២០២២
ការធ្វើឲ្យ​ការងារ​បម្រើ​កាន់តែ​មាន​អត្ថន័យ
ខែ មករា/ខែ កុម្ភៈ ឆ្នាំ ២០២២


គោលការណ៍​ទាំងឡាយ​នៃ​ការងារ​បម្រើ

ការធ្វើឲ្យ​ការងារ​បម្រើ​កាន់តែ​មាន​អត្ថន័យ

ប្រសិនបើ​បងប្អូន​ឆ្ងល់​ថា តើ​ការងារ​បម្រើ​របស់​បងប្អូន​មាន​អត្ថន័យ​ដែរ​ឬអត់ សូម​ពិចារណា​ពី​គំនិត​ទាំងនេះ ។

woman hugging a young woman in a wheelchair

វា​ងាយស្រួល​ដើម្បី​ឆ្ងល់​ថា​តើ ការងារ​បម្រើ​របស់​យើង​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​ឬ​អត់ ជាពិសេស​នៅពេល​យើង​កំពុង​ប្រឈម​មុខ​នឹង​ការលំបាក​របស់​យើង​ផង​ដែរ​នោះ ។

នៅក្នុង​ជីវិត​ខ្ញុំ​មុន​ដំណាក់កាល​ជិះ​លើ​រទេះ​ពិការ​នេះ ខ្ញុំ​ចូលចិត្ត​មើល​ក្ដារ​ប្រកាស​ចុះ​ឈ្មោះ ដើម្បី​បម្រើ​នៅក្នុង​សមាគម​សង្រ្គោះ ។ ជារឿយៗ ខ្ញុំ​ចុះឈ្មោះ​ដើម្បី​ផ្ដល់​ការបម្រើ ។ វា​គឺជា​របៀប​មួយ​ដើម្បី​បង្ហាញ​ឆន្ទៈ​របស់​ខ្ញុំ « យល់ព្រម​ទទួល​បន្ទុក​គ្នា​ទៅវិញ​ទៅមក » ( ម៉ូសាយ ១៨:៨ ) ។

វា​មិន​មែន​ជា​កំហុស​របស់​ក្ដារ​ប្រកាស ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​ចុះឈ្មោះ​បាន​នោះ​ទេ ។ តាម​ពិតទៅ គឺ​ខ្ញុំ​មិន​អាច​ចុះឈ្មោះ​ខ្ញុំ​ទៀត​បាន​ទេ ។ ដោយសារ​តែ​ពិការភាព​របស់​ខ្ញុំ ខ្ញុំ​ថែម​ទាំង​មិន​អាច​កាន់​ក្ដារ​ប្រកាស​នោះ​បាន​ផង ។ គ្មាន​នរណា​រំពឹង​ឲ្យ​ខ្ញុំ​ចុះឈ្មោះ​នោះទេ ។ ប៉ុន្តែ ខ្ញុំ​ពិតជា​ចង់​ចុះឈ្មោះ​ខ្លាំង​ណាស់ ! ការបម្រើ​ធ្វើឲ្យ​យើង​ហ៊ុមព័ទ្ធ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​ភ្ជាប់​យើង​ទៅនឹង​មនុស្ស​ដទៃ​ទៀត ។ ខ្ញុំ​ខ្លួនឯង​ពិតជា​ត្រូវការ​អារម្មណ៍​ភ្ជាប់​ទំនាក់ទំនង​នោះ​ខ្លាំង​ណាស់ ។

ដោយសារ​ខ្ញុំ​ត្រូវការ​មនុស្ស​ឲ្យ​ជួយ​មើលថែ​ខ្ញុំ ការបម្រើ​របស់​ខ្ញុំ​មើល​ទៅ​ហាក់​មិន​ស័ក្ដិសម​នឹង​កិច្ចខិតខំ ដែល​វា​តម្រូវ​ឲ្យ​មនុស្ស​ដទៃ​ជួយ​ខ្ញុំ​នោះទេ ។ ក្ដារ​ប្រកាស​នោះ​បាន​ក្លាយជា​ការរំឭក​មួយ​ដល់​ខ្ញុំ អំពី​អ្វី​ដែល​ខ្ញុំ​លែង​អាច​ធ្វើ​បាន​ទៀត—យ៉ាង​ហោច​ណាស់​រហូតដល់​បងស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​របស់​ខ្ញុំ បាន​ឃើញ​បំណង​ប្រាថ្នា​របស់​ខ្ញុំ ។

