ថ្នាក់​សិក្ខាសាលា
ការ​ស្ថាបនា​គន្លង​នៃ​ការ​គិត​ដែល​មាន​ភាពវិជ្ជមាន ៖ « ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់ »


« ការ​ស្ថាបនា​គន្លង​នៃ​ការ​គិត​ដែល​មាន​ភាពវិជ្ជមាន ៖ ‹ ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការ​ស្ថាបនា​គន្លង​នៃ​ការ​គិត​ដែល​មាន​ភាពវិជ្ជមាន ៖ ‹ ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា

សុខភាព​ខាង​រាងកាយ និង​ខាង​សតិ​អារម្មណ៍ ៖ មេរៀនទី ១៨៣

ការ​ស្ថាបនា​គន្លង​នៃ​ការ​គិត​ដែល​មាន​ភាពវិជ្ជមាន

« ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់ »

Young woman sitting looking off into the distance

ការ​គិត​របស់​យើង​អាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​យើង និង​ជម្រើស​ដែល​យើង​ធ្វើ​ជា​រៀងរាល់​ថ្ងៃ ។ ការគិត​ខ្លះ​ជួយ​យើង​ធ្វើការ​សម្រេច​ចិត្ត​បាន​ល្អ ខណៈពេល​ដែល​ការគិត​ផ្សេងទៀត​អាច​ជះឥទ្ធិពល​យ៉ាង​អវិជ្ជមាន​ដល់​អារម្មណ៍ និង​សកម្មភាព​របស់​យើង ។ ដូច​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ជ្រាបដឹង និង​យល់​ពី​ការគិត​របស់​យើង ( ទំនុកដំកើង ១៣៩:១–២ ) ការផ្តោតលើ​ទ្រង់​ទាំងទ្វេ​អាច​ជួយ​យើង​បង្កើត​គន្លង​នៃ​ការគិត​ដែល​មាន​ភាពវិជ្ជមាន ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មើលទៅ​កាន់ព្រះអង្គសង្គ្រោះ នៅពេល​ពួកគេ​ស្ថាបនា​គន្លង​នៃ​ការគិត​ដែល​មាន​ភាពវិជ្ជមាន ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​យក​ចិត្ត​ទុកដាក់​ចំពោះ​គំនិត​ដែល​ពួកគេ​មាន​ពេញ​មួយ​ថ្ងៃ ។ ពួកគេ​ថែម​ទាំង​អាច​គិតពិចារណា​ពី​របៀប​ដែល​គំនិត​ទាំងនោះ​ធ្វើ​ឲ្យ​ពួកគេ​ទទួល​អារម្មណ៍ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ឥទ្ធិពល​នៃ​ការ​គិត​របស់​យើង

អ្នក​អាច​ចាប់ផ្តើម​ថ្នាក់​ដោយ​ទុក​ពេល​ឲ្យ​សិស្ស​៣០​វិនាទី​ដើម្បី​សរសេរ​ការគិត​មួយចំនួន​ដែល​ពួកគេ​មាន​កាលពី​ម្សិលមិញ ឬ​ថ្ងៃ​នេះ ។

សូម​ពិចារណា​បង្ហាញ​រូបភាព​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ។ អ្នក​អាច​ពន្យល់​ថា ដ្យាក្រាម​នេះ​អាច​តំណាង​ឲ្យ​ឥទ្ធិពល​ដែល​គន្លង​នៃ​ការគិត​របស់​យើង​អាច​មាន​ចំពោះ​សកម្មភាព និង​ការ​រីកចម្រើន​របស់​យើង ។ ប្រសិនបើ​យើង​មិន​គ្រប់គ្រង​ការគិត​ទាំងនោះ​តាម​របៀប​ដែល​មាន​ភាពវិជ្ជមាន​ទេ នោះ​គន្លង​នៃ​ការ​គិត​ដែល​ឥត​ប្រយោជន៍​អាច​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ជាប់គាំង ។ ពេលខ្លះ​យើង​អាច​សន្មត​ថា​សមត្ថភាព​របស់​យើង​ក្នុង​ការ​សម្រេចចិត្ត និង​ធ្វើ​សកម្មភាព​មាន​ដែល​កំណត់ ។ នៅពេល​ដែល​យើង​ផ្តោត​លើ​ការគិត​ទាំងនេះ វា​អាច​បណ្តាល​ឲ្យ​យើង​មាន​អារម្មណ៍​មិនល្អ​ចំពោះ​ខ្លួនឯង និង​អ្នកដទៃ ។ គន្លង​នៃ​ការគិត​ដែល​មានប្រយោជន៍​ជួយ​យើង​ឆ្ពោះ​ទៅ​មុខ ។ ការគិត​ទាំងនោះ​ជួយ​យើង​ឲ្យ​ស្គាល់​សមត្ថភាព​របស់​យើង​ក្នុង​ការ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

