២០២២
ការប្រែជា​មាន​ភាពធន់​ខាង​សតិអារម្មណ៍
ខែ មករា/ខែ កុម្ភៈ ឆ្នាំ ២០២២


យុវមជ្ឈិមវ័យ

ការប្រែជា​មាន ភាពធន់​ខាង​សតិអារម្មណ៍

អ្នកនិពន្ធ​រស់នៅ​ទីក្រុង សិវិល ប្រទេស​អេស្ប៉ាញ ។

ខ្ញុំ​មិន​ធ្លាប់​មាន​ជំងឺ​ថប់បារម្ភ​ពីមុន​មក​ទេ រហូតដល់​ខ្ញុំ​ត្រឡប់​មកផ្ទះ​ពី​បេសកកម្ម​របស់​ខ្ញុំ ដូច្នេះ ខ្ញុំ​មិន​ដឹង​ពី​របៀប​បន្ដ​ទៅមុខ​យ៉ាង​ម៉េច​នោះទេ ។

smiling young woman

រូបថត​បាន​បង្ហោះ​ដោយ​តារា​ម៉ូដែល

ជីវិត​បាន​ដើរ​តាម​ផែនការ ។

ខ្ញុំ​ហៀប​នឹង​បញ្ចប់​បេសកកម្ម​របស់​ខ្ញុំ ។ អំឡុងពេល ១៨ ខែ​មុន ទីបន្ទាល់​របស់​ខ្ញុំ​បាន​រឹងមាំ ហើយ​ចក្ខុវិស័យ​របស់​ខ្ញុំ​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​បាន​ពង្រីក ។ ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ជិតស្និទ្ធ​នឹង​ព្រះអង្គ​សង្គ្រោះ និង​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​ដូច្នេះ​ទេ ។ ជីវិត​មើលទៅ​គឺ​ហាក់​ដូចជា​មាន​សុភមង្គល​ណាស់ ។

ប្រាកដណាស់ គ្រួសារ​ខ្ញុំ និង​ខ្ញុំ​បាន​ជួប​នឹង​ការសាកល្បង​របស់​យើង ប៉ុន្ដែ​សរុប​សេចក្ដី​មក ខ្ញុំ​រីករាយ និង​មាន​ផែនការ​ជាច្រើន​សម្រាប់​អ្វី​ដែល​នឹង​កើតឡើង​បន្ទាប់​ទៀត ។ ប៉ុន្ដែ បន្ទាប់​ពី​ខ្ញុំ​បាន​ត្រលប់​មក​ផ្ទះ​វិញ ។ គឺ​រន្ធត់​ចិត្ត​ខ្លាំង​ណាស់ ។ ខ្ញុំ​ពិបាក​នឹង​សម្រប​ខ្លួន​តាម​ជីវិត​ប្រចាំថ្ងៃ​ម្ដងទៀត ។ ខ្ញុំ​ព្រួយ​បារម្ភ​ឥត​ឈប់ឈរ​អំពី​ការជ្រើសរើស​ធ្វើល្អ និង​ការមាន​ភាព​ល្អ​ឥតខ្ចោះ​នៅក្នុង​ការគោរព​ប្រតិបត្តិ​របស់​ខ្ញុំ ។ ខ្ញុំ​ដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​ខ្លួនឯង ដើម្បី​បន្ដ​នៅក្នុង​កម្រិត​ខ្ពស់​ខាង​វិញ្ញាណ ដែល​ខ្ញុំ​បាន​មាន​ពេញ​មួយ​បេសកកម្ម​របស់​ខ្ញុំ ដោយសារ​ខ្ញុំ​ខ្លាច​ថា បើ​ខ្ញុំ​មិន​បាន​ល្អ​ឥតខ្ចោះ​ទេ នោះ​ខ្ញុំ​នឹង​ចុះ​អន់ថយ​ខាង​វិញ្ញាណ ។

កាល​សម្ពាធ​ដែល​ខ្ញុំ​បាន​ដាក់​លើ​ខ្លួនឯង​កើនឡើង នោះ​ខ្ញុំ​ចាប់ផ្ដើម​មាន​ការថប់​បារម្ភ និង​ឆាប់​ភ័យ ។ វា​កើតឡើង​កាន់តែ​ញឹកញាប់​ទៅៗ ហើយ​នៅ​ទីបំផុត ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​លង់​ទឹក​ហើយ ។