គាត់​បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ចង់​ធ្វើ​អ្វី​ដើម្បី​បម្រើ មិន​គ្រាន់តែ​អ្វី​ដែល​ខ្ញុំ​ត្រូវការ​ឲ្យ​គេ​បម្រើ​ដល់​ខ្ញុំ​នោះទេ ។ បន្ទាប់​មក គាត់​បាន​ចុះឈ្មោះ​ខ្ញុំ​នៅលើ​ក្ដារ​ប្រកាស​នោះ ។ គាត់​បាន​មក​ផ្ទះ​ខ្ញុំ ហើយ​ជួយ​ខ្ញុំ​ចម្អិន​អាហារ ដែល​ខ្ញុំ​ស្ម័គ្រចិត្ត​រៀបចំ​សម្រាប់​មនុស្ស​ដទៃ​ទៀត ។ គាត់​មិន​ដែល​និយាយ​ថា ខ្ញុំ​ត្រូវការ​ជំនួយ​សម្រាប់​ខ្លួនឯង​ខ្លាំង​ជាង ថា​ខ្ញុំ​មិន​គួរ​ព្យាយាម​ជួយ​មនុស្ស​ដទៃ​នោះទេ ។ គាត់​រីករាយ​នឹង​ចំណាយ​ពេល​ជាមួយ​ខ្ញុំ ។

នៅ​ទីបញ្ចប់ ខ្ញុំ​ដឹង​ថា កិច្ចខិតខំ​របស់​ខ្ញុំ​គឺ​មាន​តម្លៃ ។ ដោយ​មាន​ជំនួយ​ពី​បងស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​របស់​ខ្ញុំ នោះ​ខ្ញុំ​អាច​ធ្វើ​អ្វីមួយ​បាន ។ មិន​ថា​អ្វីមួយ​នោះ​មាន​អត្ថន័យ​អ្វី​ចំពោះ​អ្នកផ្សេង​ឬអត់​នោះ​ទេ វា​ធ្វើឲ្យ​មាន​ភាពខុសគ្នា​ចំពោះ​ខ្ញុំ ។ ទោះជា​វា​មិនមាន​ប្រយោជន៍​ដោយ​ផ្ទាល់​ដល់​គ្រួសារ​របស់​ខ្ញុំ ឬ​ព្យាបាល​រូបកាយ​របស់​ខ្ញុំ​ក្ដី ក៏​វា​បាន​ជួយ​ព្យាបាល​ដួងចិត្ត​របស់​ខ្ញុំ​ដែរ ។

អិមរី ផាកម៉ៃអើ

រដ្ឋ​យូថាហ៍ ស.រ.អា.

ដោយ​មាន​ជំនួយ​របស់​ទ្រង់ បងប្អូន​ហួសពី​ល្អ​គ្រប់គ្រាន់​ទៅទៀត

the Old Testament prophet Enoch and people from the city of Zion

ទីក្រុង​ស៊ីយ៉ូន​ដែល​បាន​ប្រែរូប ដោយ ឌេល ផាសុន; រូបថត​កែវ​យឺត មកពី Getty Images

វា​ធម្មតា​ទេ ដែល​មាន​អារម្មណ៍​មិន​ល្អ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ព្យាការី​ហេណុក​ក៏មាន​អារម្មណ៍​យ៉ាង​ដូច្នោះ​​ដែរ ។ នៅពេល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​លោក​ហៅ​ប្រជាជន​ឲ្យ​ប្រែចិត្ត នោះ​លោក​បាន​ព្រួយ​បារម្ភ ព្រោះ​លោក​គ្រាន់តែជា « ក្មេង​តូច​មួយ ហើយ​ប្រជាជន​ទាំងអស់​គ្នា​ស្អប់​ទូលបង្គំ ដ្បិត​ទូលបង្គំ​មាន​មាត់រឹង » ( ម៉ូសេ ៦:៣១ ) ។

ប៉ុន្ដែ ព្រះអម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹង​គង់​នៅ​ជាមួយ​ហេណុក ហើយ​ថា​ព្រះវិញ្ញាណ​របស់​ទ្រង់​នឹង​សណ្ឋិត​លើ​លោក ហើយ « គ្រប់​អស់​ទាំង​ពាក្យ​សម្ដី​របស់​អ្នក យើង​នឹង​រាប់​ជា​សុចរិត … ហេតុ​ដូច្នេះ​ហើយ » ទ្រង់​បាន​អញ្ជើញ​ឲ្យ « ដើរ​ជាមួយ​នឹង​យើង​ចុះ » ( ម៉ូសេ ៦:៣៤ ) ។

ហេណុក​បាន​គោរព​ប្រតិបត្តិ​តាម​អ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ជា ហើយ​លោក​បាន​មាន​ឥទ្ធិពល​ដ៏អស្ចារ្យ​មួយ​ទៅលើ​ប្រជាជន មិន​មែន​ដោយសារ​អំណាច​របស់​លោក​ផ្ទាល់​នោះ​ទេ ប៉ុន្ដែ​ដោយសារ​តែ « អំណាច​ខាង​ភាសា​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​គាត់​នោះ » ( ម៉ូសេ ៧:១៣ ) ។

គោលការណ៍​ដែល​ត្រូវ​ពិចារណា

ប្រសិនបើ​បងប្អូន​ឆ្ងល់​ថា តើ​ការងារ​បម្រើ​របស់​បងប្អូន​មាន​អត្ថន័យ​ដែរ​ឬអត់ សូម​ពិចារណា​ពី​គោលការណ៍​ទាំងនេះ ៖