Thoughts
  • តើ​ការគិត​បែប​ណា​ខ្លះ​ដែល​អាច​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ជាប់​គាំង ( រណ្តៅ ) ? តើ​ការគិត​បែប​ណា​ខ្លះ​ដែល​ជួយ​យើង​ឲ្យ​ឆ្ពោះ​ទៅ​មុខ ( ផ្លូវ ) ?

    សិស្ស​អាច​លើកឡើង​អំពី​ការគិត​ដូចជា « អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​ខឹង » អាច​បណ្តាល​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ជាប់គាំង ។ ការគិត​ថា « ខ្ញុំ​អាច​ព្យាយាម​ម្តងទៀត » អាច​ជួយ​ពួកគេ​ឆ្ពោះ​ទៅ​មុខ ។

  • តើ​មាន​ការ​សម្រេចចិត្ត​អ្វីខ្លះ ដែល​មនុស្ស​ម្នាក់​អាច​ធ្វើ​ដោយ​ផ្អែក​លើ​ការគិត​មិន​ត្រឹមត្រូវ ឬ​មិនមាន​ប្រយោជន៍ ?

សូម​ចំណាយពេល​បន្តិច​ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​របៀប​ដែល​អ្នក​បាន​ឃើញ​ការគិត​របស់​អ្នក​បាន​ជះ​ឥទ្ធិពល​លើ​សកម្មភាព​ដែល​អ្នក​ធ្វើ ។ នៅពេល​អ្នក​សិក្សា ចូរ​ស្វែងរក​ការបំផុសគំនិត ដើម្បី​ដឹង​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​យក​ឈ្នះ​លើ​គន្លង​នៃ​ការគិត​អវិជ្ជមាន​ទាំង​នេះ ។

ការផ្តោត​ចិត្ត​របស់​យើង​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ

នៅពេល​យើង​ខិតខំ​ដើម្បី​គ្រប់គ្រង​គន្លង​នៃ​ការគិត​ដែល​ឥត​ប្រយោជន៍ ឬ​មិន​ត្រឹមត្រូវ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការផ្ដោត​គំនិត​របស់​យើង​ឡើងវិញ​ទៅ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ឃើញ​ពី​របៀប​ដែល​ព្រះអម្ចាស់​សន្យាថា​នឹង​ប្រទានពរ​ដល់​យើង នៅពេល​យើង​ផ្តោត​លើ​ទ្រង់ សូម​ពិចារណា​បង្ហាញ​វគ្គ​បទគម្ពីរ​ខាងក្រោម ។ អ្នក​អាច​ដាក់​សិស្ស​ជាក្រុម​ដែល​មានគ្នា​បី​នាក់ ហើយ​ឲ្យ​សិស្ស​ម្នាក់ៗ​សិក្សា​វគ្គបទគម្ពីរ​មួយ ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

អេសាយ ២៦:៣–៤

យ៉ាកុប ៣:១–២

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦:២៣, ៣៦–៣៧

  • តើ​ពរជ័យ​អ្វីខ្លះ​ដែល​យើង​អាច​ទទួល​បាន នៅពេល​យើង​ផ្ដោត​ចិត្ត ( ការគិត ) របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ?

    អ្នក​អាច​សរសេរ​គោលការណ៍​ដូច​ខាងក្រោម​នៅលើ​ក្តារខៀន ៖ នៅពេល​យើង​ផ្តោត​ចិត្ត​របស់យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ទ្រង់​នឹង​ផ្តល់​ឲ្យ​យើង​នូវ​ភាពសុខសាន្ត និង​កម្លាំង ។

    ដើម្បី​បង្កើន​ទំនុកចិត្ត​របស់​សិស្ស​ថា ព្រះអង្គសង្គ្រោះ​នឹង​ជួយ​ពួកគេ​ផ្តោត​លើ​ទ្រង់ អ្នក​អាច​បង្ហាញ​វីដេអូ « Filling Our Minds with the Power of Jesus Christ » ( ២:០៧ ) ជំនួស​ឲ្យ​សេចក្តីថ្លែងការណ៍​របស់ អែលឌើរ អាន់ឌើរសិន ខាងក្រោម ។

    2:7
  • តើ​អ្នក​គិត​ថា ការផ្ដោត​ចិត្ត​របស់​យើង​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​ផ្ដល់​ឲ្យ​យើង​នូវ​ភាពសុខសាន្ត​ និង​កម្លាំង​ដោយ​របៀបណា ?

