« ការគ្រប់គ្រងភាពតានតឹង និងការថប់បារម្ភ ៖ ព្រះយេស៊ូវគ្រីស្ទអាចជួយយើងគ្រប់គ្រងភាពតានតឹង និងការថប់បារម្ភរបស់យើង » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ការគ្រប់គ្រងភាពតានតឹង និងការថប់បារម្ភ ៖ ព្រះយេស៊ូវគ្រីស្ទអាចជួយយើងគ្រប់គ្រងភាពតានតឹង និងការថប់បារម្ភរបស់យើង » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
សុខភាពខាងរាងកាយ និងខាងសតិអារម្មណ៍ ៖ មេរៀនទី ១៨៤
ការគ្រប់គ្រងភាពតានតឹង និងការថប់បារម្ភ
ព្រះយេស៊ូវគ្រីស្ទអាចជួយយើងគ្រប់គ្រងភាពតានតឹង និងការថប់បារម្ភរបស់យើង
យើងទាំងអស់គ្នាមានភាពតានតឹង និងការថប់បារម្ភ ។ អារម្មណ៍ទាំងនេះអាចជួយយើងឲ្យសម្រេចកិច្ចការប្រចាំថ្ងៃ និងឆ្លើយតបនឹងការប្រឈមនានាក្នុងជីវិត ។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹង និងការថប់បារម្ភយូរអង្វែងអាចជះឥទ្ធិពលអវិជ្ជមានដល់យើងផងដែរ ។ ជាសំណាងល្អ ព្រះអង្គសង្គ្រោះបានសន្យាដល់យើងនូវជំនួយរបស់ទ្រង់ និងភាពសុខសាន្តរបស់ទ្រង់ ( សូមមើល យ៉ូហាន ១៤:២៧ ) ។ មេរៀននេះអាចជួយសិស្សអនុវត្តជំនាញដែលទាញយកព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះដើម្បីគ្រប់គ្រងភាពតានតឹង និងការថប់បារម្ភ ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យគិតពីស្ថានភាពនៅពេលដែលពួកគេមានអារម្មណ៍តានតឹង ឬថប់បារម្ភ និងរបៀបដែលពួកគេអាចបែរទៅរកព្រះអម្ចាស់សម្រាប់ជំនួយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ភាពតានតឹង និងការថប់បារម្ភ
ចំណាំ ៖ អ្នកមិនចាំបាច់ជាអ្នកជំនាញសុខភាពផ្លូវចិត្តដើម្បីបង្រៀនមេរៀននេះទេ ។ សូមអធិស្ឋានទូលសុំការណែនាំពីព្រះវរបិតាសួគ៌ អនុវត្តតាមឯកសារមេរៀន និងទុកចិត្តលើព្រះវិញ្ញាណបរិសុទ្ធ ។ ប្រសិនបើសិស្សចែកចាយការលំបាកផ្ទាល់ខ្លួនដែលពួកគេប្រឈមមុខ ឬសួរសំណួរដែលអ្នកមិនអាចដោះស្រាយជាផ្នែកនៃមេរៀននេះ សូមបង្ហាញអំណរគុណរបស់អ្នកសម្រាប់ការជឿជាក់របស់ពួកគេក្នុងការចែកចាយជាមួយនឹងអ្នក ។ សូមបញ្ជាក់ជាថ្មីដល់ពួកគេថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់ពួកគេ ។ លើកទឹកចិត្តពួកគេឲ្យស្វែងរកដំបូន្មានបន្ថែមពីឪពុកម្តាយ ថ្នាក់ដឹកនាំសាសនាចក្រ អ្នកប្រឹក្សានៅសាលារៀន ឬអ្នកជំនាញផ្នែកសុខភាពខាងសតិអារម្មណ៍ផ្សេងទៀត ។
ពិចារណាចាប់ផ្តើមមេរៀននៅក្នុងរបៀបដែលជួយសិស្សគិតអំពីការគ្រប់គ្រងភាពតានតឹង និងការថប់បារម្ភ ។ ឧទាហរណ៍ សាច់រឿងខាងក្រោមអាចត្រូវបានប្រើប្រាស់ ឬកែសម្រួលឲ្យកាន់តែទាក់ទងនឹងសិស្សរបស់អ្នក ៖
-
ប្រសិនបើនរណាម្នាក់អាចលើកទម្ងន់បានត្រឹមតែ២៥គីឡូក្រាម ( ៥៥ ផោន ) ហើយពួកគេព្យាយាមលើក៧០គីឡូក្រាម ( ១៥៤ ផោន ) តើទំនងជាមានអ្វីកើតឡើង ? តើពួកគេមានអារម្មណ៍បែបណា ?
