ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ ៖ មេរៀនទី ២០៨
ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រទី ២
ការសិក្សា និងការអនុវត្តតាមការបង្រៀនរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ទស្សនវិទូជនជាតិរ៉ូម ឈ្មោះ សេណេកា ធ្លាប់បាននិយាយថា « ខណៈពេលដែលយើងបង្រៀន នោះយើងរៀន » ។ សព្វថ្ងៃនេះ គតិបណ្ឌិតរបស់លោកសេណេកា គឺបានគាំទ្រដោយការស្រាវជ្រាវផ្នែកវិទ្យាសាស្ដ្រ ។ ការសិក្សាជាច្រើនបង្ហាញថា របៀបដ៏ល្អបំផុតមួយដើម្បីរៀនគឺដោយការបង្រៀនអ្នកដទៃ ។ ពួកអ្នកស្រាវជ្រាវហៅការណ៍នេះថា protégé effect គឺឥទ្ធិពលនៃការរៀនដោយការបង្រៀនអ្នកដទៃ ។
នៅពេលអ្នកសិក្សាប្រសាសន៍របស់ថ្នាក់ដឹកនាំសាសនាចក្រ អ្នកអាចទាញយកផលប្រយោជន៍ពីឥទ្ធិពលនៃការរៀនដោយការបង្រៀនអ្នកដទៃ ដើម្បីធ្វើឲ្យការសិក្សារបស់អ្នកកាន់តែស៊ីជម្រៅ ដោយការចែកចាយជាមួយអ្នកដទៃ ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នករៀនពីរបៀបដើម្បីធ្វើឲ្យការសិក្សាសន្និសីទទូទៅរបស់អ្នកកាន់តែប្រសើរឡើង ដោយការកំណត់នូវការយល់ដឹងសំខាន់ៗដើម្បីចែកចាយជាមួយអ្នកដទៃ ។
រៀនអំពីរបៀបធ្វើ
របៀបប្រើមេរៀននេះ
មេរៀននេះមានពីរផ្នែក ។ ផ្នែកទីមួយនឹងបង្រៀនអ្នកនូវជំនាញពីរដែលអាចជួយអ្នកឲ្យមានបទពិសោធន៍សិក្សាសារលិខិតសន្និសីទទូទៅកាន់តែមានអត្ថន័យ ។
នៅក្នុងផ្នែកទីពីរនៃមេរៀននេះ អ្នកនឹងប្រើជំនាញដែលអ្នកបានរៀនទាំងឡាយ ដើម្បីសិក្សាសុន្ទរកថាសន្និសីទទូទៅដែលបានចាត់តាំងដោយគ្រូបង្រៀនរបស់អ្នក ។ ប្រសិនបើមិនមានសារលិខិតមួយត្រូវបានចាត់តាំងឲ្យអ្នកទេ សូមជ្រើសរើសសុន្ទរកថាមួយមកពី សន្និសីទទូទៅ ថ្មីៗនេះ ។
គូសសម្គាល់ប្រយោគខ្លីខ្លឹមដែលពោរពេញដោយការបំផុសគំនិត
របៀបមួយដើម្បីសិក្សាប្រសាសន៍របស់ថ្នាក់ដឹកនាំនៃសាសនាចក្រ គឺការរកមើលប្រយោគខ្លីខ្លឹមដែលពោរពេញដោយការបំផុសគំនិត ។ ជាញឹកញាប់ ប្រយោគខ្លីខ្លឹមសង្ខេបនូវសារលិខិតដ៏សំខាន់នៃសុន្ទរកថាមួយទៅជាប្រយោគមួយ ឬពីរ ។ ប្រយោគនោះបង្រៀននូវគោលលទ្ធិតាមរបៀបមួយដ៏ច្បាស់ ដែលមានភាពងាយស្រួលដើម្បីយល់ និងចែកចាយ ។
ខាងក្រោមនេះគឺជាឧទាហរណ៍នៃប្រយោគខ្លីខ្លឹមដែលពោរពេញដោយការបំផុសគំនិត ៖