ជាអកុសល ខ្ញុំ​បាន​លាក់បាំង​អារម្មណ៍​ខ្ញុំ​មិនឲ្យ​គ្រួសារ និង មិត្តភក្ដិ​ខ្ញុំ​ដឹង​ទេ ។ ខ្ញុំ​ដឹង​ថា ការថប់​បារម្ភ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត គឺ​គ្មាន​អ្វី​ដែល​ត្រូវ​ខ្មាសអៀន​នោះ​ទេ ប៉ុន្ដែ​ខ្ញុំ​មាន​អារម្មណ៍​ថា មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន និង​វង្វេង​វង្វាន់ រហូត​ដល់​ខ្ញុំ​មិន​ទាំង​ដឹង​ពី​របៀប​ដែល​ត្រូវ​រៀបរាប់​ពី​អ្វី​ដែល​ខ្ញុំ​កំពុង​ជួប ដើម្បី​ទទួល​បាន​ជំនួយ​ឡើយ ។

សំណាងល្អ ព្រះអម្ចាស់​តែងតែ​គង់​នៅ​ជាមួយ​យើង​ដើម្បី​ដឹកនាំ​យើង​ជានិច្ច នៅពេល​យើង​ងាក​ទៅរក​ទ្រង់ ។ បន្ទាប់ពី​ការពិចារណា និង​ការអធិស្ឋាន​ខ្លះៗ​ហើយ ខ្ញុំ​មាន​អារម្មណ៍​បំផុស​គំនិត​ដើម្បី​និយាយ​ប្រាប់​បងប្រុស​ខ្ញុំ និង​ភរិយា​របស់​គាត់ ។ ពួកគាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា ខ្ញុំ​មិន « ឆ្កួត » ដូច​ដែល​ខ្ញុំ​គិត​នោះទេ ហើយ​ថា​ការពុះពារ​ខាង​សតិអារម្មណ៍​អាច​កើតឡើង​បាន​ចំពោះ​មនុស្ស​គ្រប់គ្នា ។

ស៊ីស្ទើរ រ៉េណា អាយ អាប៊ើតូ ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​នេះ ៖ « មិត្ត​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ វា​អាច​កើតឡើង​ចំពោះ​យើង​គ្រប់​គ្នា—ជាពិសេស​ក្នុង​នាម​ជា​ពួក​អ្នកជឿ​លើ​ផែនការ​នៃ​សុភមង្គល ពេល​យើង​ដាក់​បន្ទុក​ដែល​ពុំ​ចាំបាច់​មក​លើ​ខ្លួន​ឯង ដោយ​គិត​ថា យើង​ត្រូវតែ​បាន​ល្អ​ឥតខ្ចោះ​នៅពេល​ឥឡូវ​នេះ ។ គំនិត​បែប​នោះ​អាច​ធ្វើ​ឲ្យ​មាន​ការថប់​បារម្ភ ។ ការសម្រេច​បាន​នូវ​ភាពល្អ​ឥតខ្ចោះ​គឺជា​ដំណើរការ​មួយ​ដែល​នឹង​កើត​មាន​ពេញ​មួយ​ជីវិត​យើង និង​លើស​ពី​នេះ​ទៀត—វា​មាន​តែ​តាមរយៈ​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ » ។

វគ្គសិក្សា​ដ៏​បំផុស​គំនិត​មួយ

នៅពេល​ខ្ញុំ​បាន​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​សូម​ការដឹកនាំ នោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​ធនធាន​នានា ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង ហើយ​ខ្ញុំ​ត្រូវ​រៀនសូត្រ និង​ផ្លាស់ប្ដូរ​ដើម្បី​បាន​ប្រសើរ​ឡើង ។ សំណាងល្អ នៅពេល​នោះ​ខ្ញុំ​មាន​ឱកាស​ចូលរួម​វគ្គសិក្សា​ភាពធន់​ខាង​សតិអារម្មណ៍​របស់​សាសនាចក្រ ។ ឱកាស​នោះ​ហាក់​កើតមាន​នៅចំ​ពេល​ដែល​ត្រូវការ​តែម្តង ហើយ​ខ្ញុំ​មិន​ជឿ​ថា វា​ជា​ការចៃដន្យ​នោះ​ទេ ។

នៅក្នុង​សៀវភៅ​សិក្សា​នៃ​វគ្គសិក្សា​នោះ ភាពធន់​ខាង​សតិអារម្មណ៍​ត្រូវបាន​កំណត់​និយមន័យ​ដូច​តទៅ​នេះ ៖