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​យើង​ពី​របៀប​ដែល​យើង​អាច​ផ្ដោត​ចិត្ត​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ។

13:26
Former Official portrait of Elder Neil L. Andersen of the Quorum of the Twelve Apostles, 2010, August.   Replaced September 2019.

ការបំពេញ​គំនិត​របស់​យើង​នូវ​ព្រះចេស្តា​របស់​ព្រះយេស៊ូវគ្រីស្ទ ពុំ​មាន​ន័យ​ថា ទ្រង់​ជា​គំនិត​តែ​មួយ​គត់ដែល​យើង​មាន​នោះ​ទេ ។ ប៉ុន្តែ វា​មាន​ន័យ​ថា គំនិត​ទាំងអស់​របស់​យើង​ត្រូវ​បាន​ហ៊ុមព័ទ្ធ នៅក្នុង​សេចក្ដី​ស្រឡាញ់ ព្រះជន្ម និង​ការបង្រៀន​របស់​ទ្រង់ ព្រមទាំង​ពលិកម្ម​ដ៏​ធួន និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដ៏​រុងរឿង​របស់​ទ្រង់ ។ ព្រះយេស៊ូវ​មិន​ត្រូវ​បាន​បំភ្លេច​ចោល​នោះ​ទេ ព្រោះ​គំនិត​របស់​យើង​មាន​វត្តមាន​ទ្រង់​ជានិច្ច ហើយ « សូម​ឲ្យ [ យើង​បាន​សព្វ​ព្រះទ័យ ] ! » យើង​អធិស្ឋាន និង​ថ្លែង​ឡើង​វិញ​នៅក្នុង​ចិត្ត​អំពី​បទពិសោធន៍ ដែល​បាន​នាំ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ទ្រង់ ។ យើង​ស្វាគមន៍​រូបភាព​ដ៏​ទេវភាព ព្រះគម្ពីរ​ដ៏​បរិសុទ្ធ និង​ទំនុកតម្កើង​ដ៏​បំផុស​គំនិត​មក​ក្នុង​ចិត្ត​យើង ដើម្បី​សម្រាល​គំនិត​តានតឹង​រាប់​មិន​អស់​ប្រចាំ​ថ្ងៃ ក្នុង​ជីវិត​ដ៏​មមាញឹក​របស់​យើង ។ សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ពុំ​អាច​រារាំង​យើង​ពី​ភាព​សោកសៅ និង​ទុក្ខព្រួយ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​បាន​ទេ ប៉ុន្តែ​សេចក្ដីស្រឡាញ់​នេះ​អនុញ្ញាត​ឲ្យ​យើង ហែល​ឆ្លង​កាត់​ឧបសគ្គ​នានា​ដោយ​កម្លាំង​មួយដែលលើស​ពី​សមត្ថភាព​យើង​ផ្ទាល់ ។ ( « ចិត្ត​ខ្ញុំ​នឹក​គិត​ទៅលើ​រឿង​នេះ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ៩២ ) ( នាទី​ទី ៣:៥០​ដល់ ៥:០២ )

  • តើ​ការណែនាំ​ណា​ខ្លះ​ពី​អែលឌើរ អាន់ឌើរសិន ដែល​អ្នក​ចាប់អារម្មណ៍ ?

  • តើ​រូបភាព ព្រះគម្ពីរ ឬ​តន្ត្រី​ពិសិដ្ឋ​បាន​ជួយ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ឲ្យ​ផ្ដោត​លើ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

អនុវត្ត​ឆ្លើយតប​ទៅនឹង​គំនិត​ដែល​គ្មាន​ប្រយោជន៍

ជំហាន​ខាងក្រោម​អាច​ជួយ​យើង​យក​ឈ្នះ​លើ​គន្លង​នៃ​ការគិត​អវិជ្ជមាន ។ សូម​ពិចារណា​សរសេរ​ជំហាន​ទាំងនោះ​នៅលើ​ក្តារខៀន ។

នៅពេល​ដែល​យើង​មាន​ការគិត​ដែល​ឥត​ប្រយោជន៍ យើង​អាច ៖

  1. ស្គាល់ នូវ​គំនិត​នោះ​នៅពេល​វា​កើតមាន​ឡើង និង​អារម្មណ៍​ដែល​ជា​លទ្ធផល​មកពី​ការគិត​នោះ ។

