ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ ៖ មេរៀនទី ២១១
ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រទី ៥
ការសិក្សា និងការអនុវត្តតាមការបង្រៀនរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
នៅថ្ងៃស្អែកពេលនេះ អ្នកប្រហែលនឹងមិនចាំថាអ្នកបានអានការណ៍នេះឡើយ ។ ទ្រឹស្ដីខ្សែកោងនៃការចងចាំលើកឡើងថា មនុស្សភ្លេចប្រមាណជា៥០ភាគរយនៃព័ត៌មានថ្មីក្នុងអំឡុងមួយម៉ោងដំបូងនៃការអាន ហើយប្រមាណជា៧០ភាគរយក្នុង២៤ម៉ោង ប្រសិនបើព័ត៌មាននោះមិនត្រូវបានពង្រឹង រំឭកឡើងវិញ ឬនឹកចាំឡើងវិញយ៉ាងសកម្មទេនោះ ។
ជាសំណាងល្អ មាននូវវិធីសាស្ដ្រជាច្រើនដើម្បីបង្កើននូវលទ្ធភាពដែលអ្នកនឹងចងចាំអ្វីដែលអ្នករៀន ។
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យកត់ត្រា និងទាញយកការយល់ដឹងសំខាន់ៗចេញមកពីការសិក្សាសុន្ទរកថាសន្និសីទទូទៅ ។
រៀនអំពីរបៀបធ្វើ
របៀបប្រើមេរៀននេះ
មេរៀននេះមានពីរផ្នែក ។ ផ្នែកទីមួយនឹងបង្រៀនអ្នកនូវជំនាញពីរដែលអាចជួយអ្នកឲ្យមានបទពិសោធន៍សិក្សាសារលិខិតសន្និសីទទូទៅកាន់តែមានអត្ថន័យ ។
នៅក្នុងផ្នែកទីពីរនៃមេរៀននេះ អ្នកនឹងប្រើជំនាញដែលអ្នករៀនដើម្បីសិក្សាសុន្ទរកថាសន្និសីទទូទៅដែលបានចាត់តាំងដោយគ្រូបង្រៀនរបស់អ្នក ។ ប្រសិនបើមិនមានសារលិខិតមួយត្រូវបានចាត់តាំងឲ្យអ្នកទេ សូមជ្រើសរើសសុន្ទរកថាមួយមកពី សន្និសីទទូទៅ ថ្មីៗនេះ ។
ដាក់ស្លាកសេចក្ដីពិតដែលអ្នករកឃើញ
បន្ថែមពីលើការជួយអ្នកអនុវត្ដអ្វីដែលអ្នកកំពុងរៀន នោះបណ្ដុំនៃស្លាកអាចជួយអ្នកឲ្យចងចាំ និងស្វែងរកសេចក្ដីថ្លែងការណ៍ និងបទគម្ពីរកាន់តែងាយនៅពេលក្រោយ ។ ការចំណាយពេលដើម្បីដាក់ស្លាកនូវអ្វីដែលអ្នកអាន អនុញ្ញាតឲ្យអ្នកចូលប្រើវាបាននៅពេលក្រោយ សូម្បីតែនៅពេលដែលអ្នកភ្លេចសុន្ទរកថានោះហើយក្ដី ។
អ្នកដាក់ស្លាកវគ្គបទគម្ពីរមួយ ដោយការបង្កើតស្លាកមួយ ដែលប្រើពាក្យ ឬឃ្លាខ្លីដែលសង្ខេបពីអ្វីដែលវគ្គបទគម្ពីរនោះបង្រៀន ។ មុខងារដាក់ស្លាកនៅក្នុងបណ្ណាល័យដំណឹងល្អអនុញ្ញាតឲ្យអ្នកមើលវគ្គបទគម្ពីរទាំងអស់ ដែលអ្នកបានដាក់ស្លាកជាពាក្យ ឬឃ្លានោះនៅក្នុងកន្លែងតែមួយ ។