-
ចុះបើបុគ្គលដដែលនេះចាប់ផ្តើមលើកទម្ងន់២៥គីឡូក្រាម ( ៥៥ ផោន ) ហើយបន្ថែមទម្ងន់បន្តិចៗជារៀងរាល់សប្តាហ៍វិញនោះ ? តើវាអាចមានឥទ្ធិពលដល់កម្លាំងរបស់ពួកគេយ៉ាងដូចម្តេច ? តើពួកគេមានអារម្មណ៍បែបណា ?
-
តើនឹងមានអ្វីកើតឡើងប្រសិនបើបុគ្គលនេះមិនដែលព្យាយាមលើកលើសពី២៥គីឡូក្រាម ( ៥៥ ផោន )នោះ ?
-
តើទម្ងន់ក្នុងស្ថានភាពទាំងនេះអាចប្រៀបធៀបទៅនឹងការគ្រប់គ្រងភាពតានតឹង និងការថប់បារម្ភយ៉ាងដូចម្តេច ?
ដើម្បីជួយសិស្សឲ្យយល់អំពីកម្រិតផ្សេងៗនៃភាពតានតឹង និងការថប់បារម្ភ អ្នកអាចចែកចាយសំណៅមេរៀន « ភាពតានតឹង និងការថប់បារម្ភ » ។ សូមអញ្ជើញសិស្សឲ្យអានតារាងនេះ ហើយបំពេញសំណួរស្វ័យវាយតម្លៃនៅក្នុងជួរឈរទីបី ។
នៅពេលអ្នកសិក្សាមេរៀននេះ ចូរស្វែងរកជំនួយពីព្រះអម្ចាស់ នៅពេលអ្នករៀនជំនាញដែលអាចជួយអ្នកគ្រប់គ្រងអារម្មណ៍តានតឹង និងការថប់បារម្ភ ។
ដំបូន្មានមកពីព្យាការី
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមមកពីប្រធាន រ័សុល អិម ណិលសុន ដោយរកមើលរបៀបដែលយើងអាចយកឈ្នះលើការថប់បារម្ភរបស់យើង ។
ព្រះអម្ចាស់បានប្រកាសថា ទោះជាមានឧបសគ្គដែលមិនធ្លាប់មានពីមុនមកក្តី ក៏អស់អ្នកដែលសង់គ្រឹះនៅលើព្រះយេស៊ូវគ្រីស្ទហើយរៀនប្រើប្រាស់ព្រះចេស្តារបស់ទ្រង់ពុំចាំបាច់ចុះចាញ់នឹងការថប់បារម្ភប្លែកៗនៅយុគសម័យនេះដែរ ។ ( « ព្រះវិហារបរិសុទ្ធ និងគ្រឹះខាងវិញ្ញាណរបស់បងប្អូន » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ៩៤ )
-
តើអ្នកចូលចិត្ត ឬបានរៀនអ្វីខ្លះចេញពីសេចក្តីថ្លែងការណ៍នេះ ?
