ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ ៖ មេរៀនទី ២០៩
ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រទី ៣
ការសិក្សា និងការអនុវត្តតាមការបង្រៀនរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
នៅក្នុងឱកាសមួយ ខាល ជី មេសើរ បានដឹកនាំកម្មវិធីជប់លៀងមួយដល់ពួកអ្នកផ្សព្វផ្សាយវ័យក្មេងនៅតំបន់ភ្នំអាលភ៍ ។ នៅពេលពួកគេបានទៅដល់កំពូលភ្នំ នោះលោកបានក្រឡេកមើលក្រោយ ហើយបានឃើញដំបងមួយជួរដោតលើព្រិលដើម្បីធ្វើជាសញ្ញាពីផ្លូវមានសុវត្ថិភាពមួយដើម្បីឆ្លងកាត់ផែនទឹកកកដ៏មានគ្រោះថ្នាក់ ។
ដោយផ្អាកដំណើរពួកអ្នកផ្សព្វផ្សាយសាសនា លោកបានចង្អុលទៅកាន់ដំបងទាំងនោះ ហើយនិយាយថា « បងប្អូនប្រុស ឈរនៅទីនោះគឺជាបព្វជិតភាព [ នៃព្រះ ] ។ ពួកគេគ្រាន់តែជាដំបងធម្មតាដូចពួកយើងទាំងអស់គ្នាដែរ … ប៉ុន្ដែទីតាំងដែលពួកវានៅនោះ ធ្វើឲ្យពួកវាមានតួនាទីសំខាន់ចំពោះពួកយើង ។ ប្រសិនបើយើងបោះជំហានហួសពីផ្លូវដែលវាគូសចំណាំនោះ យើងនឹងវង្វេងហើយ » ។ ( ប៊យដ៍ ឃេ ផាកកឺ « From Such Turn Away » Liahona ខែឧសភា ឆ្នាំ១៩៨៥ ទំព័រ ៣៥ )
កូនសោទាំងឡាយនៃបព្វជិតភាព ពួកព្យាការី
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យរៀនប្រើប្រាស់ប្រសាសន៍របស់ថ្នាក់ដឹកនាំសាសនាចក្រ ទុកជាមគ្គទេសក៍នៅក្នុងជីវិតរបស់អ្នក ។
រៀនអំពីរបៀបធ្វើ
របៀបប្រើមេរៀននេះ
មេរៀននេះមានពីរផ្នែក ។ ផ្នែកទីមួយនឹងបង្រៀនអ្នកនូវជំនាញពីរដែលអាចជួយអ្នកឲ្យមានបទពិសោធន៍សិក្សាសារលិខិតសន្និសីទទូទៅកាន់តែមានអត្ថន័យ ។
នៅក្នុងផ្នែកទីពីរនៃមេរៀននេះ អ្នកនឹងប្រើជំនាញដែលអ្នកបានរៀនទាំងឡាយ ដើម្បីសិក្សាសុន្ទរកថាសន្និសីទទូទៅដែលបានចាត់តាំងដោយគ្រូបង្រៀនរបស់អ្នក ។ ប្រសិនបើមិនមានសារលិខិតមួយត្រូវបានចាត់តាំងឲ្យអ្នកទេ សូមជ្រើសរើសសុន្ទរកថាមួយមកពី សន្និសីទទូទៅ ថ្មីៗនេះ ។
ដាក់ស្លាកគោលលទ្ធិដែលត្រូវបានបង្រៀនជាញឹកញាប់
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនដូចតទៅនេះ ៖
មានគោលការណ៍ដ៏សំខាន់មួយដែលគ្រប់គ្រងគោលលទ្ធិនៃសាសនាចក្រនេះ ។ គោលលទ្ធិនេះត្រូវបានបង្រៀនដោយសមាជិកទាំង១៥រូបនៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកដប់ពីរនាក់ ។ វាមិនបានលាក់ទុកនៅក្នុងកថាខណ្ឌមិនច្បាស់នៃសន្ទរកថាមួយនោះទេ ។ គោលការណ៍ដ៏ពិតត្រូវបានបង្រៀនជាញឹកញាប់ ហើយដោយមនុស្សជាច្រើន ។ គោលលទ្ធិរបស់យើងមិនពិបាករកនោះទេ ។ ( « Trial of Your Faith » Liahona ខែវិច្ឆិកា ឆ្នាំ២០១២ ទំព័រ ៤១ )
គោលលទ្ធិ វិធីសាស្រ្តសិក្សា
នៅពេលអ្នកសិក្សាសារលិខិតពីសន្និសីទទូទៅ សូមរកមើលគោលលទ្ធិដែលត្រូវបានបង្រៀនជាញឹកញាប់ ។ សេចក្ដីពិតទាំងនេះនឹងទំនងជាមានតម្លៃបំផុត នៅពេលអ្នកស្វះស្វែងបង្កើនភាពជាសិស្សនៃព្រះយេស៊ូវគ្រីស្ទរបស់អ្នក ។
វិធីមួយដើម្បីកត់ត្រាគោលលទ្ធិដែលអ្នកបានសិក្សាគឺដោយការប្រើស្លាក ។ ស្លាកអាចជួយអ្នកឲ្យកត់ត្រាគោលគំនិតដែលថ្នាក់ដឹកនាំសាសនាចក្រកំពុងបង្រៀន ។
នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមសាកល្បងធ្វើតាមជំហានទាំងនេះ ៖
-
