« ការស៊ូទ្រាំនឹងភាពសោកសៅ និងជំងឺធ្លាក់ទឹកចិត្ត ៖ ព្រះយេស៊ូវគ្រីស្ទនឹងរ៉ាបរងទុក្ខព្រួយ និងការឈឺចាប់របស់យើង » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ការស៊ូទ្រាំនឹងភាពសោកសៅ និងជំងឺធ្លាក់ទឹកចិត្ត ៖ ព្រះយេស៊ូវគ្រីស្ទនឹងរ៉ាប់រងទុក្ខព្រួយ និងការឈឺចាប់របស់យើង » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
សុខភាពខាងរាងកាយ និងខាងសតិអារម្មណ៍ ៖ មេរៀនទី ១៨៥
ការស៊ូទ្រាំនឹងភាពសោកសៅ និងជំងឺធ្លាក់ទឹកចិត្ត
ព្រះយេស៊ូវគ្រីស្ទនឹងរ៉ាប់រងទុក្ខព្រួយ និងការឈឺចាប់របស់យើង
ព្រះវរបិតាសួគ៌បានជ្រាបថា ជីវិតរមែងស្លាប់នេះនឹងនាំមកនូវគ្រានៃភាពសោកសៅ ការបាក់ទឹកចិត្ត ការខកចិត្ត និងជំងឺធ្លាក់ទឹកចិត្ត ។ ទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ឲ្យដកពិសោធន៍គ្រប់យ៉ាងដែលយើងនឹងរងទុក្ខ ដោយមាននូវការសន្យាថា ព្រះចេស្ដារបស់ទ្រង់អាចជួយយើងឲ្យបានសេចក្ដីសម្រាក ( សូមមើល ម៉ាថាយ ១១:២៨–៣០ ) ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងជួយពួកគេឲ្យស៊ូទ្រាំនឹងអារម្មណ៍សោកសៅ និងជំងឺធ្លាក់ទឹកចិត្ត ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យស្វែងរកបទគម្ពីរ ឬសម្រង់សម្តីមកពីថ្នាក់ដឹកនាំសាសនាចក្រដែលអាចជួយនរណាម្នាក់ផ្ដោតលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេសោកសៅ ឬធ្លាក់ទឹកចិត្ត ។ ពួកគេអាចរៀបចំដើម្បីចែកចាយបទគម្ពីររបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
បន្ទុកនៃជីវិតរបស់យើង
ចំណាំ ៖ អ្នកមិនចាំបាច់ជាអ្នកជំនាញសុខភាពផ្លូវចិត្តដើម្បីបង្រៀនមេរៀននេះទេ ។ សូមអធិស្ឋានទូលសុំការណែនាំពីព្រះវរបិតាសួគ៌ អនុវត្តតាមឯកសារមេរៀន និងទុកចិត្តលើព្រះវិញ្ញាណបរិសុទ្ធ ។ ប្រសិនបើសិស្សចែកចាយការលំបាកផ្ទាល់ខ្លួនដែលពួកគេប្រឈមមុខ ឬសួរសំណួរដែលអ្នកមិនអាចដោះស្រាយបាន សូមធានាដល់ពួកគេថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់ពួកគេ ។ លើកទឹកចិត្តពួកគេឲ្យស្វែងរកដំបូន្មានបន្ថែមពីឪពុកម្តាយ ថ្នាក់ដឹកនាំសាសនាចក្រ អ្នកប្រឹក្សានៅសាលារៀន ឬអ្នកជំនាញផ្នែកសុខភាពខាងសតិអារម្មណ៍ផ្សេងទៀត ។
សូមពិចារណាចាប់ផ្ដើមមេរៀនដោយការបង្ហាញរូបភាពអ្នកឡើងភ្នំកំពុងដើរលើផ្លូវភ្នំ ។ សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីរបៀបដែលការណ៍នេះអាចដូចជាដំណើរលើផែនដីរបស់យើង ។ បន្ទាប់មក សូមឲ្យសិស្សស្រមៃថា អ្នកឡើងភ្នំម្នាក់ត្រូវស្ពាយកាតាបដ៏ធ្ងន់មួយពេញមួយការធ្វើដំណើររបស់ពួកគេ ។
-
តើកាបូបស្ពាយធ្ងន់អាចបង្កើនការលំបាកដល់ការធ្វើដំណើរយ៉ាងដូចម្តេច ? តើវាអាចជាពរជ័យដោយរបៀបណា ?