  • « សមត្ថភាព​ដើម្បី​សម្រប​តាម​ឧបសគ្គ​ខាង​សតិអារម្មណ៍ ដោយ​មាន​ចិត្ត​ក្លាហាន និង​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • « ការជួយ​ខ្លួនអ្នក និង​មនុស្ស​ដទៃ​ទៀត​ឲ្យ​បាន​ល្អបំផុត​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។

  • « ការឈោង​ទៅរក​ជំនួយ​បន្ថែម នៅពេល​ត្រូវការ » ។

ឬ​និយាយ​ម្យ៉ាងទៀត​ថា ភាពធន់​ខាង​សតិអារម្មណ៍​គឺជា​អ្វីៗ​ដែល​យើង ទាំងអស់​គ្នា ត្រូវការ ។

ចំពោះ​រូបខ្ញុំ វគ្គសិក្សា​ដ៏បំផុស​គំនិត​នេះ​គឺជា​ទីសម្គាល់​ដ៏ច្បាស់​មួយ​ថា ព្រះវរបិតាសួគ៌​ទ្រង់​ជ្រាបពី​ការសាកល្បង​ដែល​យើង​កំពុង​ប្រឈមមុខ​នៅ​សព្វថ្ងៃ​នេះ ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​សព្វ​ព្រះទ័យ​ដើម្បី​អាច​ជួយ​យើង​ឲ្យ​បន្ដ​ឈាន​ទៅមុខ នៅលើ​ផ្លូវ​ត្រឡប់​ទៅកាន់​ទ្រង់​វិញ ។ ការមើលឃើញ​ផ្នែក​ដ៏ល្អ​ជាច្រើន​នៃ​វគ្គសិក្សា​នេះ បាន​ជួយ​ខ្ញុំ​ឲ្យដឹង​ថា តើ​ព្រះវរបិតាសួគ៌​ស្គាល់​យើង​ម្នាក់ៗ និង​ជ្រាបពី​តម្រូវការ​ផ្ទាល់ខ្លួន​របស់​យើង​ច្បាស់​ប៉ុណ្ណា ហើយ​ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ដ​ភ្លាមៗ ពេល​ខ្ញុំ​ចាប់ផ្ដើម​សិក្សា​វគ្គ​នេះ ។ វគ្គសិក្សា​នេះ​បង្រៀន​ពី​សេចក្ដីពិត​ដ៏​ច្បាស់លាស់ និង​ដ៏មាន​អានុភាព​ដ៏អស់កល្ប ដែល​អាច​អនុវត្ត​ក្នុង​ជីវិត​របស់​យើង​បាន នៅពេល​យើង​ប្រឈមមុខ​នឹង​បញ្ហា​សុខភាព​ផ្លូវចិត្ត មិន​ថា​វា​ជា​ខ្លួនយើង​ផ្ទាល់ ឬ​នរណាម្នាក់​ដែល​យើង​ស្រឡាញ់​នោះទេ ។

ការបង្រៀន​មួយ​ដែល​ខ្ញុំ​ប៉ះពាល់​ដល់​ចិត្ត​ខ្ញុំ​យ៉ាង​ខ្លាំង មាន​នៅក្នុង​ជំពូក​ទី ៩ « ការផ្ដល់​កម្លាំង​ដល់​មនុស្ស​ដទៃ » ។ ជំពូក​នេះ​គឺជា​អ្វី​ដែល​បាន​ជួយ​ខ្ញុំ ឲ្យ​ឈោង​ទៅរក​ជំនួយ​បន្ថែម​ទៀត​នៅ​ទីបញ្ចប់ ។ វា​បង្រៀន​ពី​គោលការណ៍​នៃ​ការបម្រើ​គ្នា​ទៅវិញ​ទៅមក ។ ខ្ញុំ​បាន​រៀនពី​សារៈសំខាន់​នៃ​ការបម្រើ​ដល់​មនុស្ស​ដទៃទៀត តាមរយៈ​ការយល់ពី​អារម្មណ៍ ចិត្ត និង​យោបល់​របស់​ពួកគេ ហើយ​ឈោង​ទៅជួយ​ដោយ​ចិត្ត​មេត្តា និង​ការយោគយល់ ។ ខ្ញុំ​ក៏បាន​ដឹង​ផងដែរ​ថា ខ្ញុំ​ត្រូវ​ទុកចិត្ត​លើ​មនុស្ស​ដទៃទៀត ដើម្បី​ជួយ​ខ្ញុំ​នៅក្នុង​ការពុះពារ​របស់​ខ្ញុំ ។

