សូមស្វាគមន៍មកកាន់ច្បាប់នេះ
ដើមដំបូង និងព្រះគម្ពីរសញ្ញាចាស់
ព្រះគ្រីស្ទ និងការបង្កបង្កើត ដោយ រ៉ូប៊ឺត ធី បារ៉ែត
វាគឺជាដើមឆ្នាំថ្មី ដែលមើលទៅហាក់ដូចជាពេលសមរម្យដ៏ពិសេសមួយ ដើម្បីគិតអំពីដើមដំបូង ។
នៅឆ្នាំនេះ ព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរមុក្តាដ៏មានតម្លៃមហិមា នឹងនាំយើងទៅមើលដើមដំបូងដ៏សំខាន់ និងពិសេសៗយ៉ាងខ្លាំងមួយចំនួនដែលមនុស្សលោកបានស្គាល់ ។
យើងអាចស្គាល់ព្រះយេស៊ូវគ្រីស្ទបានកាន់តែច្បាស់ ដែលទ្រង់បានគង់ជាមួយព្រះវរបិតា « នៅដើមដំបូង » ( អ័ប្រាហាំ ៤:១ ) ។ យើងអាចអានអំពីការបង្កបង្កើតនៃពិភពលោកនេះ និងដើមដំបូងនៃជីវិតរមែងស្លាប់ ។ យើងអាចរៀនអំពីដើមដំបូងនៃការប្រែចិត្ត ក្រុមគ្រួសារ ព្រះបញ្ញត្តិទាំងឡាយ និងការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធនៅលើផែនដីនេះ ។ យើងអាចសិក្សាអំពីដើមដំបូងនៃសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ដែលបន្ដដុសខាត់ជីវិតរបស់យើងនៅសព្វថ្ងៃនេះ ។
ហើយប្រសិនបើយើងមិនទាន់ស្រឡាញ់ព្រះគម្ពីរសញ្ញាចាស់នៅឡើយទេនោះ ថ្ងៃនេះអាចជាថ្ងៃដំបូងដែលយើងចាប់ផ្ដើមរដូវកាលថ្មីនៃការសិក្សា និងការស្វែងយល់ ។ នៅទំព័រ ២០ ខ្ញុំសូមចែកចាយសេចក្ដីពិតមួយចំនួន ដែលបានជួយខ្ញុំឲ្យមានចិត្តកាន់តែរំភើបខ្លាំងអំពីព្រះគម្ពីរនេះ ហើយរៀនពីការបង្រៀនទាំងឡាយដោយថាមពល និងគោលបំណងថ្មី ។ នៅទំព័រ ២៦ ប្រធាន ម៉ាក អិល ភែក ដែលជាប្រធានសាលាថ្ងៃអាទិត្យទូទៅ រៀបរាប់ពីពរជ័យដ៏មានអានុភាពដែលយើងអាចទទួលបាន ប្រសិនបើយើងស្ម័គ្រចិត្តអាន « ដោយមានមនសិការ និងប្រកបដោយការអធិស្ឋាន » ។
អ្វីដែលសំខាន់បំផុត សូមចងចាំថា ពេលវេលាពេញមួយជីវិតនៃការចាប់ផ្ដើមថ្មីអាចកើតឡើងបាន ដោយសារតែព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងអត្ថបទរបស់អែលឌើរ ឃ្វីនថិន អិល ឃុក នៅទំព័រ ៦ លោកថ្លែងទីបន្ទាល់ថា « អ្វីទាំងអស់នឹងមិនដែលបាត់បង់ឡើយ » ដោយសារព្រះអង្គសង្គ្រោះរបស់យើងនៅរង់ចាំយើងដោយព្រះហស្ដលាតសន្ធឹង ។ តាមរយៈព្រះគុណរបស់ទ្រង់ យើងអាចបន្ដនៅលើដំណើរខាងវិញ្ញាណ ដែលបុព្វការីជនពីបុរាណរបស់យើងបានចាប់ផ្ដើមជាច្រើនឆ្នាំកន្លងទៅហើយ ។
ខ្ញុំសង្ឃឹមថា ឆ្នាំនេះគឺពេញទៅដោយដើមដំបូងដ៏អស្ចារ្យសម្រាប់ពួកយើងម្នាក់ៗ !
ម៉ារីស្សា វីដឌីសុន
ជំនួយការនិពន្ធនាយកនៃកម្មវិធីការរស់នៅតាមដំណឹងល្អ
« យើងជាដើម និងជាចុង ជាព្រះដ៏មានមហិទ្ធិឫទ្ធិ ដោយសារព្រះរាជបុត្រាបង្កើតតែមួយរបស់យើង ទើបយើងបានបង្កើតរបស់ទាំងនេះមក មែនហើយ គឺនៅដើមដំបូងឡើយ យើងបានបង្កើតផ្ទៃមេឃ និងផែនដីដែលអ្នកឈរលើ » ។
ព្រះយេហូវ៉ាបង្កើតផែនដី មកពី អេតដូប៊ី ស្តុក