បន្ទាប់មក អ្នកអាចសុំឲ្យសិស្សចែកចាយនូវ « កាបូបស្ពាយ » ផ្នែកសតិអារម្មណ៍មួយចំនួនដែលក្មេងជំទង់ប្រហែលជាកំពុងស្ពាយសព្វថ្ងៃនេះ ។ បន្ទាប់ពីសិស្សចែកចាយ សូមពន្យល់ថាមេរៀននេះនឹងផ្តោតលើអារម្មណ៍សោកសៅ ឬជំងឺបាក់ទឹកចិត្តដែលយើងពេលខ្លះឆ្លងកាត់ក្នុងជីវិត ។
សូម្បីតែអារម្មណ៍ដ៏លំបាកដូចជាភាពសោកសៅ និងជំងឺធ្លាក់ទឹកចិត្តក៏ជាផ្នែកធម្មតានៃដំណើរជីវិតរមែងស្លាប់របស់យើងដែរ ។ ដូចជាកាបូបស្ពាយដ៏ធ្ងន់ អារម្មណ៍លំបាកអាចធ្វើឲ្យការធ្វើដំណើររបស់យើងហាក់ដូចជាគួរឲ្យខ្លាច ប៉ុន្តែអារម្មណ៍ទាំងនេះក៏អាចជួយយើងឲ្យមានភាពយកចិត្តទុកដាក់ និងមានចិត្តអាណិតអាសូរចំពោះអ្នកដទៃដែលតស៊ូលំបាកផងដែរ ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមកត់ត្រាពីរបៀបដែលអារម្មណ៍សោកសៅ និងជំងឺបាក់ទឹកចិត្តអាចប៉ះពាល់ដល់ជីវិតរបស់អ្នកឥឡូវនេះ ឬប្រសិនបើពួកគេមាននៅក្នុងអតីតកាល ។
ព្រះយេស៊ូវគ្រីស្ទជ្រាបដឹងថា យើងមានអារម្មណ៍បែបណា
សូមរំឭកសិស្សថា ពួកព្យាការីបុរាណ និងសម័យទំនើបបានបង្រៀនថា ព្រះអង្គសង្គ្រោះអាចជួយយើងស៊ូទ្រាំនឹងអារម្មណ៍លំបាកទាំងអស់ ។
សូមអាន អេសាយ ៥៣:៣–៥ និង អាលម៉ា ៧:១១–១២ ដោយរកមើលសេចក្តីពិតអំពីព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ដើម្បីជួយយើង នៅពេលយើងសោកសៅ បាក់ទឹកចិត្ត ឬមានជំងឺធ្លាក់ទឹកចិត្ត ។
-
តើពាក្យ ឬឃ្លាណាដែលអ្នកចាប់អារម្មណ៍ ?
-
តើការណ៍នេះអាចជួយនរណាម្នាក់ដែលមានការលំបាកក្នុងការស៊ូទ្រាំនឹងទម្ងន់នៃបន្ទុកផ្លូវអារម្មណ៍ទាំងនេះយ៉ាងដូចម្ដេច ?
ដោយដឹងថាបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌នឹងរងទុក្ខក្នុងជីវិតនេះ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ ៖
ខ្ញុំសូមអង្វរបងប្អូនឲ្យមករក[ ព្រះយេស៊ូវគ្រីស្ទ ] ដើម្បីឲ្យទ្រង់អាចព្យាបាល បងប្អូនបាន ! … ទ្រង់នឹងព្យាបាលបងប្អូនពីភាពសោកសៅ និងការភ័យខ្លាច ។ ទ្រង់នឹងព្យាបាលបងប្អូនពីរបួសនៃពិភពលោកនេះ ។
មិនថាបងប្អូនមានសំណួរ ឬបញ្ហាអ្វីនោះទេ ចម្លើយត្រូវបានរកឃើញនៅក្នុងព្រះជន្ម និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទជានិច្ច ។ ចូររៀនបន្ថែមទៀតអំពីដង្វាយធួន សេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា គោលលទ្ធិរបស់ទ្រង់ និងដំណឹងល្អនៃការព្យាបាលដែលបានស្តារឡើងវិញ និងការរីកចម្រើន ។ ចូរងាកទៅរកទ្រង់ ! ចូរដើរតាមទ្រង់ ! ( « ចម្លើយគឺព្រះយេស៊ូវគ្រីស្ទជានិច្ច » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ១២៧ )
-
តើអ្នកនឹងសង្ខេបអ្វីដែលអ្នកបានរៀនពីអេសាយ អាលម៉ា និងប្រធាន ណិលសុន អំពីការដោះស្រាយបន្ទុកដូចជាទុក្ខព្រួយ និងភាពសោកសៅដោយរបៀបណា ?
ក្នុងចំណោមរឿងផ្សេងទៀតដែលសិស្សអាចចែកចាយ សូមជួយពួកគេកំណត់សេចក្តីពិតដូចជា ៖ នៅពេលយើងមករកទ្រង់ ព្រះអង្គសង្គ្រោះនឹងជួយយើងរ៉ាប់រងបន្ទុកនៃភាពសោកសៅ និងទុក្ខព្រួយ ។
សិស្សអាចនឹងទទួលបានអត្ថប្រយោជន៍ពីវីដេអូ Come Unto Christ នៅលើ Facebook « Because Jesus Christ died … » ( ១:០៦ ) ឬ « Rise » ( ១:៤២ ) ពី ComeUntoChrist/facebook.com ។
-
សម្រាប់នរណាម្នាក់ដែលស្វែងរកជំនួយពីព្រះអង្គសង្គ្រោះចំពោះភាពសោកសៅ ការបាក់ទឹកចិត្ត ឬជំងឺបាក់ទឹកចិត្តរបស់ពួកគេ តើវាអាចមានន័យដូចម្តេចដើម្បី « មករកទ្រង់ » « ងាកទៅរកទ្រង់ » និង « ដើរតាមទ្រង់ » ?
-
តើអ្នកគិតថា ការយល់ដឹងពីសេចក្តីពិតនេះអាចជួយនរណាម្នាក់ដែលកំពុងជួបបញ្ហាជាមួយនឹងអារម្មណ៍ទាំងនេះដោយរបៀបណា ?
សូមយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យស្គាល់ពីវិធីដែលព្រះអង្គសង្គ្រោះកំពុងធ្វើការងារបម្រើដល់អ្នកដោយផ្ទាល់ នៅពេលអ្នកតទល់នឹងភាពសោកសៅ ទុក្ខព្រួយ ឬបន្ទុកផ្លូវចិត្តផ្សេងទៀត ។
ជាមួយនឹងព្រះអង្គសង្គ្រោះ យើងអាចស៊ូទ្រាំ
រឿងរបស់ព្យាការីអេលីយ៉ា អាចជួយយើងរកឃើញវិធីដែលព្រះអង្គសង្គ្រោះជួយយើងស៊ូទ្រាំនឹងបញ្ហាផ្លូវចិត្ត ។
សូមពិចារណាបង្ហាញរូបអេលីយ៉ាតែម្នាក់ឯងនៅលើភ្នំ ។ នៅពេលសិស្សស្តាប់សេចក្ដីលម្អិតខាងក្រោមចេញពីដំណើររឿងនេះ សូមអញ្ជើញពួកគេឲ្យស្រមៃមើលថាតើពួកគេអាចនឹងមានអារម្មណ៍យ៉ាងណាក្នុងស្ថានភាពស្រដៀងគ្នានេះ ។
បន្ទាប់ពីអេលីយ៉ាបានថ្កោលទោសព្យាការីក្លែងក្លាយរបស់ព្រះបាលនៅភ្នំ កើមែល ( សូមមើល ពង្សាវតារក្សត្រ ទី១ ១៨ ) ម្ចាស់ក្សត្រីទុច្ចរិតសេយិបិល ដែលមានព្រះទ័យអាក្រក់បានចង់រកសម្លាប់លោក ។ ព្រះអម្ចាស់បានព្រមានអេលីយ៉ា ដែលបានភៀសខ្លួនទៅក្នុងទីរហោស្ថានតែម្នាក់ឯង ( សូមមើល ពង្សាវតារក្សត្រ ទី១ ១៩:១–៣ ) ។
-
តើអ្នកអាចមានអារម្មណ៍បែបណាក្នុងស្ថានភាពនេះ ?
សូម អាន ពង្សាវតារក្សត្រ ទី១ ១៩:៤ ដោយរកមើលថាតើអេលីយ៉ាមានអារម្មណ៍បែបណា ។
ដើម្បីជួយសិស្សស្វែងរកវិធីដែលព្រះអម្ចាស់បានជួយអេលីយ៉ា ហើយអាចជួយពួកគេគ្រប់គ្រងអារម្មណ៍សោកសៅ និងជំងឺបាក់ទឹកចិត្ត សូមផ្តល់ឲ្យសិស្សម្នាក់ៗនូវច្បាប់ចម្លងនៃសំណៅមេរៀន « ព្រះអម្ចាស់ជួយយើងឲ្យស៊ូទ្រាំ » ។ អញ្ជើញសិស្សឲ្យធ្វើការរៀងៗខ្លួន រួមគ្នាជាមួយដៃគូ ឬជាក្រុម ហើយធ្វើតាមការណែនាំនៅលើសំណៅមេរៀន ។
បន្ទាប់ពីធ្វើសកម្មភាពក្នុងសំណៅមេរៀនហើយ អ្នកអាចអញ្ជើញសិស្សដែលស្ម័គ្រចិត្ដឲ្យចែកចាយអ្វីដែលពួកគេបានរៀន ។ អ្នកអាចផ្តល់ឱកាសដល់ពួកគេដើម្បីជួយសមាជិកផ្សេងទៀតក្នុងថ្នាក់ដោយការសួរសំណួរខាងក្រោម ។
-
តើមានវិធីអ្វីខ្លះទៀតដែលអ្នកបានឃើញព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ជួយអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ឲ្យស៊ូទ្រាំនឹងបន្ទុកខាងសតិអារម្មណ៍ ?
