« លោកុប្បត្តិ ១:២៦–២៧—‹ ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់សិស្សថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥ ៖ មេរៀនទី ៨
លោកុប្បត្តិ ១:២៦–២៧
« ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ »
សូមមើល « ការសិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
តើវាមានន័យដូចម្តេច ដែលថាអ្នកត្រូវបានបង្កើតឲ្យដូចរូបអង្គព្រះ ? តើការដឹងពីសេចក្ដីពិតនេះអាចផ្លាស់ប្ដូររបៀបដែលអ្នកមើលទៅខ្លួនឯងយ៉ាងដូចម្ដេច ? ការបង្កបង្កើតមនុស្សប្រុស និងមនុស្សស្រីរបស់ព្រះបង្រៀនថា មនុស្សគ្រប់រូបនៅលើផែនដីគឺជាបុត្រី ឬបុត្រាសំណព្វរបស់ព្រះមាតាបិតាសួគ៌ ។ ពួកយើងម្នាក់ៗមាននិស្ស័យនៃព្រះ និងជោគវាសនាដ៏ទេវភាព ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់ពីសារៈសំខាន់នៃអត្តសញ្ញាណ និងសក្ដានុពលរបស់អ្នកក្នុងនាមជាបុត្ររបស់ព្រះមាតាបិតាសួគ៌ ។
សិក្សាព្រះគម្ពីរ
នៅក្នុងសៀវភៅកត់ចំណាំ សូមសរសេរអត្តសញ្ញាណ ឬងារណាមួយដែលអ្នកកំពុងមាននាពេលបច្ចុប្បន្ន ឬធ្លាប់មាន ។ ការណ៍ទាំងនេះអាចរួមមានទាំង « មិត្តភក្ដិ » « សិស្ស » ឬការហៅបម្រើផងដែរ ។ សូមជញ្ជឹងគិតពីរបៀបដែលអត្តសញ្ញាណទាំងនេះអាចមានឥទ្ធិពលលើជម្រើសដែលអ្នកជ្រើសរើស ។
ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ថា តើរបៀបដែលយើងដាក់ស្លាកសម្គាល់ខ្លួនឯងអាចជះឥទ្ធិពលលើយើងបែបណាខ្លះ ។
ស្លាកទាំងឡាយអាចមានភាពរីករាយ ហើយប្រាប់ពីការគាំទ្ររបស់ក្មួយៗចំពោះរឿងវិជ្ជមានជាច្រើន ។ ស្លាកជាច្រើននឹងផ្លាស់ប្ដូរសម្រាប់ក្មួយៗ កាលពេលវេលាកន្លងទៅ ។ ហើយពុំមែនស្លាកទាំងអស់សុទ្ធតែមានតម្លៃស្មើគ្នានោះទេ ។ ប៉ុន្តែបើមានស្លាកណាមួយជំនួសឲ្យអត្តសញ្ញាណដ៏សំខាន់បំផុតរបស់ក្មួយៗ នោះលទ្ធផលអាចជាគ្រោះថ្នាក់ខាងវិញ្ញាណ ។ ( « ការជ្រើសរើសដែលជះឥទ្ធិពលលើភាពអស់កល្បជានិច្ច » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ] នៅលើបណ្ណាល័យដំណឹងល្អ )
សូមអាន លោកុប្បត្តិ ១:២៦–២៧ និងសេចក្ដីថ្លែងការណ៍ខាងក្រោមនេះមកពីកថាខណ្ឌទីពីរនៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។ អ្នកអាចភ្ជាប់សេចក្ដីយោងទាំងនេះជាមួយគ្នាបាន ។
មនុស្សទាំងអស់—ទាំងប្រុសទាំងស្រី—ត្រូវបានបង្កើតឡើងតាមរូបភាពនៃព្រះ ។ មនុស្សម្នាក់ៗសុទ្ធតែជាបុត្រា និងបុត្រីខាងវិញ្ញាណរបស់ព្រះមាតាបិតាសួគ៌ ដូច្នេះហើយមនុស្សម្នាក់ៗមានចរិត និងគោលដៅនៃព្រះ ។ ភេទប្រុសស្រីគឺជាលក្ខណៈពិសេសនៃអត្តសញ្ញាណ និងគោលបំណងរបស់បុគ្គលម្នាក់ៗនៅជីវិតមុនផែនដី ជីវិតរមែងស្លាប់ និងនៅអស់កល្បជានិច្ច ។ ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើបណ្ណាល័យដំណឹងល្អ )
សូមធ្វើការកត់ចំណាំមួយនៅជាប់នឹង លោកុប្បត្តិ ១:២៦–២៧ ជាមួយនឹងចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោមនេះ ៖
-
តើអ្នកគិតថា ហេតុអ្វីបានជាវានឹងមានសារៈសំខាន់ក្នុងការដាក់អត្តសញ្ញាណរបស់អ្នកជាបុត្ររបស់ព្រះ លើសពីអត្តសញ្ញាណផ្សេងទៀតដែលអ្នកមាន ?