  2. រៀបចំ ការគិត​របស់​យើង​ឡើងវិញ ។

  3. ឆ្ពោះ​ទៅមុខ ដោយ​សេចក្ដី​ជំនឿលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

១. ស្គាល់ ។ សាច់រឿង​ខាង​ក្រោម​នេះ​អាច​ជួយ​សិស្ស​ឲ្យ ស្គាល់ នូវ​ការគិត​ដែល​គ្មាន​ប្រយោជន៍​មួយ​ចំនួន​ដែល​មនុស្ស​ម្នាក់​អាច​មាន​ពេញ​មួយថ្ងៃ ។ កែសម្រួល​សាច់រឿង​ឲ្យ​ត្រូវ​នឹង​ស្ថានភាព​ដែល​សិស្ស​របស់​អ្នក​អាច​ជួប ។

អំឡុង​ថ្នាក់​គណិតវិទ្យា តូនី​ពិបាក​យល់​ពី​គោល​គំនិត​ដែល​សិស្ស​ដទៃ​ទៀត​ងាយ​យល់ ។

នៅពេល​ដែល តូនី ត្រឡប់​មក​ពី​សាលារៀន​វិញ ឪពុកម្តាយ​របស់​គាត់​បាន​គំរាម​ដក​ទូរសព្ទ​របស់​គាត់ ប្រសិនបើ​គាត់​មិន​សម្អាត​បន្ទប់​របស់​គាត់ ។

នៅ​យប់​នោះ តូនី​បាន​ដឹង​ថា​មិត្ត​របស់​គាត់​ភាគ​ច្រើន​កំពុង​ទៅ​ពិធី​ជប់លៀង​ដែល​គេ​មិន​បាន​អញ្ជើញ​គាត់​ទៅ ។

  • តើ​តូនី​អាច​មាន​ការគិត​អ្វី​ខ្លះ​ពេញ​មួយ​ថ្ងៃ ?

    នេះ​ជា​របៀប​ដែល​សិស្ស​អាច​ឆ្លើយតប​បាន ។ ក្នុង​វង់ក្រចក​គឺជា​ស្លាក​នៃ​គន្លង​នៃ​ការគិត​មិន​ត្រឹមត្រូវ​ទូទៅ ។ អ្នក​អាច​ស្វែងយល់​បន្ថែម​អំពី​ការគិត​ទាំងនោះ​នៅក្នុង Finding Strength in the Lord: Emotional Resilience « Healthy Thinking Patterns: Learn ។ »

    • « ខ្ញុំ​មិន​ពូកែ​គណិតវិទ្យា​ទេ ។ មនុស្ស​គ្រប់គ្នា​ឆ្លាត​ជាង​ខ្ញុំ » ។ ( ការដាក់​ស្លាក​ខុស )

    • « ឪពុក​ម្តាយ​របស់​ខ្ញុំ​មិន​ដែល​ប្រាប់​ខ្ញុំ​ពី​អ្វី​ដែល​ខ្ញុំ​ធ្វើ​ត្រូវ​នោះ​ទេ ពួកគាត់​តែងតែ​ប្រាប់​ខ្ញុំ​ពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ឲ្យ​ល្អជាង » ។ ( ទាំងអស់ ឬ​គ្មាន​អ្វី​ទាំងអស់ )

    • « មិត្តភក្ដិ​ខ្ញុំ​មិន​ចូលចិត្ត​ខ្ញុំ​ទេ » ។ ( ចូល​ទៅ​ការសន្និដ្ឋាន )

    • « មិន​មាន​អ្វី​ល្អ​កើតឡើង​នៅ​ថ្ងៃនេះ​ទេ ។ វា​ជា​ការ​បរាជ័យ​ហើយ​បរាជ័យ​ទៀត » ។ ( តម្រង​ផ្លូវចិត្ដ​អវិជ្ជមាន​ មិន​ជឿ​លើ​ភាព​វិជ្ជមាន )

  • តើ​អារម្មណ៍​មួយណា​ដែល តូនី​អាច​ដក​ពិសោធន៍​ជាមួយ​នឹង​ការគិត​ទាំងនេះ ?

  • តើ​មាន​វិធី​មិនមាន​ប្រយោជន៍​អ្វី​ខ្លះ ដែល​តូនី​អាច​នឹង​ត្រូវ​បាន​ល្បួង​ឲ្យ​ធ្វើ​តាម​អារម្មណ៍​ទាំង​នេះ ?