ដូច្នេះ បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ—មិត្តជាទីស្រឡាញ់ខ្ញុំអើយ—សូមសង្ស័យមន្ទិលអ្នកពីមុនសង្ស័យសេចក្ដីជំនឿអ្នក ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Come, Join with Us » Liahona ខែវិច្ឆិកា ឆ្នាំ២០១៣ ទំព័រ ២៣ )
ការសង្ស័យ សេចក្ដីជំនឿ
បងប្អូនប្រុសស្រី អំណរដែលយើងមាន នោះវាមានឥទ្ធិពលតិចតួចចំពោះកាលៈទេសៈនៃជីវិតយើង ប៉ុន្តែវាមានឥទ្ធិពលខ្លាំងលើអ្វីដែលជីវិតយើងផ្តោតទៅលើ ។ ( រ័សុល អិម ណិលសុន « Joy and Spiritual Survival » Liahona ខែវិច្ឆិកា ឆ្នាំ២០១៦ ទំព័រ ៨២ )
សេចក្ដីអំណរ ការសាកល្បង
មិនថាអ្នកជ្រើសរើសដើម្បីរក្សាសេចក្ដីសញ្ញារបស់អ្នកដើម្បីចងចាំទ្រង់ជានិច្ច ឬក៏អត់នោះទេ ទ្រង់តែងតែចងចាំអ្នកជានិច្ច ។ ( ហែនរី ប៊ី អាវរិង « Always Remember Him » New Era ខែធ្នូ ឆ្នាំ២០០៥ ទំព័រ ១៥ )
សេចក្តីសញ្ញា ពិធីសាក្រាម៉ង់
នៅពេលអ្នកសិក្សាសុន្ទរកថាសន្និសីទទូទៅនៅថ្ងៃនេះ សូមរកមើលប្រយោគខ្លីខ្លឹមដែលពោរពេញដោយការបំផុសគំនិត ។ សូមគូសសម្គាល់សេចក្ដីថ្លែងការណ៍ទាំងនេះតាមរបៀបពិសេសមួយ—ឧទាហរណ៍ ការប្រើពណ៌ពិសេស ។ អ្នកក៏អាចជ្រើសរើសដើម្បីដាក់ស្លាកសេចក្ដីថ្លែងការណ៍ទាំងនោះថា « ប្រយោគខ្លីខ្លឹម » ផងដែរ ។
ចែកចាយអ្វីដែលអ្នករៀន
របៀបមួយទៀតដើម្បីធ្វើឲ្យការរៀនសូត្ររបស់អ្នកកាន់តែប្រសើរនោះ គឺការចែកចាយអ្វីដែលអ្នករៀនជាមួយអ្នកដទៃ ។
អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ១៩២៨–២០១៥ ) បានបង្រៀន ៖
នៅពេលយើងកំពុងដើរតួជាឧបករណ៍ជំនួសឲ្យអ្នកដទៃ នោះយើងកាន់តែងាយក្នុងការបានបំផុសគំនិត ជាងពេលដែលយើងគិតតែពីខ្លួនឯង ។ នៅក្នុងដំណើរការនៃការជួយដល់អ្នកដទៃ នោះព្រះអម្ចាស់អាចចង្អុលបង្ហាញទិសដៅសម្រាប់ផលប្រយោជន៍យើងផ្ទាល់ ។ ( « How to Obtain Revelation and Inspiration for Your Personal Life » Liahona ខែឧសភា ឆ្នាំ២០១២ ទំព័រ ៤៧ )
ការបង្រៀន វិវរណៈ
នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមប្រើជំហានខាងក្រោមដើម្បីចែកចាយអ្វីដែលអ្នកបានរៀនជាមួយនរណាម្នាក់ដែលអ្នកខ្វល់ខ្វាយ ។
-
សូមគិតដល់នរណាម្នាក់ដែលអ្នកស្គាល់ ដែលអាចទទួលបានផលប្រយោជន៍ពីសារលិខិតដែលអ្នកសិក្សា ។
-
សូមជ្រើសរើសប្រយោគខ្លីខ្លឹមមួយដែលអ្នកបានរកឃើញនៅក្នុងសុន្ទរកថា ដើម្បីចែកចាយជាមួយមនុស្សម្នាក់នោះ ។
-
សូមបន្ថែមការពន្យល់ខ្លីមួយពីមូលហេតុដែលអ្នកចង់ចែកចាយវាជាមួយពួកគេ ។ ការណ៍នេះអាចសាមញ្ញដូចជា « ខ្ញុំបានអានវានៅថ្ងៃនេះ ហើយវាបានរំឭកខ្ញុំអំពីការសន្ទនារបស់យើងកាលពីសប្ដាហ៍មុន » ។
-
សូមប្រើមុខងារ Share ( ចែកចាយ ) នៅក្នុងបណ្ណាល័យដំណឹងល្អដើម្បីផ្ញើវាទៅកាន់មនុស្សម្នាក់នោះ ។ ប្រសិនបើអ្នកមិនមានបណ្ណាល័យដំណឹងល្អទេ សូមពិចារណារបៀបផ្សេងមួយទៀតដើម្បីចែកចាយជាមួយពួកគេ ។
គន្លឹះក្នុងការសិក្សា ៖ របៀបមួយផ្សេងទៀតដើម្បីសិក្សាសារលិខិតសន្និសីទទូទៅគឺការគិតដល់នរណាម្នាក់ដែលអ្នកស្គាល់ ដែលកំពុងប្រឈមមុខនឹងបញ្ហា ហើយពិនិត្យមើលឡើងវិញប្រកបដោយការអធិស្ឋាននូវចំណងជើងសុន្ទរកថាសន្និសីទទូទៅសម្រាប់ប្រធានបទដែលអ្នកអាចជួយបុគ្គលម្នាក់នោះ ។ អ្នកអាចស្វះស្វែងរកការដឹកនាំមកពីព្រះវិញ្ញាណបរិសុទ្ធដើម្បីប្រើវិធីសាស្ដ្រនេះ ពេលជ្រើសរើសថាអ្នកត្រូវសិក្សាសុន្ទរកថាមួយណា ។
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
ថ្ងៃនេះអ្នកបានរៀនជំនាញពីរ ៖
-
ការគូសសម្គាល់ប្រយោគខ្លីខ្លឹមដែលពោរពេញដោយការបំផុសគំនិត
-
ការចែកចាយអ្វីដែលអ្នករៀន
សូមប្រើជំនាញទាំងនេះដើម្បីសិក្សាសុន្ទរកថាសន្និសីទទូទៅដែលបានចាត់តាំងដោយគ្រូបង្រៀនរបស់អ្នក ។ ប្រសិនបើមិនមានសារលិខិតមួយត្រូវបានចាត់តាំងឲ្យអ្នកទេ សូមជ្រើសរើសសុន្ទរកថាមួយមកពី សន្និសីទទូទៅ ថ្មីៗនេះ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នករៀនពីរបៀបដើម្បីធ្វើឲ្យការសិក្សាសន្និសីទទូទៅរបស់អ្នកកាន់តែប្រសើរឡើង ដោយការកំណត់នូវការយល់ដឹងសំខាន់ៗដើម្បីចែកចាយជាមួយអ្នកដទៃ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
សុន្ទរកថាដែលអ្នកបានសិក្សា ហើយយ៉ាងហោចណាស់ប្រយោគខ្លីខ្លឹមចំនួនមួយដែលពោរពេញដោយការបំផុសគំនិត ឬការបង្រៀនដែលអ្នកបានជ្រើសរើសដើម្បីចែកចាយជាមួយនរណាម្នាក់ដែលអ្នកខ្វល់ខ្វាយ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?