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយបទគម្ពីរ ទំនុកតម្កើង ឬរូបភាពដែលបានជួយពួកគេឲ្យពឹងផ្អែកលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេសោកសៅ ឬបាក់ទឹកចិត្ត ។
ពង្សាវតារក្សត្រ ទី១ ១៩:៤ អាចបង្កើតសំណួរអំពីការធ្វើបាបខ្លួនឯង ឬការធ្វើអត្តឃាត ។ គួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំងជានិច្ចលើប្រធានបទទាំងនេះ ។ សូមរំឭកសិស្សថា ពួកគេកំពុងធ្វើសកម្មភាពដោយសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេប្រាប់នរណាម្នាក់អំពីអារម្មណ៍របស់ពួកគេ ។ ធនធានបន្ថែមទាំងឡាយអំពីជំងឺធ្លាក់ទឹកចិត្ត និងការបង្ការការធ្វើអត្តឃាតអាចរកបាននៅក្នុងបណ្ណាល័យដំណឹងល្អ និងនៅក្នុងសកម្មភាពរៀនសូត្របន្ថែមនៅក្នុងកំណែអនឡាញនៃសៀវភៅសិក្សានេះ ។
ចែកចាយពីអ្វីដែលអ្នកមានអារម្មណ៍
ចំណាំ ៖ សូមជួយសិស្សឲ្យយល់ថា ទោះបីជាមានភាពទន់ភ្លន់ សេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់របស់ព្រះអម្ចាស់ក៏ដោយក្តី ជួនកាលអារម្មណ៍លំបាកនៅតែមាន ។ ពេលខ្លះ ជំងឺធ្លាក់ទឹកចិត្តអាចរារាំងសមត្ថភាពរបស់យើងក្នុងការទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ឬទទួលស្គាល់ជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមជ្រើសរើសចំណុចមួយ ឬច្រើនខាងក្រោមដើម្បីបំពេញ ៖
-
សូមសរសេរនូវអ្វីដែលអ្នកបានរៀន ឬមានអារម្មណ៍នៅថ្ងៃនេះ ដែលអាចជួយអ្នកឲ្យពឹងផ្អែកលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលអ្នកមានអារម្មណ៍សោកសៅ ឬធ្លាក់ទឹកចិត្ត ។
-
សូមសរសេរវគ្គបទគម្ពីរមួយដែលអាចជួយអ្នក នៅពេលអ្នកមានអារម្មណ៍សោកសៅ ឬធ្លាក់ទឹកចិត្ត ( ដូចជា អេសាយ ៥៣:៣–៥; ទំនុកដំកើង ៣៤:១៨; ឬអាលម៉ា ៧:១១–១២ ) ។ តើពាក្យ ឬឃ្លាពីវគ្គបទគម្ពីរនេះអាចជួយអ្នកឲ្យមានអារម្មណ៍ជិតស្និទ្ធនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
ប្រសិនបើអ្នកមានមិត្តភក្តិដែលសោកសៅ ឬធ្លាក់ទឹកចិត្ត តើអ្នកចង់ឲ្យបុគ្គលនេះយល់ដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ ? សរសេរអ្វីដែលអ្នកនឹងចែកចាយ ។
សិស្សអាចទទួលបានអត្ថប្រយោជន៍មកពីសារលិខិតរបស់ប្រធាន ជែហ្វ្រី អ័រ ហូឡិន អំពីរបៀបជួយអ្នកដែលតស៊ូជាមួយជំងឺធ្លាក់ទឹកចិត្ត ។ សូមពិចារណាបង្ហាញវីដេអូ « Mental Health: Compassion for Those Who Struggle » ( ២:២៦ ) ដែលមាននៅក្នុងបណ្ណាល័យដំណឹងល្អ ។ នៅក្នុងវីដេអូនេះ ប្រធាន ហូឡិន រំឭកយើងថា ពុំមានស្វ័យឆន្ទៈនៅកម្រិតណាឡើយ ដែលអាចដោះស្រាយជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរបាននោះទេ ។ ការស្វែងរកជំនួយពីអ្នកជំនាញគឺជាគន្លឹះក្នុងការព្យាបាលបញ្ហាសុខភាពផ្លូវចិត្តរបស់យើង រួមជាមួយនឹងការគាំទ្រ និងសេចក្ដីអាណិតអាសូររបស់អ្នកដទៃ ។
អ្នកអាចនឹងបញ្ចប់ថ្នាក់ជាមួយនឹងបទពិសោធន៍មួយ នៅពេលព្រះអម្ចាស់បានជួយអ្នកឲ្យស៊ូទ្រាំនឹងអារម្មណ៍ដ៏លំបាក ។