២. រៀបចំ​ការគិត​របស់​យើង​ឡើងវិញ ។ សូម​ពិចារណា​អាន អេសាយ ៥៥:៨–៩ ហើយ​ពិភាក្សា​អំពី​របៀប​ដែល​ការគិត​របស់​ព្រះអម្ចាស់​ខ្ពស់​ជាង​ការគិត​របស់​យើង ។ ការ​រៀបចំ​ការ​គិត​របស់​យើង​ឡើងវិញ​អាច​ជួយ​យើង​លើក​គំនិត​របស់​យើង​ឡើង​ឲ្យ​កាន់​តែ​ដូច​ព្រះអម្ចាស់ ។ សូម​ពិចារណា​បង្ហាញ​ចំណុច​ខាងក្រោម​នេះ​ដល់​សិស្ស ៖

កំណត់​និយមន័យ

ការរៀបចំ​គំនិត​របស់​យើង​ឡើងវិញ មាន​ន័យ​ថា នៅពេល​ដែល​គំនិត​ដែល​គ្មាន​ប្រយោជន៍​កើត​ឡើង យើង​វាយ​តម្លៃ​គំនិត​នោះ​ចេញពី​ទស្សនៈ​ផ្សេង​មួយទៀត ។ យើង​អាច​ធ្វើ​ដូចនេះ​បាន​ដោយ​សួរ​សំណួរ​ដូចជា ៖

  • តើ​គំនិត​នេះ​ត្រឹមត្រូវ​ទេ ?

  • តើ​វា​មាន​ប្រយោជន៍​ទេ ?

  • តើ​ការគិត​អំពី​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង​ការបង្រៀន​របស់​ទ្រង់ទាំងទ្វេ​អាច​ជួយ​ខ្ញុំ​ជាមួយ​នឹង​គំនិត​នេះ​យ៉ាងដូចម្ដេច ?

អ្នក​អាច​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន​ដើម្បី​ឲ្យ​សិស្ស​ប្រើ នៅពេល​ពួកគេ​ជួយ​តូនី ។

គំរូ

សម្តែង​ថា​អ្នក​ជា​តូនី ហើយ​អ្នក​មាន​គំនិត​ថា « ខ្ញុំ​មិន​ពូកែ​គណិតវិទ្យា​ទេ » ។

ជួយ​តូនី​រៀបចំ​គំនិត​នេះ​ឡើងវិញ​ដោយ​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​គំនិត​នេះ​ត្រឹមត្រូវ​ទេ ?

  • តើ​វា​មាន​ប្រយោជន៍​ទេ ?

  • តើ​ការគិត​អំពី​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង​ការបង្រៀន​របស់​ទ្រង់ទាំងទ្វេ​អាច​ជួយ​ខ្ញុំ​ជាមួយ​នឹង​គំនិត​នេះ​យ៉ាងដូចម្ដេច ?

អ្នក​អាច​រៀបចំ​ការគិត​របស់​តូនី​ឡើងវិញ​ជាមួយ​នឹង​អ្វីមួយ​ដូចជា ៖ « គំនិត​នេះ​មិន​មាន​ប្រយោជន៍​ទេ ( ទោះបីជា​ឥឡូវនេះ​វា​ត្រឹមត្រូវ​ក៏ដោយ ) ។ ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​បាន​សន្យា​ថា​នឹង​ឆ្លើយតប​ការអធិស្ឋាន​របស់​ខ្ញុំ ។ ខ្ញុំ​អាច​អធិស្ឋាន​ទូលសុំ​ជំនួយ​របស់​ទ្រង់ ។ គ្រូ​របស់​ខ្ញុំ​នឹង​ជួយ​ខ្ញុំ ហើយ​ខ្ញុំ​អាច​ខិតខំ​បន្ថែម​បាន » ។

  • តើ​មាន​វិធី​អ្វី​ខ្លះ​ទៀត ដែល តូនី​អាច​រៀបចំ​ការគិត​របស់​គាត់​ឡើងវិញ ? តើ​គាត់​អាច​ធ្វើ​អ្វី​ដើម្បី​ឆ្ពោះ​ទៅ​មុខ​ដោយ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ ?