សិស្សអាចនិយាយអំពីសេចក្ដីពិតមួយដូចជា ៖ នៅពេលយើងទាញយកព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទ នោះយើងអាចគ្រប់គ្រងការថប់បារម្ភរបស់យើង ។
-
តើអ្នកគិតថាវាមានន័យដូចម្តេចក្នុងការទាញយកព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ?
-
តើព្រះចេស្ដារបស់ទ្រង់អាចជួយយើងគ្រប់គ្រងភាពតានតឹង និងការថប់បារម្ភបានយ៉ាងដូចម្ដេច ? តើធនធានបន្ថែមមួយណាដែលព្រះយេស៊ូវគ្រីស្ទអាចជួយយើងឲ្យស្គាល់ ?
មេរៀនដែលនៅសេសសល់នៃមេរៀននេះផ្តល់ឲ្យសិស្សនូវឱកាសមួយដើម្បីរៀនអនុវត្តគោលការណ៍នៃដំណឹងល្អ ដែលអាចជួយពួកគេទាញយកព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទដើម្បីគ្រប់គ្រងការថប់បារម្ភ ។
ពិនិត្យមើលការរំពឹងទុករបស់យើង ហើយបែរទៅរកព្រះអម្ចាស់ដើម្បីទទួលបានជំនួយ
វិធីមួយដើម្បីដោះស្រាយអារម្មណ៍តានតឹង ឬថប់បារម្ភរបស់យើងគឺការស្គាល់ការរំពឹងទុករបស់យើង ហើយសម្របវាជាមួយនឹងអ្វីដែលព្រះអម្ចាស់ប្រាថ្នាចង់បានសម្រាប់យើង ។ ការរំពឹងទុកដែលមិនប្រាកដនិយម ឬមិនអាចសម្រេចបានអាចជាប្រភពចម្បងនៃការខកចិត្ត និងភាពតានតឹង ។
សូមអាន ម៉ូសាយ ៤:២៧ ដោយរកមើលអ្វីដែលព្រះអម្ចាស់រំពឹងពីយើង ។
ប្រសិនបើសិស្សមិនបានចង្អុលបង្ហាញវាទេ សូមកត់ចំណាំថា ព្រះអម្ចាស់មិនរំពឹងថាយើងនឹងរត់លឿនជាងយើងមានកម្លាំងនោះទេ ប៉ុន្តែទ្រង់នៅតែរំពឹងថាយើងនឹងមានការឧស្សាហ៍ព្យាយាម ។ យើងមិនចាំបាច់លើកទម្ងន់ធ្ងន់ពេកនោះទេ ប៉ុន្តែយើងត្រូវតែព្យាយាមជាប្រចាំ ។
សម្រាប់ឧទាហរណ៍មួយអំពីនរណាម្នាក់ដែលត្រូវពិនិត្យមើលការរំពឹងទុករបស់ពួកគេ សូមចែកចាយជាមួយសិស្សថា នៅពេលលោកបានដឹកនាំកូនចៅអ៊ីស្រាអែលក្នុងនាមជាព្យាការី ម៉ូសេបានព្យាយាមធ្វើលើសពីអ្វីដែលលោកគួរតែធ្វើ ។ ព្រះអម្ចាស់បានជួយម៉ូសេ តាមរយៈការប្រឹក្សារបស់ឪពុកក្មេកលោក គឺយេត្រូ ។
សូមអាន និក្ខមនំ ១៨:១៣–១៨ ដោយរកមើលមូលហេតុដែលឪពុកក្មេករបស់ម៉ូសេមានការព្រួយបារម្ភ ។
-
តើឃ្លាណាខ្លះដែលបញ្ជាក់ពីអ្វីដែលនឹងកើតឡើងចំពោះម៉ូសេ បើលោកបន្តទូន្មានប្រជាជនពេញមួយថ្ងៃជារៀងរាល់ថ្ងៃ ?
-
តើការណ៍នេះអាចមានលក្ខណៈយ៉ាងដូចម្ដេចនៅសព្វថ្ងៃនេះ ?