សូមសិក្សាប្រកបកដោយការអធិស្ឋាននូវចំណងជើងសុន្ទរកថាចេញពីសន្និសីទទូទៅថ្មីៗបំផុត ដោយរកមើលគោលគំនិតទូទៅ ។
-
សូមជ្រើសរើសសុន្ទរកថាយ៉ាងហោចណាស់ពីរដែលមានចំណងជើងទាក់ទងគ្នា ។
-
នៅពេលអ្នកសិក្សា សូមដាក់ស្លាកគោលគំនិតទូទៅនៅក្នុងសុន្ទរកថានីមួយៗ ។
-
នៅពេលអ្នកបានបញ្ចប់ សូមត្រឡប់ទៅកាន់ស្លាករបស់អ្នក ដើម្បីមើលពីរបៀបដែលសុន្ទរកថាទាំងនោះពឹងផ្អែក និងគាំទ្រគ្នាទៅវិញទៅមក ។
នៅពេលអ្នកបន្ដដាក់ស្លាកសេចក្ដីពិតមកពីសុន្ទរកថានៅក្នុងសន្និសីទទូទៅ នោះវានឹងកាន់តែងាយស្រួលដើម្បីស្វែងរកសេចក្ដីពិតដែលបានគូសបញ្ជាក់បន្ថែម ។
កត់ចំណាំរបៀបអនុវត្ដអ្វីដែលអ្នកបានរៀន
ថ្នាក់ដឹកនាំសាសនាចក្រមានទំនួលខុសត្រូវដើម្បីបង្រៀនគោលលទ្ធិ និងគោលការណ៍ ។ យើងមានការទទួលខុសត្រូវដើម្បីស្វែងរករបៀបដើម្បីអនុវត្ដការបង្រៀនរបស់ពួកលោកទៅក្នុងជីវិតរបស់ពួកយើង ។ ការកត់ចំណាំគឺជារបៀបមួយដើម្បីរៀន និងចងចាំរបៀបដ៏បំផុសគំនិតដើម្បីអនុវត្ដសេចក្ដីពិតដែលអ្នកបានរៀន ។
យើងអាចរៀនកត់ចំណាំដោយការប្រើសេចក្ដីពិតដែលអែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖
បើយើងផ្លាស់ប្តូរការរៀបចំខ្លួនរបស់យើងដើម្បីចូលក្នុងព្រះវិហារបរិសុទ្ធ នោះយើងនឹងផ្លាស់ប្ដូរបទពិសោធន៍របស់យើងនៅក្នុងព្រះវិហារបរិសុទ្ធ ដែលនឹងផ្លាស់ប្តូរជីវិតយើងនៅខាងក្រៅព្រះវិហារបរិសុទ្ធផងដែរ ។ ( « ទំនុកចិត្តលើសេចក្តីសញ្ញាតាមរយៈព្រះយេស៊ូវគ្រីស្ទ » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ១៨ )
ព្រះវិហារបរិសុទ្ធ ការប្រែចិត្ដជឿ
ដើម្បីចងចាំរបៀបអនុវត្ដសេចក្ដីពិតនោះ អ្នកអាចធ្វើកំណត់ចំណាំនៅជាប់នឹងវាដោយសរសេរអ្វីមួយដូចជា « ខ្ញុំអាចរៀបចំខ្លួនឲ្យកាន់តែប្រសើរដើម្បីទៅព្រះវិហារបរិសុទ្ធ ដោយការចំណាយពេលស្វែងរកឈ្មោះគ្រួសាររបស់ខ្ញុំផ្ទាល់ » ។
នៅពេលអ្នកសិក្សាសុន្ទរកថាមកពីសន្និសីទទូទៅនៅថ្ងៃនេះ សូមចំណាយពេលជញ្ជឹងគិតរបៀបដែលអ្នកអាចអនុវត្ដការបង្រៀនដែលអ្នកសិក្សា ។ សូមកត់ត្រាអ្វីដែលអ្នករៀននៅក្នុងកំណត់ចំណាំ ។ សូមធ្វើវាឲ្យជាក់លាក់បំផុតតាមដែលអាចធ្វើបាន ។ ខណៈពេលដែលការណ៍នេះអាចចំណាយពេលច្រើន វានឹងជួយឲ្យសេចក្ដីពិតទាំងនេះមានឥទ្ធិពលកាន់តែខ្លាំងនៅក្នុងជីវិតរបស់អ្នក ។
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
ថ្ងៃនេះអ្នកបានរៀនជំនាញពីរ ៖
-
ការដាក់ស្លាកអាទិភាពដែលបានគូសបញ្ជាក់ដោយពួកព្យាការី
-
ការសង្ខេបអ្វីដែលអ្នកបានរៀនដោយការប្រើកំណត់ចំណាំ
សូមប្រើជំនាញទាំងនេះដើម្បីសិក្សាសុន្ទរកថាសន្និសីទទូទៅដែលបានចាត់តាំងដោយគ្រូបង្រៀនរបស់អ្នក ។ ប្រសិនបើមិនមានសារលិខិតមួយត្រូវបានចាត់តាំងឲ្យអ្នកទេ សូមជ្រើសរើសសុន្ទរកថាមួយមកពី សន្និសីទទូទៅ ថ្មីៗនេះ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យរៀនប្រើប្រាស់ប្រសាសន៍របស់ថ្នាក់ដឹកនាំសាសនាចក្រ ទុកជាមគ្គទេសក៍នៅក្នុងជីវិតរបស់អ្នក ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
សុន្ទរកថាដែលអ្នកបានសិក្សា និងយ៉ាងហោចណាស់ស្លាកមួយ និងកំណត់ចំណាំមួយដែលអ្នកបានបង្កើត ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?