ក្នុងករណីខ្លះ ស្លាកនឹងមកពីពាក្យដែលអ្នកឡើងនិយាយប្រើនៅក្នុងសុន្ទរកថារបស់ពួកលោក ។ ក្នុងករណីផ្សេងទៀត អ្នកប្រហែលជាចង់សង្ខេបវាដោយពាក្យពេចន៍ ឬឃ្លាផ្ទាល់ខ្លួនរបស់អ្នក ។ ស្លាកដ៏ល្អបំផុតគឺជាស្លាកដែលធ្វើឲ្យវាងាយស្រួលសម្រាប់អ្នកក្នុងការស្វែងរកខគម្ពីរនោះនាពេលអនាគត ។ នៅពេលអ្នកបង្កើតស្លាក សូមពិចារណាសួរ « បើសិនខ្ញុំរៀបចំសុន្ទរកថាសម្រាប់ការឡើងនិយាយនៅព្រះវិហារ តើប្រធានបទអ្វីដែលខ្ញុំនឹងស្រាវជ្រាវដើម្បីស្វែងរកសេចក្ដីថ្លែការណ៍នេះ ? »
ឧទាហរណ៍ ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀន ៖
បទបញ្ញត្តិរបស់ព្រះផ្ដល់នូវកម្លាំងដឹកនាំ និងស្ថេរភាពនៅក្នុងជីវិតរបស់យើង ។ បទពិសោធន៍នៅក្នុងជីវិតរមែងស្លាប់របស់យើងគឺដូចជាក្មេងប្រុសតូច និងឪពុករបស់គាត់ដែលបង្ហោះខ្លែងនៅថ្ងៃដែលមានខ្យល់ដែរ ។ នៅពេលខ្លែងហោះកាន់តែខ្ពស់ នោះខ្យល់ទាញខ្សែដែលនៅក្នុងដៃរបស់ក្មេងតូច ។ ដោយពុំធ្លាប់ជួបនឹងកម្លាំងខ្យល់នៃជីវិតរមែងស្លាប់ នោះក្មេងតូចបានស្នើឲ្យកាត់ខ្សែដើម្បីឲ្យខ្លែងអាចហោះកាន់តែខ្ពស់ ។ ឪពុកដ៏ឈ្លាសវៃរបស់គាត់បានទូន្មានថាកុំកាត់ ថែមទាំងពន្យល់ថាខ្សែគឺជាអ្វីដែលអាចទប់ខ្លែងឲ្យនៅហោះ ជំនះនឹងខ្យល់នៃជីវិតរមែងស្លាប់ ។ ប្រសិនបើយើងកាត់ខ្សែ នោះខ្លែងនឹងមិនអាចហោះកាន់តែខ្ពស់ទេ ។ ខ្លែងនឹងត្រូវខ្យល់បក់បោក ហើយធ្លាក់មកលើដីជាមិនខាន ។ ( « ការដើរតាមព្រះគ្រីស្ទ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៤ ទំព័រ ២៤ )
អ្នកអាចដាក់ស្លាកសេចក្ដីថ្លែងការណ៍នេះជាមួយនឹងពាក្យដូចជា ព្រះបញ្ញត្ដិ ការគោរពប្រតិបត្ដិ ឬថែមទាំងពាក្យ ខ្លែង ។ សូមប្រើពាក្យណាក៏ដោយដែលនឹងជួយអ្នកឲ្យរកឃើញសេចក្ដីថ្លែងការណ៍នេះនៅពេលអនាគត ។
នៅពេលអ្នកសិក្សាសុន្ទរកថាសន្និសីទទូទៅនៅថ្ងៃនេះ សូមដាក់ស្លាកយ៉ាងហោចណាស់វគ្គបទគម្ពីរពីរ ។ សូមប្រើស្លាកដែលអ្នកគិតថាអ្នកនឹងប្រើដើម្បីនឹកចាំដល់វគ្គបទគម្ពីរនោះនៅពេលខាងមុខ ។
បង្កើតតំណភ្ជាប់ទៅកាន់បទគម្ពីរគាំទ្រ
របៀបមួយទៀតដើម្បីជួយអ្នកឲ្យចងចាំប្រសាសន៍របស់ថ្នាក់ដឹកនាំសាសនាចក្រគឺដោយការបង្កើតតំណភ្ជាប់ ។ ជាញឹកញាប់ តំណភ្ជាប់មាននូវការយល់ដឹងដែលពង្រីក ឬពន្យល់ការបង្រៀនជាក់លាក់នៅក្នុងព្រះគម្ពីរ ។ ការចំណាយពេលដើម្បីភ្ជាប់សេចក្ដីថ្លែងការណ៍ទាំងនេះទៅនឹងវគ្គបទគម្ពីរដែលពួកលោកបង្រៀន អាចជួយអ្នកឲ្យចងចាំវានៅពេលក្រោយដែលអ្នកសិក្សាបទគម្ពីរនោះ ។