-
តើមានឧបសគ្គអ្វីខ្លះដែលអាចធ្វើឲ្យពិបាកក្នុងការជឿ ឬចងចាំអត្តសញ្ញាណរបស់អ្នកថាជាបុត្ររបស់ព្រះ ដែលបានបង្កើតឲ្យដូចរូបអង្គទ្រង់ ?
នៅក្នុងកំណត់ចំណាំរបស់អ្នក អ្នកក៏អាចសរសេរសេចក្ដីពិតនេះបានផងដែរ យើងជាបុត្រាបុត្រីរបស់ព្រះមាតាបិតាសួគ៌ ហើយត្រូវបានបង្កើតឲ្យដូចរូបទ្រង់ទាំងទ្វេ ។ ងារជាច្រើនដែលអ្នកបានបន្ថែមទៅក្នុងបញ្ជីរបស់អ្នកនៅដើមមេរៀននេះ អាចជារឿងវិជ្ជមាន ឬសប្បាយរីករាយ ។ ប៉ុន្តែអត្តសញ្ញាណដ៏សំខាន់បំផុតរបស់អ្នកគឺ « កូនរបស់ព្រះ » ។
លោកុប្បត្តិ ១:២៦–២៧ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ។ សូមពិចារណាដាក់ស្លាកវគ្គបទគម្ពីរទាំងនេះជាមួយនឹងប្រធានបទដែលវាបង្រៀន ដើម្បីអ្នកអាចរកវាឃើញនៅពេលក្រោយ ។ ដើម្បីទន្ទេញវគ្គបទគម្ពីរនេះឲ្យចាំ អ្នកអាចសរសេរ លោកុប្បត្តិ ១:២៦–២៧ ជាមួយនឹងឃ្លាបទគម្ពីរគន្លឹះ « ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ » នៅលើកាតចំណាំ ឬក្រដាសស្អិត ហើយដាក់វានៅកន្លែងណាមួយដែលអ្នកនឹងមើលឃើញវាពេញមួយថ្ងៃ ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមបំពេញជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើខ្ញុំអាចរៀនបន្ថែមទៀតអំពីអត្តសញ្ញាណដ៏ទេវភាពរបស់ខ្ញុំនៅឯណា ?
សូមស្វែងរកឃ្លាដូចជា « កូនចៅនៃព្រះ » ឬ « អត្តសញ្ញាណដ៏ទេវភាព » ឬពាក្យគន្លឹះផ្សេងទៀតនៅក្នុងបណ្ណាល័យ ដំណឹងល្អ និង ប្រធានបទ និងសំណួរ ។ អ្នកក៏អាចអាន កាឡាទី ៤:៦–៧ និង ហេព្រើរ ១២:៩ បានផងដែរ ។
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលពេលនោះជាសមាជិកគណៈប្រធានទីមួយ បានពន្យល់ពីរបៀបដែលការដឹងពីអត្តសញ្ញាណរបស់យើងអាចផ្ដល់គោលបំណងឲ្យយើង ។
កាលយើងច្រៀងបទ « ខ្ញុំជាកូនរបស់ព្រះ » ទំនុកបទនេះបានចាក់ចូលក្នុងចិត្តយើង ។ ដោយគិតពីសេចក្ដីពិតនេះ—ថាយើងគឺជាកូនចៅនៃព្រះមាតាបិតាសួគ៌—វាធ្វើឲ្យយើងពោរពេញដោយអារម្មណ៍នៃដើមកំណើត គោលបំណង និងជោគវាសនាយើង ។ វាជាការល្អដើម្បីចងចាំជានិច្ចថា បងប្អូនជាកូនចៅនៃព្រះ ។ ចំណេះដឹងនេះនឹងជួយបងប្អូនឲ្យឆ្លងកាត់គ្រាដ៏លំបាកបំផុតក្នុងជីវិត ហើយវានឹងបំផុសគំនិតដល់បងប្អូនឲ្យសម្រេចបាននូវរឿងដ៏អស្ចារ្យ ។ ( « Living the Gospel Joyful » Liahona ខែវិច្ឆិកា ឆ្នាំ២០១៤ ទំព័រ១២០–១២១ )
សូមមើលវីដេអូ « Earthly Father, Heavenly Father » ( ៣:៥៩ ) ។
សូមកត់ត្រាអ្វីដែលអ្នកបានរកឃើញថាមានអត្ថន័យ ហើយឆ្លើយនឹងសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
-
តើការស្គាល់អត្តសញ្ញាណរបស់អ្នកជាបុត្ររបស់ព្រះ អាចជះឥទ្ធិពលលើរបៀបដែលអ្នកមើលទៅខ្លួនឯង និងអ្នកដទៃយ៉ាងដូចម្ដេច ?
