ថ្នាក់​សិក្ខាសាលា
ការមើលថែ​រូបកាយ​ខាង​សាច់ឈាម​របស់​យើង ៖ ការធ្វើ​ឲ្យ​សុខភាព​ខាង​រាងកាយ និង​ខាងសតិ​អារម្មណ៍​របស់​យើង​ប្រសើរឡើង


« ការមើលថែ​រូបកាយ​ខាង​សាច់ឈាម​របស់​យើង ៖ ការធ្វើ​ឲ្យ​សុខភាព​ខាង​រាងកាយ និង​ខាងសតិ​អារម្មណ៍​របស់​យើង​ប្រសើរឡើង » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការមើលថែ​រូបកាយ​ខាង​សាច់ឈាម​របស់​យើង ៖ ការធ្វើ​ឲ្យ​សុខភាព​ខាង​រាងកាយ និង​ខាងសតិ​អារម្មណ៍​របស់​យើង​ប្រសើរឡើង » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

សុខភាព​ខាង​រាងកាយ និង​ខាងសតិ​អារម្មណ៍ ៖ មេរៀន​ទី ១៨២

ការមើលថែ​រូបកាយ​ខាង​សាច់ឈាម​របស់​យើង

ការ​ធ្វើ​ឲ្យ​សុខភាព​ខាង​ខាងកាយ និង​ខាងសតិ​អារម្មណ៍​របស់​យើង​ប្រសើរឡើង

A group of young women making bread.

ព្រះវរបិតាសួគ៌​បាន​ប្រទាន​រូបកាយ​ដល់​យើង​ដែល​ជា​ផ្នែក​នៃ​ផែនការ​របស់​ទ្រង់​ដើម្បី​ក្លាយ​ដូចជា​ទ្រង់ ។ ( សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ប៉ុន្តែ របៀប​ដែល​យើង​មើលថែ​រាងកាយ​យើង​មិន​គ្រាន់តែ​ប៉ះពាល់​ដល់​អនាគត​របស់​យើង​ប៉ុណ្ណោះ​ទេ ។ វា​ក៏​ជះឥទ្ធិពល​ដល់​អារម្មណ៍​របស់​យើង​ឥឡូវនេះ​ដែរ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​របៀប​ដែល​ជម្រើស​របស់​យើង​ជះឥទ្ធិពល​ដល់​សុខភាព​រាងកាយ និង​ខាង​សតិអារម្មណ៍​របស់​យើង ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ជម្រើស​ខាង​សុខភាព​របស់​ពួកគេ ( ការទទួលទាន ដំណេក ការហាត់ប្រាណ ។ល។ ) នៅ​សប្តាហ៍​មុន ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​វាយតម្លៃ​ពី​របៀប​ដែល​ការជ្រើសរើស​ទាំងនោះ​មាន​ឥទ្ធិពល​លើ​របៀប​ដែល​ពួកគេ​មាន​អារម្មណ៍​ខាង​រាងកាយ និង​ខាងសតិ​អារម្មណ៍ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការជ្រើសរើស​របស់​យើង​ប៉ះពាល់​ដល់​ទាំង​ខាង​រូបកាយ និង​សតិអារម្មណ៍​យើង

សាច់រឿង​ខាងក្រោម​ត្រូវ​បានប្រើ​នៅក្នុង​មេរៀន​នេះ​ទាំងមូល ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ការ​សម្រេចចិត្ត​ល្អ ឬ​មិនល្អ​ដែល​យើង​ធ្វើ​ជារៀង​រាល់ថ្ងៃ​ជះឥទ្ធិពល​ដល់​សុខភាព​ខាង​រាងកាយ និង​ខាង​សតិអារម្មណ៍​របស់​យើង ។ សាច់រឿង​នេះ​ប្រើ​ឈ្មោះ « ម៉ាយ៉ា » ប៉ុន្តែ​អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើស​យក​ឈ្មោះ​មួយ ហើយ​បន្ថែម ឬ​ផ្លាស់ប្ដូរ​ព័ត៌មាន​លម្អិត​នៃ​ដំណើររឿង​នេះ​បាន ។

ម៉ាយ៉ា មាន​អារម្មណ៍​នឿយហត់ និង​បាក់​ទឹក​ចិត្ត​នៅ​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ។ រូបភាព​ខាងក្រោម​បង្ហាញ​ពី​ជម្រើស​មួយ​ចំនួន​ដែល​ម៉ាយ៉ា​បាន​ធ្វើ​ក្នុង​អំឡុង​ពេល​នោះ ។

Late night office work with tired woman sleep on desk illustration.
  • តើ​ជម្រើស​ណា​ខ្លះ​ដែល​ម៉ាយ៉ា​កំពុង​ធ្វើ​ដែល​អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​នាង ?