នៅពេល​ខ្ញុំ​អាច​អនុវត្ត​តាម​គំនិត​ទាំងនេះ​បាន ហើយ​និយាយ​ប្រាប់​គ្រួសារ និង​មិត្តភក្ដិ​របស់​ខ្ញុំ​អំពី​វិបត្តិ​សុខភាព​ផ្លូវចិត្ត​របស់​ខ្ញុំ នោះ​ខ្ញុំ​ភ្ញាក់ផ្អើល​ដែល​ពួកគាត់​មាន​ចិត្ត​ករុណា​យ៉ាងខ្លាំង ហើយ​មិន​កាត់​សេចក្ដី​ខ្ញុំ ។ ខ្ញុំ​បាន​ទទួល​ការគាំទ្រ​យ៉ាងខ្លាំង​មកពី​ពួកគាត់ ។

ខ្ញុំ​មាន​អារម្មណ៍​ថា ជំងឺ​ថប់​បារម្ភ​របស់​ខ្ញុំ​នឹង​ស៊ី​កាន់តែ​ជ្រៅ និង​កាន់តែ​ខ្មៅ​ងងឹត​ទៅ បើ​ខ្ញុំ​មិន​បាន​ប្រាប់ពី​ឧបសគ្គ​របស់​ខ្ញុំ​ទៅកាន់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​ទេ​នោះ ។ ហើយ​បទពិសោធន៍​នេះ​ក៏បាន​ជួយ​ខ្ញុំ​ឲ្យ​ឈោង​ទៅជួយ​មនុស្ស​ដទៃទៀត​ដោយ​ចិត្ត​មេត្តា នៅពេល​ពួកគេ​មាន​ការព្រួយ​បារម្ភ និង​បញ្ហា​នានា​ផងដែរ ។

យើង​អាច​ប្រឈមមុខ​នឹង​អនាគត​ដោយមាន​សេចក្ដី​សង្ឃឹម

ខ្ញុំ​ឃើញ​ថា វា​គួរឲ្យ​អស់​សំណើច នៅពេល​ខ្ញុំ​ត្រឡប់​មកពី​បេសកកម្ម​របស់​ខ្ញុំ​វិញ ខ្ញុំ​បាន​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​អំពី​ការបាត់បង់ « គ្រឹះ​ខាង​វិញ្ញាណ » ដែល​ខ្ញុំ​បាន​ទទួល​អំឡុង​បេសកកម្ម​របស់​ខ្ញុំ ដោយសារ​ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា ការមក​ផ្ទះ​វិញ​គឺ​គ្រាន់តែ​ជា​ការចាប់ផ្ដើម​នៃ​ជំពូក​ថ្មី​មួយ ដែល​ខ្ញុំ​អាច​រកឃើញ​របៀប​ថ្មីៗ​ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ប៉ុណ្ណោះ ។

ទំនាក់ទំនង​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​រីក​ចម្រើន​ឡើង និង​កាន់តែ​ស៊ីជម្រៅ​យ៉ាងខ្លាំង តាំងពី​ខ្ញុំ​បាន​មក​ផ្ទះ​វិញ ជាពិសេស​ដោយសារតែ​គោលការណ៍​ទាំងឡាយ​ដែល​ខ្ញុំ​បាន​រៀន​នៅក្នុង​វគ្គសិក្សា​ភាពធន់​ខាង​សតិអារម្មណ៍​នេះ និង​តាមរយៈ​ការពឹងផ្អែក​លើ​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ទទួល​បាន​ជំនួយ ។ ខ្ញុំ​មាន​អារម្មណ៍​ពី​វត្តមាន​របស់​ទ្រង់​ទាំងទ្វេ​កាន់តែ​ស្ដែង​ទៅៗ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ខ្ញុំ ។