ជម្រើស ខ
តើខ្ញុំអាចរៀនបន្ថែមទៀតអំពីសក្ដានុពលដ៏ទេវភាពរបស់ខ្ញុំនៅឯណា ?
សូមអានបទគម្ពីរខាងក្រោមអំពីសក្តានុពលរបស់យើងដើម្បីក្លាយដូចជាព្រះវរបិតាសួគ៌ ។
-
រ៉ូម ៨:១៦–១៧
-
យ៉ូហាន ទី១ ៣:២
-
កាឡាទី ៤:៧
អែលឌើរ ខេវីន អេស ហាមីលថុន ក្នុងពួកចិតសិបនាក់ បានពន្យល់ពីរបៀបមួយដែលយើងអាចចាប់ផ្ដើមក្លាយដូចជាព្រះវរបិតាសួគ៌ ។
[ លោកិយបង្រៀន ] ថា កាលៈទេសៈរបស់យើងកំណត់ពីខ្លួនយើង ។ យើងគួរតែ « ឱបក្រសោបភាពពិតនៃខ្លួនយើង » លោកិយនិយាយថា « ហើយចូរស្មោះត្រង់នឹងខ្លួនឯង » ។
ខណៈដែលការស្មោះត្រង់នឹងខ្លួនឯងវាជារឿងល្អក៏ដោយ ប៉ុន្តែយើងគួរតែស្មោះត្រង់នឹងខ្លួនយើងចំពោះភាពពិតប្រាកដនៃខ្លួនយើង ដែលជាបុត្រា និងបុត្រីនៃព្រះ ដែលមានចរិត និងជោគវាសនានៃព្រះដើម្បីប្រែក្លាយដូចជាទ្រង់ ។ ( « លំដាប់នោះ យើងនឹងធ្វើឲ្យអ្វីដែលទន់ខ្សោយក្លាយទៅជាខ្លាំងពូកែវិញ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ៥០ )
សូមមើលវីដេអូ « Running Toward the Light » ចាប់ពីនាទីទី ១១:០០ ដល់ ១៥:១៩ ។
សូមកត់ត្រាអ្វីដែលអ្នកបានរកឃើញថាមានអត្ថន័យ ហើយឆ្លើយនឹងសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។
-
តើចំណេះដឹងអំពីអត្តសញ្ញាណ និងសក្ដានុពលដ៏ទេវភាពរបស់អ្នកបានជះឥទ្ធិពលលើជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកយល់អំពីសារៈសំខាន់នៃអត្តសញ្ញាណ និងសក្តានុពលរបស់អ្នក ក្នុងនាមជាបុត្រនៃព្រះមាតាបិតាសួគ៌ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
អ្វីដែលអ្នកបានរៀនអំពីអត្តសញ្ញាណដ៏ទេវភាពរបស់អ្នកក្នុងនាមជាបុត្ររបស់ព្រះ និងរបៀបដែលវាមានឥទ្ធិពលទៅលើរបៀបដែលអ្នកមានអារម្មណ៍អំពីខ្លួនឯង និងអ្នកដទៃ ។
-
គំនិត និងអារម្មណ៍ដែលអ្នកមានអំពីសក្តានុពលដ៏ទេវភាពរបស់អ្នក ដើម្បីក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?