    សិស្ស​អាច​នឹង​លើកឡើង​ថា នាង​ចូល​គេង​យឺត ញ៉ាំ​អាហារ​មិន​ល្អ និង​ទទួល​ការបង្អាក់​ពី​ទូរសព្ទ​របស់​នាង ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ថែម​ជម្រើស​បន្ថែម​ទៀត ដែល​ក្មេងជំទង់​នៅ​ក្នុង​តំបន់​របស់​អ្នក​អាច​នឹង​ធ្វើ ដែល​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​ខាង​រាងកាយ និង​ខាង​សតិអារម្មណ៍​របស់​ពួកគេ ។

    វា​អាច​ជា​ប្រយោជន៍​ក្នុង​ការពន្យល់​ដល់​សិស្ស​ថា ជា​ផ្នែក​នៃ​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ រូបកាយ និង​វិញ្ញាណ​របស់​យើង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ( សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:១៥ ) ។ ដូច្នេះ​ហើយ ជម្រើស​ដែល​យើង​ធ្វើ​អំពី​សុខភាព​របស់​យើង មាន​ឥទ្ធិពល​លើ​យើង​លើសពី​ការ​ដែល​យើង​គ្រាន់តែ​ទទួល​អារម្មណ៍​ខាងរូបកាយ​ទៅទៀត ។

  • តើ​ជម្រើស​ដែល​ម៉ាយ៉ា​កំពុង​ធ្វើ​អាច​ប៉ះពាល់​យ៉ាងដូចម្ដេច​ខ្លះ​ដល់​រូបកាយ​របស់​នាង ? ខាងសតិ​អារម្មណ៍​របស់​នាង ?

  • តើ​មាន​ជម្រើស​អ្វី​ខ្លះ​ទៀត​ដែល​យើង​អាច​ធ្វើ​នៅពេល​យើង​មើលថែ​រាងកាយ​របស់​យើង ដែល​អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​យើង ?

អ្នក​អាច​កត់ត្រា​ចម្លើយ​របស់សិស្ស​ចំពោះ​សំណួរ​មុន​នេះ​នៅ​លើ​ក្ដារខៀន​នៅក្នុង​ជួរ​ឈរ​ពីរ​គឺ​ជម្រើស « សុខភាព​ល្អ » និង « សុខភាព​មិន​ល្អ » ។ សិស្ស​អាច​ប្រើ​ចម្លើយ​ទាំងនេះ​នៅលើ​ក្ដារខៀន ឬ​ចម្លើយ​ផ្សេងទៀត​ដែល​ពួកគេ​នឹកឃើញ​ដោយ​ខ្លួនឯង ដើម្បី​បំពេញ​តារាង​នៅ​ក្នុង​សកម្មភាព​បន្ទាប់

សូម​បង្កើត​តារាង​ដូច​ខាង​ក្រោម​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។ កត់ត្រា​សកម្មភាព​ដែលល្អ និង​មិនល្អ​នៅ​ក្នុង​ប្រអប់​បី​ដំបូង ដែល​បាន​ជះឥទ្ធិពល​ដល់​អារម្មណ៍​របស់​អ្នក​អំឡុង​សប្តាហ៍​ចុងក្រោយ​នេះ ។ នៅពេល​អ្នក​សិក្សា សូម​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​អ្នក​ស្គាល់​ពី​របៀប​​ដែល​អ្នក​អាច​កែលម្អ​របៀប​ដែល​អ្នក​មើលថែ​រូបកាយ​របស់អ្នក ហើយ​កត់ត្រា​របៀប​ទាំងនោះ​នៅក្នុង​ប្រអប់ទី ៤ ។

១. ជម្រើស​ដែល​ខ្ញុំ​មិន​បាន​ធ្វើ

២. ជម្រើស​ដែល​ខ្ញុំ​បាន​ធ្វើ​ពីរបី​ដង

៣. ជម្រើស​ដែល​ខ្ញុំ​ធ្វើ​ជា​ញឹកញាប់

៤. ជម្រើស​ដែល​ខ្ញុំ​អាច​ធ្វើ​បាន

ការ​មើលថែ​រាងកាយ​របស់​យើង​នាំមក​នូវ​ពរជ័យ

ស្រមៃថា​អ្នក​កំពុង​និយាយ​ជាមួយ​ម៉ាយ៉ា ដែល​ចែកចាយ​ថា « ខ្ញុំ​សង្ឃឹមថា ខ្ញុំ​ឈប់​មាន​អារម្មណ៍​នឿយហត់ និង​បាក់ទឹកចិត្ត​គ្រប់​ពេលវេលា​ទៀត » ។ អ្នក​មើលឃើញ​ថា ម៉ាយ៉ា​មិន​ដឹង​ថា​ជម្រើស​ដែល​នាង​កំពុង​ធ្វើ​បាន​ជះឥទ្ធិពល​បែបណា​ដល់​នាង​នោះទេ ។