កំណត់និយមន័យ
ពន្យល់សិស្សថា វាអាចជាជំនាញដ៏មានប្រយោជន៍ក្នុងការវាយតម្លៃការរំពឹងទុករបស់ពួកគេដោយការប្រើសំណួរពីរខាងក្រោម ។ សូមពិចារណាសរសេរជំហានទាំងនោះនៅលើក្តារខៀន ។
-
តើខ្ញុំកំពុងព្យាយាមធ្វើច្រើន ឬតិចជាងព្រះអម្ចាស់ចង់ឲ្យខ្ញុំធ្វើឬ ( អាចជាការរត់លឿនជាងកម្លាំងដែលខ្ញុំមាន ឬការមិនឧស្សាហ៍ព្យាយាម ) ?
-
តើខ្ញុំអាចបែរទៅរកព្រះអម្ចាស់ដើម្បីទទួលបានជំនួយដោយរបៀបណា ?
គំរូ
-
ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពដែលម៉ូសេបានជួបប្រទះ តើអ្នកនឹងឆ្លើយសំណួរទាំងពីរនៅលើក្ដារខៀនយ៉ាងដូចម្ដេច ?
ប្រសិនបើឧទាហរណ៍ក្នុងសម័យទំនើបបន្ថែមអាចនឹងមានប្រយោជន៍ សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយការរំពឹងទុកមិនប្រាកដនិយមមួយចំនួនដែលពួកគេ ឬអ្នកដទៃទៀតបានមាន ។ ពួកគេអាចប្រើសំណួរនៅលើក្តារខៀនដើម្បីវាយតម្លៃការរំពឹងទុកដូចខាងក្រោម ៖
-
ខ្ញុំនឹងអានព្រះគម្ពីរមរមនរយៈពេល៩០នាទីក្នុងមួយថ្ងៃ ។
-
ខ្ញុំនឹងមិនធ្វើខុសទៀតទេ ។
-
ខ្ញុំមិនចាំបាច់រៀបចំសម្រាប់បេសកកម្មទេ ។ ខ្ញុំនឹងដឹងថាត្រូវធ្វើយ៉ាងណាហើយ ពេលខ្ញុំទៅបម្រើបេសសកម្មនោះ ។
អនុវត្ត
ជ្រើសរើសរឿងមួយក្នុងជីវិតរបស់អ្នក ដែលបណ្តាលឲ្យអ្នកតានតឹង និងថប់បារម្ភ ហើយហាត់វាយតម្លៃការរំពឹងទុករបស់អ្នក ។ ស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកសួរខ្លួនឯងនូវសំណួរនៅលើក្ដារខៀន ហើយគិតអំពីរបៀបដែលអ្នកអាចងាកទៅរកព្រះអម្ចាស់ដើម្បីទទួលបានជំនួយ ។
ប្រឹក្សាជាមួយនរណាម្នាក់ដែលអ្នកទុកចិត្តដើម្បីកំណត់ជំហានបន្ទាប់
ស្វែងរកជំនាញ
សូមជួយសិស្សឲ្យយល់ថា បន្ទាប់ពីពួកគេពិនិត្យមើលការរំពឹងទុករបស់ពួកគេហើយ នោះព្រះអម្ចាស់ចង់ជួយពួកគេឲ្យដឹងពីអ្វីដែលត្រូវធ្វើបន្ទាប់ទៀត ។ វិធីមួយដែលព្រះអម្ចាស់ជួយយើង គឺតាមរយៈអ្នកដទៃ ។ ឧទាហរណ៍ ការប្រឹក្សាជាមួយនរណាម្នាក់ដែលយើងទុកចិត្ត ។ នៅពេលសិស្សប្រឹក្សាជាមួយអ្នកដទៃ ពួកគេអាចពិភាក្សាពីអ្វីដែលត្រូវធ្វើឥឡូវនេះ អ្វីដែលអាចរង់ចាំសិនបាន ឬអ្វីដែលអាចនឹងត្រូវបោះបង់ ឬធ្វើដោយអ្នកផ្សេង ។ សូមធានាដល់សិស្សថា វាមិនមានប្រយោជន៍ទេក្នុងការមានអារម្មណ៍ថាពួកគេបានធ្វើខុសដោយការកំណត់នូវព្រំដែនដែលវិជ្ជមាន ឬដោយការនិយាយថា « ទេ » ឬ « កុំទាន់សិន » ចំពោះឱកាសមួយចំនួន ។
បង្ហាញជំនាញ
ព្រះអម្ចាស់បានជួយម៉ូសេ តាមរយៈឪពុកក្មេកលោក គឺយេត្រូ ។ កាលម៉ូសេទទួលបានការប្រឹក្សាពីឪពុកក្មេករបស់លោក យេត្រូបានស្នើដំណោះស្រាយចំពោះបញ្ហានោះ ។
សូមអាន និក្ខមនំ ១៨:១៩–២៤ ដោយរកមើលអ្វីដែលយេត្រូបានណែនាំម៉ូសេឲ្យធ្វើបន្ទាប់ ។
-
ហេតុអ្វីបានជាអ្នកគិតថាដំបូន្មានរបស់យេត្រូមានប្រយោជន៍ ?
ជំនួសឲ្យការប្រឈមមុខនឹងបញ្ហាទាំងអស់របស់លោកក្នុងពេលតែមួយ ម៉ូសេអាចទទួលបានជំនួយដែលលោកត្រូវការដើម្បីឈានទៅជំហានបន្ទាប់ ។
-
តើនរណាខ្លះដែលព្រះអម្ចាស់អាចនឹងចង់ឲ្យអ្នកប្រឹក្សាជាមួយ នៅពេលអ្នកមានអារម្មណ៍តានតឹង និងថប់បារម្ភ ? តើពួកគេបានផ្តល់ដំបូន្មានអ្វីដល់អ្នក ?
-
តើដំបូន្មានដ៏ឈ្លាសវៃបានកាត់បន្ថយភាពតានតឹង ឬការថប់បារម្ភចំពោះអ្នក ឬអ្នកដែលអ្នកស្គាល់ដោយរបៀបណា ?
ជួយសិស្សឲ្យទទួលស្គាល់ថា ព្រះអម្ចាស់អាចជួយពួកគេតាមរយៈឪពុកម្តាយ បងប្អូនដែលមានវ័យច្រើនជាង គ្រូបង្រៀន ទីប្រឹក្សា អ្នកជំនាញសុខភាពផ្លូវចិត្ត ថ្នាក់ដឹកនាំសាសនាចក្រ និងអ្នកដទៃ នៅពេលពួកគេមានអារម្មណ៍តានតឹង ឬថប់បារម្ភ ។
អនុវត្តជំនាញ
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគិតពិចារណាពីពេលមួយដែលអ្នកមានអារម្មណ៍លើសលប់ តានតឹង ឬថប់បារម្ភ ។ សូមសរសេរនូវឈ្មោះបុគ្គលដែលព្រះអម្ចាស់ចង់ឲ្យអ្នកប្រឹក្សាជាមួយអំពីអ្វីដែលត្រូវធ្វើបន្ទាប់ និងរបៀបដែលអ្នកគិតថាការនិយាយជាមួយបុគ្គលនោះអាចជួយអ្នកបាន ។
សូមពិចារណាអញ្ជើញសិស្សឲ្យមើលសំណៅមេរៀនឡើងវិញ ហើយចែកចាយអ្វីដែលពួកគេចូលចិត្ត ឬបានរៀនក្នុងមេរៀននេះ ។ បន្ថែមគំនិតផ្ទាល់ខ្លួនរបស់អ្នក និងថ្លែងទីបន្ទាល់អំពីសេចក្តីពិតនៃមេរៀននេះ ។