អនុវត្ត

ជ្រើសរើស​គំនិត​មួយ​ក្នុង​ចំណោម​គំនិត​ទាំងអស់​របស់​តូនី ដើម្បី​អនុវត្ត​ជំនាញ​នៃ​ការរៀបចំ​ឡើងវិញ​ដោយ​ការឆ្លើយតប​ទៅនឹង​សំណួរ ។

អនុវត្ត​គន្លង​នៃ​ការគិត​ដែល​មាន​ភាពវិជ្ជមាន

សូម​បង្ហាញ​រូបភាព​ដូច​ខាង​ក្រោម ។ សិស្ស​ក៏​អាច​គូរ​រូប​នេះ​ដាក់ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​ផងដែរ ។ សូម​ពន្យល់​ថា ជណ្ដើរ​អាច​តំណាង​ឲ្យ​វិធី​ដែល​ព្រះអង្គ​សង្គ្រោះ​ជួយ​យើង​ឲ្យ​ផ្ដោត​លើ​ទ្រង់ រៀបចំ​គន្លង​នៃ​ការគិត​របស់​យើង​ឡើង​វិញ ហើយ​ឆ្ពោះ​ទៅ​មុខ ។

Healthy Thinking Patterns
  1. ស្គាល់ ។ សរសេរ​គំនិត​អវិជ្ជមាន ឬ​គ្មាន​ប្រយោជន៍​ដែល​អ្នក​ធ្លាប់​មាន ឬ​អាច​មាន​នាពេល​អនាគត​នៅក្នុង​រូប​ពពុះ​គំនិត​នៅ​ក្នុង​រណ្តៅ ។ កំណត់​អារម្មណ៍​ណា​មួយ​ដែល​អាច​មាន​មកជាមួយ​នឹង​គំនិត​នោះ ។

  2. រៀបចំ ការគិត​របស់​អ្នក​ឡើងវិញ ។ សួរ​ខ្លួន​ឯង​នូវ​សំណួរ​ខាងក្រោម ដើម្បី​ជួយ​អ្នក​រៀបចំ​ការគិត​នោះ​ឡើងវិញ ។ អ្នក​អាច​សរសេរ​ចម្លើយ​នៅ​ជាប់​នឹង​ជណ្ដើរ ។

    • តើ​គំនិត​នេះ​ត្រឹមត្រូវ​ទេ ? តើ​វា​មាន​ប្រយោជន៍​ទេ ?

    • តើ​ការផ្ដោតលើ​ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និង​ការបង្រៀន​របស់​ទ្រង់​ទាំងទ្វេ​អាច​ជួយ​ខ្ញុំ​ជាមួយ​នឹង​គំនិត​នេះ​យ៉ាងដូចម្ដេច

  3. ឆ្ពោះ​ទៅមុខ ដោយ​សេចក្ដី​ជំនឿលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សរសេរ​គំនិត​ថ្មី​មួយ​ដែល​នឹង​ជួយ​អ្នក​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​រូប​ពពុះ​គំនិត​នៅ​ខាង​ក្រៅ​រណ្តៅ ។ សរសេរ​បទគម្ពីរ ឬ​ទំនុកតម្កើង ស្វែងរក​រូបភាព ឬ​រាយ​បញ្ជី​វិធី​ផ្សេង​ទៀត​ដែល​អ្នក​អាច​រក្សា​ការផ្តោត​អារម្មណ៍​របស់​អ្នក​លើ​ព្រះគ្រីស្ទ ( អេសាយ ២៦:៣–៤; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦:៣៦ ) ដើម្បី​គ្រប់គ្រង​គំនិត​នោះ ។

បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ចាប់អារម្មណ៍​បំផុត​ពី​មេរៀន​នោះ ។

សូម​រំឭក​សិស្ស​ថា ការបង្កើត​គន្លង​នៃ​ការគិត​ដែល​មាន​ភាពវិជ្ជមាន​ជា​ញឹកញាប់​ត្រូវការ​ការខិតខំ​ម្តងហើយ​ម្តងទៀត ហើយ​ព្រះអង្គសង្គ្រោះ​នឹង​ជួយ​ពួកគេ ។ អ្នក​អាច​បញ្ចប់​ថ្នាក់​ដោយ​ការអាន អេសាយ ២៦:៣–៤ ដើម្បី​រំឭក​ពួកគេ​អំពី​ពរជ័យ​ដែល​ព្រះយេស៊ូវគ្រីស្ទ​នឹង​នាំមក​ក្នុង​ជីវិត​ពួកគេ នៅពេល​ពួកគេ​ខិតខំ​ផ្តោត​ចិត្ត​របស់​ពួកគេ​ទៅ​លើ​ទ្រង់ ។