ខ្ញុំ​បាន​រៀន និង​ទទួលយក​ថា ក្នុងនាម​ជា​បុត្រា​បុត្រី​របស់​ព្រះ នោះ​យើង​ផ្លាស់ប្ដូរ រៀនសូត្រ និង​វិវត្ត​ទៅមុខ​ឥត​ឈប់ឈរ ។ ប៉ុន្ដែ​តាមរយៈ​ការផ្លាស់ប្ដូរ​ក្នុង​ជីវិត​របស់​យើង​ក្ដី នោះ​ព្រះវរបិតាសួគ៌​មិន​បាន​ផ្លាស់ប្ដូរ​នោះ​ទេ ។ ទ្រង់​មិន​រំពឹង​ឲ្យ​ខ្ញុំ​បាន​ល្អឥតខ្ចោះ​នៅក្នុង​បេសកកម្ម​របស់​ខ្ញុំ​នោះទេ ហើយ​ទ្រង់​ក៏មិន​រំពឹង​ឲ្យ​ខ្ញុំ​ល្អឥតខ្ចោះ​នៅពេល​នេះ​ដែរ ។ ទ្រង់​ស្រឡាញ់​ខ្ញុំ ហើយ​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​បន្ដ​ខិតខំ​ឆ្ពោះ​ទៅមុខ​ទៅរក​ទ្រង់ ហើយ​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព​របស់​ខ្ញុំ​នៅលើ​ដំណើរ​របស់​ខ្ញុំ​ត្រឡប់​ទៅកាន់​ទ្រង់​វិញ​ប៉ុណ្ណោះ ។

ឥឡូវ​នេះ ដោយសារ​ខ្ញុំ​ចូលរៀន​វគ្គសិក្សា​ភាពធន់​ខាង​សតិអារម្មណ៍​នេះ នោះ​វា​មិនមែន​មានន័យ​ថា ខ្ញុំ​លែង​មាន​ជំងឺ​ថប់​បារម្ភ ឬ​ការឆាប់​ភ័យ ឬ​គ្រា​ដែល​ខ្ញុំ​មាន​អារម្មណ៍​សន្ធប់​ដោយ​ការភ័យខ្លាច​អំពី​អនាគត​នោះ​ទេ ។ ខ្ញុំ​នៅតែ​មាន​នៅពេល​ខ្លះ ។ ប៉ុន្ដែ​ឥឡូវ​នេះ ខ្ញុំ​ស្គាល់ពី​គន្លង​ទាំងនេះ ហើយ​បាន​ស្គាល់​ឧបករណ៍​នានា ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នោះ​តាម​របៀប​ដ៏ល្អ​ប្រសើរ​មួយ ដែល​បាន​កែលម្អ​គុណភាព​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ ។

នៅ​ទីបញ្ចប់ វគ្គសិក្សា​នេះ​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​ដោះស្រាយ​តាម​យន្ដការ​ពេលវេលា ពេល​ដែល​ខ្ញុំ​មាន​ការថប់​បារម្ភ និង​ឧបសគ្គ​នានា ។ វា​បាន​បង្រៀន​ខ្ញុំ​ឲ្យ​មាន​ចិត្ត​អំណត់ និង​ចិត្ត​មេត្តា​ករុណា​លើ​ខ្លួនឯង និង​ភាពមិន​ល្អ​ឥតខ្ចោះ​របស់​ខ្ញុំ ។ ហើយ​ខ្ញុំ​បាន​រៀន​ដើម្បី​យល់ពី​របៀប​ដែល​ព្រះ​ទត​មើល​មក​ខ្ញុំ ហើយ​មិន​ភ័យ​ព្រួយ​នឹង​អនាគត​ដែល​ខ្ញុំ​មិន​ស្គាល់ ។

តាមរយៈ​ជំនួយ​ដែល​មាន​វិជ្ជាជីវៈ​ផង និង​ជំនួយ​ពី​ស្ថានសួគ៌​ផង នោះ​ខ្ញុំ​ដឹង​ថា យើង​មាន​ឧបករណ៍​ដ៏ចាំបាច់​នានា​ដើម្បី​ដឹង​ពី​របៀប « ដើម្បី​ធ្វើ​សកម្មភាព … ហើយ​ពុំ​មែន​ទទួល​សកម្មភាព​ទេ » ( នីហ្វៃ​ទី​២ ២២៦ ) តាមរយៈ​ចិត្ត និង​អារម្មណ៍​របស់​យើង នៅពេល​យើង​បន្ដ​ឆ្ពោះ​ទៅមុខ​ទៅរក​ព្រះគ្រីស្ទ ។

កំណត់​ចំណាំ

  1. Reyna I. Aburto « Thru Cloud and Sunshine, Lord, Abide with Me! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៥៨ ។

  2. Finding Strength in the Lord: Emotional Resilience ( ឆ្នាំ ២០២១ ) ទំព័រ ៨ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។