីដែលអ្នកបានបង្កើត ដែលបង្ហាញពីការដឹងគុណចំពោះព្រះយេស៊ូវគ្រីស្ទ និងការបង្កបង្កើតរបស់ទ្រង់ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?