រៀបចំ​ការឆ្លើយតប​ដែល​រួមបញ្ចូល​នូវ​បទគម្ពីរ និង​ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ដែល​អាច​ជួយ​នរណា​ម្នាក់​ដូច​ជា​ម៉ាយ៉ា​ឲ្យ​យល់​ពី ៖

  • របៀប​ដែល​ជម្រើស​របស់នាង​ជះឥទ្ធិពល​ដល់​ខាង​រូបកាយ និង​ខាង​សតិ​អារម្មណ៍​របស់​នាង ។

  • មូលហេតុ​ដែល​ព្រះ​យក​ព្រះទ័យ​ទុកដាក់​ពី​របៀប​ដែល​យើង​ថែទាំ​រាងកាយ​របស់យើង ។

  • ពរជ័យ​ដែល​ព្រះ​បានសន្យា​ដល់​អស់អ្នក​ដែល​ថែរក្សា​រាងកាយ​របស់​ពួកគេ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា អ្នក​អាច​ដាក់​សិស្ស​ជា​ក្រុមតូចៗ ហើយ​ចែក​សំណៅ​មេរៀន « ការថែទាំ​រាងកាយ​របស់​យើង » ដើម្បី​ជួយ​សិស្ស​រៀបចំ​ការឆ្លើយតប​របស់​ពួកគេ​សម្រាប់​ម៉ាយ៉ា ។ ផ្នែក​ខាងក្រោម​នៃ​សំណៅ​មេរៀន​រួមមាន​តារាង​ដែល​អាច​ជួយ​សិស្ស​រៀបចំ​ការឆ្លើយតប​របស់​ពួកគេ​តាម​ប្រធានបទ ។

ធនធាន​បន្ថែម​ទាំងឡាយ​សម្រាប់​ប្រភេទ​នីមួយៗ​អាច​រក​បាន​នៅក្នុង​ផ្នែក សកម្មភាព​រៀនសូត្រ​បន្ថែម ។

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​របៀប​ដែល​វា​អាច​ជួយ​ដល់​នរណា​ម្នាក់​ដូចជា​ម៉ាយ៉ា ។

ព្រះអង្គសង្គ្រោះ​នឹង​ជួយ​យើង​ធ្វើការ​ជ្រើសរើស​ដែល​វិជ្ជមាន

សេចក្តីពិត​មួយ​ក្នុង​ចំណោម​សេចក្តីពិត​ដែល​សិស្ស​អាច​រកឃើញ​ពី​សំណៅ​មេរៀន​នោះ អាច​រួមមាន ដោយសារ​រូបកាយ​របស់​យើង​ជា​អំណោយទាន​ពី​ព្រះ ទ្រង់​រំពឹង​ថា​យើង​យក​ចិត្ត​ទុកដាក់​ចំពោះ​វា ។

ដើម្បី​ជួយ​សិស្ស​គិត​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​ពួកគេ​មើលថែ​រូបកាយ​របស់​ពួកគេ សូម​ពិភាក្សា​អំពី​សំណួរ​មួយ​ដូច​ខាងក្រោម ៖

  • តើ​អ្នក​បាន​ឃើញ​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​ដែល​ខិតខំ​មើលថែ​រូបកាយ​របស់​ពួកគេ​យ៉ាង​ដូចម្ដេច​ខ្លះ ?

  • តើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​យើង​ធ្វើ​ការ​ជ្រើសរើស​កាន់តែ​ប្រសើរ​ដើម្បី​មើលថែ​រូបកាយ​យើង​ដោយ​របៀបណា ទោះបី​ជា​យើង​មិន​មាន​អារម្មណ៍​ដូច​នោះ​ក្ដី ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​បន្ថែម​ទៅលើ​ផ្នែក​ទី ៤ នៃ​តារាង​ជម្រើស​ដែល​មាន​សុខភាព​ល្អ នៅដើម​មេរៀន ។

មើល​តារាង​ដែល​អ្នក​បាន​បង្កើត​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ បន្ថែម​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម ៖

  • ចេញពី​អ្វី​ដែល​អ្នក​បាន​សិក្សា តើ​ជម្រើស​មួយ​ណា​ដែល​អ្នក​អាច​កែសម្រួល​ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ខាង​រាងកាយ និង​ខាង​សតិអារម្មណ៍​របស់អ្នក​បាន​ប្រសើរឡើង ?

  • តើ​អ្នក​នឹង​ឲ្យ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ចូលរួម​ក្នុង​ការខិតខំ​របស់​អ្នក​ដោយ​របៀបណា ?

អ្នក​អាច​បញ្ចប់​​ដោយ​ថ្លែង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះវរបិតាសួគ៌ ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ទ្រង់ និង​ពរជ័យ​ដែល​អ្នក​បាន​ឃើញ​ពី​ការព្យាយាម​ធ្វើ​ការជ្រើសរើស​ដែល​មាន​ភាពវិជ្ជមាន ។