ឧទាហរណ៍ ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយ បានពន្យល់ ៖
សាវកប៉ុលបានបង្រៀនថា ការបង្រៀន និងព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ត្រូវបានប្រទានមក ដើម្បីឲ្យយើងគ្រប់គ្នាអាចទទួលបាន « ដល់ខ្នាតកម្ពស់នៃសេចក្តីពោរពេញផងព្រះគ្រីស្ទ » ។ ដំណើរការនោះទាមទារឲ្យមាន មិនគ្រាន់តែជាការទទួលបានចំណេះដឹងប៉ុណ្ណោះទេ ។ វាពុំគ្រប់គ្រាន់ឡើយសម្រាប់យើង ដើម្បីគ្រាន់តែត្រូវបាន បញ្ចុះបញ្ចូល ឲ្យជឿលើដំណឹងល្អនោះ យើងត្រូវតែអនុវត្ត ប្រយោជន៍ឲ្យយើងអាច ប្រែចិត្តជឿ ដោយសារដំណឹងល្អ ។ ជាការផ្ទុយគ្នាទៅនឹងពិភពលោក ដែលបង្រៀនយើងឲ្យ ដឹង អ្វីមួយ រីឯដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជំរុញយើងឲ្យ ប្រែក្លាយជា អ្វីមួយ ។ ( « នគរនៃសិរីល្អ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ២៨ )
គន្លឹះក្នុងការសិក្សា ។ នៅពេលអ្នកឡើងនិយាយមិនបានលើកឡើងសេចក្ដីយោងបទគម្ពីរ សូមប្រើលេខយោងដើម្បីដឹងពីវគ្គបទគម្ពីរដែលពួកលោកកំពុងមានប្រសាសន៍ ។
លេខយោងសម្រាប់សេចក្ដីថ្លែងការណ៍នោះយោងទៅ អេភេសូរ ៤:១៣ ។ ការបង្កើតតំណភ្ជាប់រវាងការពន្យល់របស់ប្រធានអូក និង អេភេសូ ៤:១៣ អាចធ្វើឲ្យកាន់តែងាយស្រួលដល់អ្នកនៅក្នុងការយល់វគ្គបទគម្ពីរនៅពេលអ្នកអានវានៅពេលក្រោយ ។
នៅពេលអ្នកសិក្សាសារលិខិតសន្និសីទទូទៅនៅថ្ងៃនេះ សូមបង្កើតយ៉ាងហោចណាស់តំណភ្ជាប់ពីរទៅនឹងវគ្គបទគម្ពីរដែលអ្នកឡើងនិយាយមានប្រសាសន៍ ។
ឥឡូវត្រូវធ្វើដូចម្តេចទៀត ?
ថ្ងៃនេះអ្នកបានរៀនជំនាញពីរ ៖
-
ការដាក់ស្លាកសេចក្ដីពិតដែលអ្នករកឃើញ
-
ការបង្កើតតំណភ្ជាប់
សូមប្រើជំនាញទាំងនេះដើម្បីសិក្សាសុន្ទរកថាសន្និសីទទូទៅដែលបានចាត់តាំងដោយគ្រូបង្រៀនរបស់អ្នក ។ ប្រសិនបើមិនមានសារលិខិតមួយត្រូវបានចាត់តាំងឲ្យអ្នកទេ សូមជ្រើសរើសសុន្ទរកថាមួយមកពី សន្និសីទទូទៅ ថ្មីៗនេះ ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យកត់ត្រា និងទាញយកការយល់ដឹងសំខាន់ៗចេញមកពីការសិក្សាសុន្ទរកថាសន្និសីទទូទៅ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
វគ្គបទគម្ពីរដែលអ្នកបានដាក់ស្លាក ឬតំណភ្ជាប់ដែលអ្នកបានបង្កើត នៅពេលអ្នកបានសិក្សាសុន្ទរកថាសន្និសីទទូទៅមួយ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?