  1. ការយល់ដឹង​ពី​ការងារ​បម្រើ និង​គោលបំណង​របស់​វា នឹង​ជួយ​យើង​ឲ្យ​វិនិច្ឆ័យ​កិច្ចខិតខំ​របស់​យើង​បាន​កាន់តែ​ត្រឹមត្រូវ ។

    • ការងារ​បម្រើ​គឺ​ហួសពី​ការធ្វើឲ្យ​ទំនាក់ទំនង​កាន់តែ​មាន​ភាពរឹងមាំ​ទៅទៀត វា​គឺ​អំពី​ការជួយ​មនុស្ស​ដទៃ​ឲ្យ​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ ។

    • ការងារ​បម្រើ​មិនមែន​គ្រាន់តែ​ការចាត់តាំង​មួយ​នោះ​ទេ វា​គឺជា​របៀប​ដែល​យើង​រស់នៅ​តាម​សេចក្ដី​សញ្ញា​របស់​យើង ដើម្បី​បម្រើ​ទ្រង់​តាមរយៈ​ការមើលថែ​ដល់​គ្នា​ទៅវិញ​ទៅមក ។

    • ការងារ​បម្រើ​មិន​ចាំបាច់​ធ្វើតាម​ទម្រង់ ដែល​បាន​កំណត់​ទុកមុន​នោះទេ ។ វា​ពង្រីក​សមត្ថភាព​យើង នៅពេល​យើង​សម្រប​ខ្លួន​តាម​ស្ថានភាព ហើយ​ស្វែងរក​នូវ​ការបំផុស​គំនិត​ដើម្បី​ផ្ដល់​ការងារ​បម្រើ ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ ។

  2. ការយល់ដឹង​ពី​របៀប​ដែល​ព្រះ​ទតមើល​ការងារ​បម្រើ​របស់​យើង អាច​ផ្លាស់ប្ដូរ​ទស្សនវិស័យ​របស់​យើង​បាន ។

    • ព្រះ​មិន​វាស់ស្ទង់​ការងារ​បម្រើ​ដោយ​ផ្អែកលើ​លទ្ធផល​ដ៏ធំ​សម្បើម ឬ​ថា​តើ​កិច្ចខិតខំ​របស់​យើង​ត្រូវបាន​គេ​សរសើរ​ដែរ​ឬ​អត់​នោះទេ ( សូមមើល​គំរូ​របស់ អូលីវើរ គ្រែនជើរ នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៧:១២–១៣ ) ។

    • នៅពេល​យើង​មាន​បំណង​ល្អ ហើយ​យើង​ខិតខំ​យ៉ាង​ពិត​ប្រាកដ នោះ​ការងារ​បម្រើ​របស់​យើង​គឺ​មាន​អត្ថន័យ​ចំពោះ​ទ្រង់​ហើយ ( សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤:២, ៥ ) ។

    • ព្រះ​ស្ម័គ្រ​ព្រះទ័យ​លើក​តម្កើង ទោះបីជា​យើង​ធ្វើ « ការបម្រើ​តូចតាច ឬ​មើល​សឹង​មិន​ឃើញ » នេះ​ក្ដី ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៣:១៧ ) ។

តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ?

ជំនួសឲ្យ​ការព្រួយ​បារម្ភ​ពីអ្វី​ដែល​បងប្អូន​គិត​ថា បងប្អូន​មិន​អាច​ធ្វើ​បាន នោះ​សូម​ពិចារណា​អំពី​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​បាន​ប្រកប​ដោយ​ការអធិស្ឋាន​វិញ ។ បន្ទាប់​មក សូម​ធ្វើ​វា ។ នៅពេល​បងប្អូន​ធ្វើ​សកម្មភាព​ដោយ​នៅក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​អាច​លើក​តម្កើង​កិច្ចខិតខំ​របស់​បងប្អូន ហើយ​ប្រើប្រាស់​ការខិតខំ​នោះ​ដើម្បី​ប្រទានពរ​ដល់​បងប្អូន និង​មនុស្ស​ដទៃទៀត ( សូមមើល នីហ្វៃ​ទី​២ ៣២:៩ ) ។

កំណត់​ចំណាំ

  1. សូមមើល រ័សុល អិម ណិលសុន « Ministering with the Power and Authority of God » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៦៩–៧០ ។

  2. ដើម្បី​រៀន​បន្ថែម​ទៀត​អំពី អូលីវើរ គ្រែនជើរ និង​របៀប​ដែល​ព្រះ​វាស់វែង​ភាពជោគជ័យ​របស់​យើង សូម​អាន ប៊យដ៍ ខេ ផាកកឺ « The Least of These » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៨៦–៨៨ ។

  3. ហិនរី ប៊ី អាវរិង « Rise to Your Call » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៧៧ ។